នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

គេងមិនលក់ឬ?

គេងមិនលក់ឬ?

ដោយDave Branon

June 30, 2025

ទំនុកដំកើង ៣
ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ។ ទំនុកដំកើង ៣:៥
មានពេលមួយមិត្តភក្តិខ្ញុំបានប្រាប់ខ្ញុំថា គាត់កំពុងមានបញ្ហាដំណេក។ ការគេងមិនលក់នេះជាប់ទាក់ទងនឹងស្ថានភាពដ៏ពិបាកក្នុងគ្រួសារគាត់ ដែលធ្វើឲ្យគាត់មិនងងុយគេង នៅពេលយប់។ គាត់បានប្រាប់ខ្ញុំអំពីបញ្ហានេះ ចំថ្ងៃដែលខ្ញុំកំពុងរៀបចំមេរៀនសម្រាប់ពិភាក្សា អំពីបទគម្ពីរទំនុកដំកើងជំពូក៣ ក្នុងសាលារៀនថ្ងៃអាទិត្យសម្រាប់មនុស្សពេញវ័យ។ 
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៣ ស្តេចដាវីឌក៏មានបញ្ហាគ្រួសារផងដែរ គឺបញ្ហាដែលធ្វើឲ្យមនុស្សភាគច្រើនគេងមិនលក់។ កាលនោះ អាប់សាឡំជាបុត្រារបស់ទ្រង់កំពុងតែធ្វើឲ្យការគ្រងរាជ្យរបស់ទ្រង់នៅលើទឹកដីអ៊ីស្រាអែលមានការចុះខ្សោយយ៉ាងខ្លាំង ដើម្បីផ្តួលរំលំទ្រង់ ហើយដណ្តើមរាជបល្ល័ង្ករបស់ទ្រង់។ 
ស្តេចដាវីឌធ្លាក់ចូលក្នុងភាពអស់សង្ឃឹម។ ទ្រង់ក៏បានរត់គេចពីទីក្រុងយេរូសាឡិម នៅពេលដែលអ្នកនាំសារម្នាក់ទូលទ្រង់ថា “ពួកជនជាតិអ៊ីស្រាអែលទាំងអស់គ្នា មានចិត្តនិយមទៅតាមអាប់សាឡំមហើយ”(២សាំយ៉ូអែល ១៥:‌១៣)។ ក្នុងបទគម្ពីរទំនុកដំកើង ៣:១ ស្តេចដាវីឌក៏បានពិពណ៌នា អំពីស្ថានភាពរបស់ទ្រង់ថា “ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងនៃទូលបង្គំមានគ្នាកាន់តែច្រើនឡើងយ៉ាងណាហ្ន៎!”។
ប៉ុន្តែ យើងគួរកត់សំគាល់ថា ស្តេចដាវីឌក៏បានរកឃើញសន្តិភាពក្នុងចិត្ត។ ទ្រង់បាននឹកចាំថា ព្រះអម្ចាស់គឺជាខែលការពារទ្រង់ ហើយក៏លើកក្បាលទ្រង់ឲ្យងើយឡើង(ខ.៣)។ បន្ទាប់មក ទ្រង់ក៏ទទួលបានជំនួយដែលយើងរាល់គ្នាសុទ្ធតែត្រូវការ នៅពេលដែលយើងមានការភ័យខ្លាច ចំពោះកាលៈទេសៈរបស់យើង។ ស្តេចដាវីឌក៏បានផ្ទំលក់។ ទ្រង់ក៏បានសង្កេតឃើញថា ទ្រង់បានផ្ទំលក់ ហើយភ្ញាក់ឡើងវិញ គឺដោយសារព្រះអម្ចាស់ទប់ទល់ទ្រង់(ខ.៥)។ 
សម្រាប់មិត្តភក្តិខ្ញុំដែលកំពុងពិបាកចិត្តគេងមិនលក់ ខគម្ពីរនេះពិតជាបានលើកទឹកចិត្តគាត់ណាស់។ ហើយសម្រាប់យើងរាល់គ្នា ដែលកំពុងប្រឈមមុខដាក់កាលៈទេសៈដ៏ពិបាក ហើយគេងមិនលក់ ព្រះរបស់យើងការពារយើង ហើយប្រទានការសម្រាកដល់យើង។ ពេលណាយើងទុកចិត្តព្រះអង្គទាំងស្រុង ព្រះអង្គនឹងជួយយើងឲ្យគេងលក់(ខ.៥)។—Dave Branon

តើអ្នកបានជួបរឿងពិបាកចិត្ត ដែលធ្វើឲ្យគេងមិនលក់ទេ? ជាជាងស្តាប់មនុស្សដែលមិនជឿព្រះ
(ទំនុកដំកើង ៣:២) តើអ្នកទុកចិត្តថា ព្រះអង្គនឹងប្រទានការការពារអ្នកដូចម្តេចខ្លះ? 
ឱព្រះវរបិតា ជួនកាល ទូលបង្គំចោទសួរដូចស្តេចដាវីឌថា “ពួកខ្មាំងនៃទូលបង្គំមានគ្នាកាន់តែច្រើនឡើង
យ៉ាងណាហ្ន៎!” ប៉ុន្តែ ព្រះអង្គតែងតែរង់ចាំជួយទូលបង្គំជានិច្ច។ សូមព្រះអង្គធ្វើជាខែលការពារទូលបង្គំ 
ហើយជួយទូលបង្គំឲ្យគេងលក់ផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១៧-១៩ និង កិច្ចការ ១០:១-២៣
 

ល្ងាច

ឈ្នះ​សេចក្តី​អាក្រក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ឈ្នះ​សេចក្តី​អាក្រក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 30, 2025

«កុំ​ឲ្យ​សេចក្តី​អាក្រក់​ឈ្នះ​អ្នក​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈ្នះ​សេចក្តី​អាក្រក់ ដោយ​សារ​សេចក្តី​ល្អ​វិញ» (រ៉ូម ១២:២១)។
កាល​យុវតី​ម្នាក់​នៅ​រៀន នៅ​សកលវិទ្យាល័យ​ខេមប្រ៊ីជ កាល​ពី​ទសវត្សរ៍​ឆ្នាំ១៩៤០ បាន​ក្លាយ​ជា​លេខាធិការ​របស់​បក្ស​កុម្មុយនីស្ត​មួយ។ រដូវ​រងា​នៅ​ឆ្នាំ១៩៤៦-១៩៤៧ មាន​ភាព​ត្រជាក់​ធ្ងន់ធ្ងរ​បណ្ដាល​ឲ្យ​ទឹក​ក្នុង​ទុយោ​កក​អស់ ហើយ​ការ​ខ្វះខាត​ទឹក​ប្រើ​ប្រាស់​ក៏​បាន​កើត​មាន។ គេ​បាន​កំណត់​ឲ្យ​និស្សិត​ស្រីៗ​ទាំង​ឡាយ ងូត​ទឹក​បាន​តែ១ដង​ក្នុង​១សប្តាហ៍ ហើយ​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តម្រង់​ជួរ​រង់​ចាំ​វេន​ចូល​ងូត​ទឹក លេខាធិការ​បក្ស​កុម្មុយនីស្ត​រូប​នោះ និង​និស្សិត​ដទៃ​ទៀត​ក៏​មាន​ការ​រអ៊ូរទាំ និង​ការ​ដណ្ដើម​កន្លែង​ឈរ​ជា​មួយ​អ្នក​ដទៃ​ផង​ដែរ។ 
និស្សិត​ស្រី​ម្នាក់​ក្នុង​ចំណោម​និស្សិត​ស្រី​ដែល​មាន​បន្ទប់​នៅ​ជិត​បន្ទប់​ទឹក​ជាង​គេ គឺ​ជា​គ្រីស្ទ​បរិស័ទ។ និស្សិត​ជា​ជន​កុម្មុយនីស្ត​នោះ​បាន​កត់​សម្គាល់​ឃើញ​ថា និស្សិត​ស្រី​នោះ​មិន​ដែល​ប្រើ​សិទ្ធិ​របស់​ខ្លួន ហើយ​បាន​ឆ្លើយ​តប​ដោយ​សុភាព ចំពោះ​ភាព​អាត្មា​និយម​របស់​អ្នក​ដទៃ។ គ្រីស្ទ​បរិស័ទ​ម្នាក់​នេះ​កំពុង​អនុវត្ត និង​បង្ហាញ​ចេញ​នូវ​អ្វី​ដែល​ជន​កុម្មុយនីស្ត​នោះ​បាន​អះអាង​ថា មនុស្ស​ត្រូវ​ធ្វើ​តែ​ខ្លួន​គាត់​មិន​ដែល​បាន​ធ្វើ​ឡើយ។ ការ​សង្កេត​មើល​នេះ​បាន​នាំ​ឲ្យ​មាន​ការ​សន្ទនា​គ្នា ហើយ​ទី​បំផុត ការ​សន្ទនា​នេះ​បាន​នាំ​ឲ្យ​ជន​កុម្មុយនីស្ត​ម្នាក់​នោះ​បាន​ប្រែ​ចិត្ត ហើយ​ចេញ​ទៅ​បម្រើ​ព្រះ​ជា​បេសកជន​នៅ​អាស៊ី​ខាង​កើត។ 
ពេល​ណា​យើង​ព្យាយាម​យក​ឈ្នះ​លើ​ការ​អាក្រក់​ដោយ​ពាក្យ​សម្ដី និង​ទង្វើ​ដ៏​អាក្រក់​របស់​យើង គឺ​យើង​កំពុង​បំផ្លាញ​ខ្លួន​ឯង​ហើយ។ យើង​មិន​អាច​ជម្នះ​ការ​អាក្រក់ ដោយ​អំណាច​នៃ​ការ​អាក្រក់​បាន​ទេ។ ការ​អាក្រក់​នឹង​កើន​ឡើង​ទ្វេ​ដង គឺ​មិន​បាន​រលាយ​ឡើយ។ បើ​យើង​បាត់​បង់​ការ​គ្រប់​គ្រង​មក​លើ​ខ្លួន​ឯង ពេល​ដែល​យើង​ប្រឈម​មុខ​ដាក់​សត្រូវ​ណា​ម្នាក់ យើង​មិន​គ្រាន់​តែ​ចាញ់​មនុស្ស​ម្នាក់​នោះ​ទេ តែ​ក៏​ចាញ់​អារក្ស​ផង​ដែរ។ យើង​ជា​អ្នក​ដែល​បរាជ័យ ហើយ​បាត់​បង់​ឱកាស​ធ្វើ​ការ​អ្វី​ដែល​ត្រឹម​ត្រូវ​នៅ​ក្នុង​ព្រះ​នេត្រ​ព្រះ។
ការ​លើក​ទឹក​ចិត្ត​ឲ្យ​ជម្នះ​ការ​អាក្រក់​កំពុង​តែ​មាន​ភាព​ពេញ​និយម​ក្នុង​វប្បធម៌​របស់​យើង។ យើង​បាន​ឮ​គេ​លើក​ទឹក​ចិត្ត​យ៉ាង​ដូច​នេះ​ក្នុង​បទ​ចម្រៀង និង​ពាក្យ​ស្លោក​លើក​ទឹក​ចិត្ត​ជា​ច្រើន។ ជា​ញឹក​ញាប់ ការ​លើក​ទឹក​ចិត្ត​នេះ​ច្រើន​តែ​ប្រាប់​យើង​ថា បើ​យើង «រួប​រួម​គ្នា» យើង​នឹង​ឈ្នះ​ការ​អាក្រក់ ដែល​កំពុង​បំផ្លាញ​យើង។ ការ​គិត​ឃើញ​ដូច​នេះ​គឺ​ប្រសើរ​ណាស់ តែ​ខ្វះ​អំណាច​ដ៏​ចាំ​បាច់។ យើង​មិន​អាច​ជម្នះ​ការ​អាក្រក់ ដោយ​ពឹង​អាង​គំនិត​យើង​ជា​មនុស្ស​បាន​ទេ ពោល​គឺ​មិន​អាច​ទៅ​រួច​ឡើយ។ យើង «វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ​ជម្នះ​ទៅ​ទៀត ដោយ​សារ​ព្រះ​អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង» (រ៉ូម ៨:៣៧)។ ព្រះ​ចេស្ដា​របស់​ព្រះ​តាម​រយៈ​ព្រះ​វិញ្ញាណ និង​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ផ្តល់​ឲ្យ​យើង​នូវ​កម្លាំង​ដែល​យើង​ត្រូវ​ការ ដើម្បី​ឈ្នះ​ការ​អាក្រក់។
នេះ​ជា​ផ្លូវ​ដែល​ព្រះ​យេស៊ូវ​បាន​ដើរ​ហើយ។ ព្រះ​អង្គ​មិន​បាន​សង​សឹង ប៉ុន្តែ​បាន​ថ្វាយ​អង្គ​ទ្រង់​ក្នុង​ព្រះ​ហស្ត​ព្រះ​វរបិតា។ ព្រះ​គ្រីស្ទ​បាន​យាង​ទៅ​ឈើ​ឆ្កាង ជា​កន្លែង​ដែល​សេចក្តី​ស្រឡាញ់​ឈ្នះ​សេចក្តី​អាក្រក់។ ពេល​ណា​យើង​សម្រេច​ចិត្ត​ធ្វើ​ការ​ល្អ និង​ដើរ​តាម​ផ្លូវ​នៃ​ឈើ​ឆ្កាង​ដោយ​ចិត្ត​សុភាព យើង​នឹង​បាន​ដក​ពិសោធន៍​ជាមួយ​នឹង​ព្រះ​ចេស្ដា​របស់​ព្រះ​ដែល​ធ្វើ​ការ​ក្នុង​ចិត្ត​យើង ដើម្បី​ជម្នះ​ការ​អាក្រក់ ដោយ​សេចក្តី​ល្អ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។
លោក ឆាល ធីនលេយ (Charles Tindley) ជា​អ្នក​និពន្ធ​ទំនុក​សកល​បាន​រម្លឹក​យើង​អំពី​សេចក្តី​ពិត​នេះ​ក្នុង​បទ​ចម្រៀង​ដែល​គាត់​បាន​សរសេរ​ថា៖
ដោយ​សារ​ខ្ញុំ​មាន​ព្រះ​បន្ទូល​ព្រះ​ធ្វើ​ជា​ដាវ 
ខ្ញុំ​នឹង​ឈ្នះ​នៅ​ថ្ងៃ​មួយ 
បើ​ព្រះ​យេស៊ូវ​ដឹក​នាំ​ជីវិត​ខ្ញុំ
ខ្ញុំ​នឹង​ឈ្នះ​នៅ​ថ្ងៃ​មួយ។1
ដោយ​សារ​ព្រះ​គុណ​របស់​ព្រះ​អង្គ អ្នក​នឹង​ឈ្នះ​បញ្ហា​ប្រឈម និង​អំពើ​អយុត្តិធម៌​ទាំង​អស់​ក្នុង​លោកីយ៍​នេះ នៅ​ថ្ងៃ​ណា​មួយ។ ហើយ​ពេល​ណា​អ្នក​ធ្វើ​ការ​ល្អ​ស្នង​នឹង​ការ​អាក្រក់ ជម្នះ​ភាព​កំណាញ់​ដោយ​សេចក្តី​សប្បុរស ហើយ​ជម្នះ​ភាព​អវិជ្ជមាន​ដោយ​ការ​ឲ្យ​ពរ នោះ​ដោយ​ព្រះ​គុណ​ព្រះ​អង្គ។ អ្នក​នឹង​ឈ្នះ​សេចក្តី​អាក្រក់ ដោយ​សេចក្តី​ល្អ​នៅ​ថ្ងៃ​នេះ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១ពេត្រុស ៣:៨-១៤ក
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ចោទិយកថា ១០-១២ និង​កិច្ចការ ៣

ប្រភេទ