នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ថ្វាយការព្រួយបារម្ភដល់ព្រះអង្គ

ថ្វាយការព្រួយបារម្ភដល់ព្រះអង្គ

ដោយLeslie Koh

June 22, 2025

ទំនុកដំកើង ១៨:១-២,១៦-១៩
ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង។ ទំនុកដំកើង ១៨:២
នៅពេលដែលសារ៉ា(Sarah) ឡើងជញ្ជាំងភ្នំទៅដល់កន្លែងខ្ពស់ នាងមានអារម្មណ៍ថា ភាពតក់ស្លុតកំពុងតែកើនឡើង ខណៈពេលដែលម្រាមដៃរបស់នាង ដែលកំពុងចុះខ្សោយ បានចាប់ផ្តើមរបូតចេញពីបង្កាន់ដៃបន្តិចម្តងៗ។ នាងឆ្ងល់ថា តើខ្លួនរបស់នាងនឹងប៉ះទង្គិចនឹងដីខ្លាំងប៉ុណ្ណា នៅពេលដែលនាងធ្លាក់ទៅក្រោម។
ប៉ុន្តែ គ្រូបង្វឹកបានបន្តស្រែកប្រាប់នាង ពីខាងក្រោម ដើម្បីឲ្យនាងមានទំនុកចិត្ត។ ក្នុងការឡើងជញ្ជាំងភ្នំនេះ ពួកគេបានប្រើប្រព័ន្ធខ្សែពួរសុវត្ថិភាពមួយខ្សែ ដែលបានចងភ្ជាប់ខ្លួនសារ៉ានៅចុងម្ខាង ហើយចងភ្ជាប់ខ្លួនគ្រូបង្វឹករបស់នាងនៅចុងម្ខាងទៀត ដោយភ្ជាប់នឹងរ៉កមួយ នៅចន្លោះកណ្តាល ដូចនេះ ទម្ងន់ខ្លួនរបស់គាត់ អាចជួយទប់នាងមិនឲ្យធ្លាក់ដល់ដី បើសិនជានាងធ្លាក់មកក្រោម។ គាត់ក៏បានស្រែកប្រាប់នាងថា គាត់មានទម្ងន់ខ្លួនធ្ងន់ជាងនាង ដូចនេះ នាងគ្រាន់តែប្រលែងដៃទម្លាក់ខ្លួនចុះមក។ 
ដូចនេះ នាងក៏បានប្រលែងដៃ ហើយខ្លួនរបស់នាងក៏បានធ្លាក់ចុះមក យោលបន្តិចៗចេញពីជញ្ជាំងភ្នំ ដោយមានខ្សែពួរចងព្យួរខ្លួននាង នៅលើអាកាស យ៉ាងមានសុវត្ថិភាព។
ហេតុការណ៍នេះបានផ្តល់ឲ្យសារ៉ា នូវទស្សនៈថ្មីមួយអំពីព្រះ ស្របតាមបទគម្ពីរ ទំនុកដំកើង ១៨:២ ដែលបានចែងថា “ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង”។ សារ៉ាបានសង្កេតឃើញថា “ព្រះទ្រង់មានទម្ងន់ធ្ងន់ជាងបញ្ហាទាំងអស់របស់ខ្ញុំ។ បានជាខ្ញុំអាចប្រលែងដៃចេញពីការព្រួយបារម្ភ និងការភ័យខ្លាចរបស់ខ្ញុំ ហើយព្រះអង្គនឹងទ្រខ្ញុំ”។ ស្តេចដាវីឌបានបន្លឺសម្លេងច្រៀងសរសើរព្រះអម្ចាស់ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៨ បន្ទាប់ពីព្រះអង្គបានសង្រ្គោះទ្រង់ ឲ្យរួចពី “ទឹកជ្រៅ” ដែលជាខ្មាំងសត្រូវដ៏ខ្លាំងពូកែរបស់ទ្រង់ ដែលកំពុងព្យាយាមបំផ្លាញទ្រង់ឲ្យវិនាស(១៦-១៨)។ ទោះបញ្ហារបស់ទ្រង់មិនបានរលាយបាត់ភ្លាមៗក៏ដោយ ក៏ទ្រង់ជ្រាបថា ទ្រង់អាចទុកចិត្តព្រះអង្គសង្រ្គោះរបស់ទ្រង់ ដែលមានគ្រប់ចេស្តា ហើយទុកចិត្តថា ព្រះអម្ចាស់បានទប់ទ្រង់ជាប់ មិនឲ្យធ្លាក់ដល់ដីឡើយ។—Leslie Koh

តើអ្នកអាច “ប្រលែងដៃ” ចេញពីការព្រួយបារម្ភ ហើយថ្វាយវាដល់ព្រះអង្គ ដូចម្តេចខ្លះ? 
តើអ្នកអាចរៀនថ្វាយការភ័យខ្លាចដល់ព្រះអង្គ ដូចម្តេចខ្លះ? 
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំអាចលះចោលការព្រួយបារម្ភ 
ការភ័យខ្លាច និងការថប់បារម្ភ ដោយដឹងថា ព្រះអង្គគ្រប់គ្រងទាំងស្រុងមកលើជីវិតរបស់ទូលបង្គំ 
ហើយទ្រទូលបង្គំមិនឲ្យធ្លាក់ដល់ដី។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងអេសធើរ ៦-៨ និង កិច្ចការ ៦
 

ល្ងាច

មិន​អាច​ចាក់​ខ្សែ​បាន​ឡើយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

មិន​អាច​ចាក់​ខ្សែ​បាន​ឡើយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 22, 2025

«ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ទាំង​ខ្ពើម​សេចក្តី​អាក្រក់ ហើយ​កាន់​ខ្ជាប់​ខាង​សេចក្តី​ល្អ​វិញ» (រ៉ូម ១២:៩)។
អ្នក​ជំងឺ​ណា​ក៏​ដោយ ដែល​បាន​ឆ្លង​កាត់​ការ​ផ្លាស់​ប្ដូរ​ខួរ​ឆ្អឹង សុទ្ធ​តែ​បាន​ដឹង​អំពី​សារៈ​សំខាន់​នៃ​ការ​ជៀស​វាង​ជំងឺ​ឆ្លង​ដែល​អាច​កើត​ឡើង។ ព្រោះ​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​ពួក​គេ​មាន​ការ​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​ងាយ​នឹង​ឆ្លង​ជំងឺ​ជាង​មនុស្ស​ទូទៅ។ បើសិន​ជា​មាន​ភ្ញៀវ​ណា​ម្នាក់​មក​សួរ​សុខ​ទុក្ខ​ពួក​គេ ដោយ​មាន​ការ​ក្អក និង​កណ្ដាស់ ហើយ​ការ​ដោះសា​ថា វា​មិន​មែន​ជា​រឿង​ធំដុំ​ទេ គឺ​ជា​ទង្វើ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ចំពោះ​អ្នក​ជំងឺ​ក៏​ដូច​ជា​វេជ្ជ​បណ្ឌិត។ ពួក​គេ​ត្រូវ​ការ​ការពារ​គ្រប់​ភេទ ប្រៀប​ដូច​ជា​ការ​ការពារ​ជំងឺ​កូវីឌ​អញ្ចឹង​ដែរ ព្រោះ​ផល​វិបាក​នៃ​ជំងឺ​នីមួយៗ​សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​ពួក​គេ​ស្លាប់​បាន។ 
សេចក្តី​ស្រឡាញ់​របស់​គ្រីស្ទ​បរិស័ទ​គួរ​តែ​បាន​ឆ្លុះ​បញ្ចាំ​អំពី​ផ្នត់​គំនិត​ដូច​នេះ ពេល​ណា​ពួក​គេ​ប្រឈម​មុខ​ដាក់​ការ​អាក្រក់។ យើង​មិន​អាច​និយាយ​ថា យើង​ពិត​ជា​ស្រឡាញ់​អ្នក​ដទៃ​ឡើយ បើ​សិន​ជា​យើង​ស្រឡាញ់ ឬ​គ្រាន់​តែ​ទ្រាំទ្រ​ការ​អាក្រក់​ក្នុង​ចិត្ត​យើង ហើយ​នៅ​ឆ្ងាយ​ពី​ការ​ល្អ​នោះ។ យើង​មិន​អាច​លេងសើច​នឹង​សេចក្តី​ទុច្ចរិត ដោយ​ព្យាយាម​បណ្តោយ​ឲ្យ​ការ​អាក្រក់​ណា​មួយ​បន្ត​កើត​មាន​នោះ​ទេ។ ពាក្យ «ស្អប់​ខ្ពើម» គឺ​ជា​ពាក្យ​ធ្ងន់​បំផុត​ដែល​សាវ័ក ប៉ុល បាន​ប្រើ​ដោយ​សារ​គាត់​មិន​អាច​ចាក់​ខ្សែ​បាន​ឡើយ ពេល​ណា​គាត់​ត្រូវ​និយាយ​អំពី​សេចក្តី​បរិសុទ្ធ។ នៅ​ដើម​ដំបូង​នៃ​ខ​គម្ពីរ​នេះ សាវ័ក ប៉ុល បាន​បង្រៀន​ពួក​ជំនុំ​ឲ្យ «ស្រឡាញ់​ដោយ​ឥត​ពុត​មាយា»។ ដូច​នេះ តើ​វា​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ​ឬ​អី នៅ​ពេល​ដែល​សាវ័ក ប៉ុល ប្រើ​ពាក្យ «ខ្ពើម» បន្ទាប់​ពី​គាត់​ទើប​តែ​បាន​ប្រើ​ពាក្យ «ស្រឡាញ់»? យើង​ច្រើន​តែ​គិត​ថា បើ​យើង​ស្រឡាញ់ យើង​មិន​គួរ​ស្អប់​នរណា​ម្នាក់ ឬ​អ្វី​មួយ​ទេ ប៉ុន្តែ​នេះ​គ្រាន់​តែ​បញ្ហា​មនោសញ្ចេតនា​ប៉ុណ្ណោះ។ សាវ័ក ប៉ុល បាន​បង្រៀន​ច្បាស់​ថា សេចក្តី​ស្រឡាញ់ មិន​អរ​សប្បាយ​នឹង​ការ​អាក្រក់ (១កូរិនថូស ១៣:៦)។ បើ​អ្នក​ស្រឡាញ់​ប្ដី​ប្រពន្ធ​របស់​អ្នក ដោយ​សេចក្តី​បរិសុទ្ធ​ដ៏​ឆេះឆួល នោះ​អ្នក​ក៏​ស្អប់​អ្វីៗ​ដែល​ឆក់​យក​ទំនាក់​ទំនង​ប្ដី​ប្រពន្ធ ចេញ​ពី​ជីវិត​អ្នក ពុំ​នោះ​ទេ សេចក្តី​ស្រឡាញ់​របស់​អ្នក មិន​មែន​ជា​សេចក្តី​ស្រឡាញ់​ពិត​ឡើយ។ ការ​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​មាន​លក្ខណៈ​ដូច​នេះ​ដែរ។ យើង​មិន​អាច​ស្រឡាញ់​សេចក្តី​បរិសុទ្ធ ដោយ​មិន​ស្អប់​សេចក្តី​ស្មោកគ្រោក​នោះ​ឡើយ។ 
នៅ​ក្នុង​ខ​បន្ទាប់ សាវ័ក ប៉ុល ក៏​បាន​ងាក​មក​និយាយ​អំពី​រឿង​វិជ្ជមាន​វិញ ដោយ​បន្ត​ប្រើ​ពាក្យ «ខ្ជាប់ខ្ជួន» ដែល​មាន​ន័យ​ដូច​ពាក្យ «នៅ​ជាប់» ដែល​ព្រះ​យេស៊ូវ​បាន​ប្រើ​ក្នុង​ការ​បង្រៀន​អំពី​ទំនាក់​ទំនង​ប្ដី​ប្រពន្ធ (ម៉ាថាយ ១៩:៥)។ សាវ័ក ប៉ុល មិន​បាន​ប្រើ​ឃ្លា​នេះ ដោយ​ការ​ចាក់​ខ្សែ​នោះ​ទេ។ ទំនាក់​ទំនង​ប្ដី​ប្រពន្ធ​គឺ​ជា​ការ​រួបរួម​របស់​មនុស្ស​ដែល​ជិត​ស្និទ្ធ​បំផុត ទាំង​ផ្លូវ​អារម្មណ៍ ប្រាជ្ញា និង​វិញ្ញាណ។ ហេតុ​នេះ​ហើយ​ក្នុង​បទ​គម្ពីរ​នេះ សាវ័ក ប៉ុល បាន​បង្រៀន​ថា សេចក្តី​ស្រឡាញ់​របស់​គ្រីស្ទ​បរិស័ទ​គួរ​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​ជាប់​លាប់​ចំពោះ​សេចក្តី​ល្អ​ដូច​កាវ​វិទ្យាសាស្ត្រ​អញ្ចឹង​ដែរ។
យើង​ត្រូវតែ​ប្រុង​ប្រយ័ត្ន ដើម្បី​មិន​ឲ្យ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​លោកីយ៍ ដែល​នាំ​ឲ្យ​យើង​ហៅ «ការ​អាក្រក់​ថា​ល្អ ហើយ​ការ​ល្អ​ថា​អាក្រក់» ឬ​ជៀស​វាង​ការ​រស់នៅ​ជា​មនុស្ស «ដែល​រាប់​សេចក្តី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្តី​ល្អ​ថា​ជា​អាក្រក់​វិញ» (អេសាយ ៥:២០)។ រាស្ត្រ​របស់​ព្រះ​ដឹង​ថា មាន​ពេល​ដែល​ត្រូវ​ស្រឡាញ់ និង​ពេល​ដែល​ត្រូវ​ស្អប់ (សាស្ដា ៣:៨)។ ដូច​នេះ តើ​អ្នក​មាន​អាកប្ប​កិរិយា​យ៉ាង​ណា​ចំពោះ​ការ​អាក្រក់ ជា​ពិសេស​បាប​ដែល​មាន​ភាព​ទាក់ទាញ​បំផុត​ចំពោះ​អ្នក ឬ​បាប​ដែល​មនុស្ស​នៅ​ជុំ​វិញ​អ្នក​បាន​អបអរ​ខ្លាំង​បំផុត? បើ​អ្នក​ស្អប់​ខ្ពើម​ការ​អាក្រក់​ទាំង​នោះ តើ​នឹង​ការ​ផ្លាស់​ប្ដូរ​អ្វី​កើត​ឡើង? នៅ​ថ្ងៃ​នេះ ចូរ​យើង​ពឹង​ផ្អែក​លើ​ព្រះ​វិញ្ញាណ​របស់​ព្រះ ដើម្បី​ជួយ​យើង​ឲ្យ​ស្រឡាញ់​តាម​របៀប​ត្រឹម​ត្រូវ ដោយ​ស្អប់​ការ​អ្វី​ដែល​ព្រះ​ស្អប់។ គឺ​ដូច​ដែល​លោក ចន បេលេ (John Baillie) បាន​អធិស្ឋាន​ថា៖ «ឱ​ព្រះ​អង្គ​អើយ សូម​ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ​នូវ​អំណាច ដើម្បី​ឲ្យ​ទូល​បង្គំ​ដើរ​តាម​ការ​អ្វី​ដែល​ល្អ។ ពេល​នេះ ទូល​បង្គំ​សូម​អធិស្ឋាន ដើម្បី​មិន​ឲ្យ​មាន​សេចក្តី​អាក្រក់​ណា​មួយ ដែល​បាន​លាក់​ខ្លួន​ឮ​ក្នុង​គំនិត​យើង​ខ្ញុំ ដើម្បី​រក​ឱកាស​សម្រេច​គោល​បំណង​របស់​វា​ឡើយ»។1 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាកុស ៩:៤២-៥០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ៤៦-៤៧ និង​ម៉ាថាយ ២៨

ប្រភេទ

Devotionals for June 22, 2025 | នំម៉ាណាប្រចាំថ្ងៃ - Daily Manna