នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

គំរូនៃការអធិស្ឋានរបស់យាយទួត

គំរូនៃការអធិស្ឋានរបស់យាយទួត

ដោយKatara Patton

June 29, 2025

សុភាសិត ៣១:១០-១៨
ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានដំឡៃជាជាងត្បូងទទឹមទៅទៀត ... នាងក្រោកពីដេកតាំងពីនៅងងឹតនៅឡើយ ក៏ចាត់ចែងអាហារឲ្យពួកផ្ទះ។ សុភាសិត ៣១:១០,១៥
ក្នុងអំឡុងពេលដែលក្រុមគ្រួសារខ្ញុំមានការជួបជុំគ្នា កាលប៉ុន្មានឆ្នាំមុន ម្តាយរបស់ខ្ញុំក៏បានចែកចាយពាក្យពេចន៍ខ្លះៗ ដែលគាត់បានសរសេរទុក។ គាត់បានផ្តល់កិត្តិយសដល់ជីដូនគាត់ ជាស្រ្តីដែលខ្ញុំធ្លាប់បានជួប តែខ្ញុំបានឮម្តាយខ្ញុំនិយាយអំពីគាត់ជាញឹកញាប់។ ម្តាយរបស់ខ្ញុំបានសរសេរថា គាត់បាននឹកចាំថា អ្នកម្តាយស៊ូសិន(Susan)តែងតែក្រោកពីដំណេកនៅពេលទៀបភ្លឺ ដើម្បីអធិស្ឋានឲ្យក្រុមគ្រួសារគាត់។ ការនឹកចាំនេះមានឥទ្ធិពលមកលើជីវិតរបស់ម្តាយខ្ញុំយ៉ាងខ្លាំង ហើយខ្ញុំក៏នឹកចាំផងដែរ រហូតមកដល់ពេលសព្វថ្ងៃ ទោះខ្ញុំមិនដែលបានជួបយាយទួតរបស់ខ្ញុំក៏ដោយ។ 
ការពិពណ៌នានេះបានរំឭកខ្ញុំ អំពីស្រ្តីម្នាក់ ដែលបទគម្ពីរសុភាសិត ជំពូក៣១ បានពិពណ៌នា។ គាត់បានថែរក្សាគ្រួសាររបស់គាត់ តាមរបៀបជាច្រើនដែលគេអាចមើលឃើញជាក់ស្តែង ហើយគាត់បានក្រោកពីដំណេក “តាំងពីនៅងងឹតនៅឡើយ”(ខ.១៥)។ គាត់មានកិច្ចការជាច្រើនដែលត្រូវធ្វើ ដើម្បីថែទាំគ្រួសារគាត់ ដូចជា ការរៀបចំអាហារ ទិញដី ធ្វើចំការទំពាំងបាយជូរ ធ្វើជំនួញដែលរកបានប្រាក់កំរៃ ដេរខោអាវ និងសម្រេចកិច្ចការជាច្រើនទៀត ដើម្បីថែទាំមនុស្សដែលគាត់ស្រឡាញ់។ ហើយគាត់ថែមទាំងប្រើធនធានគាត់ ដើម្បីជួយទំនុកបម្រុងអ្នកក្រ និងជនទុរគតផងដែរ(ខ.២០)។
ក្នុងសម័យដែលបទគម្ពីរសុភាសិតជំពូក៣១នេះ ត្រូវបាននិពន្ធឡើង ការថែទាំគ្រួសារមិនមែនជាការងាយទេ គឺដូចដែលបទគម្ពីរនេះបានពិពណ៌នា អំពីកិច្ចការជាច្រើនដែលស្រ្តីគំរូនោះបានធ្វើ។ ហើយវាក៏មិនមែនជាការងាយ សម្រាប់ជីដូនខ្ញុំ ដែលបានកើតក្នុងទសវត្សរ៍ឆ្នាំ១៨០០។ ប៉ុន្តែ ការអធិស្ឋានដែលបានបន្លឺឡើង នៅពេលព្រឹកព្រលឹម ក៏ដូចជាពេញមួយថ្ងៃ បានជួយឲ្យស្ត្រីទាំងនេះបានផ្ដោតចិត្ត និងមានការលើកទឹកចិត្ត ខណៈពេលដែលព្រះទ្រង់ជួយពួកគេឲ្យរស់នៅ ស្របតាមការត្រាស់ហៅឲ្យថែទាំគ្រួសាររបស់ខ្លួន និងអ្នកដទៃ។—Katara Patton

តើធ្វើដូចម្តេចឲ្យអ្នកនៅតែមានទឹកចិត្ត ក្នុងការបំពេញកិច្ចការប្រចាំថ្ងៃ? 
តើការអធិស្ឋាននៅពេលព្រឹក និងនៅពេលផ្សេងទៀតជាទៀងទាត់ បានជួយអ្នកដូចម្តេចខ្លះ? 
ឱព្រះដ៏បរិសុទ្ធ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់បុរស និងស្រ្តីដែលបានថែទាំគ្រួសារខ្លួនឯង 
ដោយចិត្តស្មោះត្រង់។ សូមព្រះអង្គជួយទូលបង្គំ ឲ្យថែទាំគ្រួសាររបស់ទូលបង្គំដូចពួកគេផងដែរ។ 
Visit ODBU.org/SF120 to learn how praying regularly can change the way you see God.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១៤-១៦ និង កិច្ចការ ៩:២២-៤៣
 

ល្ងាច

ជៀសវាង​ការ​សងសឹក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ជៀសវាង​ការ​សងសឹក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 29, 2025

«ឱ​ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​សងសឹក​ឡើយ ចូរ​ថយ​ចេញ​ពី​សេចក្តី​កំហឹង​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ការ​សងសឹក នោះ​ស្រេច​នឹង​អញ អញ​នឹង​សង​ដល់​គេ» ដូច្នេះ បើ​សិន​ណា​ជា​ខ្មាំង​សត្រូវ​អ្នក​ឃ្លាន នោះ​ចូរ​ឲ្យ​គេ​បរិភោគ​ចុះ បើ​គេ​ស្រេក ចូរ​ឲ្យ​ផឹក​ទៅ បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​ដូច​ជា​អ្នក​បាន​ប្រមូល​រងើក​ភ្លើង​ដាក់​លើ​ក្បាល​គេ​វិញ» (រ៉ូម ១២:១៩-២០)។
ពាក្យ «រងើក​ភ្លើង» ក្នុង​បរិបទ​នេះ មិន​មែន​ជា​ការ​ប្រៀប​ប្រដូច​អំពី​ការ​សង​សឹក ឬ​ការ​ឈឺ​ចាប់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពាក្យ​នេះ​និយាយ​សំដៅ​ទៅ​លើ​ភាព​អា​ម៉ាស និង​ការ​ស្តាយ​ក្រោយ ដែល​មនុស្ស​មាន ពេល​ណា​យើង​បង្ហាញ​សេចក្តី​សប្បុរស​ដល់​ពួក​គេ ជាជាង​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ផល​វិបាក ដែល​យើង​គិត​ថា ពួក​គេ​សម​នឹង​ទទួល។ វា​ជា​លទ្ធផល​ដែល​កើត​ឡើង នៅ​ពេល​ណា​គ្រីស្ទ​បរិស័ទ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​ធ្វើ​ខុស​មក​លើ​ខ្លួន ដោយ​គ្មាន​ការ​ព្យាបាទ ឬ​ការ​សង​សឹក។ ការ​ធ្វើ​ដូច​នេះ​បាន គឺ​ល្អ​លើស​និស្ស័យ​សាច់​ឈាម​របស់​យើង។ លោក ចន កាល់វិន (John Calvin) បាន​សង្កេត​ឃើញ​ថា ពេល​ណា​យើង​ធ្វើ​ដូច​នេះ គំនិត​របស់​សត្រូវ​របស់​យើង «អាច​បែក​ចេញ​ជា​ពីរ។ បើ​ចិត្ត​របស់​គាត់​មិន​ប្រែ​ជា​ទន់ ដោយ​សេចក្តី​សប្បុរស​ទេ នោះ​គាត់​នឹង​មាន​អារម្មណ៍​ឈឺ​ចាប់ ហើយ​បញ្ញា​ចិត្ត​របស់​គាត់​នឹង​ធ្វើ​ទុក្ខ​គាត់»។1
ដូច​នេះ រងើក​ភ្លើង​នោះ​មិនមែន ដើម្បី​បង្ក​ការ​ឈឺ​ចាប់ តែ​នាំ​មក​នូវ​ការ​ប្រោស​ឲ្យ​ជា។ ទង្វើ​ដ៏​សប្បុរស​របស់​យើង គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ផ្សះផ្សា នាំ​មនុស្ស​ចូល​ជិត​យើង​មិន​មែន​រុញ​ច្រាន​ពួក​គេ​ឲ្យ​ចេញ​ពី​យើង​នោះ​ទេ។ ការ​អនុវត្ត​ដូច​នេះ គឺ​ប្រៀប​ដូច​ជា​ការ​ដែល​ព្រះ​អម្ចាស់​បង្ហាញ​សេចក្តី​មេត្តា​ចំពោះ​យើង កាល​យើង​កំពុង​រស់​នៅ​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ​អង្គ (រ៉ូម ២:៤ ៥:៨)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ស្វែង​រក​រងើក​ភ្លើង​ប្រភេទ​នេះ​ទេ នៅ​ពេល​ណា​គេ​ធ្វើ​ខុស​មក​លើ​យើង ឬ​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់។ មនុស្ស​ជា​ច្រើន​សប្បាយ​ចិត្ត ពេល​ដែល​បាន​ដឹង​ថា រងើក​ភ្លើង​ពិត​ជា​បាន​ធ្លាក់​មក​លើ​ក្បាល​របស់​សត្រូវ​ក្នុង​ន័យ​ត្រង់​មែន ដោយ​ធ្វើ​ឲ្យ​ពួក​គេ​រលាក​ក្បាល និង​មាន​ស្នាម​សម្លាក។ តាម​ពិត ពួក​គេ​សម​នឹង​ទទួល​លើស​ពី​នេះ​ទៀត! ប៉ុន្តែ ការ​មាន​ចិត្ត​រីករាយ​ដូច​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​បាប មិន​មែន​ឆ្លុះ​បញ្ចាំង​អំពី​ជំនឿ​របស់​យើង​ទេ។ ព្រះ​យេស៊ូវ​មិន​មាន​អាកប្ប​កិរិយា​ដូច​នេះ​ទេ។ ស្តាប់​មើល​ទៅ ខ​គម្ពីរ​នេះ​ហាក់​ដូច​ជា​ពិបាក​អនុវត្ត​តាម​ណាស់។ 
ចូរ​យើង​កត់​សម្គាល់​ថា ព្រះ​បន្ទូល​ព្រះ​បាន​ត្រាស់​ហៅ​យើង​មិន​ឲ្យ​ឆ្លើយ​តប​ដោយ​ការ​សងសឹក​នោះ​ឡើយ ប៉ុន្តែ​ឲ្យ​ឆ្លើយ​តប​ដោយ​ការ​ឲ្យ​ពរ​ដល់​គេ​វិញ។ ពេល​ណា​យើង​គ្រប់​គ្រង​ចិត្ត​ខ្លួន​ឯង​មិន​ឲ្យ​សង​សឹក គឺ​មិន​មែន​មាន​ន័យ​ថា យើង​បាន​ស្តាប់​បង្គាប់​ព្រះ​ទាំង​ស្រុង​ហើយ​ទេ។ ក្នុង​នាម​យើង​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ យើង​មិន​គ្រាន់​តែ​ជៀស​វាង​ការ​ធ្វើ​ការ​អាក្រក់​មក​លើ​សត្រូវ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​ធ្វើ​ការ​ល្អ​មក​លើ​ពួក​គេ​ផង​ដែរ។ យើង​ងាយ​នឹង​គិត​ថា ការ​មិន​អើពើ​ចំពោះ​ខ្មាំង​សត្រូវ​របស់​យើង គឺ​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ ឬ​ជា​អ្វី​ដែល​គេ​រំពឹង​ឲ្យ​យើង​ធ្វើ ប៉ុន្តែ​តាម​បទ​គម្ពីរ​ខាង​លើ យើង​ត្រូវ​ប្រព្រឹត្ត​ល្អ​ចំពោះ​ពួក​គេ។ តួនាទី​របស់​យើង គឺ​ត្រូវ​ឆ្លើយ​តប ចំពោះ​ការ​អាក្រក់​របស់​គេ ដោយ​វិញ្ញាណ​នៃ​សេចក្តី​សប្បុរស ដោយ​ទុក​ចិត្ត​ថា ព្រះ​អម្ចាស់​តែង​តែ​ជំនុំ​ជម្រះ​ដោយ​យុត្តិ​ធម៌ ហើយ​យើង​មិន​ចាំ​បាច់​ត្រូវ​កាត់​ទោស​គេ​ទេ (១ពេត្រុស ២:២៣)។ 
ក្នុង​នាម​យើង​ជា​អវយវៈ​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ មនុស្ស​ជា​ច្រើន​នៅ​តែ​ព្យាយាម​លើក​ហេតុ​ផល​ការពារ​ទង្វើ ឬ​គំនិត ដែល​មិន​ស្តាប់​បង្គាប់ ឬ​ចង់​សង​សឹក។ ប៉ុន្តែ គំនិត​របស់​សត្រូវ​របស់​យើង ប្រហែល​ជា​អាច​ប្រឆាំង​គំនិត​របស់​យើង ហើយ​វិញ្ញាណ​របស់​ពួកគេ​អាច​ទប់ទល់​នឹង​ការ​គម្រាម​កំហែង​របស់​យើង ប៉ុន្តែ​ការ​បង្ហាញ​សេចក្តី​ស្រឡាញ់​ក្នុង​ការ​ប្រព្រឹត្ត​អាច​នាំ​ឲ្យ​ពួក​គេ​ប្រែ​ចិត្ត។
តើ​ចិត្ត និង​ទង្វើ​របស់​អ្នក​ចាំ​បាច់​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ​ដោយ​សារ​ខ​គម្ពីរ​នេះ​យ៉ាង​ដូច​ម្ដេច​ខ្លះ? ចូរ​យើង​កុំ​ព្យាយាម​ជៀស​ចេញ​ពី​ពួក​គេ​ឡើយ។ នៅ​ក្នុង​ការ​លូត​លាស់​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ យើង​ក៏​ចាំ​បាច់​ត្រូវ​ស្វែង​រក​វិធី​ធ្វើ​ការ​ល្អ​ដល់​សត្រូវ​របស់​យើង​ផង​ដែរ​ដោយ​ប្រព្រឹត្ត ដោយ​សេចក្តី​សប្បុរស​ដ៏​ហូរហៀរ​របស់​ព្រះ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ២២:៤៧-៥៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ចោទិយកថា ៧-៩ និង​កិច្ចការ ២:២២-៤៧

ប្រភេទ