នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

រួបរួមតែមួយ ក្នុងព្រះគ្រីស្ទ

រួបរួមតែមួយ ក្នុងព្រះគ្រីស្ទ

ដោយLisa Samra

June 19, 2025

កាឡាទី ៣:២៦-២៩
គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស នឹងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ។ កាឡាទី ៣:២៨
អ្នកស្រីហ្វ៊ីលីស វីតលី(Phillis Wheatley) គឺជាអ្នកនិពន្ធកំណាព្យជាជនជាតិអាមេរិកស្បែកខ្មៅមុនគេ ដែលបានបោះពុម្ពផ្សាយបទកំណាព្យរបស់ខ្លួន។ គាត់បានប្រើខ្លឹមសារក្នុងព្រះគម្ពីរ ដើម្បីលើកទឹកចិត្តអ្នកជឿព្រះយេស៊ូវ ឲ្យលប់បំបាត់របបទាសភាព នៅសហរដ្ឋអាមេរិក។ គាត់បានកើត នៅឆ្នាំ១៧៥៣ ក្នុងតំបន់អាហ្វ្រិកខាងលិច ហើយត្រូវគេចាប់យកទៅលក់ធ្វើជាទាសករ កាលគាត់មានអាយុ៧ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីគាត់បានក្លាយជាសិស្សឆ្នើម ក្នុងរយៈពេលដ៏ខ្លី ទីបំផុតគាត់ក៏ទទួលបានសេរីភាពរួចផុតពីភាពជាទាសករ នៅឆ្នាំ១៧៧៣។ ក្នុងបទកំណាព្យដែលគាត់បាននិពន្ធនោះ គាត់បានជំរុញអ្នកអានទាំងឡាយ ឲ្យឱបក្រសោបយកការបញ្ជាក់នៅក្នុងព្រះគម្ពីរប៊ីប អំពីភាពស្មើគ្នា ដែលមនុស្សម្នាក់ៗមាន នៅចំពោះព្រះ។ គាត់បានសរសេរថា “ព្រះទ្រង់បានដាំគោលការណ៍មួយ នៅក្នុងចិត្តរបស់មនុស្សម្នាក់ៗ គឺគោលការណ៍នៃការស្រឡាញ់សេរីភាព ដែលក្នុងនោះ យើងមិនអត់ទ្រាំចំពោះការគាបសង្កត់បានទេ ហើយក៏ដង្ហក់រកសេរីភាព។ គោលការណ៍មួយនេះ ក៏បានបន្តរស់នៅក្នុងយើងម្នាក់ៗ”។
សាវ័កប៉ុលក៏បាននិយាយសង្កត់ធ្ងន់អំពីភាពស្មើគ្នា នៅចំពោះព្រះ កាលគាត់សរសេរនៅក្នុងសំបុត្ររបស់គាត់ថា “គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស នឹងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ”(កាឡាទី ៣:២៨)។ “ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ”(ខ.២៦) នោះភាពខុសគ្នា នៃពូជសាសន៍ ជនជាតិ ភេទ ឬថានៈក្នុងសង្គម មិនគួរនាំឲ្យមានការរើសអើង ក្នុងពួកជំនុំនោះឡើយ។ 
ទោះក្នុងនាមយើងជាអ្នកទទួលសេចក្តីស្រឡាញ់របស់ព្រះស្មើគ្នាក៏ដោយ ក៏យើងនៅតែពិបាករស់នៅ តាមគោលការណ៍នេះ។ តែព្រះគម្ពីរប៊ីបបានបង្រៀនយើងថា មនុស្សចម្រុះគ្នា ដែលរួបរួមគ្នា ដោយសារជំនឿលើព្រះគ្រីស្ទ គឺបានឆ្លុះបញ្ចាំងបានល្អបំផុត អំពីដួងព្រះទ័យ និងផែនការដែលព្រះទ្រង់មាន សម្រាប់ជីវិតអស់កល្បជានិច្ច។ ពេលណាយើងបានដឹងអំពីការពិតនេះហើយ យើងអាចឲ្យតម្លៃមកលើភាពចម្រុះគ្នា ក្នុងពួកជំនុំ ដែលជាសហគមន៍នៃសេចក្តីជំនឿរបស់យើង ក្នុងពេលសព្វថ្ងៃផងដែរ។—Lisa M. Samra

តើភាពចម្រុះគ្នា បានឆ្លុះបញ្ចាំងអំពីលក្ខណៈសម្បត្តិរបស់ព្រះអម្ចាស់ដូចម្តេចខ្លះ? 
តើអ្នកអាចឲ្យតម្លៃមកលើភាពចម្រុះគ្នាដូចម្តេចខ្លះ? 
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យស្រឡាញ់បងប្អូនប្រុសស្រីរបស់ទូលបង្គំ 
តាមរយៈការរួបរួមគ្នា ដែលអាចកើតមាន ក្នុងព្រះអង្គតែប៉ុណ្ណោះ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ១២-១៣ និង កិច្ចការ ៤:២៣-៣៧

ល្ងាច

ទី​កន្លែង​រួបរួម​គ្នា ជា​ទី​កន្លែង​របស់​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ទី​កន្លែង​រួបរួម​គ្នា ជា​ទី​កន្លែង​របស់​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 19, 2025

«នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូប​កាយ​តែ​មួយ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ជា​អវយវៈ​ដល់​គ្នា​នឹង​គ្នា​បែប​យ៉ាង​នោះ​ដែរ» (រ៉ូម ១២:៥)។
ជា​ញឹក​ញាប់ ប្រហែល​ជា​មាន​គេ​សួរ​អ្នក​ថា «តើ​អ្នក​ជា​សមាជិក​របស់​កន្លែង​នេះ​ទេ? តាម​ធម្មតា គេ​សួរ​សំណួរ​នេះ​ទាក់ទង​នឹង​សមាជិក​ភាព​របស់​ក្លិប កន្លែង​ហាត់​ប្រាណ និង​អ្វី​ផ្សេង​ទៀត​ដែល​ស្រដៀង​នេះ។ ពួក​គេ​ឆ្ងល់​ថា តើ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​របស់​កន្លែង​នោះ​ទេ? តើ​មនុស្ស​នៅ​ទីនោះ​ស្គាល់​អ្នក ហើយ​ទទួល​យក​អ្នក​ទេ ហើយ​ពេល​ណា​អ្នក​អវត្តមាន តើ​ពួក​គេ​គិត​អំពី​អ្នក​ទេ? 
សាវ័ក ប៉ុល ច្រើនតែ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​អំពី​រូប​កាយ​មនុស្ស ដើម្បី​ពិពណ៌នា​អំពី​ពួក​ជំនុំ។ យើង​មិន​ចាំ​បាច់​ត្រូវ​ស្រមៃ​ឲ្យ​បាន​វែង​ឆ្ងាយ ដើម្បី​ឲ្យ​យល់​អំពី​រឿង​នេះ​ទេ។ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​រូប​កាយ ដែល​មាន​សរីរាង្គ​ជា​ច្រើន ហើយ​សរីរាង្គ​នីមួយៗ​សុទ្ធ​តែ​មាន​មុខងារ​ពិសេស។ យើង​មិន​អាច​មើល​ឃើញ​សរីរាង្គ​ទាំង​អស់​បាន​ទេ តែ​ពួក​វា​សុទ្ធ​តែ​សំខាន់។ បើ​បាត់​ផ្នែក​ណា​មួយ ឬ​វា​មិន​មាន​ដំណើរ​ការ ផ្នែក​ផ្សេង​ទៀត​នឹង​មាន​ការ​ផ្លាស់​ប្ដូរ។ ប្រសិទ្ធ​ភាព​របស់​រូប​កាយ​ទាំង​មូល គឺ​ពឹង​ផ្អែក​ទៅ​លើ​ការ​គ្រប់​គ្រង​របស់​ក្បាល។ ពួក​ជំនុំ​តាម​តំបន់​ជា​រូប​កាយ​ព្រះ​គ្រីស្ទ ក៏​មាន​ដំណើរ​ការ​ដូច​នេះ​ផង​ដែរ។ នេះ​បាន​សេចក្តី​ថា រូប​កាយ​ខាង​ឯ​វិញ្ញាណ​មាន​ដំណើរ​ការ​បាន​ត្រឹម​ត្រូវ ទាល់​តែ​អវយវៈ​នីមួយៗ​ធ្វើ​ការ​រួម​គ្នា ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​យេស៊ូវ។ ពេល​ណា​យើង​រួបរួម យើង​បំពេញ​មុខងារ​ដោយ៖
ការ​រួបរួម ព្រោះ​យើង​មិន​រស់​នៅ​ម្នាក់​ឯង​ដាច់​ពី​គ្នា​ទេ។ 
ពហុ​ភាព ដោយ​សារ​ពួក​ជំនុំ​កើត​ចេញ​ពី​ផ្នែក​ផ្សេង​គ្នា។ 
ភាព​ចម្រុះ ដោយ​សារ​មុខងារ​នៃ​រូប​កាយ​មាន​លក្ខណៈ​ផ្សេង​គ្នា។
ភាព​សុខដុម យើង​អរ​សប្បាយ​នឹង​ភាព​សុខដុម ពេល​ដែល​អ្វីៗ​មាន​ដំណើរ​ការ​ស៊ី​សង្វាក់​គ្នា។ 
អត្ត​សញ្ញាណ គឺ​បាន​បង្ហាញ​ថា យើង​ម្នាក់ៗ​មិន​មាន​អត្ត​សញ្ញាណ​ពេញលេញ​ឡើយ បើ​យើង​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​នោះ។
អាច​និយាយ​ម្យ៉ាង​ទៀត​ថា ពេល​ណា​អ្នក​ស្គាល់​លក្ខណៈ​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ។ អ្នក​ក៏​យល់​កាន់​តែ​ច្បាស់​ថា ខ្លួន​ឯង​ជា​នរណា ហើយ​រួម​ជា​មួយ​នរណា។ ក្នុង​នាម​យើង​ជា​អវយវៈ​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ យើង​គឺ​ជា​សមាជិក​គ្រួសារ​របស់​ព្រះ​អង្គ។ នៅ​ពេល​ណា​ព្រះ​គុណ​ព្រះ​កែ​ប្រែ​យើង យើង​គួរ​តែ​ឲ្យ​តម្លៃ​កាន់​តែ​ខ្លាំង មក​លើ​ការ​ត្រាស់​ហៅ​ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​ចូល​ក្នុង​សហគមន៍។ យើង​មាន​អំណោយ​ទាន​ផ្សេង​គ្នា គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​រូប​កាយ​ព្រះ​គ្រីស្ទ​តែ​ម្នាក់​ឯង​នោះ​ទេ គឺ​ទាល់​តែ​មាន​ការ​​រួបរួម​គ្នា។ យើង​ម្នាក់ៗ​មាន​ការ​ជាប់​ទាក់​ទង​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​ជួប​ជុំ​គ្នា​ធ្វើ​ជា​ពួក​ជំនុំ និង​លះបង់​ដើម្បី​គ្នា​ទៅវិញ​ទៅ​មក និង​ដើម្បី​ព្រះ​អម្ចាស់​នៃ​យើង។ យើង​រួម​ចំណែក​ក្នុង​រូប​កាយ​ព្រះ​គ្រីស្ទ ដោយ​វត្ត​មាន​ការ​ច្រៀង ការ​អធិស្ឋាន និង​ការ​ប្រកប​របស់​យើង។ គឺ​ដូច​ដែល​លោក អ៊ីសាក វ៉ាត់ (Isaac Watts) បាន​សរសេរ​ថា៖
អណ្ដាត​ខ្ញុំ​នៅ​តែ​បន្លឺ​សម្លេង​ម្តង​ហើយ​ម្តង​ទៀត​ថា 
«សូម​សន្តិភាព​កើត​មាន​ចំពោះ​ផ្ទះ​ដ៏​បរិសុទ្ធ​នេះ!» 
ដ្បិត​នៅ​ទី​នោះ​មិត្ត​សម្លាញ់ និង​សាច់​ញាតិ​របស់​ខ្ញុំ​កំពុង​រស់​នៅ។1
ពួក​ជំនុំ​មិន​មែន​ជា​កន្លែង​សម្រាប់​ឲ្យ​អ្នក​គ្រាន់​តែ​បង្ហាញ​ខ្លួន និង​ចូល​រួម​កម្មវិធី​ថ្វាយ​បង្គំ​ព្រះ​នោះ​ទេ។ ពួក​ជំនុំ​ជា​រូប​កាយ​ព្រះ​គ្រីស្ទ ជា​គ្រួសារ​របស់​អ្នក។ អ្នក​ត្រូវ​ការ​ពួក​ជំនុំ ហើយ​ពួក​ជំនុំ​ត្រូវ​ការ​អ្នក។ អ្នក​មាន​ការ​ប្ដេជ្ញា​ចិត្ត​កាន់​តែ​ខ្លាំង ចំពោះ​ពួក​ជំនុំ​របស់​អ្នក នោះ​អ្នក​ក៏​កាន់​តែ​មាន​ពរ ដ្បិត​មាន​រឿង​តិច​ណាស់​ក្នុង​ជីវិត ដែល​មាន​ភាព​ល្អ​ប្រសើរ​ជាង នៅ​ពេល​ដែល​ព្រះ​ដាក់​រាស្ត្រ​ព្រះ​អង្គ​ជា​មួយ​គ្នា ព្រោះ​យើង​ត្រូវ​រស់​នៅ​ជា​មួយ​គ្នា។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១កូរិនថូស ១២:១២-២៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ៣៧-៣៩ និង​ម៉ាថាយ ២៧:១-២៦

ប្រភេទ