នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ប្រកាន់ខ្ជាប់តាមព្រះបន្ទូលសន្យា

ប្រកាន់ខ្ជាប់តាមព្រះបន្ទូលសន្យា

ដោយLeslie Koh

June 17, 2025

អេសាយ ៥៥:១-៣,៨-១៣
ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញ ខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់អញ ក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ។ អេសាយ ៥៥:៩
ថ្ងៃមួយអ្នកស្រីវែនឌី(Wendy) មានអារម្មណ៍ថា គេមើលរំលងគាត់។ ក្នុងអំឡុងម៉ោងសម្រាកញាំអាហារថ្ងៃត្រង់ ចៅហ្វាយរបស់គាត់បានដាក់ស្ករសូកូឡា នៅលើតុរបស់បុគ្គលិកម្នាក់ៗ លើកលែងតែតុគាត់ប៉ុណ្ណោះ។ គាត់មិនយល់ថា មានរឿងអ្វីកំពុងកើតឡើងទេ ដូចនេះ គាត់ក៏បានបង្ហាញការអាក់អន់ចិត្ត ឲ្យមិត្តភក្តិគាត់បានដឹង ដោយចោទជាសំណួរថា “ហេតុអ្វីគាត់មើលរំលងខ្ញុំ?”
នៅពេលដែលគេសួរចៅហ្វាយរបស់គាត់ ចៅហ្វាយរបស់គាត់ក៏បានពន្យល់ថា “ស្ករសូកូឡាទាំងនោះនៅល្អទេ ប៉ុន្តែ ខ្ញុំបានទុកពួកវាយូរដែរហើយ។ វេនឌី មានផ្ទៃពោះ អញ្ចឹងហើយ ខ្ញុំគ្រាន់តែមិនចង់ឲ្យស្ករសូកូឡានោះធ្វើឲ្យប៉ះពាល់ខុសភាពគាត់”។ បន្ទាប់មក គាត់ក៏និយាយទាំងអស់សំណើចថា “ចំណែកអ្នកផ្សេងវិញ បើស្ករសូកូឡានោះធ្វើឲ្យប៉ះពាល់សុខភាពបន្តិចបន្តួច ដូចជាមិនអីទេ”។ 
រឿងតូចមួយនេះក៏បានក្លាយជារឿងកំប្លែង ដែលគេបន្តលើកមកនិយាយ នៅកន្លែងធ្វើការ ប៉ុន្តែ វាបានធ្វើឲ្យខ្ញុំគិតឃើញថា នៅពេលខ្លះ យើងមានការយល់ច្រឡំ ចំពោះព្រះហឫទ័យរបស់ព្រះ ដោយសារការយល់ដឹងរបស់យើង មានដែនកំណត់។ ហើយប្រហែលជាថែមទាំងជឿថា ខ្លួនយើងគឺជាជនរងគ្រោះនៃរឿងដ៏អយុត្តិធម៌ណាមួយ ដោយយើងភ្លេចថា ព្រះទ្រង់តែងតែជ្រាបថា មានរបស់អ្វីខ្លះដែលល្អបំផុតសម្រាប់យើង។ 
បទគម្ពីរអេសាយ ៥៥:៨-៩ បានក្រើនរំឭកយើងថា យើងមិនតែងយល់អំពីគំនិត និងផ្លូវរបស់ព្រះទេ ប៉ុន្តែ យើងអាចដឹងច្បាស់ថា គំនិត និងផ្លូវរបស់ព្រះអង្គ តែងតែខ្ពស់ជាងគំនិត និងផ្លូវរបស់យើង(ខ.៩)។ គំនិត និងផ្លូវរបស់យើងច្រើនតែទទួលឥទ្ធិពលពីភាពអាត្មានិយមរបស់យើង តែព្រះអង្គល្អឥតខ្ចោះ មានព្រះទ័យអាណិត និងសុចរិត។ ហេតុនេះហើយ នៅពេលដែលអ្វីៗហាក់ដូចជាមិនមានដំណើរការល្អ យើងអាចទុកចិត្តថា ព្រះទ្រង់នឹងប្រទានអ្វីដែលយើងពិតជាត្រូវការ(ខ.១-២) ដ្បិតព្រះអង្គតែងតែមានក្តីស្រឡាញ់ និងស្មោះត្រង់ ចំពោះព្រះបន្ទូលសន្យាដ៏ស្ថិតស្ថេររបស់ព្រះអង្គ(ខ.៣)។ ចូរយើង “អំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ”(ខ.៦) ដោយដឹងថា ព្រះអង្គនឹងមិនចាកចោលយើងឡើយ។—Leslie Koh

តើព្រះទ្រង់មានព្រះបន្ទូលសន្យាអ្វីខ្លះ ដែលអ្នកអាចប្រកាន់ខ្ជាប់តាម នៅពេលដែលជីវិតហាក់ដូចជាអយុត្តិធម៌? 
តើព្រះអង្គមានចារិតលក្ខណៈអ្វីខ្លះ ដែលផ្តល់ឲ្យអ្នកនូវការកម្សាន្តចិត្ត និងការធានា? 
ឱព្រះដ៏ស្មោះត្រង់ ព្រះអង្គជ្រាបថា ជួនកាល ទូលបង្គំមានអារម្មណ៍ថា ព្រះអង្គបានភ្លេចទូលបង្គំ 
ហើយមានការសង្ស័យចំពោះសេចក្តីស្រឡាញ់ ដែលព្រះអង្គមានចំពោះទូលបង្គំ។ 
សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តព្រះអង្គ ហើយប្រកាន់ខ្ជាប់តាមព្រះបន្ទូលសន្យាដ៏អស់កល្បរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ៧-៩ និង កិច្ចការ ៣ 
 

ល្ងាច

គំនិត​បាន​កែ​ថ្មី​ឡើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

គំនិត​បាន​កែ​ថ្មី​ឡើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 17, 2025

«កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​លមើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង» (រ៉ូម ១២:២)។
ប៉ម​គ្រប់​គ្រង​ការ​ហោះ​ហើរ​នៅ​អាកាសយាន​ដ្ឋាន ជាទី​កន្លែង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ប៉ម​នោះ​មាន​បន្ទប់​តូច​មួយ​ដែល​មាន​សមត្ថភាព និង​អំណាច​ជា​ច្រើន​លើស​លប់​មក​លើ​ការ​ហោះ​ហើរ​របស់​យន្តហោះ​នីមួយៗ។ ការ​ណែនាំ​ដែល​ប៉ម​នោះ​បាន​ផ្តល់​ឲ្យ​បាន​ការពារ និង​ធានា​នូវ​សុវត្ថិភាព។ បើ​ក្រុម​ការងារ​ក្នុង​ប៉ម​នោះ​មាន​កំហុស​បច្ចេកទេស​ណា​មួយ ផល​ប៉ះ​ពាល​កើត​មាន​នៅ​ក្រៅ​ប៉ម​នោះ ហើយ​ច្រើន​តែ​នាំ​ឲ្យ​មក​នូវ​គ្រោះ​មហន្ត​រាយ​ធ្ងន់ធ្ងរ។
ស្រដៀង​គ្នា​នេះ​ដែរ យើង​អាច​និយាយ​ថា គំនិត​របស់​យើង គឺ​ប៉ម​គ្រប់​គ្រង​នៃ​រូប​កាយ​យើង។ ការ​អ្វី​ដែល​រូប​កាយ​យើង​ធ្វើ មាន​ការ​ជាប់​ទាក់ទង​ដោយ​ផ្ទាល់​មក​លើ​ការ​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​គំនិត​យើង។ ក្នុង​គំនិត​យើង យើង​មាន​សមត្ថភាព​អាច​ពិចារណា សម្រេច​ចិត្ត វិនិច្ឆ័យ​អារម្មណ៍​របស់​យើង ហើយ​ធ្វើ​ឲ្យ​ក្តី​ស្រឡាញ់​របស់​យើង​ចេញ​ជា​រូបរាង្គ​ឡើង។ ហេតុ​នេះ​ហើយ សាវ័ក ប៉ុល បាន​ប្រាប់​យើង​ឲ្យ​ថ្វាយ​រូប​កាយ​យើង​ជា​យញ្ញ​បូជា​រស់ ជា​ការ​ឆ្លើយ​តប​ចំពោះ​សេចក្តី​មេត្តា​របស់​ព្រះ ចំពោះ​យើង​ក្នុង​ព្រះ​គ្រីស្ទ (រ៉ូម ១២:១) ហេតុ​នេះ​ហើយ ការ​គិត​របស់​យើង​ពិត​ជា​សំខាន់​ណាស់។ 
ការ​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ​រាប់​បញ្ចូល​ការ​កែ​ប្រែ​ផ្នត់​គំនិត​ស៊ី​ជម្រៅ ដែល​នាំ​ឲ្យ​មាន​គំនិត និង​អាកប្ប​កិរិយា​កាន់​តែ​បរិសុទ្ធ ដែល​យើង​មិន​ឃើញ​មាន​នៅ​ក្នុង​ជីវិត​ដែល​គ្មាន​ព្រះ​គ្រីស្ទ​ឡើយ។ គឺ​ដូច​ដែល​សាវ័ក ប៉ុល បាន​បង្រៀន​ក្នុង​ខ​គម្ពីរ​មុន​ថា «ពីព្រោះ​អស់​អ្នក​ណា​ដែល​តាម​សាច់​ឈាម នោះ​គិត​តែ​ខាង​សាច់​ឈាម តែ​អស់​អ្នក​ណា​ដែល​គិត​តាម​ព្រះ​វិញ្ញាណ នោះ​គិត​តែ​ខាង​វិញ្ញាណ​វិញ» (រ៉ូម ៨:៥)។ ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ដូច​នេះ​អាច​កើត​មាន​ទៅ​បាន ដោយ​សារ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ខណៈ​ពេល​ដែល​ព្រះ​អង្គ​បង្រៀន​យើង​ក្នុង​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​ព្រះ។ 
ការ​ផ្លាស់​ប្ដូរ​នេះ​គឺ​ជា​ដំណើរ​ការ​មួយ។ ជា​រៀង​រាល់​ថ្ងៃ យើង​ត្រូវ​ផ្លាស់​ប្រែ​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ដូច​ព្រះ​យេស៊ូវ​គ្រីស្ទ។ ជា​ការ​ពិត​ណាស់ គំនិត​របស់​យើង ជីវិត​យើង​ទាំង​មូល​កំពុង​តែ​មាន​ការ​ផ្លាស់​ប្រែ​ឲ្យ​ថ្មី​ឡើង។ យើង​មិន​ទាន់​បាន​ផ្លាស់​ប្រែ​ទាំង​ស្រុង​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ ប៉ុន្តែ​យើង​មិន​ដូច​ពី​មុន​ទេ។ ហើយ​នៅ​ពេល​ណា​គំនិត​យើង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​វិញ្ញាណ និង​ព្រះ​បន្ទូល​ព្រះ អ្វីៗ​ផ្សេង​ទៀត​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់​តាម​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ។ យើង​នឹង​បាន​ដឹង​ថា ផ្លូវ​របស់​ព្រះ គឺ​ជា​ជម្រើស​ល្អ​បំផុត ហើយ​ក៏​អរ​សប្បាយ​ក្នុង​ការ​ដើរ​តាម​ផ្លូវ​របស់​ព្រះ​អង្គ។ យើង​គិត​មុន​ពេល​យើង​ធ្វើ​អ្វី​មួយ។ យើង​បដិសេធ​មិន​ព្រម​ឲ្យ​លោកីយ៍​កែ​ប្រែ​យើង ដោយ​រៀន​មើល​ស្គាល់​ផ្នត់​គំនិត​របស់​វា ដែល​ផ្អែក​ទៅ​លើ​ការ​កុហក ជាជាង​ផ្អែក​ទៅ​លើ​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​ព្រះ។ 
ដូច​នេះ ចូរ​ទុក​ចិត្ត​ថា អំណាច​នៃ​ព្រះ​បន្ទូល​ព្រះ​នឹង​កែ​ប្រែ​ចិត្ត​គំនិត​របស់​អ្នក ហើយ​ចូល​ទូល​សូម​ព្រះ​វិញ្ញាណ​ជួយ​ឲ្យ​ការ​នេះ​អាច​កើត​ឡើង។ ចូរ​មើល​ឲ្យ​ស្គាល់​ល្បិច​ដែល​លោកីយ៍​ប្រើ ដើម្បី​ទាញ​នាំ​អ្នក​ឲ្យ​ត្រាប់​តាម​វា ហើយ​ចូរ​ប្រើ​ពេល​នោះ​ជា​ឱកាស ដើម្បី​អនុញ្ញាត​ឲ្យ​គំនិត​អ្នក​មាន​ការ​ផ្លាស់​ប្រែ ដោយ​ប្រាជ្ញា​មក​ពី​ព្រះ​វិញ។ ហើយ​ចូរ​អនុវត្ត​ដូច​នេះ មិន​មែន​ដោយ​សារ​អ្នក​គួរ​តែ​ធ្វើ តែ​ដោយ​សារ​អ្នក​ចូល​ចិត្ត​ធ្វើ ដ្បិត​អ្នក​ដឹង​ថា «សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់ ដ្បិត​ការ​ដែល​បាន នោះ​វិសេស​ជាង​បាន​ប្រាក់​ទៅ​ទៀត ហើយ​កម្រៃ​អំពី​នោះ​មក​ក៏​ប្រសើរ​ជាង​មាស​សុទ្ធ​ផង...អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា​សុទ្ធ​តែ​ជា​ផ្លូវ​សោមនស្ស ហើយ​អស់​ទាំង​ផ្លូវ​ច្រក​នោះ​ក៏​ជា​សេចក្តី​សុខ​ដែរ» (សុភាសិត ៣:១៣-១៤, ១៧)។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ សុភាសិត ៣:១-១៨
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ៣២-៣៣ និង​ម៉ាថាយ ២៦:២៦-៤៦

ប្រភេទ