នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការវង្វេងដ៏តក់ស្លុត ក្នុងរូងភ្នំ

ការវង្វេងដ៏តក់ស្លុត ក្នុងរូងភ្នំ

ដោយTim Gustafson

July 9, 2025

១ថែស្សាឡូនិច ៥:១៦-២៤
កុំឲ្យពន្លត់ព្រះវិញ្ញាណ។ ១ថែស្សាឡូនិច ៥:‌១៩
មានក្មេងជំទង់ឈាមរាវបីនាក់ បានចូលក្នុងរូងក្រោមដីមួយកន្លែង ដែលមានប្រព័ន្ធខ្វាត់ខ្វែងជាប់នឹងរូងភ្នំដំរីមែនម៉ត។ លោក ពូ ហ្វ្រ៊ែង (UNCLE FRANK) គឺជាអ្នកចូលរូងភ្នំ មានបទពិសោធន៍ច្រើន ហើយក៏មានការយល់ដឹងច្រើនអំពីផ្នែកនេះ។ គាត់បានរួមដំណើរជាមួយពួកគេ។ គាត់ស្គាល់កន្លែងដែលចោទខ្លាំង និងចំណុចដែលមានគ្រោះថ្នាក់ ហើយក៏តែងតែប្រាប់អ្នកទាំងបីឲ្យទៅតាមគាត់ តែពួកគេនៅតែដើរឆ្ងាយពីគាត់។
គាត់ក៏បានបន្ថយពន្លឺភ្លើងពិល ដែលគាត់បានពាក់នៅលើក្បាលគាត់ ហើយសម្រេចចិត្តឈប់ណែនាំពួកគេទៀត។ មិនយូរប៉ុន្មាន ក្មេងប្រុសទាំងនោះក៏បានដឹងថា ពួកគេបានវង្វេងចេញពីអ្នកនាំផ្លូវរបស់ខ្លួន។ ពួកគេក៏បានស្រែកហៅឈ្មោះគាត់ ទាំងអារម្មណ៍តក់ស្លុត តែមិនបានឮគាត់ឆ្លើយសោះ។ ទីបំផុតពួកគេក៏បានឃើញពន្លឺភ្លើងពិលរបស់គាត់ភ្លឹបភ្លែតៗពីចម្ងាយ។ ពួកគេមានអារម្មណ៍ធូរស្បើយ និងមានសន្តិភាពក្នុងចិត្តភ្លាម! ឥឡូវនេះ ពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីដើរតាមអ្នកនាំផ្លូវរបស់ពួកគេ។ 
រឿងពិតមួយនេះអាចធ្វើជារឿងប្រៀបប្រដូច អំពីរបៀបដែលយើងប្រព្រឹត្តចំពោះអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ។ យើងងាយនឹងជួបការល្បួងឲ្យដើរតាមផ្លូវវាង ចេញពីសម្លេងដែលត្រាស់ហៅយើង ឲ្យដើរតាមព្រះមួយអង្គដែលមានបន្ទូលថា “ចូរមកតាមខ្ញុំ” (ម៉ាថាយ ១៦:២៤)។ សម្លេងនោះគឺជាសម្លេងរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅក្នុងកូនរបស់ព្រះ (កិច្ចការ ២:៣៨-៣៩)។
ព្រះវិញ្ញាណរបស់ព្រះ មិនដែលបោះបង់យើងចោលឡើយ តែយើងច្រើនតែមិនអើពើចំពោះការដឹកនាំរបស់ព្រះអង្គ។ សាវ័កប៉ុលបានដាស់តឿនយើង កុំឲ្យពន្លត់ព្រះវិញ្ញាណ (១ថែស្សាឡូនិច ៥:‌១៩)។ ផ្ទុយទៅវិញ “ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់” (ខ.១៦-១៨)។ ពេលណាយើងធ្វើដូចនេះ យើងនឹងបានដើរតាមអ្នកនាំផ្លូវយើង ដែលជា “ព្រះនៃសេចក្តីសុខសាន្ត” ដែលញែកយើងជាបរិសុទ្ធសព្វគ្រប់” (ខ.២៣)។ យើងមិនសម្រេចការនេះដោយខ្លួនឯងបានទេ ព្រោះនេះជាការងាររបស់ព្រះអង្គ។ គឺដូចដែលសាវ័កប៉ុលបានរំឭកយើងថា “ព្រះដែលបានហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ទ្រង់នឹងធ្វើសំរេចការនោះ” (ខ.២៤)។—TIM GUSTAFSON

តើអ្នកបានព្រងើយកន្តើយចំពោះព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ដូចម្តេចខ្លះ?
 តើអ្នកអាចដើរតាមព្រះអង្គ កាន់តែជិតស្និទ្ធដូចម្តេចខ្លះ? 
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំ ឲ្យដើរតាមព្រះអង្គ យ៉ាងប្រកិត ដោយការផ្តោតចិត្តចំពោះព្រះអង្គ ជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣៨-៤០ និង កិច្ចការ ១៦:១-២១
 

ល្ងាច

ការ​បង្រៀន​សម្រាប់​ឪពុក​ទាំងឡាយ  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​បង្រៀន​សម្រាប់​ឪពុក​ទាំងឡាយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 9, 2025

«ឪពុក​រាល់​គ្នា​អើយ កុំ​ឲ្យ​ចាក់​រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន និង​សេចក្តី​ដាស់តឿន​របស់​ព្រះ​អម្ចាស់​វិញ» (អេភេសូរ ៦:៤)។ 
ក្នុង​សង្គម​របស់​ជនជាតិ​រ៉ូម៉ាំង បុរស​ជា​ឪពុក​មាន​អំណាច​សម្រេច​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​គ្រួសារ។ គឺ​ដូច​ដែល​លោក វីលៀម បាខ្លេយ (William Barclay) បាន​សរសេរ​ថា «ឪពុក​ជា​សាសន៍​រ៉ូម៉ាំង មាន​អំណាច​ដាច់​ខាត​មក​លើ​គ្រួសារ​គាត់...គាត់​អាច​ចាប់​ចង ឬ​វាយ​ប្រដៅ​កូន​ប្រុស​របស់​គាត់ គាត់​អាច​លក់​កូន​ប្រុស​គាត់​ធ្វើ​ជា​ទាសករ ហើយ​ថែម​ទាំង​មាន​សិទ្ធិ​កាត់​ទោស​ប្រហារ​ជីវិត​កូន​ប្រុស​គាត់...ប្រជាជន​រ៉ូម៉ាំង​ដឹង​ថា ការ​លត់​ដំ​កូន​មាន​លក្ខណៈ​ដូច​ម្ដេច​ខ្លះ»។3 
ដូច​នេះ ចូរ​កត់​សម្គាល់​ថា ក្នុង​បទ​គម្ពីរ​ខាង​លើ សាវ័ក ប៉ុល មិន​គ្រាន់​តែ​ប្រាប់​ឪពុក​ម្តាយ​ឲ្យ​ប្រើ​អំណាច​ក្នុង​ការ​ប្រៀន​ប្រដៅ​កូន​ប៉ុណ្ណោះ​ទេ។ តែ​គាត់​ក៏​បាន​ទទួល​ស្គាល់​អំណាច​ដែល​ឪពុក​ម្តាយ​មាន​ក្នុង​ការ​ប្រៀន​ប្រដៅ​កូន និង​ប្រើ​អំណាច​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ។ ជា​បឋម ការ​បង្រៀន​របស់​គាត់​មាន​លក្ខណៈ​ជា​បម្រាម «កុំ​ឲ្យ​ចាក់​រុក​កូន​របស់​ខ្លួន»។ គាត់​ជំរុញ​ឪពុក​ទាំងឡាយ ឲ្យ​មាន​ការ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​ក្នុង​ការ​ប្រៀប​ប្រដៅ​កូន ពុំ​នោះ​ទេ ការ​ប្រៀន​ប្រដៅ​នោះ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ច្រើន​ជាង​មាន​ប្រយោជន៍ ដោយ​វា​ធ្វើ​ឲ្យ​កូន​មាន​ចិត្ត​នឿយណាយ ឬ​បណ្ដាល​ឲ្យ​ពួក​គេ​បាក់​ទឹក​ចិត្ត មាន​ចិត្ត​ជូរ​ល្វីង ឬ​ខឹង។ 
តើ​កូន​របស់​យើង​មាន​កំហឹង ដោយ​សារ​ការ​ប្រៀន​ប្រដៅ​របស់​យើង​ដោយ​របៀប​ណា? គឺ​តាម​រយៈ ភាព​អាត្មា​និយម ភាព​ធ្ងន់ធ្ងរ ភាព​មិន​ទៀង​ទាត់ ភាព​គ្មាន​ហេតុផល ភាព​លម្អៀង ការ​បញ្ឈឺ​ចិត្ត ការ​ចាប់​កំហុស និង​ការ​មិន​ឲ្យ​តម្លៃ​មក​លើ​ការ​រីក​ចម្រើន​របស់​ពួក​គេ។ល។ ប៉ុន្តែ កត្តា​ដ៏​ច្រើន​យ៉ាង​នេះ មិន​គួរ​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត ក្នុង​ការ​ប្រៀន​ប្រដៅ​កូន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​នេះ​គួរ​តែ​បាន​រំឭក​យើង​ថា ការ​ទទួល​ខុស​ត្រូវ​នេះ លើស​ពី​សមត្ថភាព​របស់​យើង បើ​សិន​ជា​យើង​មិន​ពឹង​ផ្អែក​លើ​ព្រះ​គុណ​ព្រះ​ទេ​នោះ។ 
ប៉ុន្តែ ការ​បង្រៀន​របស់​សាវ័ក ប៉ុល មិន​គ្រាន់​​តែ​ជា​បម្រាម​នោះ​ទេ តែ​ក៏​មាន​ការ​បង្គាប់​ផង​ដែរ។ ពាក្យ «ចូរ​បង្រៀន​វា» ក៏​អាច​មាន​ន័យ​ថា «ចូរ​ជួយ​វា​ឲ្យ​លូត​លាស់​ឡើង»។ ត្រង់​ចំណុច​នេះ គាត់​មិន​គ្រាន់​តែ​បាន​ក្រើន​រំឭក​យើង​ឲ្យ​ចិញ្ចឹម​កូន ដោយ​ការ​ថ្នាក់​ថ្នម ដូច​ការ​ថែទាំ​ដំណាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ការ​ប្រៀន​ប្រដៅ​កូន​មិន​មែន​ជា​កិច្ចការ​ដែល​យើង​ធ្វើ​តែ​មួយ​ពេល​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ការ​ប្រៀន​ប្រដៅ​កូន​គឺ​ជា​ការ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ទន្ទឹម​នឹង​នោះ «ការ​ជួយ​ឲ្យ​លូត​លាស់​ឡើង» ក៏​រាប់​បញ្ចូល «ការ​លត់ដំ» ពោល​គឺ លត់ដំ​តាម​ព្រះ​គម្ពីរ ដោយ​ឪពុក​ត្រូវ​មាន​ការ​ផ្លាស់​ប្រែ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ ធ្វើ​ជា​គំរូ​ដល់​គាត់ ហើយ «ការ​ជួយ​ឲ្យ​លូត​លាស់​ឡើង» ក៏​រាប់​បញ្ចូល «ការ​បង្រៀន» ដែល​ជា​ការ​នាំ​ព្រះ​បន្ទូល​ព្រះ​យ៉ាង​សុភាព ចូល​ក្នុង​គំនិត​របស់​កូន ដើម្បី​ឲ្យ​ចរិត​លក្ខណៈ​របស់​ពួក​គេ​បាន​ផ្លាស់​ប្រែ​ពិត​ប្រាកដ។ 
បើ​អ្នក​ជា​ឪពុក​ម្តាយ តើ​អ្នក​អាច​សម្រេច​កិច្ចការ​នេះ​ដោយ​របៀប​ណា? គឺ​ដោយ​សារ​ព្រះ​គុណ​ព្រះ និង​ភាព​អត់​ធ្មត់។ តាម​ន័យ​ផ្សា​ហ៊ុន ការ​ចិញ្ចឹម​កូន មិន​មែន​ជា​ការ​ធ្វើ​ជំនួញ​តែ​មួយ​ថ្ងៃ​នោះ​ទេ តែ​ជា​ការ​វិនិយោគ​រយៈ​ពេល​វែង។ ក្មេង​អាយុ៤ឆ្នាំ​ដែល​មិន​ស្តាប់​បង្គាប់ បាន​ទទួល​សេចក្តី​ស្រឡាញ់ និង​ការ​លត់ដំ​ពី​ឪពុក​ម្តាយ​ដែល​កោត​ខ្លាច​ព្រះ តែ​អាច​ក្លាយ​ជា​យុវជន​ដែល​ចេះ​គិត​ពី​អ្នក​ដទៃ និង​មាន​ក្តី​ស្រឡាញ់ នេះ​ជាទី​បន្ទាល់​ដ៏​អស្ចារ្យ។ ដូច​នេះ បើ​អ្នក​មិន​មែន​ជា​ឪពុក​ម្តាយ​ទេ ចូរ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ​ដែល​ជា​ឪពុក​ម្តាយ។ ពួក​គេ​ត្រូវ​ការ​អ្នក​អធិស្ឋាន​ឲ្យ​ពួក​គេ! ហើយ​បើ​អ្នក​ជា​ឪពុក​ម្តាយ ចូរ​ពិចារណា​អំពី​របៀប​ដែល​អ្នក​ចិញ្ចឹម​កូន។ តើ​អ្នក​ប្រើ​អំណាច​ជា​ឪពុក​ម្តាយ​ក្នុង​គ្រួសារ​យ៉ាង​ដូច​ម្ដេច​ខ្លះ? តើ​អ្នក​ប្រៀន​ប្រដៅ​កូន​ដូច​ម្ដេច​ខ្លះ​ដែល​នាំ​ឲ្យ​ពួក​គេ​មាន​កំហឹង? តើ​អ្នក​អាច​បង្រៀន​ព្រះ​បន្ទូល​ព្រះ​ដល់​កូន​របស់​អ្នក​បាន​យ៉ាង​ដូច​ម្ដេច​ខ្លះ? តើ​អ្នក​មាន​ការ​ផ្លាស់​ប្រែ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ តាម​រយៈ​ការ​បំពេញ​តួនាទី​ជា​ឪពុក​ម្តាយ​ដូច​ម្ដេច​ខ្លះ? សូម​ចាំ​ថា ការ​ប្រៀន​ប្រដៅ​កូន ជា​ទង្វើ​ដែល​បង្ហាញ​ពី​ព្រះ​គុណ​ព្រះ។ យើង​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ដោយ​ចិត្ត​ស្មោះ​ត្រង់។ ប៉ុន្តែ អ្នក​នឹង​ដួល​ចុះ បើ​សិន​ជា​អ្នក​មិន​បាន​នឹក​ចាំ​ថា ព្រះ​គុណ​តែង​តែ​មាន​ភាព​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​អ្នក​អាច​ជម្នះ​កំហុស​គ្រប់​យ៉ាង។ សេចក្តី​ពិត​នេះ​អាច​ស្អាង​អ្នក​ឡើង ហើយ​ក៏​អាច​ជួយ​ឲ្យ​អ្នក​បន្ទាប​ខ្លួន​អធិស្ឋាន​ផង​ដែរ! 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ចោទិយកថា ៦:១-១៥
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អូបាឌា និង កិច្ចការ ៨:១-២៥

ប្រភេទ