ព្រឹក

រីកលូតលាស់នៅក្នុងព្រះ
ដោយPatricia Raybon
July 7, 2025
២ធីម៉ូថេ ២:១៤-១៦,២២-២៦
ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ។ ២ធីម៉ូថេ ២:១៥
ក្នុងដើមដំបូងនៃជីវិតរបស់អ្នកស្រី ហ្កេល (GAYLE) ជាអ្នកនិពន្ធគ្រីស្ទបរិស័ទ គាត់ច្រើនតែទទួលបានអំណោយដែលគួរឲ្យទាក់ទាញ ពីក្រុមហ៊ុនដែលបានបោះពុម្ពផ្សាយសៀវភៅឲ្យគាត់ ដែលមានដូចជា បាច់ផ្កា ដុំស្ករសូកូឡា និងតែសម្រាប់ឆុងជាច្រើនកញ្ចប់ ធ្វើជាឱសថ។ គាត់ពេញចិត្តនឹងអំណោយទាំងនេះណាស់។ ប៉ុន្តែ ក្រោយមក ក្រុមហ៊ុនបោះពុម្ពផ្សាយនោះក៏បានចាប់ផ្តើមផ្ញើអំណោយដែលមានតម្លៃដ៏ស្ថិតស្ថេរមកគាត់ ដែលមានដូចជា ព្រះគម្ពីរប៊ីប សៀវភៅសម្រាប់អានព្រះបន្ទូលប្រចាំថ្ងៃ និងសៀវភៅកត់ត្រាអំពីការអធិស្ឋាន។ នៅពេលដែលគាត់ប្រើសៀវភៅទាំងនេះ គាត់មានសេចក្តីជំនឿកាន់តែរឹងមាំ ដោយមិនមានការបែកអារម្មណ៍ច្រើនដូចមុន ដោយសារអំណោយដែលប្រើឆាប់អស់នោះឡើយ ហើយមានការប្ដេជ្ញាចិត្តកាន់តែខ្លាំង ក្នុងការប្រើប្រាស់ជីវិតរបស់គាត់ ដើម្បីនាំអ្នកដទៃឲ្យទទួលជឿព្រះគ្រីស្ទ។
ទីបន្ទាល់របស់គាត់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការលូតលាស់របស់លោក ធីម៉ូថេ ក្នុងសេចក្តីជំនឿ តាមរយៈការបង្រៀនរបស់សាវ័កប៉ុល។ សាវ័កប៉ុលបាននិយាយសង្កត់ធ្ងន់ អំពីភាពពេញវ័យខាងវិញ្ញាណ ដោយបង្រៀនលោក ធីម៉ូថេថា “ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ” (២ធីម៉ូថេ ២:១៥)។
បន្ទាប់មក សាវ័កប៉ុលក៏បានមានប្រសាសន៍ទៀតថា “តែត្រូវចៀសចេញពីពាក្យសំដីឡេះឡោះឥតប្រយោជន៍ ដ្បិតពាក្យយ៉ាងនោះ នឹងនាំឲ្យចំរើនសេចក្ដីទមិលល្មើស កាន់តែច្រើនឡើងទេ” (ខ.១៦)។ គាត់ក៏បានបន្ថែមទៀតថា “ចូរឲ្យរត់ពីសេចក្ដីស្រើបស្រាលរបស់ក្មេងៗចេញ ... កុំឲ្យព្រមស្ដាប់សេចក្ដីដេញដោលចំកួត ហើយឥតច្បាប់នោះឡើយ ... ក៏មិនគួរឲ្យបាវបំរើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ផង” (ខ.២២-២៤)។
ការបង្រៀនរបស់សាវ័កប៉ុលត្រង់ចំណុចនេះ គឺបានផ្តល់ឲ្យអ្នកជឿព្រះ នូវអត្ថប្រយោជន៍ជាគន្លឹះមួយ។ សូម្បីតែពួកអ្នកទាស់ប្រឆាំងព្រះគ្រីស្ទ ពេលណាយើងកែតម្រង់ពួកគេឲ្យប្រែចិត្ត ពួកគេអាច “ភ្ញាក់ដឹងខ្លួនឡើង ឲ្យផុតពីអន្ទាក់របស់អារក្ស ដែលវាបានចាប់គេប្រើតាមចិត្ត” (ខ.២៦)។ ដូចនេះ ការលូតលាស់ដែលយើងមាននៅក្នុងព្រះ មិនគ្រាន់តែមានអត្ថប្រយោជន៍សម្រាប់ខ្លួនយើងប៉ុណ្ណោះទេ។ ដូចនេះ ចូរយើងចម្រើនឡើងក្នុងជំនឿរបស់យើង ដោយមិនបង្អង់យូរឡើយ។ យើងនឹងបានធ្វើជាទីបញ្ចេញព្រះពរដល់អ្នកដទៃ តាមរយៈជំនឿរបស់យើងផងដែរ។—PATRICIA RAYBON
តើជំនឿរបស់អ្នកមិនមានភាពពេញវ័យត្រង់ចំណុចណាខ្លះ? តើអ្នកអាចលូតលាស់ខាងវិញ្ញាណ ដោយរបៀបណា?
ឱព្រះប្រកបដោយប្រាជ្ញា សូមព្រះអង្គជួយទូលបង្គំឲ្យលូតលាស់ មានភាពពេញវ័យខាងវិញ្ញាណ នៅក្នុងព្រះអង្គ។
FOR FURTHER STUDY, READ GOING THE DISTANCE—SPIRITUAL DISCIPLINES AT DISCOVERODB.ORG.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣៤-៣៥ និង កិច្ចការ ១៥:១-២១
ប្រភេទ
ល្ងាច

ការល្បួងរបស់លោក យ៉ូសែប (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 7, 2025
«រីឯយ៉ូសែបគាត់មានរូបឆោមដ៏ពិសី ហើយស្រៀវស្រស់ល្អ។ កាលក្រោយការទាំងនោះមក នោះប្រពន្ធរបស់ចៅហ្វាយគាត់ ចេះតែដេញភ្នែកជាប់តាមមើលយ៉ូសែបហើយនិយាយថា ចូរមកដេកនឹងអញ តែគាត់មិនព្រមសោះ» (លោកុប្បត្ដិ ៣៩:៦-៨)។
ការល្បួងគឺជាការនាំចិត្តមនុស្សឲ្យចង់ប្រព្រឹត្តការអាក្រក់ ឬអំពើបាប។ មនុស្សម្នាក់ៗសុទ្ធតែជួបការល្បួង សូម្បីតែព្រះអម្ចាស់យេស៊ូវក៏ធ្លាប់ជួបដោយផ្ទាល់ដែរ។ ដូចនេះ ការល្បួងមិនមែនជាបាបនោះទេ តែការឆ្លើយតបរបស់យើងចំពោះវា ដែលនាំឲ្យយើងចូលទៅក្នុងផ្លូវនៃសេចក្តីទុចរិត ឬធ្លាក់ចូលទៅក្នុងការលិចលង់នៃការមិនស្តាប់បង្គាប់ ដែលប្រៀបដូចជាការធ្លាក់ចូលខ្សាច់ស្រូបមិនអាចដកខ្លួនរួច។
ទង្វើរបស់ប្រពន្ធលោក ប៉ូទីផារ បានបង្ហាញអំពីរបៀបដែលការល្បួងបានបង្ហាញខ្លួនវាចេញមក។ ពីដំបូង ទង្វើគាត់មានភាពស្ងប់ស្ងាត់។ គំនិតរបស់គាត់ចាប់ផ្ដើមគិតអំពីលោក យ៉ូសែប ខុសពីធម្មតា។ ភ្នែកគឺជាទ្វារបើកចូលទៅក្នុងវិញ្ញាណ ហើយការល្បួងជាច្រើនចូលតាមច្រកទ្វារនោះ។ ចិត្តចាប់ផ្ដើមមានភាពត្រេកត្រអាល ដោយសារភ្នែកចូលចិត្តមើលផ្តេសផ្តាស។
ភ្នែករបស់គាត់បាននាំឲ្យវិញ្ញាណគាត់ជាប់អន្ទាក់ គាត់លែងគិតអំពីភាពថ្លៃថ្នូរទៀតហើយ។ ហេតុអ្វីគាត់បណ្តោយខ្លួនតាមការល្បួងឲ្យចង់ប្រព្រឹត្តអំពើផិតក្បត់ ដោយគ្មានការខ្មាសអៀនដូចនេះ? មូលហេតុគឺដោយសារ គាត់បានចិញ្ចឹមចិត្តត្រេកត្រអាល ក្នុងកំរិតនៃការស្រមៃរបស់គាត់ ដែលបង្កើនឲ្យមានឱកាសដែលគាត់ចង់ប្រព្រឹត្តអ្វីដែលគាត់កំពុងគិតចង់ធ្វើ។ អំពើបាបតែងតែត្រៀមខ្លួនជាស្រេច ដើម្បីកើតឡើងភ្លាមៗ ដោយការជំរុញពីបំណងចិត្តដែលងងឹតងងល់ ក្តៅក្រហាយ ឬស្ទើរតែមិនអាចគ្រប់គ្រងបាន។ មានពេលខ្លះ យើងបានផុងខ្លួនជ្រៅយ៉ាងខ្លាំងនៅក្នុងគំនិតយើង បានជាយើងស្វែងរកឱកាសដើម្បីប្រព្រឹត្តវា ហើយពេលណាយើងមានឱកាស យើងប្រព្រឹត្តវាភ្លាម។
យើងអាចរៀនសូត្រពីកំហុសរបស់ប្រពន្ធលោក ប៉ូទីផារ។ អ្នកត្រូវដឹងច្បាស់ថា ការអ្វីដែលអ្នកអនុញ្ញាតឲ្យភ្នែកអ្នកមើល ហើយដក់ជាប់ក្នុងគំនិតអ្នក មិនយូរមិនឆាប់ វានឹងមានឥទ្ធិពលមកលើការប្រព្រឹត្តរបស់អ្នក។ ពេលនោះ យើងត្រូវសម្រេចចិត្តថា យើងនឹងចិញ្ចឹម ឬប្រឆាំងការល្បួង និងបំណងចិត្តដែលវាបានបណ្ដាលឡើង។ តើយើងបានត្រៀមខ្លួន «នាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទ» (២កូរិនថូស ១០:៥) ជាជាងចិញ្ចឹមចិត្តត្រេកត្រអាល ឬបាបដទៃទៀតដែរឬទេ? តើយើងស្ម័គ្រចិត្ត «ចូលនគរព្រះ ដោយមានភ្នែកតែម្ខាង» (ម៉ាកុស ៩:៤៧) ឬជីវិតអស់កល្បមិនមានតម្លៃដែលសក្តិសមនឹងឲ្យយើងធ្វើការលះបង់ភាពត្រេកត្រអាលនោះ?
នៅថ្ងៃនេះ តើភ្នែក និងគំនិតរបស់អ្នកបានប្រឈមមុខដាក់ការល្បួងអ្វីខ្លះ? ការល្បួងនីមួយៗសុទ្ធតែជាការអញ្ជើញដ៏គ្រោះថ្នាក់ឲ្យយើងប្រព្រឹត្តបាប តែវាក៏ជាឱកាសសម្រាប់ឲ្យយើងជ្រើសរើសយកការស្តាប់បង្គាប់ផងដែរ។ ចូរយើងអធិស្ឋានសូមប្រាជ្ញា និងចិត្តក្លាហាន ដើម្បីឲ្យយើងមើលឃើញឱកាសនោះ ហើយឆ្លើយតបចំពោះការល្បួង តាមរបៀបដែលនាំឲ្យគេដើរក្នុងផ្លូវនៃសេចក្តីសុចរិត។
ព្រះគម្ពីរសញ្ជឹងគិត៖ លោកុប្បត្ដិ ៤:១-១៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ៣០-៣១ និង កិច្ចការ ៧:២២-៤៣