នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

អ្វីដែលព្រះវរបិតាចង់បានពីយើង

អ្វីដែលព្រះវរបិតាចង់បានពីយើង

ដោយMike Wittmer

June 14, 2025

រ៉ូម ៨:១៤-១៧
អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ។ រ៉ូម ៨:១៥
មានពេលមួយលោកស្ទីវ(Steve) ចាប់កាន់រណាយន្តរបស់គាត់ ដើរចូលទៅក្នុងព្រៃ ដើម្បីកាប់ឈើ។ ពេលនោះគាត់ក៏បានឮកូនប្រុសគាត់អាយុ៥ឆ្នាំ ឈ្មោះ អូហ្គឺស(August) ស្រែកហៅគាត់ថា “ប៉ា ចាំខ្ញុំផង។ ខ្ញុំទៅដែរ!” អូហ្គឺសក៏បានចាប់កាច់រណាយន្តសម្រាប់ក្មេងលេង ស្រោមដៃ និងកាសសម្រាប់ការពារត្រចៀក ហើយដើរតាមលោកស្ទីវចេញទៅក្រៅផ្ទះ។ លោកស្ទីវក៏បានកាត់កំណាត់ឈើតូចៗបួរប្រាំដើម ទុកឲ្យអូហ្គឺស នៅឆ្ងាយពីគាត់។ បន្ទាប់ពីលេងបាន១០នាទី អូហ្គឺសមានការហត់នឿយយ៉ាងខ្លាំង។ ការកាត់ឈើ ដោយប្រើរណាយន្តក្លែងក្លាយសម្រាប់ក្មេងលេង ធ្វើឲ្យកុមារតូចនេះមានការពិបាក តែគាត់នៅតែមានចិត្តរីករាយ ក្នុងការ “ជួយ” ឪពុករបស់គាត់ ហើយឪពុករបស់គាត់ក៏សប្បាយចិត្តដែលបានចំណាយពេលជាមួយគាត់។ 
តើការចំណាយពេលជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ នឹងមានភាពរីករាយដូចនេះទេ? យើងសន្មតថា យើងកំពុងជួយការងាររបស់ព្រះអង្គ។ “ព្រះវរបិតា ចាំទូលបង្គំផង ទូលបង្គំទៅយកឧបករណ៍របស់ទូលបង្គំសិន!” តែឧបករណ៍របស់យើង ជារបស់ដែលសំខាន់តិចបំផុតសម្រាប់យើង។ យើងមិនបានជួយការងារព្រះអង្គបានច្រើន ដូចដែលយើងគិតស្មាននោះទេ។ ព្រះអង្គយកព្រះទ័យទុកដាក់មកលើឃ្លាដំបូង ខ្លាំងជាងគេ គឺឃ្លាដែលយើងនិយាយថា “ព្រះវរបិតា ចាំទូលបង្គំផង!” ប៉ុន្តែ ព្រះអង្គមិនត្រូវការជំនួយរបស់យើងទេ។ 
បើអ្នកស្រឡាញ់ និងជឿព្រះយេស៊ូវ ជាព្រះរាជបុត្រាព្រះអង្គ នោះព្រះអង្គទទួលអ្នកធ្វើជាកូន ក្នុងគ្រួសាររបស់ព្រះអង្គ ហើយប្រទានព្រះវិញ្ញាណរបស់ព្រះអង្គដល់អ្នក។ “អស់អ្នកណាដែលព្រះ‌វិញ្ញាណនៃព្រះ‌ទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ”(ខ.១៥)។ អ្នកមិនមែនជាអ្នកបម្រើ ដែលបានក្លាយជាកូនដោយសារការខិតខំធ្វើការល្អថ្វាយព្រះអង្គនោះទេ។ តែអ្នកជាកូនដែលព្រះវរបិតាបានស្រឡាញ់ ទោះអ្នកជាមនុស្សប្រភេទណាក៏ដោយ។ “មើល សេចក្ដីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ”(១យ៉ូហាន ៣:‌១)។ 
ព្រះវរបិតានៃយើងមានការសប្បាយព្រះទ័យ នៅពេលដែលយើងបម្រើព្រះអង្គ។ តែព្រះអង្គមិនត្រូវការឲ្យយើងជួយព្រះអង្គនោះទេ។ ព្រះអង្គសព្វព្រះទ័យឲ្យយើងមានចិត្ត ដែលចង់ចំណាយពេលជាមួយព្រះអង្គទៅវិញទេ។—Mike Wittmer

តើអ្នកគិតឃើញថា ព្រះទ្រង់សព្វព្រះទ័យទទួលអ្វីពីអ្នក? តើអ្នកនឹងចំណាយពេលជាមួយព្រះអង្គ នៅថ្ងៃនេះ ដូចម្តេចខ្លះ? 
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានទទួលទូលបង្គំជាកូន ក្នុងគ្រួសាររបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ៩-១០ និង កិច្ចការ ១

 

ល្ងាច

ធាតុ​ពិត​នៃ​ការ​សោក​សង្រេង (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

ធាតុ​ពិត​នៃ​ការ​សោក​សង្រេង (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 14, 2025

«កាល​ព្រះ​យេស៊ូវ​ឃើញ​នាង​យំ ព្រម​ទាំង​ពួក​សាសន៍​យូដា ដែល​មក​ជា​មួយ​នឹង​នាង​ផង នោះ​ទ្រង់​មាន​សេចក្តី​រំជួល​ទាំង​ក្នាញ់​ក្នុង​ព្រះ​ហឫទ័យ។ ហើយ​មាន​ព្រះ​បន្ទូល​សួរ​ថា អ្នក​រាល់​គ្នា​បាន​យក​រូប​បុគ្គល​ទៅ​ទុក​ឯ​ណា គេ​ទូល​ឆ្លើយ​ថា ព្រះ​អម្ចាស់ សូម​យាង​ទៅ​ទត​មើល។ ព្រះ​យេស៊ូវ​ក៏​ទ្រង់​ព្រះ​កន្សែង» (យ៉ូហាន ១១:៣៣-៣៥)។
ភាព​សោក​សង្រេង «គឺ​ជា​ការ​កើត​ទុក្ខ​ដោយ​សារ​ការ​បាត់បង់ ដែល​ធ្វើ​ឲ្យ​ជីវិត​រង្គោះ​រង្គើ។ ការ​សោក​សង្រេង​ពុះ​ច្រៀក​ជីវិត​យើង​ជា​ចំរៀកៗ។ វា​អង្រួន​ជីវិត​ឲ្យ​រង្គើ​ពី​លើ​ដល់​ក្រោម។ វា​ធ្វើ​ឲ្យ​គាត់​បាត់បង់​ភាព​នឹងនរ ប្រៀប​ដូច​ជា​ក្រ​ណាត់​ដែល​រហែក​នៅ​ត្រង់​ថ្នេរ។ ជា​ការ​ពិត​ណាស់ ការ​សោក​សង្រេង​គឺ​ជា​ការ​ឆ្លង​កាត់​ការ​បាត់​បង់​ដែល​ធ្វើ​ឲ្យ​ជីវិត​ប្រេះ​ស្រាំ»។1 អ្នក​ប្រហែល​ជា​បាន​ដក​ពិសោធន៍​ជា​មួយ​ការ​សោក​សង្រេង​រួច​ហើយ។ ខ្ញុំ​នៅ​ចាំ​ថា វា​បាន​ឈ្លានពាន​ជីវិត​ខ្ញុំ​ក្នុង​វ័យ​ជំទង់ កាល​ម្តាយ​ខ្ញុំ​លាចាក​លោក។ គ្មាន​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​សោក​សង្រេង​ជាង​នេះ​ឡើយ។ 
ទោះ​អ្នក​ទើប​តែ​ទទួល​ជឿ​ព្រះ​អង្គ អ្នក​ក៏​អាច​ដឹង​ថា សេចក្តី​ជំនឿ​មិន​បាន​ការពារ​យើង​ឲ្យ​រួច​ផុត​ពី​ការ​សោក​សង្រេង​ឡើយ។ ក្នុង​សំបុត្រ​សាវ័ក ប៉ុល ក៏​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ គាត់​ក៏​បាន​និយាយ​អំពី​ការ​ភ័យ​ខ្លាច​បាត់បង់​លោក អេប៉ាប្រូឌីត ជា​មិត្ត​សម្លាញ់​គាត់​យ៉ាង​ដូច​នេះ​ថា «គាត់​បាន​ឈឺ​មែន​ស្ទើរ​តែ​នឹង​ស្លាប់​ផង តែ​ព្រះ​ទ្រង់​អាណិត​មេត្តា​ដល់​គាត់​មិនមែន​ដល់​គាត់​តែ១ គឺ​ដល់​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ជា​ខ្ជាន់ៗ​ឡើយ» (ភីលីព ២:២៧)។ សាវ័ក ប៉ុល មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត ពេល​ដែល​គាត់​គិត​ដល់​ការ​បាត់​បង់​ជីវិត​របស់​លោក អេប៉ាប្រូឌីត។ គាត់​ដឹង​ថា សេចក្តី​ស្លាប់​មិន​មែន​ជា​ចុង​បញ្ចប់​ទេ ប៉ុន្តែ​គាត់​ក៏​បាន​ទទួល​ស្គាល់​ថា ការ​ពិបាក​ចិត្ត​កើត​មាន នៅ​ពេល​ដែល​យើង​ជួប​ការ​បាត់បង់ ឬ​សូម្បីតែ​នៅ​ពេល​ដែល​យើង​គិត​អំពី​ការ​បាត់​បង់​នោះ​ក៏​ដោយ។ 
ការ​សោក​សង្រេង​នាំ​ឲ្យ​មាន​ការ​លំបាក ដោយ​សារ​អ្វី​មួយ​បាន​បាត់បង់ ហើយ​ក្តី​អំណរ​ខ្លះ​ក៏​បាន​បាត់​បង់ ដោយ​មិន​ទាន់​អាច​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​បាន។ ប៉ុន្តែ យើង​ក៏​ដឹង​ដែរ​ថា ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់ អំពី​ការ​សោក​សង្រេង ប៉ុន្តែ​នឹង​មាន​ការ​ប្រោស​លោះ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ក្តី​អំណរ​លើស​នេះ​ទៀត។ ហើយ​យើង​ដឹង​ថា ការ​សោក​សង្រេង គឺ​ជា​រឿង​ដែល​មាន​ពិត​មែន ដែល​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​បាន​ឆ្លង​កាត់​ដោយ​ផ្ទាល់។ កាល​ព្រះ​យេស៊ូវ​ឈរ​នៅ​មុខ​ផ្នូរ​របស់​មិត្ត​សម្លាញ់​ទ្រង់​ឈ្មោះ ឡាសា ទ្រង់​ជា​អង្គ​ទី​ពីរ​នៃ​ព្រះ​ត្រៃ​ឯក​បាន​សោក​សង្រេង​ជា​មួយ​អ្នក​ដែល​ជួប​ជុំ​គ្នា​នៅ​ទីនោះ។ ទោះ​ព្រះ​អង្គ​ហៀប​នឹង​ប្រោស​លោក ឡាសា ឲ្យ​រស់​ឡើង​វិញ​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​ព្រះ​កន្សែង ព្រោះ​ព្រះ​អង្គ​ពិត​ជា​មាន​ព្រះ​ទ័យ​សោកសៅ​មែន។ អាថ៌កំបាំង​ក្នុង​រឿង​នេះ គឺ​ស្ថិត​នៅ​ត្រង់​ថា ព្រះ​យេស៊ូវ​មាន​លក្ខណៈ​ជា​មនុស្ស ដូច​យើង​ខ្លាំង​ណាស់​បាន​ជា​ព្រះ​អង្គ​សម្រក់​ព្រះ​នេត្រ នៅ​ចំពោះ​មុខ​នៃ​ការ​បាត់​បង់​ជីវិត​របស់​មិត្ត​សម្លាញ់​របស់​ព្រះ​អង្គ។ 
ព្រះ​គម្ពីរ​បាន​នាំ​ឲ្យ​យើង​ស្គាល់​រឿង​ពិត​នៃ​ជ័យ​ជម្នះ ដែល​ព្រះ​គ្រីស្ទ​មាន​មក​លើ​សេចក្តី​ស្លាប់ និង​ផ្នូរ តែ​មិន​បាន​បង្ហាញ​យើង​ថា ព្រះ​អង្គ​មាន​ជ័យ​ជម្នះ​ដោយ​គ្មាន​ព្រះ​ទ័យ​អាណិត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក អាលេក ម៉ូតយ័រ (Alec Motyer) បាន​ពិពណ៌នា​ក្នុង​សៀវភៅ​របស់​គាត់​ថា «ការ​ស្រក់​ទឹក​ភ្នែក គឺ​ជា​ទង្វើ​ដ៏​សម​រម្យ​សម្រាប់​អ្នក​ជឿ​ព្រះ។ តាម​ពិត​ពួក​គេ​គួរ​តែ​ស្រក់​ទឹក​ភ្នែក​ឲ្យ​កាន់​តែ​ច្រើន​ជាង​នេះ​ទៀត ព្រោះ​គ្រីស្ទ​បរិស័ទ​ស្គាល់ និង​ឲ្យ​តម្លៃ​មក​លើ​អារម្មណ៍​នីមួយៗ​លើស​អ្នក​ដទៃ។ ទោះ​អារម្មណ៍​សប្បាយ ឬ​ទុក្ខសោក គឺ​លើស​អ្នក​ដែល​មិន​បាន​ស្គាល់​ភាព​ស្រទន់ និង​ភាព​រស់​រវើក​នៃ​ព្រះ​គុណ​របស់​ព្រះ»។2
យើង​មាន​អារម្មណ៍​ធូរ​ស្បើយ ពេល​បាន​ដឹង​ការ​ពិត​ដែល​ថា មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង ដែល​បាន​ស្លាប់​ក្នុង​ព្រះ​គ្រីស្ទ​កំពុង​នៅ​ជា​មួយ​ព្រះ​អង្គ ប៉ុន្តែ​យើង​នៅ​មាន​ការ​ឈឺ​ចាប់​ចំពោះ​ការ​បាត់បង់ និង​ភាព​ឯកោ​របស់​យើង។ យើង​បន្ត​ស្រេក​ឃ្លាន​ចង់​ឲ្យ​ថ្ងៃ​នោះ​ឆាប់​មក​ដល់ គឺ​ថ្ងៃ​ដែល​ការ​ឈឺ​ចាប់​នោះ​លែង​មាន​ទៀត។ ទំរាំ​ដល់​ថ្ងៃ​នោះ យើង​អាច​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត​ដោយ​ដឹង​ថា ព្រះ​យេស៊ូវ​ជា «មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្តី​ឈឺ​ចាប់» (អេសាយ ៥៣:៣)។ ខណៈ​ពេល​ដែល​យើង​មើល​ទៅ​ព្រះ​អង្គ​ធ្វើ​ជា​គំរូ​យើង ហើយ​ដឹង​ថា ព្រះ​អង្គ​ជា​សេចក្តី​រស់​ឡើង​វិញ និង​ជា​ជីវិត (យ៉ូហាន ១១:២៥) ហើយ​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ ដើម្បី​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច។ ការ​ដឹង​ដូច​នេះ បាន​ជួយ​ឲ្យ​ការ​សោក​សង្រេង និង​ក្តី​សង្ឃឹម​អាច​ដើរ​ទន្ទឹម​គ្នា​ក្នុង​ចិត្ត​យើង។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ១៤:១-៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ២៥-២៦ និង​ម៉ាថាយ ២៥:១-៣០

ប្រភេទ