ព្រឹក

រឿងដែលគ្មានសង្ឃឹម
ដោយTim Gustafson
June 15, 2025
អេសាយ ៤៤:២១-២៥
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ... ពីព្រោះព្រះយេហូវ៉ាទ្រង់បានប្រោសលោះពួកយ៉ាកុបទាំងអស់ហើយ ។ អេសាយ ៤៤:២៣
កូនស្រីរបស់លោកអាឡិន(Alan) និងអ្នកស្រីអេមី(Amy) ឈ្មោះ ជែម(Jem) បានចាប់កំណើត ដោយបញ្ហាសុខភាពដែលហាក់ដូចជាគ្មានសង្ឃឹមថារស់ទេ។ ជែមបានកើតមក ដោយមានជំងឺ trisomy-18 ហើយគេរំពឹងថា នាងនឹងស្លាប់បាត់បង់ជីវិត ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ វេជ្ជបណ្ឌិតក៏បាននិយាយដោយត្រង់ៗថា “ការព្យាបាលគ្មានប្រយោជន៍ទេ”។ ប៉ុន្តែ ម្តាយរបស់នាងក៏បានឆ្លើយតបថា “ខ្ញុំមានក្តីស្រមៃធំជាងនេះ សម្រាប់នាង”។ ពួកគេក៏បានយកជែមទៅផ្ទះ និងបានថែទាំគាត់ដោយសេចក្តីស្រឡាញ់។ ពួកគេក៏បានអធិស្ឋានយ៉ាងខ្ជាប់ខ្ជួន។
៦ឆ្នាំក្រោយមក ជែមត្រូវការការវះកាត់ យកដុំសាច់ ដែលពេទ្យបានរកពិនិត្យឃើញ។ បន្ទាប់មក វេជ្ជបណ្ឌិតដដែលនោះក៏បានដើរចូលមក ហើយប្រាប់ពួកគេថា “ខ្ញុំដឹងថា អ្នកកំពុងគិតអី ប៉ុន្តែ សូមផ្តល់ឱកាសឲ្យខ្ញុំជាលើកទី២”។ គាត់បានទទួលស្គាល់កំហុសរបស់គាត់ នៅក្នុងការវាយតម្លៃអំពីបញ្ហាសុខភាពរបស់ជែម កាលពីមុន។ លោកអាឡិន និងអ្នកស្រីអេមីអាចនិយាយថា ទេ ប៉ុន្តែ ពួកគេបានទទួលស្គាល់អំណាចនៃការអត់ទោសរបស់ព្រះ។
ពួកហោរានៅគ្រាសញ្ញាចាស់ ច្រើនតែនាំព្រះរាជសារ អំពីការជំនុំជម្រះរបស់ព្រះ ទៅប្រកាសដល់រាស្រ្តរបស់ព្រះអង្គ។ ប៉ុន្តែ ខ្លឹមសារនៃព្រះរាជសារនោះ ក៏បានបង្កប់ទៅដោយសេចក្តីស្រឡាញ់ ការអត់ទោសបាប និងការប្រោសលោះរបស់ព្រះអង្គ។ ជាក់ស្តែង នៅពេលដែលហោរាអេសាយបានចង្អុលបង្ហាញពីអំពើបាបរបស់នគរយូដា(៤៤:៦-២០) ភ្លាមៗនោះ គាត់ក៏បានថ្លែងព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលអំពាវនាវពួកគេឲ្យងាកបែរមករកព្រះអង្គ ព្រោះព្រះអង្គបានប្រោសលោះពួកគេហើយ(ខ.២២)។ ព្រះអង្គមានចារិតលក្ខណៈ ដែលមិនអាចបោះបង់ចោលរាស្រ្តរបស់ព្រះអង្គឡើយ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “អញបានសូនបង្កើតឯង ដូច្នេះ ឯងជាអ្នកបំរើរបស់អញ ឱពួកអ៊ីស្រាអែលអើយ អញនឹងមិនភ្លេចឯងឡើយ”(ខ.២១)។ ហេតុនេះហើយ “ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ដ្បិតព្រះយេហូវ៉ាបានសំរេចការហើយ ... ព្រះយេហូវ៉ាទ្រង់បានប្រោសលោះពួកយ៉ាកុបទាំងអស់ហើយ”(ខ.២៣)។
ការវះកាត់របស់ជែម មិនបានរកឃើញដុំសាច់ទេ។ វេជ្ជបណ្ឌិតរូបនោះក៏បានលាន់មាត់ថា “នេះជាការអស្ចារ្យ!”។ ការអស្ចារ្យនេះបានកើតឡើងពីការអធិស្ឋាន និងព្រះចេស្តារបស់ព្រះដ៏ប្រោសលោះនៃយើង។—Tim Gustafson
តើអ្នកបានដឹងអំពីរឿងអ្វីខ្លះ ដែលហាក់ដូចជាអស់សង្ឃឹម?
តើអ្នកបានឃើញព្រះទ្រង់ធ្វើការប្រោសលោះ ដូចម្តេចខ្លះ ក្នុងជីវិតអ្នក?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ
ដ្បិតព្រះអង្គជាព្រះដែលតែងតែត្រាស់ហៅទូលបង្គំ ឲ្យវិលបែរមករកព្រះអង្គវិញ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ១-៣ និង កិច្ចការ ២:១-២១
ប្រភេទ
ល្ងាច

ទីក្រុងរបស់មនុស្ស (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 15, 2025
«ខ្ញុំក៏ឮសំឡេង១ទៀតពីលើមេឃ ពោលថា រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ ក្រែងត្រូវវេទនាដូចជាវាដែរ។ ដ្បិតអំពើបាបវាបានគរជាគំនរឡើងដល់ផ្ទៃមេឃ ហើយព្រះទ្រង់បាននឹកចាំពីការទុច្ចរិតរបស់វា» (វិវរណៈ ១៨:៤-៥)។
យើងមិនគួរមានការភ្ញាក់ផ្អើល ឬមានការភ័យខ្លាចឡើយ នៅពេលដែលគ្រីស្ទានប្រឈមមុខដាក់ការទាស់ប្រឆាំងឥតឈប់ឈរ។ មនុស្សជាតិមាននិន្នាការពីកំណើត ដែលទាស់ប្រឆាំងដោយអំនួតចំពោះព្រះ ហេតុនេះហើយពួកគេក៏ទាស់ប្រឆាំងរាស្ត្រព្រះអង្គដែរ។ មនុស្សមានមូលដ្ឋានគ្រឹះនៃអំនួត ដែលមិនមានស្ថេរភាព ប៉ុន្តែពួកគេបាន «សង់ទីក្រុងមួយ» (ន័យធៀប តាមកណ្ឌគម្ពីរវិវរណៈ) ហើយកសាងរបៀបនៃការរស់នៅដែលទាស់ប្រឆាំងនឹងផ្លូវរបស់ព្រះ។ មនុស្សជាតិបានប្រព្រឹត្តដូចនេះ តាំងពីពេលដែលមនុស្សដំបូងធ្លាក់ចូលក្នុងអំពើបាប។ គម្រោងសាងសង់ដែលទាស់ប្រឆាំងនឹងព្រះដំបូងបំផុត គឺបានធ្វើឡើងនៅលើវាលទំនាបស៊ីណើរ នៅត្រង់កន្លែងដែលមានឈ្មោះថា បាបិល (លោកុប្បត្ដិ ១១:១-៩) ជាប្រភពដើមនៃឈ្មោះទីក្រុងបាប៊ីឡូន ហើយនៅសម័យក្រោយមក រាស្ត្ររបស់ព្រះក៏ត្រូវគេនិរទេសឲ្យទៅទីក្រុងនោះឯង។ ដូចនេះ បទគម្ពីរវិវរណៈជំពូក១៨ ប្រើឈ្មោះ បាប៊ីឡូន ក្នុងន័យសំដៅទៅលើទីក្រុងរបស់មនុស្សដែលបានសង់ឡើងជាការទាស់ប្រឆាំងនឹងព្រះ ហើយបន្ទាប់មកក៏បានប្រៀបប្រដូចទីក្រុងនោះទៅនឹងស្រីរកស៊ីផ្លូវភេទ ដែលនាំមនុស្សឲ្យប្រព្រឹត្តអំពើកំផិតខាងឯវិញ្ញាណ។ តាមរយៈការទាក់ទាញ និងការល្បួងនាំ ទីក្រុងរបស់មនុស្សនោះមានជំនាញក្នុងការទាញនាំមនុស្សជាច្រើនឲ្យចេញឆ្ងាយពីព្រះ។ វាជា «ទីក្រុងដ៏ធំ ដែលមានអំណាចលើស្ដេចទាំងប៉ុន្មាននៅផែនដី» (១៧:១៨) ហើយឥទ្ធិពលរបស់វាខ្លាំង ហើយនាំមកនូវសេចក្តីហិនវិនាស។
ដូចនេះ យើងជារាស្ត្រនៃទីក្រុងរបស់ព្រះត្រូវឆ្លើយតបដូចម្ដេច ចំពោះការទាស់ប្រឆាំងរបស់លោកីយ៍នេះ? យើងត្រូវរស់នៅក្នុងលោកីយ៍ តែមិនមែនជាកម្មសិទ្ធិរបស់លោកីយ៍ទេ។ អាចនិយាយម្យ៉ាងទៀតថា យើងត្រូវរស់នៅជាអំបិល ដែលមានរស់ជាតិប្រៃ ហើយអាចរក្សាសាច់ និងត្រីទុកបានយូរ ហើយយើងត្រូវធ្វើជាពន្លឺ ដែលដកគម្របនៃភាពងងឹតចេញ ប៉ុន្តែក៏នាំអ្នកដទៃទៅរកកន្លែងមានសុវត្ថិភាព (ម៉ាថាយ ៥:១៣-១៦)។ យើងត្រូវរស់នៅក្នុងភាពតានតឹង ដោយសារយើងត្រូវរស់នៅក្នុងលោកីយ៍នេះ តែមិនមែនជាកម្មសិទ្ធិរបស់លោកីយ៍ ដោយញែកខ្លួនចេញពីមនុស្សដែលមានចិត្ត និងគំនិតដែលទាស់ប្រឆាំងព្រះ។ អ្នកជឿព្រះមិនត្រូវមានចារិកលក្ខណៈដូចអំពើបាបនៃទីក្រុងរបស់មនុស្សនោះ ពុំនោះទេ សាវ័ក យ៉ូហាន មានប្រសាសន៍ថា យើងនឹងមានចំណែកនៅក្នុងគ្រោះចង្រៃរបស់ទីក្រុងនោះមិនខាន។ បើយើងចុះចូលនឹងការលួងលោមរបស់ទីក្រុងបាប៊ីឡូន នោះមានន័យថា យើងកំពុងបង្ហាញអត្តសញ្ញាណរបស់យើង មិនមែនជារាស្ត្រនៃនគរព្រះពិតប្រាកដទេ។
អ្នកដើរតាមព្រះគ្រីស្ទត្រូវតែប្ដេជ្ញាចិត្ត ចំពោះសេចក្តីពិតក្នុងព្រះគម្ពីរ។ ជំនឿគ្រីស្ទបរិស័ទមានលក្ខណៈលើសពីក្រមសីលធម៌។ គឺលើសពីក្បួនខ្នាតសម្រាប់រស់នៅ ឬវិធីសាស្ត្រជួយឲ្យជីវិតមានភាពល្អប្រសើរឡើង។ តើឈើឆ្កាងស្ថិតនៅត្រង់ណា? ជំនឿគ្រីស្ទានខុសប្លែកពីសាសនាទាំងអស់ ត្រង់ចំណុចដែលថា យើងជឿជាក់ច្បាស់ថា ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងបានធ្វើជាមធ្យោបាយ ដើម្បីឲ្យយើងបានផ្សះផ្សាឲ្យជានឹងព្រះ។ កាលពីមុន យើងបានស្លាប់ក្នុងបាបរបស់យើង យើងសមនឹងទទួលសេចក្តីក្រោធ និងការជំនុំជម្រះពីព្រះ តែព្រះអង្គបានលោះយើង តាមរយៈព្រះជន្មដ៏ឥតខ្ចោះរបស់ព្រះគ្រីស្ទ ដោយព្រះអង្គបានសុគតជំនួសយើង ហើយមានព្រះជន្មរស់ឡើងវិញដោយជ័យជម្នះ។
សព្វថ្ងៃនេះ លោកីយ៍នៅតែបន្តដំណើរទៅមុខដូចកាលពីមុន។ ប៉ុន្តែ ថ្ងៃមួយព្រះគ្រីស្ទនឹងយាងមកវិញ ហើយបិទមាត់ហោរាក្លែងក្លាយទាំងអស់ រួមទាំងអ្នកក្រុងបាប៊ីឡូន និងថែមទាំងអារក្សផ្ទាល់ផង។ យើងនឹងបានឃើញពួកជំនុំទទួលរងការកៀបសង្កត់ ការចំអក ការបៀតបៀន ហើយគេបង្កើតច្បាប់ ដើម្បីដាក់ទោសពួកជំនុំ។ លោកីយ៍នឹងយល់ឃើញថា ពួកជំនុំមានភាពទន់ខ្សោយ ឬស្ថិតនៅក្រៅប្រវត្តិសាស្ត្រ ហើយមិនសមនឹងទទួលការគោរព ឬការស្វាគមន៍ទេ។ ប៉ុន្តែ យើងមានសង្ឃឹម ដោយសារការបញ្ជាក់អំពីជ័យជម្នះដូចនេះថា ទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ (ម៉ាថាយ ១៦:១៨)។ ដូចនេះក្នុងពេលសព្វថ្ងៃនេះ ខណៈពេលដែលអ្នកកំពុងរស់នៅក្នុងទីក្រុងបាប៊ីឡូន តើទីក្រុងនេះមានបាបអ្វីដែលទាក់ទាញអ្នកខ្លាំងជាងគេ? តើអ្នកបានជួបការល្បួងខ្លាំងបំផុតឲ្យរស់នៅតាមសាច់ឈាមដូចទីក្រុងបាប៊ីឡូនដូចម្ដេចខ្លះ? តើអ្នកមានឱកាសអ្វី ដើម្បីធ្វើជាអំបិល និងពន្លឺ ដល់មនុស្សជុំវិញខ្លួន? ចូរយើងប្រាកដថា យើងប្រឆាំងនឹងទីក្រុងរបស់មនុស្ស ហើយនាំអ្នកដទៃឲ្យចូលទីក្រុងរបស់ព្រះវិញ។
ព្រះគម្ពីរសញ្ជឹងគិត៖ វិវរណៈ ១៨:១-១៩:១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ២៧-២៩ និងម៉ាថាយ ២៥:៣១-៤៦