នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ស្រឡាញ់អ្នកដទៃ ដោយអធិស្ឋានឲ្យពួកគេ

ស្រឡាញ់អ្នកដទៃ ដោយអធិស្ឋានឲ្យពួកគេ

ដោយJames Banks

July 1, 2025

១សាំយ៉ូអែល ១២:១៩-២៥
មួយទៀត ចំណែកឯខ្លួនខ្ញុំវិញ សូមកុំឲ្យខ្ញុំធ្វើបាបចំពោះព្រះយេហូវ៉ា ដោយលែងអធិស្ឋានឲ្យអ្នករាល់គ្នា។ ១សាំយ៉ូអែល ១២:២៣
ថ្ងៃមួយ មិត្តភក្តិរបស់ខ្ញុំ ឈ្មោះ រ៉ាហ៊ីម(Rahim) បានប្រាប់ខ្ញុំថា គាត់មិនដឹងថា ជីវិតគាត់នឹងទៅជាយ៉ាងណាទេ ក្នុងពេលសព្វថ្ងៃ បើសិនជាម្តាយរបស់គាត់ មិនបានអធិស្ឋានឲ្យគាត់ កាលប៉ុន្មានឆ្នាំមុន។ គាត់គិតថា គាត់ប្រហែលមិនមានជីវិតរស់ផង។ គាត់ជាអតីតអ្នកញៀនថ្នាំ ដែលបានជាប់គុក ដោយសារការជួញដូរថ្នាំញៀន។ នៅក្នុងការជួបគ្នាញាំកាហ្វេ នៅថ្ងៃមួយនោះ គាត់ក៏បានចែកចាយ អំពីការផ្លាស់ប្តូរដែលបានកើតមានក្នុងជីវិតគាត់ ដោយសារម្តាយគាត់បានអធិស្ឋានឲ្យគាត់។ គាត់ប្រាប់ខ្ញុំថា “ទោះខ្ញុំបានធ្វើឲ្យគាត់ខកចិត្តខ្លាំងយ៉ាងណាក៏ដោយ ក៏គាត់នៅតែបន្តបង្ហាញសេចក្តីស្រឡាញ់ដល់ខ្ញុំ ដោយអធិស្ឋានឲ្យខ្ញុំ។ ខ្ញុំបានបង្ករឿងច្រើន តែបើគាត់មិនបានអធិស្ឋានឲ្យខ្ញុំទេ ខ្ញុំដឹងថា ខ្ញុំនឹងជួបរឿងអាក្រក់ជាងនេះទៀត”។ 
បទគម្ពីរសញ្ញាចាស់ដែលបានចែងអំពីហោរា សាំយូអែល បានពិពណ៌នាអំពីរឿងរបស់មនុស្សម្នាក់ដែលបានបង្ហាញចេញនូវចិត្តស្មោះត្រង់ ចំពោះព្រះនិងអ្នកដទៃ តាមរយៈការអធិស្ឋាន។ នៅថ្ងៃដែលស្តេចសូលបានទទួលពិធីឡើងគ្រងរាជជាស្តេច នៅទីក្រុងម៊ីសផាស ហោរា សាំយូអែលមានការខកចិត្តយ៉ាងខ្លាំង។ ពួកបណ្តាជនមានការជឿទុកចិត្ត និងមានក្តីសង្ឃឹមដល់ស្តេច ជាជាងទុកចិត្ត និងសង្ឃឹមដល់ព្រះ។ 
ខណៈពេលដែលពួកបណ្តាជនជួបជុំគ្នា ព្រះទ្រង់ក៏បានបង្ហាញការមិនសព្វព្រះទ័យ តាមរយៈខ្យល់ព្យុះខុសរដូវមួយ ដែលធ្វើឲ្យពួកគេមានការភ័យខ្លាច និងមានការស្តាយក្រោយ ចំពោះការសម្រេចចិត្តរបស់ពួកគេ (១សាំយ៉ូអែល ១២:១៦-១៨)។ នៅពេលដែលពួកគេអង្វរហោរា សាំយូអែល ឲ្យអធិស្ឋានទូលអង្វរឲ្យពួកគេ គាត់ក៏បានឆ្លើយតបថា សូមកុំឲ្យគាត់ធ្វើបាបចំពោះព្រះអម្ចាស់ ដោយលែងអធិស្ឋានឲ្យពួកគេឡើយ (ខ.២៣)។ 
ការឆ្លើយតបរបស់ហោរា សាំយូអែល បានក្រើនរំឭកយើងថា ការអធិស្ឋានឲ្យអ្នកដទៃ ជួយឲ្យយើងយកព្រះជាទីមួយក្នុងចិត្ត និងជីវិតរបស់យើង។ ពេលណាយើងស្រឡាញ់អ្នកដទៃ ដោយអធិស្ឋានឲ្យពួកគេ យើងនឹងបានឃើញព្រះអង្គធ្វើកិច្ចការ ដែលមានតែព្រះអង្គទេអាចធ្វើបាន។ ហើយយើងក៏មិនចង់បាត់បង់ឱកាស មើលឃើញព្រះអង្គធ្វើការក្នុងជីវិតយើង និងអ្នកដទៃ តាមរយៈការអធិស្ឋានឡើយ។—JAMES BANKS

តើការអធិស្ឋានជាទៀងទាត់បានជួយអ្នក ឲ្យយកព្រះជាទីមួយ ដូចម្តេចខ្លះ? 
តើអ្នកនឹងអធិស្ឋានឲ្យអ្នកដទៃ នៅថ្ងៃនេះ ដូចម្តេចខ្លះ?
ឱព្រះអង្គសង្គ្រោះដ៏មានចេស្តា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានអធិស្ឋានទូលអង្វរឲ្យទូលបង្គំ។ 
សូមព្រះអង្គជួយទូលបង្គំឲ្យយកគំរូតាមព្រះអង្គ ក្នុងការស្រឡាញ់អ្នកដទៃ ដោយអធិស្ឋានឲ្យពួកគេនៅថ្ងៃនេះ។ 
VISIT ODBU.ORG/SF120 TO LEARN HOW CONSISTENT PRAYER CAN GROW YOUR RELATIONSHIP WITH GOD.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២០-២១ និង កិច្ចការ ១០:២៤-៤៨
 

ល្ងាច

ព្រះ​អង្គ​អង្វរ​ឲ្យ​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​អង្គ​អង្វរ​ឲ្យ​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 1, 2025

«ដូច្នេះ ម៉ូសេ ត្រឡប់​ទៅ​ឯ​ព្រះ​យេហូវ៉ា​ទូល​ថា បណ្តាជន​នេះ​បាន​ធ្វើ​បាប​ធ្ងន់​ណាស់​ហើយ គឺ​គេ​បាន​ធ្វើ​ព្រះ​ពី​មាស​សម្រាប់​ខ្លួន​គេ។ តែ​ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​បាប​របស់​គេ​ផង ពុំនោះសោត សូម​លុប​ឈ្មោះ​ទូល​បង្គំ​ពី​បញ្ជី​ដែល​ទ្រង់​បាន​កត់​ទុ​ក​ចេញ​ដែរ» (និក្ខមនំ ៣២:៣១-៣២)។ 
កាល​ព្រះ​អម្ចាស់​រំដោះ​រាស្ត្រ​អ៊‌ីស្រាអែល​​ឲ្យ​រួចពី​ភាពជា​ទាសករ ព្រះ​អង្គ​បាន​បង្គាប់​ពួក​គេ​ឲ្យ​ទៅ​ជួប​ជនជាតិ​អេស៊ីព្ទ​ជា​អតីត​ម្ចាស់ដី និង​ជា​អតីត​ម្ចាស់​របស់​ពួក​គេ ដើម្បី​សុំ​មាស ប្រាក់ និង​ក្រណាត់​សម្រាប់​យក​ទៅ​ជា​មួយ​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​ចូល​ទៅ​ទឹកដី​សន្យា។ សម្ភារៈ​ទាំង​អស់​នេះ​មាន​ប្រយោជន៍​នៅ​ក្នុង​ការ​សាង​សង់​រោង​ឧបោសថ ជា​កន្លែង​ដែល​ព្រះ​អម្ចាស់​ប្រើ ដើម្បី​គង់​នៅ​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​អង្គ។ 
កាល​ព្រះ​អម្ចាស់​ត្រាស់​ហៅ​លោក ម៉ូសេ ឲ្យ​ឡើង​ភ្នំ​ស៊ីណាយ ដើម្បី​ជួប​ព្រះ​អង្គ នោះ​ពួក​អ៊‌ីស្រាអែល​​បាន​ធ្វើ​ដំណើរ​មិន​ទាន់​បាន​ឆ្ងាយ​ប៉ុន្មាន​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​លោក ម៉ូសេ បាន​ឡើង​ទៅ​យូរ​ពេក​ខុស​ពី​ការ​រំពឹង​គិត​របស់​ពួក​បណ្តាជន ពួក​គេ​បាត់​បង់​ការ​អត់​ធ្មត់ ហើយ​ក៏​បាន​ទាមទារ​លោក អើរ៉ុន ជា​បង​ប្រុស​លោក ម៉ូសេ ឲ្យ​ធ្វើ​រូប​ព្រះ​សម្រាប់​នាំ​មុខ​ពួក​គេ (និក្ខមនំ ៣២:១)។ ដូច​នេះ លោក អើរ៉ុន ក៏​បាន​ប្រាប់​ពួក​គេ​ថា «ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​ឯង​រាល់​គ្នា​យក​មក​ឲ្យ​អញ» ហើយ​គាត់​ក៏​បាន​យក​គ្រឿង​ទាំង​អស់​នោះ​ទៅ​ធ្វើ​ជា​រូប​កូន​គោ​មាស ហើយ​គេ​ក៏​បាន​ប្រកាស​ថា «នែ ពួក​អ៊‌ីស្រាអែល​​អើយ នេះ​ហើយ​ជា​ព្រះ​នៃ​ឯង» (ខ.២, ៤)។ ព្រះ​អង្គ​បាន​ប្រទាន​​ឲ្យ​ពួក​គេ​នូវ​អ្វី​ដែល​ខ្លួន​ត្រូវ​ការ​ក្នុង​កិច្ចការ​ដែល​ព្រះ​អង្គ​ត្រាស់​ហៅ​ឲ្យ​ពួក​គេ​ធ្វើ តែ​ផ្ទុយ​ទៅវិញ ពួក​គេ​ក៏​បាន​ប្រើ​អំណោយ​របស់​ព្រះ​អង្គ​ក្នុង​ផ្លូវ​ខុស ដើម្បី​ដេញ​តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​ខ្លួន និង​ថ្វាយ​បង្គំ​ព្រះ​ក្លែងក្លាយ​ដែល​ពួកគេ​បាន​បង្កើត។ យើង​ប្រហែល​មិន​មែន​កំពុងតែ​ធ្វើ​រូប​កូនគោ​មាស​នោះ​ទេ ប៉ុន្តែ យើង​ក៏​មិន​អាច​មាន​ភាព​ស៊ាំ នឹង​ការ​ប្រព្រឹត្ត​តាម​គំរូ​របស់​ពួកគេ ដោយ​ប្រើ​អ្វីៗ​ដែល​ព្រះអង្គ​បាន​ប្រទាន​មក ដោយ​ព្រះគុណ​ព្រះអង្គ។ 
នៅ​ពេល​ដែល​លោក ម៉ូសេ ចុះ​ពីលើ​ភ្នំ​មក​វិញ គាត់​មាន​ការ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​អ្វី​ដែល​គាត់​បាន​ឃើញ​ពួក​គេ​ធ្វើ។ គាត់​ក៏​បាន​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​ព្រះ​អម្ចាស់ ដើម្បី​ទូល​អង្វរ​ឲ្យ​រាស្ត្រ​ព្រះ​អង្គ ជា​ពិសេស​គាត់​បាន​ទូល​ព្រះ​អង្គ​ក្នុង​ន័យ​ថា ព្រះអង្គ​ជា​ព្រះ ដែល​បាន​តាំង​សេចក្តី​សញ្ញា​ជា​មួយ​រាស្ត្រ​របស់​ព្រះ​អង្គ។ សូម​ព្រះ​អង្គ​រក្សា​សេចក្តី​សញ្ញា​របស់​ព្រះ​អង្គ! យើង​ខ្ញុំ​បាន​យក​​របស់​អ្វី​ដែល​ព្រះ​អង្គ​ប្រទាន ទៅ​ប្រើ​ក្នុង​ផ្លូវ​ខុស ដោយ​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ​ តែ​សូម​ព្រះ​អង្គកុំ​​បោះបង់​យើង​ខ្ញុំ​ចោល​ឡើយ។ សូម​ព្រះ​អង្គ​កុំ​បោះបង់​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ (និក្ខមនំ ៣២:១១-១៣)។ 
អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​លោក ម៉ូសេ មិន​មាន​កំហុស​សោះ​ក្នុង​រឿង​នោះ តែ​គាត់បាន​ព្រម​ទទួល​កំហុស​ជា​មួយ​ពួក​បណ្តាជន។ អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​កត់​សម្គាល់​នោះ គាត់​ថែម​ទាំង​ស្ម័គ្រ​ចិត្ត ឲ្យ​ព្រះ​អង្គ​លុប​ឈ្មោះ​គាត់​ចេញ​ពី​បញ្ជី​ឈ្មោះ​រាស្ត្រ​ព្រះ​អង្គ បើ​សិន​ជា​ព្រះ​អម្ចាស់​មិន​លើក​លែង​ឲ្យ​ពួក​គេ។ 
នៅ​ក្នុង​ការ​ទូល​អង្វរ​របស់​លោក ម៉ូសេ យើង​អាច​សង្កេត​ឃើញ​រឿង​ដែល​នឹង​សម្រេច នៅ​ក្នុង​គ្រា​សញ្ញា​ថ្មី។ ព្រះ​អម្ចាស់​មិន​មែន​ជា​អ្នក​ធ្វើ​ការ​មិន​ចប់​ចុង​ចប់​ដើម នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​រាស្ត្រ​ព្រះ​អង្គ​នោះ​ឡើយ។ ព្រះ​គ្រីស្ទ​បាន​ទូល​អង្វរ​ឲ្យ​យើង ហើយ​ព្រះ​អង្គ​សម្រេច​ព្រះ​បន្ទូល​សន្យា​ទាំង​អស់ (២កូរិនថូស ១:២០)។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ព្រះ​បន្ទូល​ដែល​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​រក្សា​រាស្ត្រ​ព្រះ​អង្គ ហើយ​សម្រេច​កិច្ចការ​ដែល​ព្រះ​អង្គ​បាន​ចាប់​ផ្តើម​ក្នុង​ពួក​គេ គឺ​ជា​ព្រះ​បន្ទូល​ដែល​បាន​សម្រេច​ក្នុង​ព្រះ​យេស៊ូវ។ 
យើង «ងាយ​នឹង​វង្វេង​ចេញ​ពី​ព្រះ​អង្គ» ហើយ​ក៏ «ងាយ​នឹង​ចាក​ចេញ​ពី​ព្រះ​ដែល​យើង​ស្រឡាញ់»1។ យើង​ជា​មនុស្ស​ដែល​យក​របស់​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ទៅ​បង្កើត​រូប​ព្រះ​សម្រាប់​ថ្វាយ​បង្គំ។ យើង​ត្រូវ​ការ​អ្នក​ទូល​អង្វរ​ឲ្យ​យើង ហើយ​យើង​មាន​អ្នក​ទូល​អង្វរ​នោះ​ហើយ! គឺ​ព្រះ​អម្ចាស់​យេស៊ូវ​ដែល​បាន​សុគត​ជំនួស​យើង ដើម្បី​ឲ្យ​យើង​អាច​ទទួល​ការ​អត់​ទោស​បាប។ ពេល​ណា​យើង​សារ​ភាព​បាប​របស់​យើង នៅ​ចំពោះ​ព្រះ​យេស៊ូវ គឺ​យើង​កំពុង​ចូល​ទៅ​រក​ព្រះ ដែល​បាន​អង្វរ​ឲ្យ​យើង​រួច​រាល់​ហើយ។ សូម​ឲ្យ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​ដែល​ព្រះ​អង្គ​មាន​ចំពោះ​លោក​អ្នក បាន​នាំ​ចិត្ត​លោក​អ្នក ចេញ​ពី​ការ​វង្វេង​តាម​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​វិល​មក​រក​ការ​ប្រើ​ប្រាស់​អ្វីៗ​ទាំង​អស់​ដែល​អ្នក​មាន ដើម្បី​បម្រើ​ព្រះ ដែល​បាន​ប្រទាន​អ្វីៗ​ដែល​អ្នក​ត្រូវ​ការ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ាកុប ៤:៤-១០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ចោទិយកថា ១៣-១៥ និង កិច្ចការ ៤:១-២២

ប្រភេទ