នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

គ្មានទេមនុស្សសាមញ្ញ

គ្មានទេមនុស្សសាមញ្ញ

ដោយBill Crowder

June 18, 2025

ទីតុស ៣:១-១១
ចូររំឭកគេ ... ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្ដីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង។ ទីតុស ៣:១-២
នៅលើជញ្ជាំង នៅខាងក្រោយបញ្ជរសម្រាប់ប្រតិបត្តិសាច់ប្រាក់ នៅធនាគា ដែលខ្ញុំកំពុងប្រើប្រាស់ ខ្ញុំឃើញពាក្យស្លោក ដែលឆ្លុះបញ្ចាំងអំពីគោលការណ៍របស់ធនាគារនេះ ដែលបង្រួមមកនៅត្រឹមពាក្យ សុជីវធម៌។ ខ្ញុំមានអារម្មណ៍ស្រស់ស្រាយ នៅពេលដែលបុគ្គលិកធនាគាមានសុជីវធម៌ ខណៈពេលដែលគាត់កំពុងជួយខ្ញុំប្រតិបត្តិការសាច់ប្រាក់។
ក្នុងលោកិយដ៏កាចសាហាវ និងគ្មានក្តីមេត្តា ការប្រកាន់ខ្ជាប់នូវសុជីវធម៌ ក្នុងការប្រកបទាក់ទងគ្នា គឺជាផ្នត់គំនិតដ៏ល្អ។ សាវ័កប៉ុលក៏បានបង្រៀនអំពីរឿងនេះ នៅក្នុងសំបុត្រដែលគាត់បានសរសើរផ្ញើលោកទីតុសផងដែរ។ គាត់បានបង្រៀនលោកទីតុស ឲ្យក្រើនរំឭកពួកជំនុំរបស់គាត់ថា “មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្ដីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង”(ទីតុស ៣:២)។ ការមានសុជីវធម៌ ក្នុងទំនាក់ទំនងក៏អាចមានន័យថា យើងស្វែងរកភាពសុខដុម និងគិតអំពីប្រយោជន៍របស់អ្នកដទៃផងដែរ។
របៀបដែលយើងប្រព្រឹត្តចំពោះអ្នកដទៃ អាចបើកបង្ហាញឲ្យគេដឹងថា យើងបានចាត់ទុកពួកគេជាមនុស្ស ដែលព្រះអង្គបានបង្កើតឲ្យដូចរូបអង្គទ្រង់ដែរឬអត់។ លោកស៊ី អេស លូអ៊ីស(C. S. Lewis) បានបកស្រាយ អំពីបញ្ហានេះ ក្នុងសៀវភៅដែលគាត់បាននិពន្ធមានចំណងជើងថា ទម្ងន់នៃសិរីល្អ យ៉ាងដូចនេះថា “ពិភពលោកនេះ គ្មានទេមនុស្សសាមញ្ញ។ អ្នកមិនដែលបានជជែកជាមួយមនុស្សសាមញ្ញ ដែលមានវត្តមានតែនៅលើផែនដីនេះឡើយ”។ ត្រង់ចំណុចនេះ លោកលូអ៊ីសកំពុងគិតដល់ពេលដ៏អស់កល្បជានិច្ច ដែលមនុស្សនឹងបានអរសប្បាយជាមួយព្រះវត្តមានព្រះ ពុំនោះទេ ពួកគេនឹងត្រូវដាច់ចេញពីព្រះអង្គជារៀងរហូត។ ហេតុនេះហើយ គាត់ក៏បានក្រើនរំឭកយើងថា “ពួកគេជាមនុស្សដ៏អស់កល្បដែលយើងនិយាយកំប្លែងជាមួយ ធ្វើការជាមួយ រៀបការជាមួយ ឬមិនបានអើពើ និងបានទាញយកប្រយោជន៍ពីពួកគេ និយាយរួម បើពួកគេមិនមែនមនុស្សដែលនឹងវេទនាអស់កល្បជានិច្ចទេ ពួកគេនឹងបានអរសប្បាយនឹងសិរីល្អនៃព្រះអស់កល្បជានិច្ចនៅនគរស្ថានសួគ៌”។
ចូរយើងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធជួយយើង ឲ្យប្រព្រឹត្តចំពោះមនុស្សនៅជុំវិញយើង ដោយនឹកចាំថា ពួកគេក៏ជាមនុស្សដែលព្រះអង្គបានបង្កើតឲ្យដូចរូបអង្គទ្រង់ផងដែរ។—Bill Crowder

តើការខ្វះសុជីវធម៌មានផលប៉ះពាល់យ៉ាងណាមកលើអ្នក ក្នុងការទំនាក់ទំនង? 
តើអ្នកអាចធ្វើដូចម្តេចខ្លះ ដើម្បីឲ្យទំនាក់ទំនងរបស់អ្នកកាន់តែមានសុជីវធម៌? 
ឱព្រះអម្ចាស់ យើងខ្ញុំងាយនឹងមានចិត្តនឿយណាយ ចំពោះអ្នកដទៃ។ សូមព្រះអង្គប្រទានទូលបង្គំនូវវិញ្ញាណដែលអត់ធ្មត់ 
និងចិត្តដែលសប្បុរស ដើម្បីឲ្យទូលបង្គំអាចប្រព្រឹត្តចំពោះមនុស្សម្នាក់ៗ ដោយសេចក្តីថ្លៃថ្នូ និងសុជីវធម៌។
For further study, read Cleaning Under the Rug at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ១០-១១ និង កិច្ចការ ៤:១-២២
 

ល្ងាច

គិត​អំពី​ខ្លួន​ឯង​ឲ្យ​បាន​ត្រឹម​ត្រូវ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

គិត​អំពី​ខ្លួន​ឯង​ឲ្យ​បាន​ត្រឹម​ត្រូវ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 18, 2025

«ដ្បិត​ខ្ញុំ​និយាយ​នឹង​មនុស្ស​ទាំង​អស់​ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយ​ព្រះ​គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ​ថា ចូរ​គិត​បែប​ឲ្យ​មាន​គំនិត​នឹងធឹង​តាម​ខ្នាត​នៃ​សេចក្តី​ជំនឿ ដែល​ព្រះ​បាន​ចែក​មក​អ្នក​រាល់​គ្នា​នីមួយៗ កុំ​ឲ្យ​មាន​គំនិត​ខ្ពស់​លើស​ជាង​គំនិត ដែល​គួរ​គប្បី​ឲ្យ​គិត​នោះ​ឡើយ» (រ៉ូម ១២:៣)។
គ្មាន​នរណា​ម្នាក់ អាច​ជៀស​ផុត​ពី​អំពើ​បាប​នៃ​ការ​លើក​តម្កើង​ខ្លួន​ឯង​នោះ​ឡើយ។ យើង​អាច​ដឹង​ថា នេះ​ជា​ការ​ពិត​មែន ដោយ​គ្រាន់​តែ​ចូល​ក្នុង​ថ្នាក់​រៀន​នៅ​សាលា​មត្តេយ្យ​ណា​មួយ។ ក្នុង​ក្រុម​នេះ​ដែល​មាន​សុទ្ធ​តែ​ក្មេង​តូចៗ មិន​យូរ​ប៉ុន្មាន​នឹង​មាន​ក្មេង​ម្នាក់​ច្រៀង​សរសើរ​ខ្លួន​ឯង ដែល​បាន​សង់​ប៉ម​ពី​ដុំ​ជ័រ​បាន​ខ្ពស់​ជាង​គេ ឬ​បាន​គូរ​រូប​គ្រួសារ​របស់​ខ្លួន​បាន​ល្អ​ជាង​គេ។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ពួក​គេ​គិត​អំពី​ខ្លួន​ឯង លើស​គំនិត​ដែល​គួរ​គិត។ 
ការ​ប្រៀបធៀប​ខ្លួន​ឯង​ជា​មួយ​អ្នក​ដទៃ​ជា​ប្រចាំ គឺ​ជា​របៀប​នៃ​ការ​គិត​តាម​លោកីយ៍។ ការ​គិត​អំពី​ខ្លួន​ឯង​លើស​ប្រមាណ​យ៉ាង​ដូច​នេះ គឺ​ជា​បញ្ហា​ដែល​គួរ​ឲ្យ​ខ្លាច គឺ​ជា​បញ្ហា​ដែល​បន្ទាប​អ្នក​ដទៃ​ចុះ ហើយ​មិន​អើពើ​ចំពោះ​ឋានៈ​របស់​យើង​នៅ​ចំពោះ​ព្រះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​រក​ឃើញ​ចម្លើយ​ចំពោះ​បញ្ហា​នេះ មិន​មែន​នៅ​ក្នុង​ការ​រិះគន់​ខ្លួន​ឯង​ហួស​ហេតុ ដែល​ផ្ទុយ​នឹង​ការ​លើក​តម្កើង​ខ្លួន​ឯង ដែល​ទង្វើ​ទាំង​ពីរ​សុទ្ធ​តែ​ខុស​ដូច​គ្នា។ ការ​បន្ថោក​ខ្លួន​ឯង ក៏​ជា​លទ្ធផល​នៃ​អំនួត​ផង​ដែរ ព្រោះ​វា​នៅ​តែ​កើត​ចេញ​ពី​ការ​ប្រៀបធៀប។ វា​នៅ​តែ​ជា​ការ​ផ្ដោត​ទៅ​លើ​ខ្លួន​ឯង។ 
ការ​គិត​របស់​គ្រីស្ទ​បរិស័ទ​អំពី​ខ្លួន​ឯង គួរ​តែ​ផ្អែក​ទៅ​លើ​គំនិត​ដែល​ព្រះ​បាន​កែ​ប្រែ​ជា​ថ្មី (រ៉ូម ១២:២)។ ការ​មាន​គំនិត​ដូច​នេះ ជួយ​ឲ្យ​យើង​រក​ឃើញ​តម្លៃ​របស់​យើង​ក្នុង​សេចក្តី​មេត្តា និង​ព្រះ​គុណ​ព្រះ។ សារៈសំខាន់ អត្ត​សញ្ញាណ តម្លៃ និង​តួនាទី​របស់​យើង សុទ្ធ​តែ​មាន​គ្រឹះ​នៅ​ក្នុង​ការ​ពិត​ដែល​ថា ព្រះ​ជា​នរណា ហើយ​បាន​ធ្វើ​អ្វី​សម្រាប់​យើង​មិន​មែន​ផ្អែក​ទៅ​លើ​ការ​ពិត​ដែល​ថា យើង​ជា​នរណា ឬ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ព្រះ​អង្គ​នោះ​ទេ។ 
យើង​អាច​នឹក​ចាំ​អំពី​ការ​គិត​ត្រឹម​ត្រូវ​អំពី​ខ្លួន​ឯង ពេល​ណា​យើង​ច្រៀង​ថា «ពេល​ណា​ទូល​បង្គំ​ពិនិត្យ​មើល​ទៅ​ឈើ​ឆ្កាង​ដ៏​គួរ​ស្បើម ដែល​ព្រះ​រាជបុត្រា​នៃ​សិរី​ល្អ​បាន​សុគត»។1 ការ​ពិនិត្យ​មើល​ឈើ​ឆ្កាង គឺ​ជា​ការ​ផ្ដោត​ទៅ​លើ​ដំណឹង​ល្អ ជា​សេចក្តី​ពិត​ដែល​ថា មាន​ម្នាក់​បាន​ស្លាប់​ជំនួស​យើង ហើយ​បាន​ទទួល​យក​ទោស​របស់​យើង។ ពេល​យើង​មើល​ឈើ​ឆ្កាង យើង​ដឹង​ថា «ខ្ញុំ​បាន​ចាត់​ទុក​ភាព​ជោគជ័យ​បំផុត​របស់​ខ្ញុំ ជា​ការ​ខាតបង់ ហើយ​ខ្ញុំ​ស្អប់​ខ្ពើម​មោទនភាព​របស់​ខ្លួន​ឯង»។ ឈើ​ឆ្កាង​លើក​យើង​ឡើង ហើយ​ក៏​បន្ទាប​យើង​ចុះ ហើយ​ការ​ដឹង​ដូច​នេះ រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​លើក​តម្កើង​ខ្លួន​ឯង ហើយ​អនុញ្ញាត​យើង​ឲ្យ​ទទួល​ស្គាល់​អំណោយ​ដែល​ព្រះ​ប្រទាន​ដល់​យើង។ នេះ​ជា​ការ​គិត​អំពី​ខ្លួន​ឯង ដោយ​ការ​វិនិច្ឆ័យ​ដ៏​ត្រឹម​ត្រូវ។ 
ដូច​នេះ ពួក​ជំនុំ​ត្រូវ​មាន​ភាព​ខុស​ប្លែក​ពី​លោកីយ៍​ក្នុង​របៀប​ដែល​យើង​គិត​អំពី​ខ្លួន​ឯង និង​អំពី​គ្នា​ទៅ​វិញ​ទៅ​មក។ ពេល​ណា​យើង​រួប​រួម​គ្នា​ដោយ​សារ​ដំណឹង​ល្អ ផ្នែក​ផ្សេង​ទៀត​នៃ​អត្ត​សញ្ញាណ​របស់​យើង ទោះ​សំខាន់​ប៉ុណ្ណា ក៏​បាន​ក្លាយ​ជា​ផ្នែក​បន្ទាប់បន្សំ។ យើង​ប្រើ​អំណោយ​ទាន​របស់​យើង​មិន​មែន ដើម្បី​លើក​តម្កើង​ខ្លួន​ឯង តែ​ដើម្បី​បម្រើ​អ្នក​ដទៃ។
ចូរ​យើង​មើល​ទៅ​ឈើ​ឆ្កាង ជាទី​ដែល​ព្រះ​អង្គ​សង្គ្រោះ​បាន​ហូរ​ព្រះ​លោហិត និង​បាន​សុគត ដើម្បី​លោះ​បាប​យើង ដោយ​សារ​ព្រះ​អង្គ​ស្រឡាញ់​យើង។ យើង​គ្មាន​ចំណុច​ណា​មួយ ដែល​ត្រូវ​មាន​អំនួត​នោះ​ទេ។ យើង​មិន​ចាំបាច់​ត្រូវ​ប្រៀបធៀប​ខ្លួន​ឯង​ជា​មួយ​អ្នក​ដទៃ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​អាច​ប្រើ​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​អង្គ​ប្រទាន​មក​អ្នក​នៅ​ក្នុង​ការ​បម្រើ​អ្នក​ដទៃ​ដោយ​អំណរ ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១កូរិនថូស ៤:១-៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ៣៤-៣៦ និង​ម៉ាថាយ ២៦:៤៧-៧៥

ប្រភេទ