នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការបង្អាក់ដំណើរដែលមិននឹកស្មាន

ការបង្អាក់ដំណើរដែលមិននឹកស្មាន

ដោយMatt Lucas

June 28, 2025

កិច្ចការ ១៦:‌១៦-២៤
ទាល់តែប៉ុលមានសេចក្ដីរំខានចិត្ត ហើយបែរទៅនិយាយនឹងអារក្សនោះថា អញបង្គាប់ឯងដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ឲ្យឯងចេញពីនាងនេះទៅ។ កិច្ចការ ១៦:១៨
លោកម៉ាញូអែល(Manuel) មានការយឺតយ៉ាវ ក្នុងការធ្វើដំណើរទៅព្រះវិហារ ហើយក៏បានជាប់ទៅមុខមិនរួច នៅកន្លែងភ្លើងស្តុប។ ខណៈពេលដែលគាត់កំពុងរង់ចាំដោយការអត់ធ្មត់ កូនស្រីរបស់គាត់ក៏បានកត់សំគាល់ឃើញអ្នកបើកបរម្នាក់ កំពុងផ្លាស់កង់ឡាន។ កូនស្រីគាត់ក៏បានប្រាប់គាត់ថា “ប៉ាពូកែផ្លាស់កង់ឡាន។ ប៉ាគួរតែជួយគាត់”។ លោកម៉ាញូអែលនឹងមានការយឺតយ៉ាវយ៉ាងខ្លាំង ក្នុងការទៅព្រះវិហារ តែគាត់ដឹងថា នេះជាការរៀបចំរបស់ព្រះ។ គាត់ក៏បានឈប់ឡាន ដើម្បីជួយផ្លាស់កង់ឡាន ហើយថែមទាំងបានអញ្ជើញម្ចាស់ឡាននោះ ទៅព្រះវិហារផងដែរ។ 
សាវ័កប៉ុល និងលោកស៊ីឡាស ក៏បានជួបការបង្អាក់ដំណើរ ក្នុងបទគម្ពីរកិច្ចការ ជំពូក១៦ ផងដែរ។ ពួកគេបានជួបក្មេងស្រីជាទាសករម្នាក់ ដែលមានអារក្សចូល ហើយចេះតែស្រែកពីខាងក្រោយពួកគាត់(ខ.‌១៧)។ សាវ័កប៉ុលមិនបានអើពើចំពោះនាង អស់រយៈពេលប៉ុន្មានថ្ងៃហើយ។ ទីបំផុត គាត់មានការរំខានចិត្តជាខ្លាំង បានជាគាត់បង្គាប់អារក្សនោះថា “អញបង្គាប់ឯងដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ឲ្យឯងចេញពីនាងនេះទៅ”(ខ.១៨)។
សាវ័កប៉ុលបានធ្វើការសម្រេចចិត្តបម្រើអ្នកដទៃ សូម្បីនៅពេលដែលគាត់កំពុងជាប់រវល់។ នៅពេលដែលគាត់រំដោះក្មេងស្រីនោះ ឲ្យរួចពីវិញ្ញាណអាក្រក់ រឿងកាន់តែស្មុគស្មាញបានកើតឡើង។ “កាលពួកចៅហ្វាយរបស់នាងឃើញថា ទីសង្ឃឹមដែលនឹងបានកំរៃ បានបាត់អស់ទៅហើយ នោះគេក៏ចាប់ប៉ុលនឹងស៊ីឡាស ដោយកន្ត្រាក់កន្ត្រែងនាំទៅឯទីផ្សារ នៅចំពោះមុខមេនគរបាល”(ខ.១៩)។ ពួកគេត្រូវគេវាយដុំ ហើយបោះចូលទៅក្នុងគុក ដោយគ្មានការកាត់ទោសត្រឹមត្រូវ(ខ.២២-២៤)។ 
ការបម្រើព្រះគ្រីស្ទត្រូវមានការលះបង់។ ព្រះយេស៊ូវបានប្រាប់សិស្សរបស់ព្រះអង្គថា ពួកគេត្រូវលីឈើឆ្កាង ដើរតាមព្រះអង្គ(ម៉ាថាយ ១០:៣៨)។ យើងនឹងជួបការរំខាន ហើយជួនកាល យើងរងទុក្ខ ដូចព្រះអង្គសង្គ្រោះរបស់យើងផងដែរ។ ព្រះអង្គបានត្រាស់ហៅយើងឲ្យទទួលយកការរំខាន ដែលយើងមិនបានរំពឹងថា នឹងកើតមាន។ តើអ្នកនឹងឆ្លើយតបដូចម្តេចខ្លះ នៅពេលដែលការបង្អាក់ដំណើរដូចនេះកើតមាន?—Matt Lucas

តើអ្នកនឹងឆ្លើយតប ដូចម្តេច ចំពោះការបង្អាក់ដំណើររបស់អ្នក? 
តើអ្នកអាចអនុញ្ញាតឲ្យព្រះទ្រង់ធ្វើការ តាមរយៈអ្នក ក្នុងការឆ្លើយតបនោះ ដូចម្តេចខ្លះ? 
ឱព្រះវរបិតា សូមព្រះអង្គបើកភ្នែកទូលបង្គំ នៅថ្ងៃនេះ នៅពេលមានការបង្អាក់ដំណើរ 
ដើម្បីឲ្យទូលបង្គំអាចមើលឃើញឱកាសបម្រើអ្នកដទៃ។
For further study, read Self-Control Requires Letting Go at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១១-១៣ និង កិច្ចការ ៩:១-២១
 

ល្ងាច

ការ​ផ្សះផ្សា​ដែល​អាច​កើត​មាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​ផ្សះផ្សា​ដែល​អាច​កើត​មាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 28, 2025

«ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឲ្យ​ខំ​នៅ​ជា​មេ​ត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ បើ​សិន​ជា​បាន» (រ៉ូម ១២:១៨)។
ព្រះ​គម្ពីរ​គឺ​ជា​សៀវភៅ​ដ៏​អស្ចារ្យ ដែល​ផ្តល់​ឲ្យ​យើង​នូវ​ដំណោះ​ស្រាយ​ជាក់​ស្ដែង។ ប្រាជ្ញា​ក្នុង​ព្រះ​គម្ពីរ​មាន​ភាព​សម្បូរ​បែប​ណាស់ ហើយ​អាច​ប្រើ​ក្នុង​ជីវិត​ពិត ហើយ​កាលណា​យើង​មាន​វ័យ​កាន់​តែ​ចាស់ នោះ​យើង​នឹង​បាន​ឮ​ប្រាជ្ញា​នោះ​និយាយ​អំពី​ស្ថានភាព​នីមួយៗ​របស់​យើង​កាន់​តែ​មាន​ន័យ។ មនុស្ស​ជា​ច្រើន​ដឹង​ថា ឪពុក​ម្តាយ​របស់​ពួក​គេ​ច្រើន​តែ​កែ​តម្រង់​ពួក​គេ​ដោយ​ការ​ដាស់តឿន និង​ពាក្យ​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ពេល​ណា​យើង​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះ​បន្ទូល​ព្រះ យើង​នឹង​បាន​ឃើញ​ថា ព្រះ​បន្ទូល​បាន​និយាយ​ត្រូវ​គ្រប់​ពេល​គ្រប់​វេលា។
ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ សាវ័ក ប៉ុល បាន​បង្ហាញ​ប្រាជ្ញា ដែល​យើង​អាច​ប្រើ​គ្រប់​សម័យ​កាល​ក្នុង​ជីវិត​ពិត។ គាត់​បាន​បង្រៀន​យើង «ឲ្យ​ខំ​នៅ​ជា​មេ​ត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ»។ នេះ​ជា​ពាក្យ​ដ៏​សាមញ្ញ មិន​ពិបាក​យល់​ទេ។ ប៉ុន្តែ គាត់​មិន​បាន​និយាយ​តែ​ប៉ុណ្ណេះ​ទេ។ ប៉ុន្តែ ក្នុង​ការ​បង្រៀន​នេះ​មាន​លក្ខ​ខណ្ឌ​ពីរ​យ៉ាង​គឺ នៅ​ក្នុង​ឃ្លា «ខាង​ឯ​អ្នក​រាល់​គ្នា» និង​ឃ្លា «បើ​សិន​ជា​បាន»។ បាន​សេចក្តី​ថា យើង​មិន​តែង​តែ​អាច​នៅ​ជា​មេ​ត្រី​នឹង​គេ​ជានិច្ច​ឡើយ។
ត្រង់​ចំណុច​នេះ ការ​បង្រៀន​របស់​គាត់​មិន​មាន​ចន្លោះ​ប្រហោង​ទេ។ គាត់​មិន​មែន​កំពុង​តែ​ប្រាប់​យើង ឲ្យ​នៅ​ជា​មេ​ត្រី​ជា​មួយ​អ្នក​ដទៃ ដរាបណា​យើង​អាច​គ្រប់​គ្រង​កំហឹង និង​អារម្មណ៍​ខ្លួន​ឯង​នោះ​ទេ ព្រោះ​បើ​សិន​ជា​ដូច្នោះ​មែន យើង​អាច​បន្ត​មាន​ចិត្ត​ជូរ​ល្វីង​ដោយ​សេរី។ ប៉ុន្តែ គាត់​បង្រៀន​យើង​ថា ការ​ប៉ះ​ទង្គិច​ក្នុង​ជីវិត​យើង នៅ​តែ​បន្ត​កើត​មាន ទោះ​យើង​ខិតខំ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​យើង​មិន​ត្រូវ​បង្ក​ជម្លោះ​នោះ​ទេ។ ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ជម្លោះ​ដែល​បន្ត​មាន យើង​មិន​ត្រូវ​មាន​ការ​ស្ទាក់ស្ទើរ នៅ​ក្នុង​ការ​ផ្សះផ្សា​នោះ​ឡើយ។ 
ប៉ុន្តែ ទោះ​យើង​បាន​ធ្វើ​ការ​ផ្សះផ្សា​នៅ​ខាង​យើង​ហើយ​ក៏​ដោយ ក៏​មាន​លក្ខ​ខណ្ឌ​ពីរ​យ៉ាង​ដែល​ធ្វើ​ឲ្យ​មេ​ត្រី​ភាព​មិន​អាច​កើត​មាន​ផង​ដែរ។ ទី​មួយ គឺ​នៅ​ពេល​ដែល​ភាគី​ម្ខាង​ទៀត មិន​ចង់​ផ្សះផ្សា​ជា​មួយ​យើង។ យើង​ប្រហែល​ជា​កំពុង​តែ​ប្រឈម​មុខ​ដាក់​មនុស្ស​ដែល​ចង់​ធ្វើ​អាក្រក់​មក​លើ​យើង ហើយ​មិន​ចង់​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​នោះ​ទេ។ ក្នុង​ស្ថានភាព​បែប​នេះ យើង​ប្រហែល​មិន​អាច​កែ​ប្រែ​អ្នក​នោះ ឬ​រារាំង​ភាព​ឃោរឃៅ​របស់​ពួក​គេ​បាន​ទេ ប៉ុន្តែ​យើង​អាច​ទប់​ចិត្ត​មិន​ឲ្យ​វាយ​បក​ទៅ​វិញ។ ពេល​ណា​យើង​ប្រាកដ​ថា យើង​មិន​មែន​កំពុង​តែ​រួម​ចំណែក​នៅ​ក្នុង​ការ​បង្ក​ជម្លោះ​នោះ គឺ​មាន​ន័យ​ថា យើង​កំពុង​ដេញ​តាម​សន្តិភាព ទោះ​វា​ជា​ការ​ប្រឹង​ប្រែង​តែ​ម្ខាង​ក៏​ដោយ។ 
ម្យ៉ាង​ទៀត យើង​ជួប​ឧបសគ្គ​មួយ​ទៀត នៅ​ពេល​ដែល​របៀប​ដែល​យើង​ស្វែង​រក​ការ​ផ្សះផ្សា មិន​មាន​ភាព​សម​ស្រប​នឹង​គោលការណ៍​នៃ​សេចក្តី​បរិសុទ្ធ សេចក្តី​ពិត និង​សេចក្តី​សុចរិត។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ បាន​គិត​ដល់​ស្ថានភាព​មួយ​នេះ នៅ​ពេល​ដែល​គាត់​បង្រៀន​ពួក​ជំនុំ​ថា «ចូរ​ដេញ​តាម​សេចក្តី​មេ​ត្រី ចំពោះ​មនុស្ស​ទាំង​អស់​ចុះ ហើយ​ឲ្យ​បាន​ញែក​ជា​បរិសុទ្ធ​ដែរ បើ​អ្នកណា​គ្មាន​សេចក្តី​បរិសុទ្ធ នោះ​មិន​ដែល​ឃើញ​ព្រះ​អម្ចាស់​ឡើយ» (ហេព្រើរ ១២:១៤)។ បទ​គម្ពីរ​នេះ​មិន​មាន​ការ​បង្រៀន​ពីរ​ផ្ទុយ​គ្នា​នោះ​ទេ។ បាន​សេចក្តី​ថា ការ​ព្យាយាម​ស្វែងរក​ការ​ផ្សះផ្សា និង​ការ​ស្វែង​រក​សេចក្តី​បរិសុទ្ធ មិន​ត្រូវ​ដើរ​បញ្ច្រាស​គ្នា​ទេ។ 
ការ​ដេញ​តាម​សន្តិភាព ក៏​មិន​ត្រូវ​ក្លាយ​ជា​ការ​ដេញ​តាម​ការ​ខាតបង់​ដែរ។ អ្នក​ខ្លះ​ចាំបាច់​ត្រូវ​ទប់​ចិត្ត​ខ្លួន​ឯង​ដែល​ស្អប់​ជម្លោះ និង​ស្អប់​ការ​ប្រឈម​មុខ​ដាក់​គ្នា ពោល​គឺ​មិន​ត្រូវ​បណ្តោយ​ឲ្យ​វា​នាំ​យើង​ដេញ​តាម​សន្តិភាព ដោយ​ការ​លះបង់​សេចក្តី​សុចរិត​នោះ​ទេ។ 
អ្នក​មិន​អាច​កែ​ប្រែ​ចិត្ត​មនុស្ស​បានទេ ព្រោះ​ការ​កែ​ប្រែ​ចិត្ត គឺ​ជា​កិច្ចការ​របស់​ព្រះ​អម្ចាស់។ អ្នក​មិន​ត្រូវ​បន្ថែម​បន្ថយ​ភាព​សុចរិត​របស់​អ្នក​នោះ​ឡើយ ព្រោះ​ព្រះ​អម្ចាស់​ខ្វល់​អំពី​រឿង​នេះ​ខ្លាំង​ជាង​គេ។ ប៉ុន្តែ ព្រះ​អង្គ​កំពុង​បង្គាប់​អ្នក​ឲ្យ​ដេញ​តាម​ការ​ផ្សះផ្សា ទោះ​នេះ​ជា​ការ​ប្រឹង​ប្រែង​តែ​ម្ខាង​ក្ដី។ តើ​អ្នក​ត្រូវ​ការ​ព្រះ​រាជ​បញ្ជា​នេះ​បណ្ដាល​ចិត្ត​អ្នក​ឲ្យ​គ្រប់​គ្រង​ពាក្យ​សម្ដី កែ​ប្រែ​អាកប្ប​កិរិយា ឬ​បោះ​ជំហាន​ទីមួយ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​នៅ​ថ្ងៃ​នេះ​ឬ​ទេ? 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ដានីយ៉ែល ៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ចោទិយកថា ៤-៦ និង​កិច្ចការ ២:១-២១

ប្រភេទ