នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ផ្លាស់ប្រែដោយសារព្រះវិញ្ញាណបរិសុទ្ធ

ផ្លាស់ប្រែដោយសារព្រះវិញ្ញាណបរិសុទ្ធ

ដោយKirsten Holmberg

June 16, 2025

២កូរិនថូស ៣:១២-១៨
យើងកំពុងតែផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ ។ ២កូរិនថូស ៣:១៨
នៅពេលដែលលោកនេល ដាក្លាស(Neil Douglas) បានឡើងជិះយន្តហោះ ទៅប្រទេសអៀរឡង់ គាត់បានឃើញអ្នកដំណើរដទៃទៀតបានចូលអង្គុយនៅលើកៅអីរបស់គាត់ ដូចនេះ គាត់ក៏បានចាប់ផ្តើមការសន្ទនាមួយ ដើម្បីដោះស្រាយបញ្ហាច្រឡំកន្លែងអង្គុយនេះ។ នៅពេលដែលអ្នកដំណើរនោះងើយមើលមុខគាត់ លោកនេល ក៏បានឃើញបុរសនោះមានមុខមាត់ដូចគាត់ណាស់! អ្នកដំណើរដទៃទៀតក៏បានអស់សំណើច នៅពេលដែលពួកគេបានឃើញបុរសពីរនាក់នេះមានមុខដូចគ្នា កំពុងថតស៊ែលហ្វ៊ីទុកជាអនុស្សាវរីយ៍។ ក្រោយមក ពួកគេក៏បានជួបគ្នាម្តងទៀត នៅពេលដែលពួកគេចូលស្នាក់នៅក្នុងសណ្ឋាគារតែមួយ ហើយលើកទីបី ក៏បានជួបគ្នាទៀត នៅក្នុងភោជនីយដ្ឋានក្នុងតំបន់មួយ។ នៅពេលព្រឹកបន្ទាប់ ពួកគេក៏បានដឹងថា រូបថតស៊ែលហ្វ៊ីរបស់ពួកគេ ដែលគេបានបង្ហោះតាមបណ្ដាញសង្គមក៏បានផ្ទុះ ដោយសារពួកគេមានមុខមាត់ដូចគ្នាយ៉ាងខ្លាំង។ 
នៅពេលដែលមនុស្សពីរនាក់មិនមែនជាកូនភ្លោះ ឬសាច់ញាតិ តែមានមុខមាត់ដូចគ្នា ពួកគេច្រើនតែមានការភ្ញាក់ផ្អើល នៅពេលបានជួបគ្នាជាលើកទីមួយ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ មុខរបស់លោកម៉ូសេមានការផ្លាស់ប្តូរយ៉ាងខ្លាំង បន្ទាប់ពីគាត់បានជួបព្រះអម្ចាស់ នៅលើភ្នំ បានជា “ជនជាតិអ៊ីស្រាអែល មិនអាចនឹងសំឡឹងមើលមុខលោកម៉ូសេបានទេ ដោយព្រោះសិរីល្អនៃមុខលោក”(២កូរិនថូស ៣:៧ និក្ខមនំ ៣៤:៣៣-៣៥)។
សព្វថ្ងៃនេះ យើងឃើញសិរីល្អរបស់ព្រះយេស៊ូវ ដែលបានបើកបង្ហាញ តាមរយៈរាស្រ្តរបស់ព្រះអង្គ ដែលបានផ្លាស់ប្រែមានចារិតលក្ខណៈដូចព្រះអង្គ ដោយសារព្រះរាជកិច្ចនៃព្រះវិញ្ញាណបរិសុទ្ធ(២កូរិនថូស ៣:‌១៨ និង មើលខ.៨)។ កាលណាយើងស្គាល់ និងស្រឡាញ់ព្រះអង្គកាន់តែខ្លាំង នោះការផ្លាស់ប្រែផ្នែកសីលធម៌ និងខាងវិញ្ញាណ ក៏កើតមាន ដែលគេអាចមើលដឹងថា យើងមាននៅខាងក្នុង ក៏ដូចជាខាងក្រៅ ខណៈពេលដែលព្រះអង្គកែប្រែចិត្ត និងគំនិតយើង ក្នុងការធ្វើដំណើរជីវិតខាងវិញ្ញាណផងដែរ។—Kirsten Holmberg

តើការស្គាល់ព្រះយេស៊ូវ បាននាំឲ្យអ្នកមានការផ្លាស់ប្រែដូចម្តេចខ្លះ? 
តើព្រះអង្គកំពុងធ្វើឲ្យមានអ្វីខ្លះ រីកលូតលាស់ក្នុងជីវិតអ្នក នៅថ្ងៃនេះ
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានបន្តកែប្រែទូលបង្គំ ឲ្យមានចារិតលក្ខណៈដូចព្រះអង្គ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ៤-៦ និង កិច្ចការ ២:២២-៤៧


 

ល្ងាច

ការ​ត្រាស់​ហៅ​ឲ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​ត្រាស់​ហៅ​ឲ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 16, 2025

«ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​សេចក្តី​មេត្តា​ករុណា​នៃ​ព្រះ ឲ្យ​បាន​ថ្វាយ​រូប​កាយ​ទុក​ជា​យញ្ញ​បូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ ជា​ការ​គោរព​នៃ​អ្នក​រាល់​គ្នា ដែល​មាន​ទំនង» (រ៉ូម ១២:‌១)។
នៅ​ពេល​ដែល​គេ​សួរ​លោក វីលៀម ប៊ូត (William Booth) ជា​ស្ថាបនិក​នៃ​អង្គ​ការ​កង​ទ័ព​សង្គ្រោះ​អំពី​ឥទ្ធិពល​ដែល​ជីវិត​របស់​គាត់​មាន​មក​លើ​អ្នក​ដទៃ គាត់​ក៏​បាន​ឆ្លើយ​តប ដោយ​ពាក្យ​មួយ​ឃ្លា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា «ខ្ញុំ​បាន​ថ្វាយ​ជីវិត​ដាច់​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ​ហើយ»។
ការ​ឆ្លើយ​តប​ដូច​នេះ​មិន​មាន​ភាព​លើស​លោះ ឬ​មាន​អំនួត​ទេ។ នេះ​គ្រាន់​តែ​ជា​វិធី​តែ​ម្យ៉ាង ដែល​លោក ប៊ូត អាច​ពន្យល់​អំពី​មូល​ហេតុ​ដែល​គាត់ ជា​មនុស្ស​សាមញ្ញ​ម្នាក់​ត្រូវ​បាន​ព្រះ​អម្ចាស់​ប្រើ​តាម​របៀប​ដែល​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​បាន​ជះ​ឥទ្ធិពល​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ចំណុច​ដ៏​ជាក់​លាក់​មួយ​នៃ​ប្រវត្តិ​សាស្ត្រ។ 
តើ​ការ​ថ្វាយ​ជីវិត​ដាច់​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​ន័យ​ដូច​ម្ដេច? 
បន្ទាប់​ពី​ជំពូក១១នៃ​កណ្ឌ​គម្ពីរ​រ៉ូម បាន​ធ្វើ​ការ​អបអរ​សេចក្តី​សង្គ្រោះ​ឲ្យ​រួច​ពី​បាប ដែល​ព្រះ​បាន​ប្រទាន​នៅ​លើ​ឈើ​ឆ្កាង និង​អបអរ​សេចក្តី​មេត្តា​ក្នុង​ការ​ជ្រើស​រើស​មនុស្ស​សម្រាប់​អង្គ​ទ្រង់ នៅ​ដើម​ដំបូង​នៃ​បទ​គម្ពីរ​រ៉ូម​ជំពូក១២ សាវ័ក ប៉ុល ក៏​បាន​ទូន្មាន​ដល់​អ្នក​ជឿ​ព្រះ​គ្រីស្ទ​ឲ្យ​ថ្វាយ​ខ្លួន១០០ភាគរយ ទាំង​កាយ ទាំង​ចិត្ត និង​វិញ្ញាណ ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ។ ពាក្យ «ទូន្មាន» ក្នុង​ខ​នេះ គឺ​បក​ប្រែ​ពី​ពាក្យ ឡូជីកូស ជា​ភាសា​ក្រិក ដែល​ជា​ប្រភព​ដើម​នៃ​ពាក្យ «ឡូហ្សិក» (ប្រែ​ថា មាន​ហេតុផល)។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ការ​លើក​ទឹក​ចិត្ត​របស់​គាត់​មិន​មែន​ផ្អែក​ទៅ​លើ​អារម្មណ៍ ឬ​ការ​បញ្ចុះ​បញ្ចូល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ សាវ័ក ប៉ុល កំពុង​ទូន្មាន​យ៉ាង​សម​ហេតុផល និង​បន្ទាន់​ដល់​អ្នក​អាន​របស់​គាត់ ដោយ​ផ្អែក​ទៅ​លើ​កម្លាំង​នៃ​សេចក្តី​មេត្តា​របស់​ព្រះ។ 
គ្មាន​ផ្នែក​ណា​មួយ​នៃ​មនុស្ស​ជាតិ ដែល​មិន​បាន​ទទួល​ផល​ប៉ះ​ពាល់​ពី​ការ​បះបោរ​របស់​មនុស្ស​​ទាស់​នឹង​ព្រះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​នោះ​ទេ។ ប៉ុន្តែ ដោយ​សារ​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ ព្រះ​អង្គ​មិន​បាន​រាប់​បាប​របស់​រាស្ត្រ​ព្រះ​អង្គ​ទាស់​នឹង​ពួក​គេ​ទេ ហើយ​ព្រះ​អង្គ​ក៏​មិន​ដាក់​ទោស​យើង​ឲ្យ​សម​នឹង​បាប​របស់​យើង​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​ទទួល​យក​បាប​យើង ហើយ​រាប់​បាប​ទាំង​នោះ​ទាស់​នឹង​ព្រះ​រាជ​បុត្រា​ស្ងួន​ភ្ងា​របស់​ព្រះ​អង្គ​វិញ។ 
ពាក្យ «ដោយ​សេចក្តី​មេត្តា​ករុណា​នៃ​ព្រះ» ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការ​ទូល​សូម​នេះ។ បើ​យើង​មើល​រំលង​ផ្នែក​នេះ យើង​នឹង​មាន​កំហុស​ភ្លាម។ បទ​គម្ពីរ​នេះ​ជា​ការ​អំពាវនាវ​ដល់​មនុស្ស​ដែល​បាន​ទទួល​ព្រះ​គុណ ឲ្យ​លះ​បង់​ជីវិត​មិន​មែន ដើម្បី​ឲ្យ​ព្រះ​អង្គ​ទទួល​យក​ពួក​គេ ប៉ុន្តែ​ផ្អែក​ទៅ​លើ​ការ​ពិត​ដែល​ថា ព្រះ​អង្គ​បាន​ទទួល​យក​ពួក​គេ​រួច​ជា​ស្រេច​ហើយ។ ការ​អំពាវនាវ​នេះ ក៏​សម្រាប់​អ្នក​ដែល​ព្រះ​គុណ​បាន​រំដោះ​ឲ្យ​មាន​សេរី​ភាព ដើម្បី​ឲ្យ​បាន​ផ្លាស់​ប្រែ​តាម​បំណង​ព្រះ​ទ័យ​ព្រះ ដោយ​មាន​ចិត្ត​ប្ដូរ​ផ្តាច់​ចំពោះ​ព្រះ​អង្គ។ 
ក្នុង​បរិបទ​នេះ ព្រះ​អម្ចាស់​មិន​បាន​ប្រាប់​យើង​ឲ្យ​ថ្វាយ​តែ​លុយ ឬ​ទ្រព្យ​សម្បត្តិ​នោះ​ទេ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ថ្វាយ​លើស​ពី​នេះ​ទៀត គឺ​ថ្វាយ​ខ្លួន​យើង​ដល់​ព្រះ​អង្គ ថ្វាយ​អ្វីៗ​គ្រប់​យ៉ាង​ដែល​បង្ហាញ​ថា យើង​ជា​នរណា ថ្វាយ​អស់​ទាំង​គំនិត អារម្មណ៍ និង​អ្វីៗ​ដែល​យើង​ធ្វើ ហើយ​អ្វី​ដែល​យើង​ស្គាល់ គឺ​ថ្វាយ​ដល់​ព្រះ។ ការ​ថ្វាយ​ព្រះ​រាជបុត្រា​ព្រះ​អង្គ​ដល់​យើង គឺ​ជា​ការ​ឆ្លើយ​តប​ដែល​សម​ហេតុផល​បំផុត ចំពោះ​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ។ ពេល​ណា​យើង​ថ្វាយ​ខ្លួន​ទាំង​ស្រុង​ដល់​ព្រះ​អង្គ នោះ​សមត្ថភាព​របស់​យើង ទោះ​មាន​កំណត់​យ៉ាង​ណា​សុទ្ធ​តែ​អាច​ឲ្យ​យើង​ប្រើ ដើម្បី​សិរី​ល្អ និង​គោល​បំណង​របស់​ព្រះ​អង្គ។ ក្នុង​ការ​រស់​នៅ​របស់​យើង​ជា​គ្រីស្ទ​បរិស័ទ យើង​ត្រូវ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ទាំង​ស្រុង គឺ​គ្មាន​ជម្រើស​សម្រាប់​ឲ្យ​យើង​រស់​នៅ​ក្តៅ​មិន​ក្តៅ​ត្រជាក់​មិន​ត្រជាក់​នោះ​ឡើយ។ និយាយ​រួម យើង​ត្រូវ​ថ្វាយ​ទាំង​ស្រុង​ដល់​ព្រះ​អង្គ។ 
ការ​ប្ដេជ្ញា​ចិត្ត​ថ្វាយ​អ្វីៗ​ទាំង​អស់ គឺ​ជា​ការ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ។ បើ​អ្នក​ថ្វាយ​ទាំង​អស់​ដល់​ព្រះ​អង្គ នោះ​ព្រះ​អង្គ​នឹង​ធ្វើ​ឲ្យ​អ្វីៗ​កើត​ឡើង​នៅ​ក្នុង និង​តាម​រយៈ​អ្នក ដោយ​គ្មាន​ដែន​កំណត់។ តើ​អ្នក​នឹង​រស់​នៅ​ជា​ប្រភេទ​មនុស្ស​ដែល​អាច​និយាយ​ថា «ខ្ញុំ​ជា​កម្ម​សិទ្ធិ​ផ្តាច់​មុខ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ» ដែរ​ឬ​ទេ?
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ភីលីព ១:១៩-៣០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ៣០-៣១ និង​ម៉ាថាយ ២៦:១-២៥

ប្រភេទ