នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះដែលជួយសង្គ្រោះ

ព្រះដែលជួយសង្គ្រោះ

ដោយMarvin Williams

June 24, 2025

យេរេមា ២៣:១-៨
រួចអញនឹងប្រមូលសំណល់នៃហ្វូងរបស់អញ ចេញពីគ្រប់ទាំងស្រុក ដែលអញបានបណ្ដេញគេទៅ នោះហើយនាំវិលត្រឡប់មកឯក្រោលគេវិញ នោះគេនឹងបង្កើតផល ហើយចំរើនឡើង។ យេរេមា ២៣:៣
នៅខាងក្រោមជ្រោះដែលមានថ្មរដិបរដុប ក្នុងតំបន់ប្រូរ៉ា ប្រទេសស្កត់ឡង់ មានសត្វចៀមមួយក្បាលត្រូវការឲ្យគេជួយសង្រ្គោះវា។ វាទៅណាមិនរួច នៅក្នុងជ្រលងភ្នំ ដែលហ៊ុមព័ទ្ធដោយផ្ទាំងថ្មចោទៗ នៅម្ខាង និងមហាសមុទ្រនៅម្ខាងទៀត ដូចនេះ វាបានរស់ដោយខ្លួនឯង នៅទីនោះអស់រយៈពេល២ឆ្នាំហើយ។ ទោះគេបានព្យាយាមជួយសង្គ្រោះវាជាច្រើនដង ក៏គ្មាននរណាម្នាក់អាចចុះទៅដល់វាបានទេ រហូតដល់ពេលមួយ មានកសិករម្នាក់ ឈ្មោះ ឃែមមី វីលសិន(Cammy Wilson) និងមិត្តភក្តិរបស់គាត់៣នាក់ បានប្តេជ្ញាចិត្តរួមគ្នាធ្វើបេសកកម្មជួយសង្គ្រោះដ៏គ្រោះថ្នាក់ ដោយជោគជ័យ។ សមាជិកក្រុមរបស់ពួកគេ៣នាក់ បានចុះយ៉ាងប្រុងប្រយ័ត្ន ទៅដល់បាតជ្រោះ ដែលមានជម្រៅ២៤៩ម៉ែត្រ ដោយប្រើឧបករណ៍កៅឡាក់ និងភាពក្លាហានជាច្រើន ដើម្បីស្ទូចវាឡើង ឲ្យរួចផុតពីទុក្ខវេទនារបស់វា។ 
កសិករ និងក្រុមរបស់គាត់ដែលមានការប្ដេជ្ញាចិត្ត និងក្តីអាណិត បានឆ្លុះបញ្ចាំងអំពីសេចក្តីអាណិតរបស់ព្រះវរបិតានៃយើង ដែលមានក្តីស្រឡាញ់ ដូចដែលបានពិពណ៌នា ក្នុងបទគម្ពីរយេរេមា ២៣:១-៣។ ហោរាយេរេមា បានប្រកាសទាស់ប្រឆាំងនឹងអ្នកដឹកនាំរបស់សាសន៍យូដាដែលកំពុងប្រព្រឹត្តអំពើបាបថា ពួកគេគឺជាអ្នកគង្វាល “ដែលបំផ្លាញ ហើយកំចាត់កំចាយហ្វូងចៀមនៃទីឃ្វាល” របស់ព្រះ(ខ.១)។ ព្រះអង្គក៏បានប្រកាសតាមរយៈហោរាយេរេមាថា ដោយសារពួកគេបានប្រព្រឹត្តយ៉ាងសាហាវព្រៃផ្សៃ ចំពោះរាស្ត្រដ៏ទន់ខ្សោយរបស់ព្រះអង្គ ព្រះអង្គនឹងទម្លាក់ការជំនុំជម្រះមកលើពួកគេ(ខ.២)។ ព្រះអង្គបានទតឃើញទុក្ខវេទនារបស់ហ្វូងចៀមរបស់ព្រះអង្គ ដែលកំពុងខ្ចាត់ខ្ចាយ ហើយបានយកព្រះទ័យទុកដាក់ចំពោះពួកគេយ៉ាងខ្លាំង។ ព្រះអង្គមិនគ្រាន់តែយកព្រះទ័យទុកដាក់ តែក៏បានមានបន្ទូលថា ព្រះអង្គនឹងប្រមូលចៀមរបស់ព្រះអង្គ ពីទីកន្លែងនិរទេស ហើយនាំពួកគេទៅកន្លែងដែលមានសុវត្ថិភាព និងបង្កើតផលផ្លែជាបរិបូរ(ខ.៣)។ 
ពេលណាយើងមានអារម្មណ៍ថា វង្វេង ជាប់អន្ទាក់ ឬឯកោ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ទតឃើញទុក្ខលំបាករបស់យើង ហើយមិនទុកយើងឲ្យនៅទាល់ច្រក រកទៅណាមិនរួចនោះឡើយ។ ព្រះអង្គបានព្យាយាមយ៉ាងសកម្ម ក្នុងការជួយសង្គ្រោះ និងស្អាងយើងឡើងវិញ។—Marvin Williams

តើអ្នកកំពុងជាប់អន្ទាក់ខាងវិញ្ញាណ និងមានភាពឯកោយ៉ាងណាខ្លះ? 
តើអ្នកមានការលើកទឹកចិត្តប៉ុណ្ណា នៅពេលដែលបានដឹងថា ព្រះទ្រង់ទតឃើញបញ្ហាប្រឈមរបស់អ្នក? 
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើជាអ្នកគង្វាលល្អរបស់ទូលបង្គំ។ 
For further study, read Hope in Sorrow at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១-២ និង កិច្ចការ ៧:២២-៤៣
 

ល្ងាច

ភាព​ឆេះ​ឆួល​មក​ពី​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ភាព​ឆេះ​ឆួល​មក​ពី​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 24, 2025

«ខាង​ឯ​សេចក្តី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បម្រើ​ព្រះ​អម្ចាស់» (រ៉ូម ១២:១១)។
សូម​យើង​ស្រមៃ​ថា មាន​ផ្ទះ​បាយ​នៅ​ក្នុង​ផ្ទះ​កសិដ្ឋាន​ចាស់​មួយ​ខ្នង​ដែល​នៅ​ទីនោះ នៅ​លើ​ចង្ក្រាន​មាន​ខ្ទះ​ឆា​មួយ​ដែល​មាន​ទឹក​កំពុង​ពុះ។ នេះ​ជា​រូប​ភាព​ដែល​សាវ័ក ប៉ុល បាន​ផ្តល់​ឲ្យ​ទាក់​ទង​នឹង​ការ​ប្ដេជ្ញា​ចិត្ត​ខាង​ឯ​វិញ្ញាណ។ ត្រង់​ចំណុច​នេះ គាត់​កំពុង​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ព្រះ​គ្រីស្ទ ឆ្នាំង​ខាង​ឯ​វិញ្ញាណ​របស់​យើង​ត្រូវ​តែ​បន្ត​ពុះ​ដូច​ទឹក​កំពុង​តែ​ដាំ។ យើង​មិន​ត្រូវ​ក្តៅ ហើយ​ត្រជាក់​វិញ​នោះ​ទេ បាន​សេចក្តី​ថា យើង​មិន​ត្រូវ​មាន​ភាព​ឆេះ​ឆួល​តែ​មួយ​ពេល ហើយ​បន្ទាប់​មក​ប្រែ​ជា​លែង​ចេញ​ចំហាយ​ទឹក​នោះ​ទេ។ 
បន្ទាប់​ពី​យើង​បាន​ដក​ពិសោធន៍​ជា​មួយ​នឹង​ព្រះ​គុណ​ព្រះ ហើយ​បាន​ផ្លាស់​ប្រែ​ដោយ​សារ​ព្រះ​គ្រីស្ទ ដោយ​ទទួល​សេចក្តី​សុចរិត​របស់​ព្រះ​អង្គ​តាម​រយៈ​សេចក្តី​ជំនឿ។ យើង​ចាំ​បាច់​ត្រូវ​មាន​សេចក្តី​សុចរិត​ក្នុង​ការ​រស់​នៅ។ ដើម្បី​ប្រើ​សេចក្តី​សុចរិត​នេះ យើង​ត្រូវ​ធ្វើ​កិច្ចការ​ដែល​ព្រះ​យេស៊ូវ​ឲ្យ​យើង​ធ្វើ ដោយ​ចិត្ត​ឆេះ​ឆួល ដែល​ព្រះ​អង្គ​បាន​បណ្ដាល​ឡើង និង​បាន​បង្គាប់​ឲ្យ​យើង​មាន។ 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ងាយ​នឹង​មាន​ភាព​ខ្ជិល​ច្រអូស ហើយ​ប្រែ​ជាង​មាន​ភាព​ក្តៅ​មិន​ក្តៅ​ត្រជាក់​មិន​ត្រជាក់។ កណ្ឌ​គម្ពីរ​សុភាសិត មាន​ខ​គម្ពីរ​ជា​ច្រើន​ដែល​បាន​ចែង​អំពី​គ្រោះ​ថ្នាក់ និង​ផល​វិបាក​នៃ​ជីវិត​ដែល​ខ្ជិល​ច្រអូស ដែល​ជា​ញឹក​ញាប់​យើង​ស្តាប់​ទៅ​ហាក់​ដូច​ជា​កំប្លែង។ បទ​គម្ពីរ​សុភាសិត​មួយ​បាន​ពិពណ៌នា​អំពី​បុរស​ម្នាក់ ដែល​ខ្ជិល​យ៉ាង​ខ្លាំង​បាន​ជា​គាត់​មិន​អាច​លើក​ស្លាប​ព្រា​ពី​ក្នុង​ចាន ដាក់​ចូល​ក្នុង​មាត់​ខ្លួន​ឯង (សុភាសិត ១៩:២៤ ២៦:‌១៥)។ ខ​គម្ពីរ​សុភាសិត​មួយ​ទៀត​បាន​រៀបរាប់​អំពី​ភាព​ខ្ជិល​របស់​បុរស​ម្នាក់ ដែល​ដេក​សម្ងំ​នៅ​ក្រោម​ភួយ​មិន​ព្រម​ងើប​ទៅ​ណា គឺ​ដូច​មាន​សេចក្តី​ចែង​ថា «មនុស្ស​ខ្ជិល​ច្រអូស​ចេះ​តែ​បម្រាស់​ននៀល​នៅ​លើ​គ្រែ បែប​ដូច​ទ្វារ​ដែល​បិទ​បើក​ទៅ​មក​ជាប់​នៅ​ត្រចៀក​ដែរ» (ខ.១៤)។
ផ្ទុយ​ទៅ​វិញ គោល​ដៅ​ធំ​បំផុត​នៃ​ភាព​ឧស្សាហ៍​ដែល​ព្រះ​វិញ្ញាណ​បណ្ដាល​ឡើង គឺ​ដើម្បី​បម្រើ​ព្រះ​អម្ចាស់។ ហេតុ​នេះ​ហើយ យើង​ចាំ​បាច់​ត្រូវ​ផ្ដោត​ទៅលើ​គោល​ដៅ​នេះ! ពេល​ណា​យើង​ផ្ដោត​ទៅ​លើ​គោល​ដៅ​នេះ យើង​នឹង​បាន​ដឹង​ថា សូម្បី​តែ​កិច្ចការ​តូច​បំផុត​ដែល​មាន​ដូច​ជា​ការ​ទទួល​ភ្ញៀវ ការ​បោស​សម្អាត​ផ្ទះ ការ​លាង​ចាន ការ​បង្រៀន​អ្នក​ដទៃ ការ​ចាក់​ថ្នាំ​ឲ្យ​អ្នក​ជំងឺ ការ​ជជែក​ជា​មួយ​កូន...គឺ​សុទ្ធ​តែ​អាច​ក្លាយ​ជា​សកម្មភាព​នៃ​ការ​ថ្វាយ​បង្គំ​ខាង​ឯ​វិញ្ញាណ។ សូម្បី​តែ​កិច្ចការ​ដែល​យើង​ធ្វើ​ជា​ប្រចាំ ក៏​អាច​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ឆេះឆួល​ដែល​ព្រះ​បាន​បណ្ដាល​ឡើង​ផង​ដែរ។ 
តើ​អ្នក​មាន​ចិត្ត​ឆេះ​ឆួល​ដូច​ទឹក​ពុះ​ក្នុង​ពេល​សព្វ​ថ្ងៃ​ដោយ​សារ​កត្តា​អ្វី​ខ្លះ? តើ​ដោយ​សារ​អ្នក​បម្រើ​ព្រះ​គ្រីស្ទ​ក្នុង​ការ​ថ្វាយ​បង្គំ? ដោយ​សារ​អ្នក​បាន​ចែក​ចាយ​ដំណឹង​ល្អ​ដល់​មិត្ត​រួម​ការងារ ឬ​មនុស្ស​ដែល​អ្នក​មិន​ស្គាល់? ដោយ​សារ​អ្នក​កំពុង​មើល​ថែ​ឪពុក​ម្តាយ​ចាស់​ជរា? ដោយ​សារ​អ្នក​ជួយ​ឧបត្ថម្ភ​ការងារ​បម្រើ​ព្រះ​គ្រីស្ទ​នៅ​ក្រៅ​ប្រទេស​ឬ? ទោះ​ដោយ​សារ​កត្តា​អ្វី​ក៏​ដោយ ចូរ​កុំ​ឲ្យ​ភាព​ឆេះឆួល​របស់​អ្នក​មាន​ការ​ចុះ​ខ្សោយ​ឡើយ។ ចូរ​ឲ្យ​ទឹក​របស់​អ្នក​នៅ​តែ​ពុះ ដោយ​ការ​បម្រើ​ព្រះ​អម្ចាស់ គ្រប់​ពេល​វេលា​ជា​រៀង​រាល់​ថ្ងៃ ជា​ការ​ឆ្លើយ​តប ចំពោះ​ព្រះ​គុណ​ដែល​ព្រះ​អង្គ​បាន​ចាក់​បង្ហូរ​មក​លើ​អ្នក​គ្រប់​ពេល​វេលា។ ចូរ​ចូល​មក​រក​ព្រះ​អង្គ​រៀង​រាល់​ពេល​ព្រឹក ហើយ​ទូល​សូម​កម្លាំង​មក​ពី​ព្រះ​អង្គ។ នោះ​អ្នក​នឹង​បាន​ប្រកា​ស​ព្រះ​នាម​ព្រះ​អង្គ និង​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​អ្នក។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កាឡាទី ៦:១-១០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ៥០ និង​ភីលីព ២

ប្រភេទ