នំម៉ាណាប្រចាំថ្ងៃ
អរ​សប្បាយ​ជា​មួយ​អ្នក​ដទៃ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

អរ​សប្បាយ​ជា​មួយ​អ្នក​ដទៃ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 25, 2025

«ចូរ​អរ​សប្បាយ ជា​មួយ​នឹង​អ្នក​ណា​ដែល​អរ​សប្បាយ ហើយ​យំ​ជាមួយ​នឹង​អ្នកណា​ដែល​យំ​ផង» (រ៉ូម ១២:១៥)។
ការ​អរ​សប្បាយ​ជា​មួយ​អ្នក​ដទៃ គឺ​ជា​ការ​បង្ហាញ​ចេញ​ដ៏​អស្ចារ្យ​នូវ​ការ​អាណិត​ចំពោះ​ពួក​គេ។ តាម​ធម្មតា​យើង​ប្រើ​ពាក្យ​អាណិត ដើម្បី​ពិពណ៌នា​អំពី​ការ​ចូល​រួម​សោក​សង្រេង​ជា​មួយ​អ្នក​ដទៃ ប៉ុន្តែ​ការ​អាណិត​ក៏​មាន​នៅ​ក្នុង​ការ​អរ​សប្បាយ​ជា​មួយ​គ្នា​ផង​ដែរ។
យើង​យល់​អត្ថន័យ​របស់​ពាក្យ​អាណិត ពេល​ណា​យើង​ប្រើ​វា​ក្នុង​ប្រយោគ​ណា​មួយ ប៉ុន្តែ​យើង​អាច​ពិបាក​ឲ្យ​និយម​ន័យ​សម្រាប់​ពាក្យ​នេះ។ ហេតុ​នេះ​ហើយ ចូរ​យើង​ពិចារណា​អំពី​ពាក្យ​ផ្ទុយ​នឹង​ពាក្យ​អាណិត គឺ​ពាក្យ​មិន​អើពើ។ ការ​មិន​អើពើ គឺ​មិន​ខុស​ពី​ការ​និយាយ​ថា «ខ្ញុំ​មិន​ខ្វល់​ពី​អារម្មណ៍​របស់​គាត់​ទាល់​តែ​សោះ» តែ​ការ​អាណិត គឺ​ដូច​ជា​ការ​និយាយ​ថា «ខ្ញុំ​ខ្វល់​ពី​អារម្មណ៍​គាត់​ណាស់»។ ការ​អាណិត​គឺ​ជា​ការ​យល់​អំពី​ទុក្ខ​លំបាក ដែល​អ្នក​ដទៃ​កំពុង​ឆ្លង​កាត់។ 
មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា «ការ​យំ​ជា​មួយ​អ្នក​ណា​ដែល​យំ» គឺ​ជា​រឿង​ធម្មតា​ទេ។ វា​ជា​សភាវគតិ​របស់​យើង ដែល​យើង​ចូល​រួម​ខក​ចិត្ត និង​ឈឺ​ចាប់ ជា​មួយ​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​ទួញ​យំ ពេល​យើង​ឃើញ និង​គិត​អំពី​ការ​សោក​សង្រេង​របស់​ពួក​គេ។ នេះ​ជា​ការ​ល្អ ព្រោះ​ការ​ជួយ​រំលែក​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​ការ​សម្រេច​ក្រិត្យ​វិន័យ​របស់​ព្រះ​គ្រីស្ទ (កាឡាទី ៦:២)។ ការ​ចូល​រួម​អរ​សប្បាយ និង​អបអរ​ជោគ​ជ័យ​របស់​អ្នក​ដទៃ​អាច​មាន​ការ​ពិបាក ព្រោះ​វា​តម្រូវ​ឲ្យ​យើង​ជម្នះ​និស្ស័យ​សាច់​ឈាម​របស់​យើង ដែល​មាន​បាប​ដែល​មាន​ទំនោរ​ទៅ​រក​ការ​ស្អប់ ឬ​ភាព​ជូរ​ល្វីង។ យើង​ងាយ​នឹង​ប្រើ​ភាព​ជោគជ័យ​របស់​អ្នក​ដទៃ ជា​ឱកាស​ដើម្បី​ច្រណែន​ពួក​គេ​ជាជាង​សរសើរ និង​អរ​ព្រះ​គុណ​ព្រះ​អង្គ។ 
មនុស្ស​ភាគ​ច្រើន​បាន​ដឹង​ថា ពួក​គេ​អាច​ជៀស​វាង​ការ​បង្ហាញ​ចេញ​នូវ​ការ​ច្រណែន​ដោយ​របៀប​ណា។ ប៉ុន្តែ ការ​មិន​បង្ហាញ​ការ​ច្រណែន និង​ការ​មិន​មាន​អារម្មណ៍​ច្រណែន មាន​ភាព​ខុស​គ្នា​ខ្លាំង​ណាស់។ យើង​អាច​បង្ហាញ​អាកប្ប​កិរិយា​របស់​យើង ល្មម​នឹង​អាច​ធ្វើ​ឲ្យ​គេ​គិត​ថា យើង​មិន​មាន​ចិត្ត​ច្រណែន ប៉ុន្តែ​យើង​ត្រូវ​មាន​ការ​ផ្លាស់​ប្រែ​ខាង​ឯ​វិញ្ញាណ ដើម្បី​ឲ្យ​យើង​ឈាន​ទៅ​ដល់​ចំណុច ដែល​យើង​លែង​មាន​អារម្មណ៍​ច្រណែន​ទៀត។ ការ​ផ្លាស់​ប្រែ​នេះ​ចាប់​ផ្ដើម​នៅ​ពេល​ណា​យើង​មាន​ការ​យល់​ដឹង​ត្រឹម​ត្រូវ​អំពី​អត្ត​សញ្ញាណ​របស់​យើង ជា​អវយវៈ​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ។ គឺ​ដូច​ដែល​សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា «នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូប​កាយ​តែ​មួយ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ជា​អវយវៈ​ដល់​គ្នា​នឹង​គ្នា​បែប​យ៉ាង​នោះ​ដែរ» (រ៉ូម ១២:៥)។ ការ​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ គឺ​មាន​ន័យ​ថា យើង​ជា​សមាជិក​របស់​ព្រះ​អង្គ និង​ជា​សមាជិក​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ 
អាច​និយាយ​ម្យ៉ាង​ទៀត​ថា បើ​យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ យើង​រាល់​គ្នា​នៅ​ក្នុង​ក្រុម​តែ​មួយ។ ពេល​ណា​យើង​យល់​អំពី​រឿង​នេះ យើង​នឹង​អរ​សប្បាយ​អស់​ពី​ចិត្ត​ជា​មួយ​អ្នក​ណា​ដែល​អរ​សប្បាយ គឺ​ដូច​ដែល​កីឡាករ​បាល់​ទាត់​ម្នាក់​អរ​សប្បាយ​ជា​មួយ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ដែល​បាន​ទាត់​បញ្ចូល​ទី ពោល​គឺ​អរ​សប្បាយ​ដូច​គាត់​បាន​ទាត់​បញ្ចូល​ទី​ដែរ។ ក្នុង​នាម​យើង​ជា​រាស្ត្រ​របស់​ព្រះ យើង​ឈ្នះ ហើយ​យើង​បរាជ័យ ហើយ​អរ​សប្បាយ ហើយ​ក៏​សោក​សង្រេង​ជា​មួយ​គ្នា​ដែរ។ 
ព្រះ​បន្ទូល​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​ឲ្យ «មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា» (រ៉ូម ១២:៩) ហើយ​សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ​តាម​គំរូ​ព្រះ​គ្រីស្ទ កែ​ប្រែ​អារម្មណ៍​របស់​អ្នក​ធ្វើ​ឲ្យ​ការ​ច្រណែន​ប្រែ​ក្លាយ​ជា​ការ​អរ​សប្បាយ ហើយ​ការ​មិន​អើពើ​ប្រែ​ក្លាយ​ជា​ការ​អាណិត​ពិត​ប្រាកដ។ 
តើ​មាន​នរណា​ម្នាក់​ដែល​អ្នក​បាន​ដក​ខ្លួន​ឆ្ងាយ​ពី​ពួក​គេ​ទាំង​នៅ​ពេល​ពួក​គេ​មាន​អំណរ ក៏​ដូច​ជា​មាន​ទុក្ខ? តើ​អ្នក​បាន​ពិចារណា អំពី​មនុស្ស​ដែល​អ្នក​អាច​លើក​ទឹក​ចិត្ត​នៅ​ថ្ងៃ​នេះ​ដែរ​ឬ​ទេ? ស្ទើរ​តែ​គ្រប់​ពេល​ទាំង​អស់ មាន​មនុស្ស​ម្នាក់​ដែល​ត្រូវ​ការ​ឲ្យ​អ្នក​ឈោង​ទៅ​រក ហើយ​ប្រាប់​ឲ្យ​ពួក​គេ​ដឹង​ថា អ្នក​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​ពួក​គេ អធិស្ឋាន​ឲ្យ​ពួក​គេ ហើយ​ត្រៀម​ខ្លួន​ជួយ​ពួក​គេ ខណៈ​ពេល​ដែល​ពួក​គេ​ដើរ​កាត់​ជ្រលង​ដ៏​សែន​ជ្រៅ។ ហើយ​ក៏​នឹង​មាន​មនុស្ស​ម្នាក់ ដែល​អ្នក​អាច​ចូល​រួម​អរ​សប្បាយ​ជា​មួយ​គាត់ ហើយ​ឲ្យ​ពួក​គេ​ដឹង​ថា អ្នក​សរសើរ​តម្កើង​ព្រះ​សម្រាប់​ព្រះ​ពរ​ដែល​ព្រះ​អង្គ​បាន​ប្រទាន​ដល់​ជីវិត​ពួក​គេ។ ចូរ​យើង​រស់​នៅ​ជា​មនុស្ស​ដែល «តែង​តែ​ខ្វល់​ពី​អារម្មណ៍​អ្នក​ដទៃ»។ ចូរ​ទូល​សូម​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ​ជួយ​អ្នក​ឲ្យ​មាន​សេចក្តី​មេត្តា និង​ក្តី​អាណិត ដើម្បី​កែ​ប្រែ​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​ប្រភេទ​នោះ​នៅ​ថ្ងៃ​នេះ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២កូរិនថូស ១:២-៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ៥១-៥២ និង​ភីលីព ៣

ប្រភេទ