នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

រឿងតូចដែលបណ្តាលឲ្យខូចខាតធំ

រឿងតូចដែលបណ្តាលឲ្យខូចខាតធំ

ដោយBren thackett

June 27, 2025

បទចម្រៀងសាឡូម៉ូន ២:៨-១៥
ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មាន ដែលបំផ្លាញចំការទំពាំងបាយជូរទៅ ដ្បិតទំពាំងបាយជូររបស់យើងកំពុងតែផ្កាហើយ។ បទចម្រៀងសាឡូម៉ូន ២:‌១៥
ជីដូនរបស់ខ្ញុំធ្លាប់តែប្រាប់ម្តាយខ្ញុំថា “សត្វកញ្ជ្រោងតូចៗធ្វើឲ្យខូចដើមទំពាំងបាយជូរធំៗបាន”។ បន្ទាប់មក ម្តាយខ្ញុំក៏បាននិយាយដូចនេះ ប្រាប់ខ្ញុំផងដែរ។ ហើយសព្វថ្ងៃនេះ ខ្ញុំក៏បានបន្តនិយាយដូចនេះទៀត ទៅកាន់កូនៗរបស់ខ្ញុំ។ ប៉ុន្តែ តើយើងត្រូវមានការប្រុងប្រយ័ត្នដូចម្តេចខ្លះ ចំពោះសត្វកញ្ជ្រោងតូចៗ? 
បន្ទាប់ពីយើងបានដាំដើមទំពាំងបាយជូរ យើងត្រូវរង់ចាំជាច្រើនឆ្នាំ ទំរាំតែពួកវាចេញផ្លែ។ យើងត្រូវការភាពអត់ធ្មត់ច្រើន ក្នុងការថែទាំ ស្រោចទឹក ដាក់ជី លោះមែក និងការការពារ។ សត្វកញ្ជ្រោងមានមាឌតូចទេ តែវាអាចធ្វើឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ដើមទំពាំងបាយជូរធំៗបាន ដោយបំផ្លាញឫស ស៊ីផ្លែ ឬកកេរដើមទំពាំងបាយជូរ។ 
ក្នុងកណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូន ជាបទកំណាព្យស្នេហា ស្តេចសាឡូម៉ូនបានធ្វើការដាស់តឿនមនុស្សជាទីស្រឡាញ់របស់ទ្រង់ ឲ្យទៅចាប់សត្វកញ្ជ្រោងជាមួយទ្រង់ គឺសត្វកញ្ជ្រោងតូចៗ ដែលបំផ្លាញដើមទំពាំងបាយជូរ(២:‌១៥)។ ត្រង់ចំណុចនេះ គេយល់ឃើញថា ទ្រង់ប្រហែលជាមានបន្ទូលសំដៅទៅលើបញ្ហា ឬអាកប្បកិរិយាឆ្គាំឆ្គងតូចៗ ដែលអាចគំរាមកំហែងមកលើទំនាក់ទំនងស្នេហាបាន បើមិនប្រុងប្រយ័ត្នទេនោះ។ 
ការធ្វើដំណើរខាងវិញ្ញាណរបស់យើងក៏ដូច្នេះដែរ។ រឿងតូចៗ ដែលមានដូចជាភាពជូរល្វីងក្នុងចិត្ត(ហេព្រើរ ១២:១៥) “ពាក្យអាក្រក់ៗ”(អេភេសូរ ៤:២៩) ឬសូម្បីតែឥទ្ធិពលមិនល្អពីអ្នកដទៃ(១កូរិនថូស ១៥:៣៣) សុទ្ធតែអាចចូលទៅក្នុងជីវិតយើង ដោយមិនដឹងខ្លួន។ 
ជីដូនរបស់ខ្ញុំបានដឹងថា រឿងតូចៗអាចបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរបាន ហើយគាត់បានបន្សល់ទុកការយល់ដឹងនេះ ដល់កូនចៅជំនាន់ក្រោយរបស់គាត់។ ខណៈពេលដែលយើងចំណាយពេលអធិស្ឋាន និងអានព្រះគម្ពីរ ព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើង “ចាប់សត្វកញ្ជ្រោងតូចៗ” ដែលជាការល្បួង ឬទំលាប់អាក្រក់ ដែលអាចធ្វើឲ្យខូចទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃ និងការដើរជាមួយព្រះយេស៊ូវជារៀងរាល់ថ្ងៃ។—Brent Hackett

តើមានរឿងតូចៗអ្វីខ្លះដែលអ្នកត្រូវកំចាត់ មុនពេលពួកវាបណ្តាលឲ្យមានការខូចខាត? 
តើអ្នកអាចដាស់តឿនអ្នកដទៃ ឲ្យប្រុងប្រយ័ត្នចំពោះ “សត្វកញ្ជ្រោងតូចៗ” ដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យមានការប្រុងប្រយ័ត្ន និងដោះស្រាយរឿងតូចៗ 
ដែលអាចបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរបាន។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៨-១០ និង កិច្ចការ ៨:២៦-៤០
 

ល្ងាច

លក្ខណៈ​នៃ​គ្រួសារ​របស់​ព្រះ​គ្រីស្ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

លក្ខណៈ​នៃ​គ្រួសារ​របស់​ព្រះ​គ្រីស្ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 27, 2025

«កុំ​ឲ្យ​មាន​គំនិត​ឆ្មើង​ឆ្មៃ​សោះ​ឡើយ គឺ​ត្រូវ​ភប់​ប្រសព្វ​នឹង​មនុស្ស​រាបសា​វិញ» (រ៉ូម ១២:១៦)។
ផ្ទះ​អាច​ជា​កន្លែង​ដ៏​អស្ចារ្យ។ មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា ផ្ទះ​ជា​កន្លែង​ដែល​យើង​អាច​និយាយ​ត្រង់​ទៅ​ត្រង់​មក ជា​កន្លែង​ដែល​យើង​អាច​នៅ​ជា​មួយ​គ្រួសារ​យើង ហើយ​ជា​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា ស៊ាំ​នឹង​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ភាព​ខ្វះ​ចន្លោះ​របស់​យើង​ក៏​ដោយ។ ដែល​សំខាន់​បំផុត​នោះ​គឺ ផ្ទះ​ពិត​ប្រាកដ​ជា​កន្លែង​ដែល​យើង​អាច​បង្ហាញ​លក្ខណៈ​ពិត​របស់​យើង ដោយ​ការ​បន្ទាប​ខ្លួន​ពិត​ប្រាកដ។ យើង​គួរ​តែ​ប្រព្រឹត្ត​ដូច​នេះ​ផង​ដែរ នៅ​ក្នុង​ការ​ប្រកប​ជា​មួយ​រាស្ត្រ​របស់​ព្រះ។ 
សាវ័ក ប៉ុល បាន​បង្រៀន​គ្រីស្ទាន​ថា «កុំ​ឲ្យ​មាន​គំនិត​ឆ្មើង​ឆ្មៃ​សោះ​ឡើយ គឺ​ត្រូវ​ភប់​ប្រសព្វ​នឹង​មនុស្ស​រាបសា​វិញ»។ នេះ​ក៏​ជា​ការ​បង្រៀន​យើង​ឲ្យ​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​បង​ប្អូន​ក្នុង​គ្រួសារ​របស់​ព្រះ។ ឃ្លា «ត្រូវ​ភប់​ប្រសព្វ​នឹង​មនុស្ស​រាបសា» គឺ​អាច​ប្រែ​សម្រួល​មក​ថា «ត្រូវ​ស្ម័គ្រ​ចិត្ត​ធ្វើ​ការងារ​តូច​ទាប»។ បាន​សេចក្តី​ថា យើង​មិន​គួរ​មាន​អំនួត ដោយ​សារ​មាន​មនុស្ស​ដែល​យើង​មិន​ត្រូវ​ភព​ប្រសប់ ឬ​មាន​ការងារ​តូច​ទាប​ដែល​យើង​អាច​បដិសេធ​មិន​ព្រម​ធ្វើ​នោះ​ឡើយ។
ក្នុង​លោកីយ៍ មនុស្ស​គោរព​យើង​ផ្អែក​ទៅ​លើ​ឋានៈ សារៈសំខាន់ ឥទ្ធិពល ទ្រព្យ​សម្បត្តិ ការ​អប់រំ​របស់​យើង ។ល។ គ្រីស្ទ​បរិស័ទ​មិន​ត្រូវ​ប្រព្រឹត្ត​ដូច​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ រាស្ត្រ​របស់​ព្រះ​មិន​ត្រូវ​មាន​ចរិត​លក្ខណៈ​ដែល​សម្ភារៈ​និយម មាន​អំនួត និង​ការ​មួល​បង្កាច់ ដែល​ជា​ចរិត​លក្ខណៈ​របស់​លោកីយ៍​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​យើង​ទទួល​យក​ឥទ្ធិពល​របស់​លោកីយ៍ ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា «កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ» ហើយ «ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព» (ម៉ាថាយ ៨:២០ ១១:២៩)? ព្រះ​អង្គ​បាន​យាង​មក មិន​មែន​ដើម្បី​ព្យាបាល​អ្នក​ដែល​មាន​សុខ​ភាព​ល្អ​នោះ​ទេ តែ​ដើម្បី​អ្នក​ដែល​មាន​ជំងឺ (ម៉ាកុស ២:១៧)។ ព្រះ​អង្គ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ខ្លាំង ខ្មាស​អ្នក​ទន់​ខ្សោយ (១កូរិនថូស ១:២៧)។ សូម្បី​តែ​សាវ័ក ប៉ុល ដែល​ធ្លាប់​ធ្វើ​ជា​គ្រូ​ក្រឹត្យ​វិន័យ​ដែល​មាន​សមត្ថភាព ក៏​បាន​រាប់​ចំណេះ​ដឹង​របស់​ខ្លួន​ជា​សំរាម ដើម្បី​ឲ្យ​បាន​ព្រះ​គ្រីស្ទ​វិញ (ភីលីព ៣:៨)។ 
ព្រះ​យេស៊ូវ​កំពុង​សង់​ពួក​ជំនុំ ដែល​ជា​មហា​គ្រួសារ​របស់​ព្រះ។ ព្រះ​វរបិតា​នៃ​យើង​គង់​នៅ​ស្ថាន​សួគ៌ ព្រះ​យេស៊ូវ​ដែល​ជា​បង​ច្បង​របស់​យើង​កំពុង​សោយ​រាជ្យ ហើយ​បង​ប្អូន​ប្រុស​ស្រី​របស់​យើង​កំពុង​ថ្វាយ​បង្គំ​ព្រះ​អង្គ​ជា​មួយ​យើង។ ពេល​ណា​អ្នក​បាន​ចូល​រួម​ជា​មួយ​គ្រួសារ​នៃ​ពួក​ជំនុំ​របស់​អ្នក នៅ​ពេល​ក្រោយ​ទៀត ចូរ​បោះ​ជំហាន​ចេញ​ពី​ភាព​ស្រណុក​ស្រួល​របស់​អ្នក ដើម្បី​ទំនាក់​ទំនង​ជា​មួយ​សមាជិក​ណា​ម្នាក់​ក្នុង​ពួក​ជំនុំ ដែល​កាល​ពី​មុន​អ្នក​ដែល​មិន​បាន​ទំនាក់​ទំនង។ នៅ​ពេល​ក្រោយ បើ​គេ​សុំ​ឲ្យ​អ្នក​ធ្វើ​កិច្ចការ​អ្វី​មួយ ឬ​ទទួល​យក​តួនាទី​អ្វីមួយ​ក្នុង​ពួក​ជំនុំ​ដែល​តាម​ធម្មតា​អ្នក​មិន​ចង់​ធ្វើ ចូរ​សួរ​ខ្លួន​ឯង​ថា តើ​នេះ​ជា​ឱកាស​ដើម្បី​បន្ទាប​ខ្លួន ហើយ​មាន​ចិត្ត​សុភាព​ឬ​ទេ? សរុប​មក ព្រះ​យេស៊ូវ​ដែល​ជា​បង​ប្រុស​យើង​មិន​បាន​គិត​ថា ឈើ​ឆ្កាង​មិន​មាន​ភាព​ស័ក្ដិសម​ចំពោះ​ព្រះ​អង្គ​នោះ​ទេ ប៉ុន្តែ​បាន​សុគត​នៅ​ឈើ​ឆ្កាង​នោះ ដើម្បី​លើក​មនុស្ស​មាន​បាប​ដូច​យើង​ឡើង។ មនុស្ស​ម្នាក់ៗ​មាន​ឋានៈ​ស្មើ​គ្នា​នៅ​ក្រោម​ឈើ​ឆ្កាង។ ហេតុ​នេះ​ហើយ មហា​គ្រួសារ​របស់​ព្រះ​អង្គ​ត្រូវ​តែ​មាន​សេចក្តី​ស្រឡាញ់ ដែល​មាន​ការ​បន្ទាប​ខ្លួន​ធ្វើ​ជា​សញ្ញា​សម្គាល់។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាកុស ១:៤០-២:១៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ចោទិយកថា ១-៣ និង​កិច្ចការ ១

ប្រភេទ