នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ឈរយ៉ាងមាំមួនក្នុងសេចក្តីជំនឿ

ឈរយ៉ាងមាំមួនក្នុងសេចក្តីជំនឿ

June 13, 2025

១ពេត្រុស ៥:៦-១១
ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្ស ដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន។ ចូរតស៊ូនឹងវា ដោយមានចិត្តជឿមាំមួន។ ១ពេត្រុស ៥:៨-៩
កាលពីរបីឆ្នាំមុន កាលខ្ញុំកំពុងដើរទៅស្ថានីយរថភ្លើង ដើម្បីឡើងជិះរថភ្លើងទៅធ្វើការ ខ្ញុំបានឃើញស្រ្តីម្នាក់កំពុងបណ្តើរឆ្កែដែលមានមុខកាច កំពុងសំដៅមករកខ្ញុំ។ ខ្ញុំចម្រើនវ័យធំឡើង ដោយមានសត្វចិញ្ចឹមរស់នៅជាមួយ ដូចនេះ តាមធម្មតា ខ្ញុំមិនខ្លាចសត្វឆ្កែទេ តែឆ្កែមួយក្បាលនេះមានទឹកមុខកាច់ណាស់។ នៅពេលដែលឆ្កែដើរមកជិតខ្ញុំ វាក៏បានព្រុសដាក់ខ្ញុំ។ ខ្ញុំក៏ព្យាយាមធ្វើទឹកមុខធម្មតា ដើម្បីឲ្យវាដើរចេញពីខ្ញុំ។ តែវាស្ទុះមករកខ្ញុំ ដូចនេះ ខ្ញុំក៏បានស្រែកឡើង។ អរព្រះគុណព្រះអង្គ ដែលសត្វឆ្កែនោះមិនអាចធ្វើអ្វីខ្ញុំបាន ដោយសារម្ចាស់របស់វាបានកាន់ខ្សែដែលបានចងវាជាប់។
ការប្រឈមមុខដ៏គួរឲ្យខ្លាចនេះ បានធ្វើឲ្យខ្ញុំនឹកចាំថា ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ សាតាំងមិនមានខ្សែចងវាជាប់ទេ បានជាវាតែងតែក្រវែលជុំវិញយើង ដោយរង់ចាំវាយប្រហារយើង ពេលណាវាមានឱកាស។ ក្នុងបទគម្ពីរ ពេត្រុស ខ្សែទី១ សាវ័កពេត្រុសបានដាស់តឿនយើងថា “ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្ស ដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន”(ខ.៨)។ វាបានគ្រហឹម ហើយស្ទុះដាក់យើង ដើម្បីព្យាយាមបន្លាចយើង ឲ្យភ័យញ័រ រកធ្វើអ្វីមិនកើត តែយើងអាចឈរយ៉ាងមាំមួន ក្នុងសេចក្តីជំនឿ ហើយ “តស៊ូនឹងវា”(ខ.៩)។ 
ពេលណាអ្នកមានអារម្មណ៍ថា អារក្សដែលជាខ្មាំងសត្រូវកំពុងឡកឡឺយ ឬល្បួងអ្នក ចូរចាំថា វាមិនអាចប្រៀបផ្ទឹមនឹងព្រះយេស៊ូវបានទេ។ យើងអាចស្រែករកព្រះអង្គ ហើយព្រះអង្គនឹងជួយយើង។ ព្រះអង្គនឹង “ប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំ‌មួនឡើង”(ខ.១០)។ 
ពេលណាយើងទទួលរងការវាយប្រហារខាងវិញ្ញាណ យើងអាចសម្រេចចិត្តជ្រើសរើសយកជំនឿ ជាជាងការភ័យខ្លាច ព្រោះព្រះយេស៊ូវតែងតែគង់នៅជាមួយយើងជានិច្ច។—Nancy Gavilanes

តើអ្នកឆ្លើយតបដូចម្តេចខ្លះ នៅពេលអ្នកដឹងថា អារក្សជាខ្មាំងសត្រូវកំពុងឡកឡឺយ ឬល្បួងអ្នក? 
តើអ្នកអាចផ្ដោតទៅលើព្រះគ្រីស្ទ ក្នុងសង្គ្រាមខាងវិញ្ញាណដូចម្តេចខ្លះ? 
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលតែងតែគង់នៅជាមួយទូលបង្គំជានិច្ច 
សូម្បីតែក្នុងពេលដែលមានការល្បងលដែលពិបាកបំផុតក៏ដោយ។ 
For further study, read Taking Sin Seriously at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ៦-៨ និង យ៉ូហាន ២១
 

ល្ងាច

ពេល​វេលា​របស់​ទូល​បង្គំ នៅ​ក្នុង​ព្រះ​ហស្ត​ព្រះ​អង្គ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

ពេល​វេលា​របស់​ទូល​បង្គំ នៅ​ក្នុង​ព្រះ​ហស្ត​ព្រះ​អង្គ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 13, 2025

«តែ ឱ​ព្រះ​យេហូវ៉ា​អើយ ទូល​បង្គំ​បាន​ទុក​ចិត្ត​ដល់​ទ្រង់ ទូល​បង្គំ​បាន​ថា ទ្រង់​ជា​ព្រះ​នៃ​ទូល​បង្គំ ឯ​ថ្ងៃ​អាយុ​របស់​ទូល​បង្គំ សុទ្ធ​តែ​នៅ​ក្នុង​ព្រះ​ហស្ត​ទ្រង់ សូម​ជួយ​ទូល​បង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​សត្រូវ​របស់​ទូល​បង្គំ ហើយ​ពី​អស់​អ្នក​ដែល​បៀតបៀន​ដល់​ទូល​បង្គំ​ដែរ សូម​ឲ្យ​ព្រះ​ភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​អ្នក​បម្រើ​ទ្រង់ សូម​ជួយ​សង្គ្រោះ​ទូល​បង្គំ ដោយ​សេចក្តី​សប្បុរស​នៃ​ទ្រង់» (ទំនុកតម្កើង ៣១:១៤-១៦)។
មនុស្ស​ភាគ​ច្រើន​មាន​អារម្មណ៍ និង​បទ​ពិសោធន៍​លាយឡំ​គ្នា។ អារម្មណ៍ និង​បទ​ពិសោធន៍​ល្អ អាក្រក់ និង​គួរ​ឲ្យ​ខ្លាច​កើត​មាន​ចំពោះ​យើង​ជា​រឿយៗ។ គន្លឹះ​ស្ថិត​នៅ​ត្រង់​ថា តើ​យើង​គិត​យ៉ាង​ណា ចំពោះ​អារម្មណ៍ និង​បទ​ពិសោធន៍​ទាំង​អស់​នោះ។ តើ​ការ​រស់​នៅ​ជា​អ្នក​ជឿ​ព្រះ​បាន​កែ​ប្រែ​របៀប​ដែល​យើង​គិត​អំពី​លោកីយ៍​ដូច​ម្ដេច​ខ្លះ? ឃ្លា «សុទ្ធ​តែ​នៅ​ក្នុង​ព្រះ​ហស្ត​ទ្រង់» គឺ​ជា​ពាក្យ​បញ្ជាក់ ដើម្បី​រម្លឹក​គ្រីស្ទ​បរិស័ទ​ថា ទោះ​យើង​ជួប​គ្រោះ​មហន្ត​រាយ និង​ទុក្ខ​លំបាក​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​ថែរក្សា​របស់​ព្រះ​មាន​គ្រប់​ចេស្ដា។ 
ក្នុង​ខ​ដំបូង​នៃ​បទ​គម្ពីរ​ទំនុក​តម្កើង​ជំពូក៣១ យើង​ឃើញ​ថា​ស្ដេច ដាវីឌ ទំនង​ជា​មាន​ការ​ឈឺ​ចាប់។ ពេល​ដែល​យើង​បន្ត​អាន​ទៅ​មុខ​ទៀត យើង​ឃើញ​ថា ទ្រង់​ហាក់​ដូច​ជា​បាន​ទទួល​ការ​ធានា​នៅ​ពីរ​បី​ខ​ទៀត ប៉ុន្តែ​បន្ទាប់​មក​ទ្រង់​ក៏​បាន​វិល​ទៅ​រក​ការ​ពិបាក​ចិត្ត​វិញ​ភ្លាម។ វដ្ដ​នៃ​ការ​ឈឺ​ចាប់ និង​ក្តី​អំណរ​ដូច​នេះ មិន​មែន​ជា​បទ​ពិសោធន៍​ចម្លែក​ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​ឯ​វិញ្ញាណ​របស់​គ្រីស្ទ​បរិស័ទ​នោះ​ឡើយ។ តាម​ពិត ការ​ខក​ចិត្ត និង​ការ​ពិបាក កើត​មាន​ឡើង​វិញ​ជា​ធម្មតា​នៅ​ក្នុង​ផ្លូវ​នៃ​សេចក្តី​ជំនឿ។
ក្នុង​សៀវភៅ​ដែល​អ្នក​ស្រី ខូរី ធែន ប៊ូម (Corrie ten Boom) បាន​និពន្ធ​មាន​ចំណង​ជើង​ថា កន្លែង​លាក់​ខ្លួន គាត់​បាន​ចែក​ចាយ​ទី​បន្ទាល់​អំពី​ពេល​ដែល​គាត់​ទន្ទឹង​រង់​ចាំ​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង។ ទោះ​ការ​ធ្វើ​ដំណើរ​របស់​គាត់ មិន​បាន​ប្រព្រឹត្ត​ទៅ​អស់​ជា​ច្រើន​សប្ដាហ៍ គាត់​បាន​ទៅ​រក​ឪពុក​របស់​គាត់ ហើយ​សួរ​គាត់​ថា គាត់​មាន​សំបុត្រ​រទេះ​ភ្លើង​ដែរ​ឬ​ទេ។ ឪពុក​គាត់​ប្រាប់​គាត់​ម្តង​ហើយ​ម្តង​ទៀត​ថា គាត់​មាន​សំបុត្រ។ គាត់​ក៏​បាន​ដឹង​ថា បញ្ហា​របស់​គាត់​គឺ​ស្ថិត​នៅ​ត្រង់​ការ​មិន​ទុក​ចិត្ត​ឪពុក​គាត់ បាន​សេចក្តី​ថា គាត់​មិន​ជឿ​ថា ឪពុក​គាត់​បាន​មើល​ការ​ខុស​ត្រូវ​គ្រប់​យ៉ាង​ទេ។ គាត់​ខ្លាច​ឪពុក​គាត់​ធ្វើ​បាត់​សំបុត្រ​រថភ្លើង​របស់​គាត់ ហើយ​គាត់​ខ្លាច​មិន​មាន​សំបុត្រ​នោះ​សម្រាប់​ការ​ធ្វើ​ដំណើរ។ ក្នុង​មេរៀន​នេះ គាត់​រៀន​សូត្រ​បាន​ថា ព្រះ​អម្ចាស់​ប្រទាន​យើង​នូវ​សំបុត្រ​នៅ​ថ្ងៃ​ដែល​យើង​ធ្វើ​ដំណើរ​មិន​មែន​នៅ​មុន​ថ្ងៃ​យើង​ធ្វើ​ដំណើរ​ទេ។1 ជា​ការ​ពិត​ណាស់ ព្រះ​អង្គ​រក្សា​ទុក​សំបុត្រ​នោះ​បាន​ល្អ​ជាង​យើង។ 
ក្នុង​ការ​ធ្វើ​ដំណើរ​របស់​យើង យើង​ឆ្លង​កាត់​ការ​ឈឺ​ក្បាល ការ​ខក​ចិត្ត និង​ការ​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ព្រម​ទាំង​បរាជ័យ​ផ្ទាល់​ខ្លួន យើង​អាច​រៀន​សូត្រ​បាន​ថា នេះ​ជា​ការ​ពិត​មែន។ ដូច​នេះ យើង​ត្រូវ​តែ​ទុក​ចិត្ត​ព្រះ​អង្គ។ នៅ​ថ្ងៃ​ដែល​យើង​ធ្វើ​ដំណើរ​ចូល​ពេល​ដ៏​អស់​កល្ប​ជានិច្ច បើ​យើង​ស្គាល់​ព្រះ​គ្រីស្ទ យើង​ដឹង​ថា ព្រះ​អង្គ​នឹង​ប្រទាន​សំបុត្រ​មក​យើង​មិន​ខាន។ បើ​យើង​ត្រូវ​ចូល​ក្នុង​ពេល​អស់​កល្ប​ជានិច្ច​នៅ​ថ្ងៃ​នេះ ព្រះ​អង្គ​នឹង​ប្រទាន​សំបុត្រ​មក​យើង​មិន​ខាន។ បើ​មិន​ទាន់​ដល់​ពេល​នោះ​ទេ តើ​យើង​នៅ​ដេក​គិត​ដោយ​ឲ្យ​អារម្មណ៍​គ្រប់​គ្រង​យើង ហើយ​ការ​ព្រួយ​បារម្ភ​គ្រប​សង្កត់​យើង​ដើម្បី​អ្វី? យើង​មិន​ស្ថិត​នៅ​ក្រោម​សេចក្តី​មេត្តា​របស់​អំណាច​ដែល​គ្មាន​ហេតុផល ដែល​មិន​មែន​ជា​អង្គ​បុគ្គល​នោះ​ទេ តែ​យើង​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​នៃ​សេចក្តី​ស្រឡាញ់។ ព្រះ​អង្គ​មាន​បន្ទូល​មក​កាន់​យើង​ថា «អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង ពីព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល» (ម៉ាថាយ ១១:២៨-៣០)។ 
នេះ​ជា​ការ​ធានា​នូវ​សន្តិ​សុខ សម្រាប់​អ្នក​ខាង​ឯ​វិញ្ញាណ។ ពេល​វេលា​របស់​អ្នក ទោះ​ខ្លី ឬ​វែង ទោះ​ជា​ពេល​ដែល​អ្នក​ជា​អ្នក​មាន ឬ​អ្នក​ក្រ ទោះ​ជា​ពេល​ដែល​អ្នក​ពិបាក​ចិត្ត ឬ​សប្បាយ​ចិត្ត​ក្តី គឺ​សុទ្ធ​តែ​ស្ថិត​ក្នុង​ព្រះ​ហស្ត​ព្រះ​អង្គ។ ព្រះ​អង្គ​នឹង​ប្រទាន​អ្នក​នូវ​ការ​ល្អ​សម្រាប់​ឲ្យ​អ្នក​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ហើយ​បន្ទាប់​មក​នៅ​ថ្ងៃ​ចុង​ក្រោយ​របស់​អ្នក ព្រះ​អង្គ​នឹង​ចម្លង​អ្នក​ដោយ​សុវត្ថិភាព​ចូល​ទៅ​ក្នុង​កន្លែង ដែល​អ្នក​នឹង​រស់​នៅ​អស់​កល្ប​ជានិច្ច​ដោយ​ភាព​បរិបូរ​ហួស​ក្តី​ស្រមៃ និង​មាន​ក្តី​អំណរ​ដែល​មិន​អាច​ពិពណ៌នា​បាន។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុក​តម្កើង ៣១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ២២-២៤ និង​ម៉ាថាយ ២៤:២៩-៥១
 

ប្រភេទ