នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះគ្រីស្ទគឺជាអាទិភាពរបស់យើង

ព្រះគ្រីស្ទគឺជាអាទិភាពរបស់យើង

ដោយKaren Huang

June 26, 2025

ម៉ាកុស ១:៣៥-៣៩
តែទ្រង់មានបន្ទូលតបថា ... ដ្បិតគឺដោយហេតុនោះហើយ បានជាខ្ញុំមក។ ម៉ាកុស ១:៣៨
មានពេលមួយ គេបានអញ្ជើញលោកយ៉ូសេ(Jose) ធ្វើជាវាទគ្មិន ក្នុងសន្និសីទអ្នកដឹកនាំពួកជំនុំថ្នាក់ជាតិ។ បន្ទាប់ពីគាត់បានអានលិខិតអញ្ជើញ ពីអង្គការដ៏ល្បីល្បាញមួយ គាត់ក៏បានប្រាប់គេថា គាត់សុំពេលអធិស្ឋានជាមុនសិន។ ក្រោយមក គាត់ក៏បានបដិសេធន៍ការអញ្ជើញនេះ។ គាត់ប្រាប់មិត្តភក្តិគាត់ម្នាក់យ៉ាងដូចនេះថា “ខ្ញុំដឹងថា ព្រះអម្ចាស់កំពុងត្រាស់ហៅខ្ញុំឲ្យធ្វើការជាអ្នកកែសម្រួលអត្ថបទ សម្រាប់ការងារបេសកកម្មមួយ ហើយបើខ្ញុំត្រូវទៅធ្វើវាគ្មិនក្នុងកម្មវិធីនោះ ខ្ញុំនឹងត្រូវដកពេលវេលា និងកម្លាំងរបស់ខ្ញុំ ចេញពីការងារនោះមិនខាន។ ដូចនេះ ខ្ញុំត្រូវបដិសេធន៍ការអញ្ជើញនេះ ដើម្បីឲ្យខ្ញុំអាចធ្វើអ្វីដែលព្រះសព្វព្រះទ័យឲ្យខ្ញុំធ្វើ”។
អ្វីដែលព្រះសព្វព្រះទ័យឲ្យលោកយ៉ូសេធ្វើ គឺជាអាទិភាពរបស់គាត់ និងជាអ្វីដែលបានកំណត់ការសម្រេចចិត្តរបស់គាត់។ ព្រះយេស៊ូវក៏បានយកបំណងព្រះទ័យព្រះវរបិតា ធ្វើជាអាទិភាពរបស់ព្រះអង្គផងដែរ។ នៅពេលព្រឹក បន្ទាប់ពីព្រះអង្គបានប្រោសជំងឺ និងដេញអារក្សចេញពីមនុស្សជាច្រើន នៅភូមិកាពើណិម ព្រះអង្គបានយាងទៅកន្លែងស្ងប់ស្ងាត់ ដើម្បីអធិស្ឋាន(ម៉ាកុស ១:៣២-៣៥)។ ពួកសាវ័កក៏បានមករកព្រះអង្គ ដោយទូលថា “មនុស្សទាំងអស់កំពុងតែរកទ្រង់”(ខ.៣៧)។ ក្នុងចំណោមអ្នករកទ្រង់ អ្នកខ្លះទំនងជាទូលសូមការប្រោសឲ្យជា។ ទោះជាយ៉ាងណាក៏ដោយ ព្រះគ្រីស្ទមិនបានបណ្តោយឲ្យភាពបន្ទាន់ខាងសាច់ឈាមរបស់មនុស្ស និងប្រជាប្រិយភាពរបស់ព្រះអង្គ ធ្វើជាកត្តាកំណត់អំពីការអ្វីដែលព្រះអង្គត្រូវធ្វើបន្ទាប់នោះឡើយ។ ព្រះអង្គក៏បានមានបន្ទូលប្រាប់ពួកសាវ័កឲ្យទៅភូមិជិតខាង ជាមួយព្រះអង្គ ដើម្បីឲ្យព្រះអង្គអាចចែកចាយព្រះបន្ទូលផងដែរ ព្រោះនេះជាមូលហេតុដែលព្រះអង្គបានយាងមក(ខ.៣៨)។ ព្រះយេស៊ូវបានធ្វើតាមអាទិភាពរបស់ទ្រង់ ជាការងារដែលធ្វើនៅទូទាំងតំបន់កាលីឡេ និងរាប់បញ្ចូលការអធិប្បាយព្រះបន្ទូលផងដែរ(ខ.៣៩)។ 
តើធ្វើដូចម្តេចឲ្យយើងដឹងថា ព្រះទ្រង់មានគោលបំណងអ្វីខ្លះសម្រាប់យើង? យើងអាចចូលទៅជិតព្រះអង្គ ដោយការអធិស្ឋាន ដោយការដឹកនាំពីប្រាជ្ញារបស់ព្រះអង្គ ដែលយើងឃើញមានក្នុងព្រះគម្ពីរប៊ីប ហើយស្វែងរកការប្រឹក្សាយោបល់ ពីមនុស្សដែលប្រកាន់ខ្ជាប់តាមផ្លូវរបស់ព្រះអង្គ។ ចូរយើងចំណាយពេលក្នុងជីវិតយើង ធ្វើអ្វីដែលព្រះទ្រង់សព្វព្រះទ័យឲ្យយើងធ្វើ។—Karen Huang

តើអ្នកអាចទូលសូមព្រះអង្គដឹកនាំអ្នកដូចម្តេចខ្លះ ក្នុងការសម្រេចចិត្ត? 
តើអ្នកបានឃើញព្រះអង្គជួយអ្នករស់នៅ តាមបំណងព្រះទ័យព្រះអង្គដូចម្តេចខ្លះ? 
ឱព្រះអម្ចាស់ សូមព្រះអង្គបង្ហាញទូលបង្គំ ឲ្យបានដឹងថា ព្រះអង្គសព្វព្រះទ័យឲ្យទូលបង្គំធ្វើអ្វីខ្លះថ្វាយព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៥-៧ និង កិច្ចការ ៨:១-២៥

 

ល្ងាច

រស់​នៅ​ដោយ​ភាព​សុខដុម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

រស់​នៅ​ដោយ​ភាព​សុខដុម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 26, 2025

«ចូរ​ឲ្យ​មាន​គំនិត​ព្រម​ព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក» (រ៉ូម ១២:១៦)។
យើង​ចាំបាច់​ត្រូវ​មាន​ជំនាញ និង​ការ​កោត​ខ្លាច​ព្រះ ដើម្បី​ឲ្យ​យើង​អាច​ជំទាស់​ចំពោះ​អ្នក​ដទៃ ដោយ​ព្រះ​គុណ​ព្រះ​អង្គ។ យើង​ងាយ​នឹង​ចុះ​សម្រុង​ជា​មួយ​មនុស្ស ដែល​មាន​លក្ខណៈ​ដូច​យើង​ច្រើន​បាន​ជា​យើង​មិន​បារម្ភ​ថា យើង​នឹង​មាន​ការ​ជំទាស់​ចំពោះ​ពួក​គេ​ឡើយ។ ប៉ុន្តែ បើ​សិន​ជា​យើង​រស់​នៅ ដោយ​ភាព​សុខដុម​ជា​មួយ​មនុស្ស​ដែល​មាន​លក្ខណៈ និង​ការ​រស់​នៅ​ខុស​ប្លែក​ពី​យើង នោះ​ជា​សញ្ញា​បង្ហាញ​ថា យើង​មាន​ភាព​ពេញវ័យ​ខាង​ឯ​វិញ្ញាណ។ ហេតុ​នេះ​ហើយ សាវ័ក ប៉ុល បាន​រំពឹង​ថា យើង​នឹង​ខិតខំ​រស់​នៅ ដោយ​ភាព​សុខដុម​ជា​មួយ​មនុស្ស​ដែល​ខុស​ប្លែក​ពី​យើង។ 
ការ​បង្រៀន​របស់​សាវ័ក ប៉ុល ឲ្យ​យើង​មាន​ភាព​សុខដុម​មិន​មែន​ជា​ការ​បង្រៀន​ឲ្យ​យើង​មាន​អ្វីៗ​ដូច​គ្នា​គ្រប់​យ៉ាង​ដោយ​ស្លៀក​ពាក់​ដូច​គ្នា មាន​សកម្មភាព​ដូច​គ្នា បោះឆ្នោត​ឲ្យ​គណៈ​បក្ស​តែ​មួយ និង​និយាយ​តាម​សំនៀង​ដូច​គ្នា​នោះ​ទេ។ ជា​ការ​ពិត​ណាស់ ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម ជា​សហគមន៍​ដែល​មាន​ភាព​ចម្រុះ​គ្នា ដោយ​សមាជិក​ម្នាក់ៗ​មាន​អំណោយ​ទាន និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខុស​គ្នា។ សាវ័ក ប៉ុល បាន​និយាយ​សង្កត់​ធ្ងន់​ថា ភាព​ខុស​ប្លែក​គ្នា​នេះ​មិន​គួរ​ក្លាយ​ជា​ប្រភព​នៃ​ការ​បែក​បាក់ ឬ​រឿង​ដ៏​អា​ម៉ាស​នោះ​ទេ។ 
សាវ័ក ប៉ុល ចង់​ឲ្យ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម «មាន​គំនិត​ព្រម​ព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក»។ គាត់​ក៏​បាន​បង្រៀន​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស ដូច​នេះ​ផង​ដែរ​ថា «ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្តី​ដដែល​ទាំង​អស់​គ្នា កុំ​ឲ្យ​មាន​សេចក្តី​បាក់​បែក​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​ឲ្យ​បាន​រួបរួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ១វិញ» (១កូរិនថូស ១:១០)។ 
ដំណឹង​ល្អ​មិន​បាន​លុប​បំបាត់​ភាព​ខុស​ប្លែក​គ្នា និង​គំនិត​ខុស​គ្នា​នោះ​ទេ។ តាម​ពិត ការ​រួប​រួម​ដែល​រាស្ត្រ​របស់​ព្រះ​មាន​ក្នុង​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ និង​ក្នុង​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​ព្រះ​អង្គ​បាន​រំដោះ​យើង​ឲ្យ​ទទួល​ស្គាល់​ភាព​ខុស​ប្លែក​គ្នា និង​ការ​មាន​គំនិត​ផ្សេង​គ្នា​ដែល​ជា​បញ្ហា​បន្ទាប់​បន្សំ។ ការ​រួបរួម​របស់​គ្រីស្ទ​បរិស័ទ​មិន​ពឹង​ផ្អែក​ទៅលើ​និន្នាការ​នយោបាយ ឋានៈ​ក្នុង​សង្គម ឬ​របៀប​នៃ​ការ​តុប​តែង​អគារ​នោះ​ទេ តែ​ស្ថិត​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ដែល «ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត» វិញ (យ៉ូហាន ១៤:៦)។ 
គួរ​ឲ្យ​ស្តាយ​ណាស់​ដែល​ពួក​ជំនុំ​អាច​ដើរ​ខុស​ផ្លូវ ដោយ​សារ​ការ​មិន​ចុះ​សម្រុង​គ្នា ហើយ​គ្រីស្ទ​បរិស័ទ​ក៏​បាន​ចាត់​ទុក​បញ្ហា និង​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​ជា​សំខាន់​ពេក។ អ្នក​ខ្លះ​ប្រើ​បញ្ហា​នីមួយៗ ធ្វើ​ជា​លេស​ដើម្បី​​ឈ្លោះ​ប្រកែក​គ្នា។ ហេតុ​នេះ​ហើយ ពួក​គេ​ក៏​បាន​ក្លាយ​ជា​មនុស្ស​ក្រឹត្យ​វិន័យ​និយម ហើយ​ចូល​ចិត្ត​វែក​ញែក ទាល់​តែ​ពួក​ជំនុំ​បែក​បាក់​នៅ​សល់​តែ​មនុស្ស​ម្នាក់​ក្នុង​ពួក​ជំនុំ។
អ្នក​ខ្លះ​ពិបាក​ប្រកាន់​គោល​ជំហរ​ឲ្យ​បាន​រឹងមាំ​នៅ​លើ​បញ្ហា​ណា​មួយ ហើយ​ក៏​បាន​ធ្លាក់​ខ្លួន​បន្ថែម​បន្ថយ​សេចក្តី​ពិត ដោយ​ក្លាយ​ជា​មនុស្ស​សេរី​និយម​ផ្នែក​ទេវសាស្ត្រ ដែល​បណ្តោយ​ឲ្យ​គេ​កែ​ប្រែ​សេចក្តី​ពិត​ស្នូល​នៃ​ដំណឹង​ល្អ។ ភាព​សុខដុម​ដែល​សាវ័ក ប៉ុល បង្រៀន​យើង​ឲ្យ​ស្វែង​រក​នោះ គឺ​ជា​ភាព​សុខដុម​នៃ​ដំណឹង​ល្អ។ យើង​ចាំបាច់​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ ល្មម​នឹង​អាច​ដឹង​ថា យើង​ជា​មនុស្ស​ក្រឹត្យ​វិន័យ​និយម ឬ​ជា​មនុស្ស​សេរី​និយម។ 
យើង​ចាំ​បាច់​ត្រូវ​ទូល​សូម​ព្រះ​ប្រទាន​យើង​នូវ​ភាព​ច្បាស់​លាស់​ក្នុង​គំនិត និង​ភាព​សប្បុរស​ក្នុង​ចិត្ត ចំពោះ​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ព្រះ​គ្រីស្ទ។ ហើយ​បន្ទាប់​មក យើង​ចាំបាច់​ត្រូវ​ចំណាយ​ពេល​ពិនិត្យ​មើល​ចិត្ត​របស់​យើង ដើម្បី​ឲ្យ​បាន​ដឹង​ថា តើ​មាន​នរណា​ខ្លះ ដែល​យើង​មិន​បាន​ចុះ​សម្រុង​ជា​មួយ​គ្នា ហើយ​ត្រូវ​បោះ​ជំហាន​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​ការ​លើក​កម្ពស់ មិន​មែន​បំផ្លាញ​ភាព​សុខដុម​នៃ​ដំណឹង​ល្អ ដែល​ព្រះ​គ្រីស្ទ​បាន​ប្រទាន​តាម​រយៈ​ការ​សុគត​របស់​ព្រះ​អង្គ​នោះ​ទេ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុក​តម្កើង ១៣៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូអែល និង​ភីលីព ៤

ប្រភេទ