នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

រកឃើញជីវិតក្នុងព្រះគ្រីស្ទ

រកឃើញជីវិតក្នុងព្រះគ្រីស្ទ

ដោយTom Felten

July 11, 2025

អេម៉ុស ៥:១-៦,១០-១៤
ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះឯងរាល់គ្នានឹងរស់នៅ។ អេម៉ុស ៥:៦
មានគ្រួសារមួយបាត់បង់ការទាក់ទងជាមួយកូនប្រុសរបស់ខ្លួន ឈ្មោះ ថាយល័រ (TYLER) អស់ជាច្រើនឆ្នាំ។ ថ្ងៃមួយ គេបានយកក្រឡតូចមួយមកជូនពួកគេ ដោយនិយាយប្រាប់ពួកគេថា ក្នុងក្រឡនោះមានធាតុរបស់គាត់ ដែលគេបានបូជាហើយ។ ថាយល័រទើបតែមានអាយុ២០ឆ្នាំ ហើយគាត់ទំនងជាស្លាប់ដោយសារការប្រើថ្នាំញៀនលើសកំរិត។ អស់ជាច្រើនឆ្នាំមកហើយ ដែលថាយល័រត្រូវទទួលរងផលវិបាកនៃការញៀនថ្នាំ និងការសម្រេចចិត្តដោយខ្វះការពិចារណា។ ប៉ុន្តែ មុនពេលគេជូនដំណឹងថា គាត់ស្លាប់ដោយសារការប្រើថ្នាំញៀនលើសកំរិត គាត់បានផ្តាច់ថ្នាំញៀនហើយ បន្ទាប់ពីគាត់បានចំណាយពេលក្នុងមជ្ឈមណ្ឌលកែប្រែមួយកន្លែង និងបានឆ្លងកាត់កម្មវិធីផ្តាច់ថ្នាំញៀនដោយជោគជ័យ។ បន្ទាប់មក អាជ្ញាធរក៏បានធ្វើការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើល។ តាមពិត ថាយល័រនៅមានជីវិតទេ។ ពួកគេបានច្រឡំគាត់ជាមួយនឹងយុវជនម្នាក់ទៀត ដែលបានស្លាប់បាត់បង់ជីវិតដោយសារការប្រើថ្នាំញៀនលើសកំរិត។ ក្រោយមក បន្ទាប់ពីគាត់បានជួបជុំជាមួយក្រុមគ្រួសាររបស់គាត់ ហើយសញ្ជឹងគិតអំពីការស្លាប់របស់យុវជនម្នាក់នោះ គាត់ក៏បាននិយាយថា “អ្នកស្លាប់នោះអាចជាខ្ញុំ”។ 
ប្រជាជាតិអ៊ីស្រាអែលបានដឹងអំពីការស្លាប់របស់ខ្លួន ទោះពួកគេកំពុងមានជីវិតរស់ក៏ដោយ។ ក្នុងទំនុកនៃការសោកសង្រេង ហោរា អេម៉ុសបានច្រៀងអំពីការស្លាប់នេះ ទៅកាន់រាស្រ្តរបស់ព្រះដែលកំពុងបះបោរ យ៉ាងដូចនេះថា “នាងព្រហ្មចារី គឺនគរអ៊ីស្រាអែល បានដួលចុះហើយនឹងក្រោកឡើងវិញមិនបានឡើយ” (អេម៉ុស ៥:២)។ ពាក្យពេចន៍ទាំងនេះប្រាកដជាបានធ្វើឲ្យពួកគេចាប់អារម្មណ៍។ តើពួកគេបានស្លាប់ហើយឬ? តែលោកហោរាក៏បានថ្លែងអំពីព្រះបន្ទូលកម្សាន្តចិត្តមកពីព្រះអម្ចាស់ផងដែរថា “ចូរស្វែងរកអញ នោះឯងរាល់គ្នានឹងរស់នៅ ... យ៉ាងនោះព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់នឹងគង់នៅជាមួយនឹងឯងជាពិត” (ខ.៤,១៤)។ ទោះពួកអ៊ីស្រាអែលបានស្លាប់ក្នុងអំពើបាបរបស់ខ្លួន ដែលទាស់ប្រឆាំងនឹងព្រះក៏ដោយ ក៏ព្រះអង្គនៅតែត្រាស់ហៅពួកគេឲ្យងាកបែរមករកព្រះអង្គ ហើយរកឃើញជីវិត។
ខណៈពេលដែលយើងដោះស្រាយបញ្ហានៃអំពើបាបរបស់យើង ចូរយើងសារភាពបាបរបស់យើង ហើយនាំវាមកថ្វាយព្រះ ដែលស្រឡាញ់ និងអត់ទោសឲ្យយើង។ ព្រះអង្គនឹងដឹកនាំយើងដោយសេចក្តីស្រឡាញ់ ចេញពីសេចក្តីស្លាប់ ចូលទៅរកជីវិត (យ៉ូហាន ៥:២៤)។—TOM FELTEN

តើការទាស់ប្រឆាំងនឹងព្រះ បាននាំទៅរកសេចក្តីស្លាប់ដោយរបៀបណា? តើអ្នកចាំបាច់ត្រូវសារភាពអ្វីខ្លះដល់ព្រះអង្គ? 
ឱព្រះនៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំឲ្យងាកបែរពីអំពើបាប ហើយរកឃើញជីវិតក្នុងព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១-៣ និង កិច្ចការ ១៧:១-១៥

 

ល្ងាច

ភាព​ពេញវ័យ​របស់​គ្រីស្ទ​បរិស័ទ  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ភាព​ពេញវ័យ​របស់​គ្រីស្ទ​បរិស័ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 11, 2025

«មិន​មែន​ថា ខ្ញុំ​បាន​ទទួល ឬ​ថា ខ្ញុំ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ តែ​ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្តី ដែល​ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ...ទាំង​រត់​ដំរង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ។ ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​គ្រប់​លក្ខណ៍​ហើយ យើង​ត្រូវ​មាន​គំនិត​យ៉ាង​នោះ​ឯង តែបើ​អ្នក​រាល់​គ្នា​មាន​គំនិត​ណា​ផ្សេង​ក្នុង​ការ​អ្វី នោះ​ព្រះ​ទ្រង់​នឹង​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​សេចក្តី​នេះ​ដែរ» (ភីលីព ៣:១២, ១៤-១៥)។ 
មាន​ពេល​តិច​ណាស់ ដែល​គួរ​ឲ្យ​ស្រឡាញ់​ដូច​ពេល​ដែល​ក្មេងៗ​មាន​ការ​ស្រមើ​ស្រមៃ​ធំៗ ហើយ​ធ្វើ​ការ​អះ​អាង​លើស​ពី​ការ​ពិត​អំពី​ឪពុក​ម្តាយ​របស់​ពួក​គេ​ថា «ប៉ា​ខ្ញុំ​អាច​ធ្វើ​រឿង​នេះ​បាន ឬ​ម្តាយ​ខ្ញុំ​គាត់​ពូកែ​ខ្លាំង​ណាស់ គាត់​អាច​ធ្វើ​រឿង​នោះ​បាន» ឬ​ពួក​គេ​អះអាង​អំពី​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន។ ប៉ុន្តែ បើ​ពាក្យ​សម្ដី​នេះ​ចេញ​ពី​បបូរ​មាត់​របស់​មនុស្ស​អាយុ​២៥ឆ្នាំ ឬ៥០ឆ្នាំ នោះ​ស្តាប់​មើល​ទៅ ហាក់​ដូច​ជា​មិន​គួរ​ឲ្យ​ស្រឡាញ់​ដូច​នេះ​ទេ! បើ​ពួក​គេ​ហ៊ាន​និយាយ​ដូច​នេះ គេ​នឹង​ប្រាប់​ពួក​គេ​ថា «អាយុ​ប៉ុណ្ណឹង​ហើយ នៅ​តែ​គិត​អញ្ចឹង​ទៀត!»
យើង​រំពឹង​ថា នឹង​បាន​ឃើញ​ភាព​ពេញ​វ័យ នៅ​ក្នុង​ជីវិត​មនុស្ស​ដែល​មាន​អាយុ​ច្រើន ហើយ​យើង​ក៏​បាន​ដឹង​ផង​ដែរ​ថា មាន​សញ្ញា​សម្គាល់​អំពី​ភាព​ពេញវ័យ​នៅ​ក្នុង​ផ្លូវ​កាយ ផ្លូវ​អារម្មណ៍ និង​ផ្លូវ​ចិត្ត ហេតុ​នេះ​ហើយ យើង​ក៏​គួរ​តែ​រំពឹង​ថា នឹង​បាន​ឃើញ​ភាព​ពេញវ័យ​នៅ​ក្នុង​ផ្លូវ​វិញ្ញាណ​ផង​ដែរ។ ហើយ​សាវ័ក ប៉ុល បាន​ពន្យល់​ថា បើ​យើង​ពិត​ជា​កំពុង​ចម្រើន​ឡើង ក្នុង​ភាព​ពេញវ័យ​ខាង​វិញ្ញាណ​មែន នោះ​យើង​ក៏​ត្រូវ​មាន​ចរិត​លក្ខណៈ​មួយ​ចំនួន ជា​សញ្ញា​សម្គាល់​នៃ​ជីវិត​របស់​យើង និង​ការ​ដើរ​ជា​មួយ​ព្រះ។ 
ភាគ​ច្រើន សង្គម​របស់​យើង​កំពុង​ជំរុញ​យើង​ឲ្យ​ទទួល​ស្គាល់​ថា យើង​ជា​នរណា យើង​សម្រេច​បាន​អ្វី ឬ​បាន​ទៅ​ឆ្ងាយ​ប៉ុណ្ណា​ហើយ។ ផ្ទុយ​ទៅ​វិញ ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ​ចាប់​ផ្តើម នៅ​ពេល​ដែល​យើង​ទទួល​ស្គាល់​ដែន​កំណត់​របស់​យើង។ ភាព​មិន​ពេញ​វ័យ​នាំ​ឲ្យ​យើង​គិត​អំពី​ខ្លួន​ឯង លើស​ពី​អ្វី​ដែល​យើង​គួរ​គិត (រ៉ូម ១២:៣) ប៉ុន្តែ ភាព​ពេញវ័យ​បដិសេធន៍​ការ​អះអាង​ដែល​ជា​ការ​និយាយ​ពន្លើស។ ផ្ទុយ​ទៅ​វិញ ការ​វាយ​តម្លៃ​ត្រឹម​ត្រូវ​មក​លើ​កា​រលូត​លាស់​ខាង​វិញ្ញាណ​របស់​យើង គឺ​ជា​សញ្ញា​សម្គាល់​នៃ​ភាព​ពេញ​វ័យ​របស់​យើង។ ភាព​ពេញវ័យ​មិន​មាន​គំរូ​នៃ​ការ​និយាយ​អួត​នោះ​ទេ តែ​មាន​គំរូ​នៃ​ជីវិត​ដែល​បន្ទាប​ខ្លួន ហើយ​នឹងធឹង​ជា​ប្រចាំ។ 
ក្នុង​រឿង​និទាន​ចាស់​បុរាណ អំពី «សត្វ​អណ្ដើក និង​សត្វ​ទន្សាយ» សត្វ​ទន្សាយ​ស្ទុះ​រត់​មួយ​ទំហឹង នៅ​ដើម​ដំបូង​នៃ​ការ​ប្រកួត ខណៈ​ពេល​ដែល​សត្វ​អណ្ដើក​គ្រាន់​តែ​វា​ទៅ​មុខ​យឺតៗ។ សត្វ​ទន្សាយ​ជឿ​ថា វា​មុខ​ជា​ឈ្នះ​ការ​ប្រកួត​មិន​ខាន បាន​ជា​វា​សម្រេច​ចិត្ត​អង្គុយ​ចុះ សម្រាក​លំហែ ហើយ​ក៏​បាន​ដេក​លក់​ទៅ។ ខណៈ​ពេល​ដែល​គូរ​ប្រកួត​កំពុង​តែ​ដេក​លក់​យ៉ាង​រំភើយ សត្វ​អណ្ដើក​ក៏​បាន​ទៅ​ទាន់ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ក្នុង​ជំហាន​ដដែល​យឺតៗ រហូត​ដល់​វា​ក្លាយ​ជា​អ្នក​ឈ្នះ​នៅ​ទី​បញ្ចប់ ខណៈ​ពេល​ដែល​សត្វ​ទន្សាយ​នៅ​មិន​ទាន់​ឃើញ​មក។ 
យើង​អាច​មាន​ការ​ពិបាក​ក្នុង​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ដែល​ជា​សត្វ​ទន្សាយ​ខាង​វិញ្ញាណ ដែល​តែង​តែ​លោត​ចុះ​ឡើងៗ ដោយ​អំនួត ដោយ​ប្រកាស​អំពី​មហិច្ឆតា​របស់​ខ្លួន ហើយ​ប្រាប់​គេ​អំពី​កន្លែង​ដែល​ពួក​គេ​កំពុង​ទៅ ការ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ និង​ការ​អ្វី​ដែល​ពួក​គេ​កំពុង​សម្រេច​បាន។ ទង្វើ​របស់​ពួក​គេ​អាច​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ទឹក​ចិត្ត ខណៈ​ពេល​ដែល​ខ្ញុំ​គ្រាន់​តែ​ចង់​បន្ត​រស់​នៅ​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ!
ក្នុង​នាម​សាវ័ក ប៉ុល ជា​គ្រូ​គង្វាល​ដែល​មាន​ប្រាជ្ញា គាត់​មិន​ដែល​ព្យាយាម​រស់​នៅ​ជា​សត្វ​ទន្សាយ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​លើក​ទឹក​ចិត្ត​យើង​ដោយ​និយាយ​ថា «ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា ខ្ញុំ​ជា​អ្នក​ដំណើរ​ខាង​វិញ្ញាណ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ ហើយ​ខ្ញុំ​មាន​ផ្លូវ​វែង​ឆ្ងាយ​ទៀត​ដែល​ត្រូវ​ទៅ។ សាវ័ក ប៉ុល កំពុង​មមុល​ទៅ​មុខ​ទៅ​រក​ទី​ផ្តាច់​ព្រាត់ ហើយ​នៅ​តែ​បន្ត​ជំរុញ​យើង​ឲ្យ​បន្ត​រត់​ប្រណាំង​ផង​ដែរ។ គាត់​មិន​បាន​អួត​អំពី​សម្ទុះ​ដ៏​លឿន នៅ​ដើម​ដំបូង​នៃ​ការ​រត់​ប្រណាំង​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គាត់​បាន​បង្រៀន​យើង​ឲ្យ​ប្ដេជ្ញា​ចិត្ត​ចំពោះ​មូល​ដ្ឋាន​គ្រឹះ​នៃ​ជំនឿ​វិញ។ 
ការ​បន្ទាប​ខ្លួន និង​ភាព​ទៀង​ទាត់ គឺ​ជា​សញ្ញា​សម្គាល់​នៃ​ភាព​ពេញវ័យ​របស់​ជីវិត​គ្រីស្ទ​បរិស័ទ ដែល​ដឹង​ថា ខ្លួន​បាន​មក​ឆ្ងាយ​យ៉ាង​នេះ គឺ​ដោយ​សារ​ព្រះ​គុណ​ព្រះ ហើយ​នឹង​បន្ត​ទៅ​ឲ្យ​ដល់​ទី​ដោយ​ព្រះ​គុណ​ព្រះ​អង្គ​ផង​ដែរ។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​មាន​ការ​លូត​លាស់​ទាំង​អស់​នេះ ធ្វើ​ជា​សញ្ញា​សម្គាល់​នៃ​ភាព​ពេញវ័យ​ក្នុង​ជីវិត​អ្នក? 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១ពេត្រុស ១:២២-២:៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ១-៣ និង កិច្ចការ ៩:១-២២

ប្រភេទ