ព្រឹក

ការផ្គត់ផ្គង់របស់ព្រះអង្គ
ដោយadamholz
June 20, 2025
ម៉ាថាយ ៦:២៥-៣៤
ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះមិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា។ ម៉ាថាយ ៦:២៦
មានពេលមួយកូនស្រីខ្ញុំបានស្រែកហៅខ្ញុំ ឲ្យប្រញាប់ឡើងជាន់ខាងលើ។ ខ្ញុំដឹងថា មានរឿងអ្វីកើតឡើង នៅពេលដែលខ្ញុំបានឃើញសត្វមេអំបៅមីល័រ ដែលជាអំបូរមេអំបៅខ្មោចម្យ៉ាង។ រៀងរាល់រដូវផ្ការីក សត្វល្អិតទាំងនោះ ដែលមានពណ៌ប្រផេះទាំងនេះ តែងតែផ្លាស់ទីទាំងហ្វូង ពីវាលទំនាបនៅរដ្ឋនេប្រាស្កា ទៅតំបន់ជួរភ្នំនៅរដ្ឋខូឡូរ៉ាដូ ដើម្បីមករស់នៅក្នុងរដូវក្តៅ នៅទីនោះ។ ជារៀងរាល់ឆ្នាំ យើងតែងតែត្រៀមខ្លួន សម្រាប់ការមកដល់របស់ពួកវា។ តែឆ្នាំនេះអាក្រក់ជាងឆ្នាំមុនៗ។
សម្រាប់មនុស្ស សត្វមេអំបៅមីល័រ គ្រាន់តែជាសត្វចង្រៃ ដែលច្រើនតែហើរមកបុកចំមុខរបស់ពួកគេ។ ប៉ុន្តែ សម្រាប់សត្វបក្សីវិញ ការមកដល់របស់សត្វមេអំបៅមីល័រ គឺជាពេលដែលពួកវាជប់លៀង។ ខ្ញុំក៏បានធ្វើការស្រាវជ្រាវបន្តិចបន្តួច ហើយក៏បានដឹងថា សត្វមេអំបៅមីល័របានផ្តល់ឲ្យនូវជីវជាតិល្អយ៉ាងខ្លាំង សម្រាប់សត្វត្រចៀកកាំ ក្នុងតំបន់។ ពួកវាជាសត្វដែលរំខានខ្លាំងណាស់ តែពួកវាជាអាហារដ៏មានតម្លៃ សម្រាប់សត្វបក្សីទាំងឡាយ។
ខ្ញុំមិនដឹងថា ប្រទេសអ៊ីស្រាអែល មានសត្វមេអំបៅបន្លាស់ទី ក្នុងសម័យព្រះយេស៊ូវដែរឬទេ។ តែព្រះគ្រីស្ទបានធ្វើការកត់សំគាល់ អំពីការផ្គត់ផ្គង់ដែលព្រះទ្រង់មានសម្រាប់បក្សីនៅទីនោះ គឺដូចដែលព្រះអង្គមានបន្ទូល ក្នុងការអធិប្បាយព្រះបន្ទូលនៅលើភ្នំ យ៉ាងដូចនេះថា “ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះមិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី?”(ម៉ាថាយ ៦:២៦)។
ហេតុនេះហើយ សព្វថ្ងៃនេះ ខ្ញុំបានផ្លាស់ប្តូរការគិតរបស់ខ្ញុំ អំពីសត្វមេអំបៅទាំងនោះ។ គឺមិនចាត់ទុកវាជាសត្វល្អិតដែលគគ្រិច តែជាការរំឭកដ៏មានន័យ អំពីការផ្គត់ផ្គង់របស់ព្រះ សម្រាប់ជីវិតទាំងឡាយដែលព្រះអង្គបានបង្កើត ហើយក៏ជាការប្រៀបប្រដូចដ៏រស់ អំពីការផ្គត់ផ្គង់របស់ព្រះអង្គ សម្រាប់ខ្ញុំផងដែរ។ បើសិនជាព្រះទ្រង់បានផ្គត់ផ្គង់អាហារជាបរិបូរសម្រាប់សត្វត្រចៀកកាំទាំងនោះហើយ តើព្រះអង្គនឹងយកព្រះទ័យទុកដាក់ចំពោះអ្នក និងខ្ញុំលើសជាងអម្បាលម៉ានទៀត?—Adam R. Holz
តើអ្នកបានឃើញព្រះទ្រង់ផ្គត់ផ្គង់ស្នាព្រះហស្តរបស់ព្រះអង្គ ដូចម្តេចខ្លះ នៅកន្លែងដែលអ្នករស់នៅ?
តើការនេះបានក្រើនរំឭកអ្នកដូចម្តេចខ្លះ អំពីការថែរក្សាដែលព្រះអង្គមានសម្រាប់អ្នក?
ឱព្រះវរបិតា ទូលបង្គំអាចមើលឃើញព្រះអង្គផ្គត់ផ្គង់ជីវិតទាំងឡាយ នៅគ្រប់ទីកន្លែង។
ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានបង្កើតជីវិតទាំងឡាយឲ្យមានច្រើនជាបរិបូរ។
សូមព្រះអង្គប្រទានទូលបង្គំឲ្យមានភ្នែក ដែលមើលឃើញស្នាព្រះហស្តរបស់ព្រះអង្គ
ហើយនឹកចាំ អំពីសេចក្តីល្អរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងអេសធើរ ១-២ និង កិច្ចការ ៥:១-២១
ប្រភេទ
ល្ងាច

អំណោយទានមកពីស្ថានដ៏ខ្ពស់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 20, 2025
«នោះយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរ ដូច្នេះដែលមានអំណោយទានផ្សេងពីគ្នា តាមព្រះគុណដែលផ្តល់មកយើង ទោះបើជាសេចក្តីទំនាយ នោះក៏ត្រូវទាយតាមខ្នាតនៃសេចក្តីជំនឿ» (រ៉ូម ១២:៥-៦)។
អំណោយទានខាងឯវិញ្ញាណ គឺជាឧបករណ៍មិនមែនរបស់ក្មេងលេងនោះទេ។ អំណោយទានទាំងនោះមិនមែនសម្រាប់ឲ្យយើងលេង ឬប្រើប្រាស់ ដើម្បីទាក់ទាញមនុស្សឲ្យចូលមករកយើងទេ តែសម្រាប់ឲ្យព្រះអង្គប្រើតាមរយៈយើង ដើម្បីបំពេញបំណងព្រះទ័យទ្រង់ និងដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។
ទោះយើងមានអំណោយទានអ្វីក៏ដោយ ទោះជាអំណោយទានខាងការនិយាយ ឬបម្រើក្តី។ ព្រះអង្គបានប្រទានមក ដើម្បីសុខុមាលភាពរបស់ពួកជំនុំ។ ព្រះអម្ចាស់ប្រទានអំណោយនេះសម្រាប់ឲ្យយើងប្រើតាមបំណងព្រះទ័យព្រះអង្គ ពោលគឺដើម្បីឲ្យចម្រើនកម្លាំងឲ្យពួកជំនុំ ជារូបកាយទាំងមូលរបស់ព្រះគ្រីស្ទបានរឹងមាំឡើង។ ព្រះអង្គបានប្រទានមក ដើម្បីឲ្យយើងមានឱកាសសម្រេចគោលបំណងផ្ទាល់ខ្លួន ឬដើម្បីសំញែងសមត្ថភាព តែដើម្បីពង្រឹងការរួបរួម ភាពសុខដុម និងការលូតលាស់របស់រាស្ត្រព្រះអង្គទាំងអស់។ មូលហេតុដែលយើងមានអំណោយទានខុសគ្នា គឺដើម្បីឲ្យយើងអាចរៀនបម្រើគ្នាទៅវិញទៅមក និងពឹងផ្អែកលើគ្នាទៅវិញទៅមក។
ប៉ុន្តែ អំណោយទានមកពីព្រះអាចលើកកម្ពស់ភាពសុខដុម និងសុខុមាលភាពរបស់រាស្ត្រព្រះអង្គបាន ទាល់តែយើងប្រើអំណោយទានទាំងនោះ ដោយវិញ្ញាណនៃការបន្ទាបខ្លួនពិតប្រាកដ។ រូបកាយនៃពួកជំនុំប្រចាំតំបន់ចម្រើនឡើង ទាល់តែផ្នែកនីមួយៗមានដំណើរការបានត្រឹមត្រូវ (អេភេសូរ ៤:១៦)។ មុនពេលសាវ័ក ប៉ុល លើកទឹកចិត្តអ្នកអានសំបុត្រគាត់ឲ្យប្រើអំណោយទាន។ សាវ័ក ប៉ុល បានរៀបរាប់អំពីអំណោយទានខាងវិញ្ញាណ ដោយលើកឡើងអំពីការបន្ទាបខ្លួន ដោយជំរុញម្នាក់ៗឲ្យ «គិតបែបឲ្យមានគំនិតនឹងធឹង តាមខ្នាតនៃសេចក្តីជំនឿ ដែលព្រះបានចែកមកអ្នករាល់គ្នានីមួយៗ កុំឲ្យមានគំនិតខ្ពស់ លើសជាងគំនិត ដែលគួរគប្បីឲ្យគិតនោះឡើយ» (រ៉ូម ១២:៣)។ បើគ្មានការបន្ទាបខ្លួនទេ យើងនឹងគ្មានសណ្ដាប់ធ្នាប់ក្នុងការប្រើអំណោយទានខាងឯវិញ្ញាណ។ យើងមិនប្រគល់ឧបករណ៍ជាង ទៅក្មេងជំទង់ដោយគ្មានការណែនាំត្រឹមត្រូវឡើយ ហើយយើងមិនមើលការខុសត្រូវពួកគេនោះទេ យើងក៏មិនប្រគល់រណាយន្តត្រង់សេណឺឲ្យពួកគេកាន់រត់ចុះឡើងៗដែរ។ បើសិនជាយើងមិនចង់ឲ្យមានគ្រោះមហន្តរាយ! ស្រដៀងគ្នានេះដែរ យើងត្រូវប្រើអំណោយទានខាងឯវិញ្ញាណឲ្យត្រូវមុខងារ និងតាមរបៀបត្រឹមត្រូវ ដើម្បីកុំឲ្យមានភាពរញ៉េរញ៉ៃកើតឡើង។ ហេតុនេះហើយ សាវ័ក ប៉ុល បានប្រាប់ពួកជំនុំនៅទីក្រុងកូរិនថូស ជាពួកជំនុំមានអំណោយទានច្រើន តែខ្វះប្រាជ្ញា ដើម្បីឲ្យពួកគេចេះប្រើអំណោយទាន។ ការចង់បាន និងការឲ្យតម្លៃមកលើអំណោយទានខាងឯវិញ្ញាណ គឺជាការល្អហើយ តែដែលល្អជាងនេះទៀតនោះ គឺយើងត្រូវប្រើអំណោយទាន ដោយចិត្តអត់ធ្មត់ សប្បុរស និងការបន្ទាបខ្លួន និយាយរួម គឺដោយសេចក្តីស្រឡាញ់ (១កូរិនថូស ១២:៣១-១៣:៧)។
យើងត្រូវតែចងចាំថា អំណោយទានគឺជាអំណោយដែលព្រះប្រទានមកយើង។ ព្រះអង្គជាប្រភពនៃអំណោយទាន ដូចនេះការអួតសំញែង ធ្វើមើលតែអំណោយទានជារបស់យើង គឺជាទង្វើដ៏ល្ងង់ខ្លៅ ហើយការប្រើអំណោយទាន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ក៏ជាកំហុសធ្ងន់ណាស់ដែរ។ ទោះជាយ៉ាងណាក៏ដោយ បើយើងបន្ទាបខ្លួនក្នុងការប្រើអំណោយទាន ហើយរៀនរស់នៅដោយភាពសុខដុមជាមួយអ្នកដទៃ នោះយើងនឹងបានឃើញផលផ្លែនៃព្រះរាជកិច្ចរបស់ព្រះធ្វើការនៅក្នុង និងតាមរយៈយើង។ តើព្រះអម្ចាស់បានប្រទានអំណោយទានអ្វីខ្លះដល់អ្នក? ចូរអរសប្បាយនឹងអំណោយទានទាំងនោះចុះ។ តើព្រះអង្គបានត្រាស់ហៅអ្នកឲ្យប្រើអំណោយទានទាំងនោះដូចម្ដេចខ្លះជាប្រយោជន៍ដល់ពួកជំនុំ និងដើម្បីសិរីល្អនៃព្រះបុត្រាព្រះអង្គ? ចូរប្រើអំណោយទានតាមរបៀបនោះចុះ។
ព្រះគម្ពីរសញ្ជឹងគិត៖ អេភេសូរ ៤:១-១៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៤០-៤២ និងម៉ាថាយ ២៧:២៧-៥០