នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

អំពើបាបរុំព័ទ្ធ

អំពើបាបរុំព័ទ្ធ

ដោយJennifer Benson Schuldt

June 23, 2025

ហេព្រើរ ១២:១-៣
នោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុកនឹងអំពើបាប ដែលរុំយើងជុំវិញជាងាយម្ល៉េះនោះចេញ។ ហេព្រើរ ១២:‌១ 
វល្លិរបស់ដើមឪឡឹកបានលុកលុយពេញច្បារដំណាំរបស់ខ្ញុំ។ ពួកវាបានវាខ្វាត់ខ្វែងនៅលើផ្លូវដែលក្រាលដោយថ្ម និងបានឡើងជញ្ជាំង ហើយដែលអាក្រក់បំផុតនោះ គឺពួកវាបានរាំងខ្ទប់រុក្ខជាតិបន្លែដែលខ្ញុំចូលចិត្ត។ ខ្ញុំដឹងថា ច្បារដំណាំនេះមិនអាចលូតលាស់បានល្អឡើយ បើសិនជាខ្ញុំមិនធ្វើអ្វីម្យ៉ាងទេនោះ។ ដូចនេះ នៅពេលល្ងាចមួយនោះ ខ្ញុំក៏បានកាត់វល្លិរបស់ពួកវាចេញពីដើម និងស្លឹកបន្លែទាំងនោះ។ នៅពេលដែលវល្លិរបស់ពួកវាដុះឡើងវិញទៀត ខ្ញុំក៏បានបន្តកាត់ពួកវាចេញទៀត ទាល់តែបន្លែរបស់ខ្ញុំធំពេញវ័យ ហើយចេញផ្លែប៉េងបោះ និងម្ទេសផ្លោកធំល្អ គួរឲ្យចង់បរិភោគ។
បាបដែលមានដូចជាភាពលោភលន់ ការត្រេកត្រអាល និងសេចក្តីសម្អប់ អាចរុំព័ទ្ធជីវិតរបស់យើង ដូចដើមវល្លិ ដែលព្យាយាមគ្រប់គ្រងច្បារដំណាំរបស់ខ្ញុំផងដែរ។ បើយើងបណ្តោយឲ្យវាលូតលាស់ គ្រាប់ពូជនៃការគិតមិនត្រឹមត្រូវ អាចដុះឡើង ដល់ថ្នាក់វាគ្រប់គ្រងសេចក្តីប៉ងប្រាថ្នា និងសកម្មភាពរបស់យើង ដូច “អំពើបាប ដែលរុំយើងជុំវិញ” យ៉ាងងាយស្រួល(ហេព្រើរ ១២:១) ហើយរាំងខ្ទប់យើងមិនឲ្យមានការលូតលាស់ខាងវិញ្ញាណ។ 
អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរបានលើកទឹកចិត្តយើង ឲ្យ “ចោលអស់ទាំងបន្ទុកនឹងអំពើបាប ដែលរុំយើងជុំវិញជាងាយម្ល៉េះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់”(ខ.១)។ ដើម្បីឲ្យយើងអាចមានសេរីភាព យើងចាំបាច់ត្រូវទទួលស្គាល់ថា យើងត្រូវការជំនួយ ក្នុងការកាត់បាបទាំងអស់នោះចេញ។ យើងអាចមានការពិបាក បើសិនជាយើងប្រាប់ខ្លួនឯង និងអ្នកដទៃឲ្យជឿថា វាមិនមែនជាបញ្ហាធ្ងន់ធ្ងរ។ 
ពេលណាយើងទទួលស្គាល់បញ្ហានេះ ដោយចិត្តស្មោះត្រង់ ព្រះយេស៊ូវនឹងទទួលការអធិស្ឋានលន់តួបាបរបស់យើង ហើយអត់ទោសឲ្យយើងភ្លាម(១យ៉ូហាន ១:៩)។ ព្រះអង្គអាចបង្ហាញយើងអំពីរបៀបកែប្រែរបៀបនៃការរស់នៅរបស់យើង ហើយតាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ព្រះអង្គនឹងជួយយើងឲ្យកាត់ផ្តាច់ចំណង ដែលកំពុងរាំងខ្ទប់យើងមិនឲ្យលូតលាស់។—Jennifer Benson Schuldt

តើបាបអ្វីដែលមានអំណាចធ្វើឲ្យអ្នកដួលចុះម្តងហើយម្តងទៀត? 
តើព្រះទ្រង់សព្វព្រះទ័យឲ្យអ្នកលើកយកបញ្ហានេះមកដោះស្រាយដូចម្តេចខ្លះ? 
ឱព្រះអម្ចាស់ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ដែលមានទង្វើ និងអាកប្បកិរិយា
ដែលធ្វើឲ្យព្រះអង្គព្រួយព្រះទ័យ។ សូមព្រះអង្គជួយទូលបង្គំកែប្រែ ចាប់តាំងពីពេលនេះទៅ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងអេសធើរ ៩-១០ និង កិច្ចការ ៧:១-២១

 

ល្ងាច

សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 23, 2025

«ខាង​ឯ​សេចក្តី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅវិញ​ទៅ​មក​ចុះ ខាង​ឯ​សេចក្តី​រាប់​អាន នោះ​ឲ្យ​ខំ​រាប់អាន​គេ​ជា​មុន» (រ៉ូម ១២:១០)។
បង​ប្អូន​បង្កើត​ដែល​នៅ​ក្មេង​នៅ​ឡើយ ងាយ​នឹង​រុញ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​រអ៊ូរទាំ​អំពី​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​យើង​និយាយ​ឲ្យ​ស្មោះ​ត្រង់ ជួន​កាល «ក្តី​ស្រឡាញ់​ជា​បង​ប្អូន» ក្នុង​ពួក​ជំនុំ​មាន​លក្ខណៈ​សម្គាល់​នៃ​ការ​គិត និង​ប្រព្រឹត្ត​ដូច​នេះ ច្រើន​ជាង​មាន​លក្ខណៈ​សម្គាល់​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​ដឹង​គុណ​ព្រះ។ ពេល​ណា​យើង​មើល​បំណាំ​គ្នា​ទៅ​វិញ​ទៅមក​ជា​ជាង​ច្រៀង​ថា យើង​អរ​សប្បាយ ព្រោះ​យើង​បាន​ធ្វើ​ជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​របស់​ព្រះ1 នោះ​ក្នុង​ជម្រៅ​ចិត្ត​យើង យើង​ច្រើន​តែ​គិត​អំពី​បង​ប្អូន​ណា​ម្នាក់​ថា «ខ្ញុំ​មិន​នឹក​ស្មាន​សោះ​ថា មហា​គ្រួសារ​នៃ​ព្រះ​មិន​មាន​មនុស្ស​ដូច​អ្នក»។
ហេតុ​នេះ​ហើយ សាវ័ក ប៉ុល បាន​បង្រៀន​យើង​ឲ្យ​ដើរ​តាម​ផ្លូវ​ល្អ​ជាង​នេះ។ 
ក្នុង​ខ​នេះ សាវ័ក ប៉ុល បាន​បក​ស្រាយ​អំពី​សេចក្តី​ស្រឡាញ់ ដោយ​ប្រើ​ពាក្យ​ដែល​យើង​ប្រើ​ក្នុង​គ្រួសារ។ ក្នុង​ខ​នេះ ពាក្យ ភីលូស្តូគ័រ (Philostorgoi) ដែល​ប្រែ​មក​ថា «ស្រឡាញ់» គឺ​មាន​ប្រភព​ពី​ពាក្យ «ស្ទគ» ជា​ភាសាក្រិក ដែល​សំដៅ​ទៅ​លើ​សេចក្តី​ស្រឡាញ់​ដែល​មាន​ការ​ប្ដូរ​ផ្តាច់​របស់​ឪពុក​ម្តាយ​ចំពោះ​កូន។ ពាក្យ ភីឡាដេលភា (Philadelphia) ដែល​ប្រែ​មក​ថា «ដោយ​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន» ជា​ពាក្យ​ដែល​ត្រូវ​បាន​ប្រើ​សំដៅ​ទៅ​លើ​សេចក្តី​ស្រឡាញ់​រវាង​បង​ប្អូន​បង្កើត (គឺ​មាន​អត្ថន័យ​ដូច​ឈ្មោះ​ទីក្រុង​ភីឡាដេលភា​ជាទី​ក្រុង​នៃ​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន)។ 
ក្នុង​បទ​គម្ពីរ​រ៉ូម​ជំពូក៨ សាវ័ក ប៉ុល បាន​រម្លឹក​អ្នក​អាន​សំបុត្រ​គាត់​ថា ពួក​គេ​រួម​គ្នា​មក​ក្នុង​នាម​ជា​សមាជិក​នៃ​មហា​គ្រួសារ​នៃ​ព្រះ​គុណ​ព្រះ (រ៉ូម ៨:១២-១៧)។ ដូច​នេះ ដោយ​សារ​ព្រះ​អម្ចាស់​បាន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​គ្រួសារ ដែល​មាន​មូលដ្ឋាន​គ្រឹះ​តែ​មួយ គឺ​ព្រះ​យេស៊ូវ នោះ​ពួក​គេ​មាន​ហេតុផល ដែល​ត្រូវ​មាន​ចិត្ត​ប្ដូរ​ផ្តាច់​ចំពោះ​ខ្លួន​ឯង។ 
សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ មិន​គ្រាន់​តែ​តម្រូវ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ​ប៉ុណ្ណោះ​ទេ តែ​ក៏​តម្រូវ​ឲ្យ​មាន​ការ​បន្ទាប​ខ្លួន​ផង​ដែរ។ ផ្នែក​ទីពីរ​នៃ​បទ​គម្ពីរ​ខាងលើ ត្រូវ​បាន​បក​ប្រែ​ដោយ​ប្រើ​ពាក្យ​ថា «ត្រូវ​ឲ្យ​ខំ​រាប់​អាន​គេ​ជា​មុន»។ ពាក្យ​នេះ គឺ​សម​ស្រប​នឹង​បទ​គម្ពីរ​ភីលីព​ជំពូក២ ដែល​ក្នុង​នោះ សាវ័ក ប៉ុល បាន​សរសេរ​ថា «ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ» (ភីលីព ២:៣)។ ព្រះ​គម្ពីរ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​គិត​ប្រយោជន៍​អ្នក​ដទៃ​មុន​គិត​ពី​ខ្លួន​ឯង។ យើង​ត្រូវ​រៀន​រស់​នៅ​ដោយ​ចាត់​ទុក​ប្រយោជន៍​អ្នក​ដទៃ​ជា​សំខាន់​ទីមួយ ដោយ​គ្មាន​ការ​រអ៊ូរទាំ ឬ​ព្យាយាម​ស្វែងរក​ការ​សរសើរ​សម្រាប់​ខ្លួន​ឯង​ក្នុង​ការ​អនុវត្ត​តាម​ការ​បង្រៀន​នេះ​ឡើយ។ ក្នុង​គ្រួសារ​នៃ​ពួក​ជំនុំ សមាជិក​ម្នាក់ៗ​គួរ​តែ​ខិតខំ​ធ្វើ​ការ​ល្អ​ដល់​គ្នា​ទៅវិញ​ទៅ​មក​ឲ្យ​បាន​ច្រើន​ជាង​គេ។ 
ពេល​យើង​គិត​អំពី​ការ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​យ៉ាង​ដូច​នេះ យើង​អាច​នឹក​ចាំ​អំពី​ព្រះ​យេស៊ូវ ដែល​បាន​សព្វ​ព្រះ​ទ័យ​នឹង​ហៅ​យើង​ថា បង​ប្អូន​របស់​ព្រះ​អង្គ (ហេព្រើរ ២:១១-១៥)។ ដ្បិត​ព្រះ​យេស៊ូវ «ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្តី​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្តី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ គឺ​ទ្រង់​បាន​លះបង់​ព្រះ​អង្គ​ទ្រង់ មក​យក​រូប​ភាព​ជា​បាវ​បម្រើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង» (ភីលីព ២:៦-៧)។ ព្រះ​យេស៊ូវ​គឺ​ជា​អ្នក​ដែល​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន​មាន​លក្ខណៈ​ដូច​ម្ដេច។ គឺ​ព្រះ​យេស៊ូវ​ហើយ ដែល​បាន​ស្រឡាញ់​ពួក​ជំនុំ​ជា​គ្រួសារ​ព្រះ​អង្គ​យ៉ាង​ឥត​ខ្ចោះ ដោយ​ធ្វើ​លើស​អ្នក​ដទៃ​ក្នុង​ការ​ផ្តល់​កិត្តិយស​ដល់​គ្រួសារ​ទ្រង់។ ព្រះ​បន្ទូល​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​យេស៊ូវ និង​រស់​នៅ​ដូច​ព្រះ​អង្គ រៀង​រាល់​ពេល​ដែល​យើង​សម្រេច​ចិត្ត​ស្រឡាញ់ ដោយ​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន​ដូច​ព្រះ​គ្រីស្ទ។ នៅ​ថ្ងៃ​នោះ ចូរ​យើង​ស្រឡាញ់​ដូច​ព្រះ​អង្គ​ចុះ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១សាំយ៉ូអែល ២០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ៤៨-៤៩ និង​ភីលីព ១

ប្រភេទ