នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

កេរ​ដំណែល​នៃ​ជំនឿ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

កេរ​ដំណែល​នៃ​ជំនឿ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 2, 2025

«រី​ឯ​សេចក្តី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា នឹង​បាន​ដូច​សង្ឃឹម ជា​សម្គាល់​ពី​ការ​ដែល​មើល​មិន​ឃើញ។ ព្រះ​ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​មនុស្ស​ចាស់​បុរាណ ដោយ​ព្រោះ​គេ​មាន​សេចក្តី​ជំនឿ​នោះ​ឯង» (ហេព្រើរ ១១:‌១-២)។ 
តើ​សេចក្តី​ជំនឿ​មាន​លក្ខណៈ​ដូច​ម្តេច? ក្នុង​ជំពូក១១ នៃ​កណ្ឌ​គម្ពីរ​ហេព្រើរ អ្នក​និពន្ធ​បាន​ធ្វើ​ការ​បក​ស្រាយ​សំណួរ​នេះ ដោយ​បង្ហាញ​គំរូ​របស់​ពួក​បរិសុទ្ធ​ពី​សម័យ​បុរាណ ជា​បុរស​ស្ត្រី ដែល​គាត់​បាន​កោត​សរសើរ ដោយសារ​ជំនឿ​របស់​ពួក​គាត់។ ការ​សរសើរ​ពួក​គាត់​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ មិន​មែន​ដើម្បី​លើក​តម្កើង​ពួក​គាត់​ថា ជា​មនុស្ស​មាន​សមត្ថភាព​អស្ចារ្យ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ចាត់​ទុក​លោក ណូអេ លោក ម៉ូសេ និង​វីរ​បុរស​ទាំង​អស់​នោះ ជា​មនុស្ស​ធម្មតា ដែល​យើង​អាច​ទទួល​បាន​កម្លាំង និង​ការ​លើក​ទឹក​ចិត្ត តាមរយៈ​គំរូ​របស់​ពួក​គេ ខណៈ​ពេល​ដែល​យើង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​អង្គ​បាន​ជួយ និង​ឲ្យ​តម្លៃ​មក​លើ​ជំនឿ​របស់​ពួក​គេ។ 
បើ​យើង​ចង់​យក​គំរូ​តាម​ពួក​គាត់​ដែល​បាន​រស់​នៅ​ដោយ​ជំនឿ​ពិត​ប្រាកដ ជា​ដំបូង យើង​ចាំ​បាច់​ត្រូវ​មើល​ទៅ​ចំណុច ដែល​មិន​មាន​ក្នុង​ជំនឿ​របស់​ពួក​គាត់។ ជំនឿ​របស់​ពួក​គាត់​មិន​មែន​ជា​អារម្មណ៍​កក់​ក្តៅ ដែល​ស្រពិចស្រពិល ផ្តេក​ផ្តួល​ទៅ​តាម​មនោសញ្ចេតនា ឬ​កាលៈទេសៈ ឬ​ជា​ការ​សង្ឃឹម​ដោយ​មិន​ជ្រះ​ស្រឡះ​ថា អ្វីៗ​នឹង​មាន​ដំណើរ​ការ​ល្អ​នោះ​ទេ។ ទេ! បុរស និង​ស្ត្រី​ទាំង​នេះ បាន​អនុវត្តន៍​សេចក្តី​ជំនឿ​របស់​ខ្លួន ដោយ​ជឿ​លើ​ព្រះ​បន្ទូល​ដែល​ព្រះ​អង្គ​មាន​មក​កាន់​ពួក​គាត់ ហើយ​រស់​នៅ​ស្រប​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា តាម​បទ​គម្ពីរ​ទាំង​នេះ យើង​អាច​ដឹង​ថា សេចក្តី​ជំនឿ​របស់​ពួក​គាត់ ជា​ការ​ជឿ​ច្បាស់​ថា ការ​អ្វី​ដែល​ព្រះ​បាន​សន្យា មុខ​ជាង​នឹង​សម្រេច​ជាក់​ជា​មិន​ខាន។ 
ជាង​នេះ​ទៅទៀត ពួក​បរិសុទ្ធ​ពី​សម័យ​ដើម​ទាំង​នេះ បាន​មើល​ទៅ​ការ​ពិត​នៅ​ពេល​អនាគត ដូច​ជា​ការ​ការ​ពិត​នៅ​ពេល​បច្ចុប្បន្ន ដែល​ពួក​គាត់​កំពុង​មើល​ឃើញ។ ទោះ​ពួក​គាត់​មិន​បាន​ឃើញ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ បាន​សម្រេច​ក្នុង​ពេល​ដែល​ពួក​គាត់​នៅ​រស់ ក៏​ពួក​គាត់​នៅ​តែ​ទុក​ចិត្ត​លើ​សេចក្តី​ស្មោះ​ត្រង់ ដែល​ព្រះ​អង្គ​មាន​ចំពោះ​ព្រះ​បន្ទូល​ទ្រង់ដោយ​ពួក​គេ​គិត​ដល់​សារៈសំខាន់​ដ៏​ស្ថិត​ស្ថេរ​អស់​កល្ប​ជានិច្ច​នៃ​ព្រះ​បន្ទូល​សន្យា។ ជំនឿ​របស់​ពួក​គាត់ គឺ​ជា​ការ​ទុក​ចិត្ត​ដែល​មាន​ការ​ចាក់​​ឫស​ចូល​ជ្រៅ មិន​មែន​នៅ​ក្នុង​កាលៈទេសៈ​ក្នុង​ពេល​បច្ចុប្បន្ន​ទេ ប៉ុន្តែ​នៅ​ក្នុង​ព្រះ​ដែល​បាន​សន្យា អំពី​ពេល​អនាគត​របស់​ពួក​គាត់។ 
តាម​រយៈ​ការ​បង្ហាញ​ចេញ​នូវ​ជំនឿ​ក្នុង​ការ​រស់​នៅ​យ៉ាង​ដូច​នេះ ពួក​បរិសុទ្ធ​ទាំង​នេះ​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្នុង​សម័យ​របស់​ពួក​គាត់ ហើយ​យើង​ក៏​អាច​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ក្នុង​សម័យ​របស់​យើង​ផង​ដែរ។ ពេល​ណា​បុគ្គល ប្តី​ប្រពន្ធ គ្រួសារ ឬ​ពួក​ជំនុំ​ណា​មួយ បាន​ជឿ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ​អស់​ពី​ចិត្ត ហើយ​ធ្វើ​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ ជីវិត​មនុស្ស​ជា​ច្រើន​នឹង​មាន​ការ​ផ្លាស់​ប្រែ។ បើ​យើង​អនុវត្ត​ដូច​នេះ យើង​នឹង​យល់​កាន់​តែ​ច្បាស់​ថា ព្រះ​អង្គ​ជា​នរណា ហើយ​បាន​ធ្វើ​អ្វី ហើយ​ព្រះ​អង្គ​នឹង​ប្រើ​យើង ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្រែ​ក្នុង​លោកីយ៍​នេះ និង​អស់​កល្ប​ជានិច្ច។ 
ពួក​បរិសុទ្ធ​ទាំង​អស់ ដែល​បទ​គម្ពីរ​ហេព្រើរ​ជំពូក១១ បាន​លើក​ឡើង​មាន​ចរិត​លក្ខណៈ​ដូច​គ្នា​មួយ នៅ​ត្រង់​ថា ពួក​គេ​មាន​ជំនឿ​លើ​ព្រះ​ដ៏​រស់​ជា​ការ​ជឿ​ច្បាស់​ថា ព្រះ​បន្ទូល​សន្យា​របស់​ព្រះ អាច​ធានា​ឲ្យ​ពួក​គេ​មាន​ក្តី​សង្ឃឹម និង​ការ​ជឿ​ជាក់​ដ៏​នឹង​នរ​ថា ការ​អ្វី​ដែល​ព្រះ​មាន​បន្ទូល មាន​ភាព​ច្បាស់​លាស់ និង​ពិត​ត្រង់ ដូច​អ្វី​ដែល​ពួក​គេ​អាច​មើល​ឃើញ​នឹង​ភ្នែក​ដោយ​ផ្ទាល់។ តើ​អ្នក​មាន​ជំនឿ​ដូច​នេះ​ទេ? 
ចូរ​សញ្ជឹង​គិត​អំពី​ព្រះ​បន្ទូល​សន្យា​ទាំង​អស់ ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​មក​អ្នក​ក្នុង​ព្រះ​គ្រីស្ទ។ ចូរ​គិត​អំពី​ព្រះ​បន្ទូល​សន្យា​ទាំង​អស់ ដែល​ព្រះ​អង្គ​បាន​ប្រកាន់​ខ្ជាប់​តាម ក្នុង​ប្រវត្តិ​សាស្ត្រ ហើយ​ជា​ពិសេស នៅ​ក្នុង​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នៃ​ព្រះ​រាជបុត្រា​របស់​ព្រះ​អង្គ។ នោះ​អ្នក​អាច​ដាក់​អាទិភាព និង​ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​អំណរ និង​ការ​ប្ដេជ្ញា​ចិត្ត ​ផ្អែក​ទៅ​លើ​ព្រះ​បន្ទូល​សន្យា​មិន​មែន​ផ្អែក​ទៅ​លើ​កាលៈទេសៈ​ឡើយ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ហេព្រើរ ១១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ចោទិយកថា ១៦-១៨ និង កិច្ចការ ៤:២៣-៣៧

ប្រភេទ