នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

អធិស្ឋានក្នុងស្ថានភាពអស់សង្ឃឹម

អធិស្ឋានក្នុងស្ថានភាពអស់សង្ឃឹម

ដោយKenneth Petersen

July 8, 2025

យ៉ូហាន ១១:១-៧,១៧-២៥
ព្រះយេស៊ូវមានបន្ទូលទៅនាងថា ប្អូននាងនឹងរស់ឡើងវិញ។ យ៉ូហាន ១១:២៣
កាលពីឆ្នាំ ២០១១ អ្នកស្រី ឃែរេយ ផែកខាដ (KAREY PACKARD) និងកូនស្រីរបស់គាត់ កំពុងរៀបរបស់របរដាក់ចូលក្នុងប្រអប់ ដើម្បីផ្លាស់ទីលំនៅទៅកន្លែងថ្មី។ ភ្លាមៗនោះ អ្នកស្រីឃែរេយក៏បានងងឹតមុខដួល ហើយបេះដូងគាត់ក៏បានឈប់លោត។ វេជ្ជបណ្ឌិតក៏បានជួយឲ្យបេះដូងគាត់លោតឡើងវិញ តែស្ថានភាពរបស់គាត់កាន់តែធ្ងន់ធ្ងរជាងមុន ក្នុងពេលមួយយប់នោះ។ គេក៏បានប្រាប់លោក ក្រេក (CRAIG) ដែលជាស្វាមីរបស់គាត់ ឲ្យហៅសាច់ញាតិឲ្យមកមើលគាត់ជាលើកចុងក្រោយ។ ពួកគេក៏បាននាំគ្នាអធិស្ឋាន។ លោក ក្រេកបានហៅការអធិស្ឋាននោះថា “ការអធិស្ឋានក្នុងស្ថានភាពដែលអស់សង្ឃឹម”។ 
តើមានពេលប៉ុន្មានដងហើយ ដែលយើងបានអធិស្ឋាន ក្នុងស្ថានភាពដែលអស់សង្ឃឹម ដោយសាររឿងវិបត្តិ? នាង ម៉ារា និងនាង ម៉ាថា ក៏ធ្លាប់បានអធិស្ឋានក្នុងស្ថានភាពអស់សង្ឃឹមផងដែរ។ ពួកគេក៏បានចាត់គេឲ្យទៅឯព្រះយេស៊ូវ ទូលថា ព្រះអម្ចាស់អើយ មើល អ្នកដែលទ្រង់ស្រឡាញ់នោះគាត់ឈឺ (យ៉ូហាន ១១:៣)។ នៅពេលដែលព្រះយេស៊ូវយាងមកដល់ លោក ឡាសាបានស្លាប់៤ថ្ងៃហើយ។ នាង ម៉ាថាក៏បានទូលព្រះយេស៊ូវ ទាំងចិត្តសោកសង្រេងថា “ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ” (ខ.២១)។ នាងដឹងថា ព្រះគ្រីស្ទអាចប្រោសមនុស្សឲ្យជាពីជំងឺ តែមិនបាននឹកស្មានថា ព្រះអង្គមានអំណាចមកលើសេចក្តីស្លាប់ទេ។ ព្រះយេស៊ូវក៏បានប្រោសលោក ឡាសាឲ្យរស់ឡើងវិញ ដែលជាការបង្ហាញទុកជាមុន អំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ នៅពេលប៉ុន្មានសប្តាហ៍ទៀត។
គ្រូពេទ្យក៏បានប្រកាសថា អ្នកស្រី ឃែរេយបានលាចាកលោក តែព្រះទ្រង់បានប្រោសគាត់ឲ្យរស់ឡើងវិញ ដោយការអស្ចារ្យ។ ក្នុងរឿងរបស់អ្នកស្រី ឃែរេយ និងលោក ឡាសា យើងងាយនឹងមើលរំលងចំណុចសំខាន់មួយគឺ ព្រះទ្រង់មានផែនការធ្វើអ្វីមួយ ដោយមិនឲ្យយើងដឹងមុន។ ក្នុងពេលបច្ចុប្បន្ន ព្រះអង្គមិនបានប្រោសមនុស្សឲ្យបានជាទាំងអស់គ្នា ឬប្រោសមនុស្សស្លាប់ទាំងអស់ឲ្យរស់ពីស្លាប់ឡើងវិញ។ តែព្រះអង្គបានប្រទាននូវការធានាថា “ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ” (ខ.២៥)។ ក្នុងនាមយើងជាអ្នកជឿព្រះ ទោះមានរឿងអ្វីកើតឡើងក៏ដោយ យើងដឹងថា យើងនឹងបានទៅរស់នៅជាមួយព្រះយេស៊ូវ។ ការដឹងដូចនេះ អាចធ្វើឲ្យយើងកាន់តែមានសង្ឃឹម ក្នុងការអធិស្ឋាន ក្នុងស្ថានភាពអស់សង្ឃឹម។—KENNETH PETERSEN

តើអ្នកបានឆ្លងកាត់ស្ថានភាពអ្វីខ្លះដែលអស់សង្ឃឹម? តើអ្នកបានអធិស្ឋានដូចម្តេចខ្លះ ក្នុងការឆ្លងកាត់ស្ថានភាពនោះ?
ឱព្រះវរបិតា សូមព្រះអង្គបើកភ្នែកទូលបង្គំ ឲ្យមើលឃើញផែនការរបស់ព្រះអង្គ 
ដែលធំជាងនេះ គឺមិនគ្រាន់តែមើលឃើញអ្វីដែលនៅចំពោះមុខទូលបង្គំប៉ុណ្ណោះឡើយ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣៦-៣៧ និង កិច្ចការ ១៥:២២-៤១
 

ល្ងាច

ចូរ​មក​ដោយ​ការ​បន្ទាប​ខ្លួន និង​ស្វែង​រក​ដោយ​ចិត្ត​ស្មោះ​ត្រង់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ចូរ​មក​ដោយ​ការ​បន្ទាប​ខ្លួន និង​ស្វែង​រក​ដោយ​ចិត្ត​ស្មោះ​ត្រង់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 8, 2025

«នោះ​ពួក​ផារិស៊ី​ចេញ​មក តាំង​ជជែក​ដើម្បី​នឹង​ល្បង​ទ្រង់ ដោយ​សូម​ឲ្យ​ទ្រង់​សម្ដែង​ទី​សម្គាល់​ពី​លើ​មេឃ​ឲ្យ​គេ​ឃើញ ទ្រង់​ក៏​ថ្ងូរ​ក្នុង​ព្រះ​ហឫទ័យ ហើយ​មាន​ព្រះ​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​មនុស្ស​ដំណ​នេះ​ចង់​រក​តែ​ទី​សម្គាល់​ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​ទី​សម្គាល់​ណា​ប្រទាន​មក​មនុស្ស​ដំណ​នេះ​ឡើយ» (ម៉ាកុស ៨:១១-១២)។ 
គ្រូ​បង្រៀន​នៅ​សាលា​រៀន និង​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ ច្រើន​តែ​ជួប​ប្រទះ​នូវ​សំណួរ​ពី​សិស្ស​ពីរ​ប្រភេទ គឺ​អ្នក​ដែល​សួរ​សំណួរ​ដោយ​ការ​គួរ​សម ហើយ​មាន​ចិត្ត​ពិត​ជា​ចង់​បាន​ចម្លើយ​មែន និង​អ្នក​ដែល​សួរ​ផ្ចាញ់​ផ្ចាល ដោយ​ចិត្ត​ចង់​ឈ្នះ។ មនុស្ស​ប្រភេទ​ទី១ ពិត​ជា​ស្វែង​រក​ការ​យល់​ដឹង។ តែ​មនុស្ស​ប្រភេទ​ទី២ មាន​ចិត្ត​ចង់​សម្រេច​គោល​បំណង ដោយ​ចង់​ឲ្យ​គេ​ទទួល​យក​គំនិត​របស់​ខ្លួន ឬ​គ្រាន់​តែ​ចង់​ឲ្យ​គេ​គិត​ថា ខ្លួន​ជា​មនុស្ស​ឆ្លាត ជាជាង​ស្វែង​រក​ចំណេះ​ដឹង​ពី​គ្រូ​បង្រៀន។ 
ពួក​ផារិស៊ី​ច្រើន​តែ​ផ្ចាញ់​ផ្ចាល​ការ​បង្រៀន និង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ​ជា​សាធារណៈ ដើម្បី​ធ្វើ​តេស្ដ​ចំណេះ​ដឹង​របស់​ព្រះ​អង្គ ឬ​ដើម្បី​ផ្ដួល​ព្រះ​អង្គ គឺ​ខុស​ពី​ហ្វូង​មនុស្ស​ដែល​បាន​មើល​ឃើញ និង​មាន​ចិត្ត​ស្ងើច​សរសើរ​ចំពោះ​ការ​អស្ចារ្យ​របស់​ព្រះ​គ្រីស្ទ។ ពួក​គេ​មាន​វត្ត​មាន​នៅ​ទីនោះ មិន​មែន​ដើម្បី​មើល​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​អង្គ​កំពុង​ធ្វើ ឬ​ដើម្បី​ពិចារណា​ឲ្យ​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ជា​នរណា​ឡើយ។ ពួក​គេ​មាន​វត្ត​មាន​នៅ​ទីនោះ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​អង្គ​ជំពប់​ដួល ឬ​ដើម្បី​ដាក់​អន្ទាក់​ព្រះ​អង្គ។ 
ព្រះ​យេស៊ូវ​បាន​ឆ្លើយ​តប ដោយ​ព្រះ​ទ័យ​អាណិត ចំពោះ​ហ្វូង​មនុស្ស​ដែល​ដើរ​តាម​ព្រះ​អង្គ។ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​សប្បុរស​ដល់​អ្នក​ដែល​ចូល​មក​រក​ទ្រង់ ដោយ​ចិត្ត​ដែល​បន្ទាប​ចុះ ដោយ​ទទួល​ស្គាល់​តម្រូវ​ការ​របស់​ខ្លួន។ ព្រះ​អង្គ​មិន​បាន​បណ្ដេញ​នរណា​ម្នាក់ ដែល​ចូល​មក​រក​សេចក្តី​ពិត ដោយ​ចិត្ត​ស្មោះ​ត្រង់​នោះ​ឡើយ។ ប៉ុន្តែ នៅ​ពេល​ដែល​ព្រះ​អង្គ​ប្រឈម​មុខ​ដាក់​អ្នក​ដឹក​នាំ​សាសនា​ដែល​ទាស់​ប្រឆាំង​ព្រះ​អង្គ ទ្រង់​ក៏​បាន​ស្តី​បន្ទោស​ពួក​គេ​ដោយ​សេចក្តី​សុចរិត និង​សេចក្តី​អត់​ធ្មត់ ចំពោះ​អ្នក​ដែល​ចូល​មក​រក​ព្រះ​អង្គ ដើម្បី​លើក​តម្កើង​ខ្លួន​ឯង និង​ដើម្បី​ផ្ចាញ់​ផ្ចាល​ការ​អះអាង​របស់​ព្រះ​អង្គ។ 
មនុស្ស​សួរ​សំណួរ​ដោយ​អាកប្ប​កិរិយា​ពីរ​ប្រភេទ គឺ​ដោយ​បន្ទាប​ខ្លួន ឬ​ដោយ​អំនួត។ ហើយ​ព្រះ​អង្គ​ជា​គ្រូ​បង្រៀន​ដែល​តែង​តែ​ជ្រាប​អំពី​ភាព​ខុស​គ្នា​នេះ។ 
អ្នក​ខ្លះ​និយាយ​ថា ខ្លួន​ជឿ​ព្រះ តែ​មិន​បាន​ទទួល​អត្ថ​ប្រយោជន៍​អ្វី​ពី​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ​ឡើយ។ ពួក​គេ​អង្គុយ​ស្តាប់​គ្រូ​គង្វាល​អធិប្បាយ​ព្រះ​បន្ទូល​រៀង​រាល់​ថ្ងៃ​អា​ទិត្យ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ពួក​គេ​ក៏​កំពុង​ស្វែង​រក​ហេតុផល​ដែល​មិន​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​កិច្ចការ​ដែល​ព្រះគ្រីស្ទ​បាន​សម្រេច​ហើយ​ដែរ។ ពួក​គេ​បាន​ចោទ​ជា​សំណួរ ដែល​រា​រាំង​មិន​ឲ្យ​ពួក​គេ​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អម្ចាស់ ហើយ​បន្ទាប់​មក​ពួក​គេ​ឆ្ងល់​ថា ហេតុ​អ្វី​ពួក​គេ​មិន​ដែល​ទទួល​បាន​ចម្លើយ​ដែល​ពួក​គេ​ចង់​បាន។ នេះ​មិន​មែន​ជា​របៀប​នៃ​ការ​រស់​នៅ​របស់​កូន​ព្រះ​ទេ។ យើង​គួរ​តែ​ខិតខំ​រៀន​សូត្រ​ពី​ព្រះ​ដែល​ជា​គ្រូ​របស់​យើង ដោយ​ភាព​តូច​ទាប និង​ការ​ចង់​ចេះ​ចង់​ដឹង ហើយ​ពេល​ណា​ចិត្ត​របស់​យើង​តប់​ប្រមល់ ចូរ​យើង​ចូល​មក​រក​ព្រះ​អង្គ ដោយ​ការ​បន្ទាប​ខ្លួន ដោយ​ទូល​សូម​ព្រះ​អង្គ​ជួយ​យើង​ឲ្យ​បើក​ចិត្ត​ទទួល​ចម្លើយ ដោយ​មិន​ទាម​ទារ​ឲ្យ​ព្រះ​អង្គ ធ្វើ​តាម​គោល​បំណង ឬ​ការ​រំពឹង​ចង់​បាន​របស់​យើង​នោះ​ទេ។
បើ​អ្នក​មាន​ខួរ​ក្បាល​ធំ ព្រះ​គម្ពីរ​អាច​ចម្អែត​ភាព​ស្រេក​ឃ្លាន​ខាង​ចំណេះ​ដឹង​របស់​អ្នក​បាន។ បើ​អ្នក​មាន​ក្បាល​ធំ អំនួត​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​អ្នក​មិន​អាច​មើល​ឃើញ​ភាព​ច្បាស់​លាស់ និង​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​ព្រះ​បាន​ទេ។ ព្រះ​គ្រីស្ទ​ត្រៀម​ជា​ស្រេច ដើម្បី​គាំទ្រ​ភាព​ស្មោះ​ត្រង់​ដែល​មនុស្ស​មាន ក្នុង​ការ​ស្វែង​រក​ចំណេះ​ដឹង​ពី​ព្រះ​អង្គ ប៉ុន្តែ​ព្រះ​អង្គ​មិន​ដែល​គាំទ្រ​ភាព​ក្រអឺតក្រទម​របស់​ពួក​គេ​ឡើយ។ 
យើង​រាល់​គ្នា​សុទ្ធ​តែ​ចង់​ទូល​សួរ​ព្រះ​យេស៊ូវ អំពី​ពិភព​លោក អំពី​ជីវិត​របស់​យើង និង​អំពី​ផ្លូវ​ដែល​យើង​គួរ​ទៅ។ ព្រះ​យេស៊ូវ​មិន​ដែល​គេច​ចេញ​ពី​មនុស្ស​ដែល​ចូល​មក​រក​ព្រះ​អង្គ​ទេ ហើយ​ព្រះ​អង្គ​ក៏​ស្វាគមន៍​សំណួរ​ពី​ប្អូន​ប្រុស​ប្អូន​ស្រី​របស់​ព្រះ​អង្គ​ផង​ដែរ។ ប៉ុន្តែ ក្រៅ​ពី​ចង់​សួរ​សំណួរ​នោះ ចូរ​គិត​អំពី​ដួង​ចិត្ត​របស់​អ្នក​ផង​ដែរ។ បើ​អ្នក​មាន​សំណួរ​អ្វី ចូរ​សួរ​ចុះ ប៉ុន្តែ មុន​នឹង​សួរ អ្នក​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់ អំពី​គោល​បំណង​ដែល​អ្នក​ចង់​សួរ។ តើ​អ្នក​បាន​ទទួល​ការ​បណ្ដាល​ចិត្ត​ពី​សេចក្តី​ជំនឿ នៅ​ក្នុង​ការ​ស្វែង​រក​ចំណេះ​ដឹង​ក្នុង​ព្រះ​គម្ពីរ ឬ​បាន​ទទួល​ការ​បណ្ដាល​ចិត្ត​ពី​សេចក្តី​អំនួត ដែល​ព្យាយាម​បង្ហាញ​ឲ្យ​គេ​ដឹង​ថា អ្នក​មាន​ចំណេះ​ដឹង​ច្រើន​ជាង​គេ? 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាកុស ១០:២-២២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ចោទិយកថា ៣២-៣៤ និង កិច្ចការ ៧:៤៤-៦០

ប្រភេទ