
កំណប់ទ្រព្យដែលព្រះគ្រីស្ទប្រទាន
ដោយDave Branon
July 4, 2025
១យ៉ូហាន ៥:៦-១៣
ព្រះទ្រង់បានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះ គឺនៅក្នុងព្រះរាជបុត្រានៃទ្រង់។ ១យ៉ូហាន ៥:១១
ថ្ងៃមួយ លោក ម៉ៃឃល ស្ប៉ាក (MICHAEL SPARKS) បានចូលហាងលក់ទំនិញមួយទឹក ហើយក៏បានទិញលិខិតចម្លងនៃសេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកមួយសន្លឹក ក្នុងតម្លៃ២.៤៨ដុល្លា សម្រាប់រក្សាទុកធ្វើជាវត្ថុអនុស្សាវរីយ៍។ ក្រោយមក គាត់ក៏បានពិនិត្យមើលលិខិតចម្លងនោះឲ្យបានជិត ហើយមានអារម្មណ៍ថា លិខិតនោះមានអ្វីចម្លែកខុសពីក្រដាសធម្មតា។ ដូចនេះ គាត់ក៏បានឲ្យអ្នកជំនាញពិនិត្យមើលវា ហើយគេក៏បានប្រាប់គាត់ថា លិខិតចម្លងមួយសន្លឹកនោះ ស្ថិតក្នុងចំណោមលិខិតចម្លង២រយច្បាប់ ដែលលោក ចន គ្វីនស៊ី អ័ដាម (JOHN QUINCY ADAMS) បានជួលគេឲ្យធ្វើ នៅឆ្នាំ១៨២០។ លោក ស្ប៉ាកក៏បានយកលិខិតចម្លងសេចក្តីប្រកាសដ៏កម្រនេះ ទៅលក់បានប្រាក់ ៤៧៧៦៥០ដុល្លា។
ការរកបានប្រាក់ចំណេញដ៏ច្រើនដូចនេះ ពីវត្ថុអនុស្សាវរីយ៍ដែលគាត់បានទិញ ក្នុងតម្លៃថោក គឺពិតជាគួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែ មានកំណប់ទ្រព្យមួយ ដែលមានតម្លៃ និងមានប្រយោជន៍លើសនេះទៀត។ កាលពីក្មេង ខ្ញុំបានរកឃើញកំណប់ទ្រព្យមិនអាចកាត់ថ្លៃ មិនអាចប្រៀបផ្ទឹមបាន និងស្ថិតស្ថេរអស់កល្បជានិច្ច ដោយមិនបានចំណាយប្រាក់សូម្បីមួយសេន។ តែខ្ញុំមិនបានរកឃើញកំណប់ទ្រព្យនេះ ក្នុងហាងលក់ទំនិញមួយទឹកនោះទេ។
ឪពុកម្តាយរបស់ខ្ញុំ បាបបើកបង្ហាញឲ្យខ្ញុំដឹងថា មានអង្គបុគ្គល ព្រះនាម យេស៊ូវ បានបង់ថ្លៃទិញអំណោយនេះ សម្រាប់ខ្ញុំ ដោយលះបង់ព្រះជន្មរបស់ព្រះអង្គ នៅលើឈើឆ្កាង ធ្វើជាដង្វាយលោះបាបខ្ញុំ។ បន្ទាប់មក ពួកគាត់ក៏បានប្រាប់ខ្ញុំថា អំណោយនោះគឺជាសេចក្តីសង្រ្គោះ ដែលព្រះអង្គបានប្រទានមក ដោយព្រះបន្ទូលសន្យាថា នឹងប្រទានជីវិតពេញបរិបូរ នៅលើផែនដី (យ៉ូហាន ១០:១០) និងជីវិតអស់កល្បជានិច្ច ក្នុងព្រះរាជបុត្រានៃព្រះ (១យ៉ូហាណ ៥:១១)។ ខ្ញុំក៏បានទទួលយកអំណោយនេះ ដោយទទួលជឿព្រះអង្គ។
ពិតជាអស្ចារ្យណាស់ ដែលយើងអាចរកឃើញកំណប់ទ្រព្យនៅផែនដី ដោយការចំណាយតិចតួច តែកំណប់ទាំងនោះមិនអាចប្រៀបផ្ទឹមនឹងកំណប់ទ្រព្យដ៏អស់កល្ប ដែលព្រះគ្រីស្ទបានប្រទានយើង ដោយឥតគិតថ្លៃ។ កំណប់ទ្រព្យនេះដែលព្រះអង្គបានប្រទានមនុស្សម្នាក់ៗ គឺយើងអាចទទួលយក ដោយជឿលើព្រះនាមនៃព្រះរាជបុត្រានៃព្រះ ព្រះនាមយេស៊ូវ (ខ.១៣)។—DAVE BRANON
តើការទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះមានអត្ថន័យដូចម្តេចខ្លះចំពោះអ្នក?
តើអ្នកអាចប្រាប់អ្នកដទៃ អំពីកំណប់ទ្រព្យដ៏អស្ចារ្យនេះ ដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការបង់ថ្លៃលោះទូលបង្គំ ឲ្យរួចពីបាប។
ទូលបង្គំមិនអាចបង់ថ្លៃ ដើម្បីទិញសេចក្តីសង្គ្រោះ ដោយខ្លួនឯងបានទេ។
LEARN MORE HERE: ODB.ORG/PERSONAL-RELATIONSHIP-WITH-GOD.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២៨-២៩ និង កិច្ចការ ១៣:១-២៥