
ការសម្រេចចិត្ត និងផលវិបាករបស់វា
ដោយWinn Collier
July 6, 2025
លោកុប្បត្តិ ៣:១-៦
កាលស្ត្រីបានឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយជាដើមដែលល្មមគួរនឹងចង់បាន ដើម្បីឲ្យបានប្រាជ្ញា នោះនាងក៏យកផ្លែមកបរិភោគ។ លោកុប្បត្តិ ៣:៦
កាលពីឆ្នាំ១៨៩០ លោក យូជិន ស្កេហ្វេលិន (EUGENE SCHIEFFELIN) ជាអ្នកស្រាវជ្រាវអំពីបក្សីជាការកម្សាន្ត បានប្រលែងសត្វទៀវពូជអឺរ៉ុប ៦០ក្បាល ចូលទៅក្នុងឧទ្យានស៊ែនត្រូល នៅទីក្រុងញូយ៉ក។ មានអ្នកផ្សេងបានធ្វើដូចគាត់ដែរ ប៉ុន្តែ លោក យូជីនបានទទួលជោគជ័យដំបូងគេ ក្នុងការប្រលែងសត្វទាវ ដែលនាំឲ្យមានសត្វបក្សីនេះធ្វើសំបុករស់នៅក្នុងតំបន់នោះ ហើយគេក៏បានធ្វើការតាមដាន និងកត់ត្រាទុកជាឯកសារ។ សព្វថ្ងៃនេះ មានសត្វទាវអឺរ៉ុបប្រហែល៨៥លានក្បាល កំពុងរស់នៅទូទាំងទ្វីបអាមេរិក។ តែគួរឲ្យស្តាយណាស់ សត្វទាវអឺរ៉ុបទាំងនោះជាពូជសត្វឈ្លានពាន ដែលបានបណ្តេញសត្វស្លាបដែលជាម្ចាស់ស្រុកចេញ និងចម្លងជំងឺដល់សត្វគោ ហើយបណ្តាលឲ្យមានការខូចខាត ដែលគិតជាទឹកប្រាក់ប្រហែល៨០០លានដុល្លាអាមេរិក ក្នុងមួយឆ្នាំ។ លោក យូជីន មិនបាននឹកស្មានថា នឹងមានការខូចធ្ងន់ធ្ងរដូចនេះ បណ្តាលមកពីការសម្រេចចិត្តរបស់គាត់នោះទេ។
ការសម្រេចចិត្តខុសអាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ។ ទោះព្រះអម្ចាស់បានព្រមានលោក អ័ដាម និងនាងអេវ៉ាហើយក៏ដោយ ក៏ពួកគេមិនបាននឹកស្មានទេថា ការសម្រេចចិត្តខុសរបស់ពួកគេបានបណ្តាលឲ្យមានផលវិបាកអាក្រក់បំផុត ដល់ជីវិតទាំងអស់នៅលើផែនដី។ ព្រះអង្គបានប្រាប់ពួកគេថា ពួកគេអាចបរិភោគផ្លែឈើពីដើមឈើហូបផ្លែទាំងអស់ ក្នុងសួនច្បារ (លោកុប្បតិ្ត ២:១៦) លើកលែងតែដើមឈើមួយដើម នៅកណ្តាលសួនច្បារ (៣:៣)។ ប៉ុន្តែ ដោយសារពួកគេបានចាញ់បញ្ឆោតរបស់សត្វពស់ នាងអេវ៉ាក៏បានបេះផ្លែឈើពីដើមឈើនោះបរិភោគ (ខ.៦)។ លោក អ័ដាមក៏បានធ្វើតាមនាង ដោយសម្រេចចិត្តបរិភោគផ្លែឈើដែលព្រះអង្គបានហាមឃាត់។ ការសម្រេចចិត្តខុសនេះ បានបណ្តាលឲ្យមានសេចក្តីហិនវិនាស ការឈឺចាប់ និងការខូចខាតធ្ងន់ធ្ងរ ដល់មនុស្សជាតិ។
រៀងរាល់ពេលដែលយើងមិនអើពើចំពោះការដាស់តឿន ប្រកបដោយប្រាជ្ញារបស់ព្រះ ហើយសម្រេចចិត្តដើរផ្លូវផ្សេង គឺមានន័យថា យើងកំពុងតែអញ្ជើញគ្រោះមហន្តរាយចូលជីវិតយើងហើយ។ ការសម្រេចចិត្តរបស់យើងហាក់ដូចជាមិនសំខាន់ ឬមានផលប៉ះពាល់មកលើយើងតែម្នាក់ឯងទេ តែទោះជាយ៉ាងណាក៏ដោយ ការយល់ដឹងដ៏តូចចង្អៀត ឬសេចក្តីប៉ងប្រាថ្នារបស់យើង អាចមានផលប៉ះពាល់ដែលរីករាលដាលទូទាំងពិភពលោកបានយ៉ាងងាយ។ ការសម្រេចចិត្តដើរតាមផ្លូវព្រះ នាំយើងទៅរកជីវិត និងការរីកចម្រើន។—WINN COLLIER
តើអ្នកបានឃើញថា ការសម្រេចចិត្តអ្វីខ្លះដែលបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ ក្នុងជីវិតអ្នក?
តើអ្នកអាចធ្វើការសម្រេចចិត្តប្រកបដោយប្រាជ្ញាដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យធ្វើការសម្រេចចិត្តប្រកបដោយប្រាជ្ញា ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣២-៣៣ និង កិច្ចការ ១៤