នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

បម្រើព្រះ ក្នុងរដូវកាលរបស់យើង

បម្រើព្រះ ក្នុងរដូវកាលរបស់យើង

ដោយLeslie Koh

July 12, 2025

១កូរិនថូស ៣:៥-៩
ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើងនោះគឺព្រះបានធ្វើវិញ។ ១កូរិនថូស ៣:៦
បន្ទាប់ពីលោក ម៉ាក (MARK) បានបង្រៀនព្រះបន្ទូលព្រះ ដល់ខេលិប (CALEB) ដោយផ្ទាល់ គាត់មានការបាក់ទឹកចិត្ត ពេលដែលបានដឹងថា អ្នកដឹកនាំម្នាក់ ក្នុងពួកជំនុំបានចាត់តាំងឲ្យគ្រូផ្សេងបង្រៀនយុវជនម្នាក់នេះ។ អ្នកដឹកនាំរូបនោះក៏បាននិយាយថា “ទីបំផុត ខេលិបមានគ្រូបង្រៀនហើយ”។ 
លោក ម៉ាក ក៏បានឆ្ងល់ថា តើពួកគេគិតឃើញថា ខ្ញុំកំពុងធ្វើអ្វីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ? គាត់មិនបានរំពឹងថា នឹងបានទទួលរង្វាន់ ឬការទទួលស្គាល់ពីអ្នកដទៃនោះទេ តែទង្វើរបស់ពួកគេបានធ្វើឲ្យគាត់ឈឺចាប់។ 
ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំក្រោយមក ខេលិប ក៏បានប្រាប់លោក ម៉ាក ថា គាត់បានចូលទៅក្នុងជីវិតរបស់ខេលិប នៅពេលដែលខេលិបត្រូវការការត្រួសត្រាយផ្លូវខាងវិញ្ញាណខ្លាំងបំផុត។ នៅពេលដែលគាត់បានឮពាក្យលើកទឹកចិត្តនេះ គាត់ក៏បានដឹងថា ព្រះទ្រង់បានប្រទានអំណោយទាន ដល់អ្នកជឿព្រះអង្គផ្សេងៗពីគ្នា ដោយមិនមានការប្រៀបធៀបគ្នាទៅវិញទៅមកនោះទេ ហើយព្រះអង្គបានសម្រេចផែនការរបស់ព្រះអង្គ តាមពេលវេលាដែលព្រះអង្គបានកំណត់។ 
ក្នុងបទគម្ពីរ ១កូរិនថូស ១២:៤-៣១ សាវ័កប៉ុលបាននិយាយសង្កត់ធ្ងន់ អំពីតម្លៃនៃអវយវៈរបស់រូបកាយព្រះគ្រីស្ទ ដែលជាពួកជំនុំ ដោយពួកគេម្នាក់ៗមានអំណោយទាន តួនាទី និងការចាត់តាំងខុសៗគ្នា។ ក្នុងជំពូក៣ គាត់បានក្រើនរំឭកយើង អំពីព្រះដែលជាអ្នកសម្រេចលទ្ធផលចុងក្រោយរបស់ការងារដែលយើងធ្វើ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើងនោះគឺព្រះបានធ្វើវិញ” (ខ.៦)។ 
យើងម្នាក់ៗអាចទទួលបានរដូវកាល និងឱកាសពិសេសរៀងខ្លួន ដើម្បីធ្វើការបម្រើព្រះ។ ព្រះទ្រង់មិនប្រៀបធៀបការងាររបស់មនុស្សម្នាក់ ជាមួយនឹងការងាររបស់មនុស្សម្នាក់ទៀតទេ ដ្បិតព្រះអង្គស្រឡាញ់បុគ្គលម្នាក់ៗស្មើគ្នា។ ព្រះអង្គមិនដូចមនុស្សឡើយ។ ចូរឲ្យភ្នែក និងចិត្តរបស់យើង បានផ្ដោតទៅលើការខិតខំធ្វើការអស់ពីចិត្ត ក្នុងរដូវកាល ដែលព្រះបានប្រទានយើង ដោយពឹងផ្អែកទាំងស្រុង ទៅលើកម្លាំង និងអំណាចរបស់ព្រះអង្គ ហើយមិនត្រូវច្រណែនអ្នកដទៃដែលសម្រេចបានកិច្ចការអ្វីមួយ តាមរបៀប និងឱកាសរបស់ពួកគេនោះឡើយ។—LESLIE KOH

តើព្រះទ្រង់បានប្រទានឱកាសអ្វី ដើម្បីឲ្យអ្នកប្រើអំណាយទាន ដែលព្រះអង្គបានប្រទានមកអ្នក? 
តើអ្នកអាចប្រើអំណោយទានទាំងនោះ ឲ្យបានល្អបំផុត ក្នុងពេលវេលា និងរដូវកាលនេះ ដូចម្តេចខ្លះ? 
ឱព្រះដែលប្រទានអំណោយទាន សូមព្រះអង្គជួយទូលបង្គំឲ្យផ្ដោតទៅលើកិច្ចការ ដែលព្រះអង្គប្រទានឲ្យទូលបង្គំធ្វើ។
FOR FURTHER STUDY, READ ESCAPING THE COMPARISON TRAP AT DISCOVERODB.ORG.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤-៦ និង កិច្ចការ ១៧:១៦-៣៤

 

ល្ងាច

ការ​ត្រាស់​ហៅ​ឲ្យ​អរ​ព្រះ​គុណ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​ត្រាស់​ហៅ​ឲ្យ​អរ​ព្រះ​គុណ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 12, 2025

«ម្នាល បណ្តាជន​នៅ​ផែនដី​អើយ ចូរ​ឡើង​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះ​យេហូវ៉ា...ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ទ្រង់ ដោយ​ពោល​ពាក្យ​អរ​ព្រះ​គុណ ហើយ​ចូល​ទៅ​ក្នុង​ទីលាន​ទ្រង់ ដោយ​បទ​សរសើរ» (ទំនុក​តម្កើង ១០០:១, ៤)។ 
ជំពូក​ទី១០០ នៃ​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង ដែល​មាន​ការ​អំពាវនាវ​ឲ្យ​ថ្វាយ​បង្គំ​ព្រះ ស្ថិត​ក្នុង​ចំណោម​បទ​គម្ពីរ​ទំនុក​តម្កើង ដែល​ពេញ​និយម​បំផុត។ យើង​ប្រហែល​ជា​ធ្លាប់​ឮ​បទ​គម្ពីរ​នេះ​ឡើង​ស៊ាំ​ទៅ​ហើយ បាន​ជា​ចិត្ត​យើង​អាច​មាន​អារម្មណ៍​ធម្មតា។ ការ​រៀន​បទ​គម្ពីរ​ដែល​យើង​មិន​សូវ​ស្គាល់ អាច​មាន​ភាព​ងាយ​ស្រួល​ជាង តាម​របៀប​ជា​ច្រើន ព្រោះ​យើង​មិន​សោះអង្គើយ នៅ​ក្នុង​ការ​សិក្សា​បទ​គម្ពីរ​ទាំង​នោះ។ និយាយ​ឲ្យ​ខ្លី យើង​មិន​សម្អាង​ថា យើង​បាន​ស្គាល់​បទ​គម្ពីរ​នោះ​រួច​ហើយ​ទេ។ 
យើង​មិន​គួរ​មាន​អារម្មណ៍​សុំា​ខ្លាំង​ពេក ចំពោះ​ការ​ត្រាស់​ហៅ​ឲ្យ​ច្រៀង​សរសើរ​ដោយ​អរ​ព្រះ​គុណ​ព្រះ បាន​ជា​យើង​ធ្វើ​ព្រងើយ ធ្វើ​មើល​តែ​ការ​ត្រាស់​ហៅ​នោះ គ្រាន់តែ​ជា​ពាក្យ​អញ្ជើញ​ធម្មតា។ បទ​គម្ពីរ​ទំនុកតម្កើង​នេះ​បាន​ជំរុញ​យើង​ឲ្យ​ចូល​ទៅ​ក្នុង​សកម្មភាព! ក្នុង​នាម​យើង​ជា​រាស្ត្រ​របស់​ព្រះ ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ថ្វាយបង្គំ​ដោយ​អំណរ ហើយ​ច្រៀង​សរសើរ​ដោយ​អរ​ព្រះគុណ។
ការ​បង្គាប់​ឲ្យ «ឡើង​សម្លេង​ដោយ​អំណរ» គឺ​ជា​ការ​បង្គាប់​ឲ្យ​បញ្ចេញ​សម្លេង​សរសើរ​តម្កើង​ព្រះ​អង្គ ដោយ​អំណរ។ យើង​មិន​ត្រូវ​ចាត់​ទុក​ការ​សរសើរ​តម្កើង​ដូច​នេះ ជា​កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​ទាំង​បង្ខំ ប្រៀប​ដូច​ជា​ការ​អញ្ជើញ​ផឹក​ទឹក​តែ​ចត់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​តែ​បន្លឺ​សម្លេង​សរសើរ ដើម្បី​ឆ្លើយ​តប​ចំពោះ​កិច្ចការ​ដែល​ព្រះ​ទ្រង់​ធ្វើ​ក្នុង​ជីវិត​យើង​ដូច​ដែល​លោក ស៊ី. អេស. លូវីស (C.S. Lewis) ថា ការ​នោះ​នាំ​ឲ្យ​យើង​មាន «អំណរ​ដែល​យើង​មិន​នឹក​ស្មាន​ដល់»។ ឱកាស​សម្រាប់​ថ្វាយ​បង្គំ​ព្រះ​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ពិត​ប្រាកដ ហើយ​ការ​ច្រៀង​សរសើរ​ព្រះ គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា។ ព្រះ​អម្ចាស់​បាន​បង្កើត «ផែនដី​ទាំង​មូល» ដើម្បី​ឲ្យ​បាន​សរសើរ​តម្កើង​ដល់​ព្រះ​គុណ​ដែល​ពេញ​ដោយ​សិរី​ល្អ​របស់​ទ្រង់។
ការ​អញ្ជើញ​នេះ​ក៏​ជា​ការ​ហៅ​យើង «ចូល​ទៅ​ក្នុង​ទីលាន​ទ្រង់ ដោយ​បទ​សរសើរ»។ ចូរ​យើង​ពិចារណា អំពី​អារម្មណ៍​របស់​ប្រជាជន​សាមញ្ញ​នៅ​ក្រៅ​រាជ​វាំង​បាក់ឃីងហាំ នៅ​ទីក្រុង​ឡុងដ៍ ដែល​នៅ​ទីនោះ យ៉ាង​ច្រើន​អ្នក​ត្រឹម​តែ​អាច​មើល​តាម​ប្រឡោះ​របង​រាជ​វាំង ដោយ​សង្ឃឹម​ថា នឹង​បាន​មើល​ឃើញ​ស្ដេច​អង់គ្លេស​ពី​ចម្ងាយ។ គេ​បិទ​ទ្វារ​វាំង​នោះ ដើម្បី​ការពារ​ក្សត្រ។ ប៉ុន្តែ យើង​មិន​មាន​បញ្ហា​ដូច​នេះ ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​វរបិតា​ទេ។ ការ​សុគត​របស់​ព្រះ​យេស៊ូវ​បាន​ហែក​វាំងនន ក្នុង​ព្រះ​វិហារ​ជា​ពីរ (ម៉ាថាយ ២៧:៥១) ហើយ​បើក​ផ្លូវ​ថ្មី​សម្រាប់​ឲ្យ​យើង​រស់​នៅ។ តាម​រយៈ​ព្រះ​យេស៊ូវ​យើង​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ​វរបិតា ហើយ​ទ្វារ​ស្ថាន​សួគ៌​បាន​ចំហ​ស្វាគមន៍​យើង។
ការ​បង្ហាញ​ចេញ​នូវ​ការ​អរ​ព្រះ​គុណ​ក្នុង​ការ​ថ្វាយ​បង្គំ​ដោយ​អំណរ និង​ការ​សរសើរ​តម្កើង​ដោយ​ការ​អរគុណ មិន​ត្រូវ​ជាប់​ជំពាក់​នឹង​កាលៈទេសៈ ឬ​អារម្មណ៍​របស់​យើង​នោះ​ទេ។ មូលដ្ឋាន​គ្រឹះ​ពិត​ប្រាកដ​នៃ​ការ​អរ​ព្រះ​គុណ​ព្រះ​គឺ​ជា​ការ​ដឹង​ថា ព្រះ​អម្ចាស់​ជា​ព្រះ ហើយ​ព្រះ​អង្គ​បាន​អញ្ជើញ​យើង​ចូល​ទីលាន​ទ្រង់ ឲ្យ​យើង​នៅ​ជុំ​វិញ​បល្ល័ង្ក​ទ្រង់ ក្នុង​នាម​ជា​រាស្ត្រ និង​ជា​កូន​របស់​ព្រះ​អង្គ។ ការ​ទទួល​ស្គាល់​ដូច​នេះ នាំ​ឲ្យ​យើង​មាន​កន្លែង​ឈរ​រឹងមាំ ដើម្បី​ឲ្យ​យើង​ម្នាក់ៗ​អាច​បន្លឺ​សម្លេង​ជា​មួយ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​តម្កើង​ថា 
«ទ្រង់​បាន​ស្រង់​ខ្ញុំ​ចេញពី​អន្លង់​គួរ​ស្បើម ឲ្យ​រួច​ពី​ភក់​ស្អិត ក៏​ដាក់​ជើង​ខ្ញុំ​លើ​ថ្មដា ព្រម​ទាំង​តាំង​ជំហាន​ខ្ញុំ​ឲ្យ​ខ្ជាប់ខ្ជួន ទ្រង់​បាន​បណ្ដាល​ឲ្យ​មាន​ទំនុក​ថ្មី​នៅ​ក្នុង​មាត់​ខ្ញុំ គឺ​ជា​សេចក្តី​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ» (ទំនុក​តម្កើង ៤០:២-៣)។
ថ្ងៃ​មួយ អ្នក​នឹង​បាន​ឈរ​នៅ​ក្នុង​ទីលាន​ព្រះ​អង្គ។ ទំរាំ​ពេល​នោះ​មក​ដល់ រៀង​រាល់​ថ្ងៃ​អា​ទិត្យ អ្នក​អាច​ឈរ​ជា​មួយ​អ្នក​ដទៃ​ក្នុង​ព្រះវិហារ​របស់​ខ្លួន​ដែល​ជា​តំណាង​ឲ្យ​កន្លែង​ជួប​ជុំ​នៅ​មុខ​បល្ល័ង្ក​នៅ​ស្ថាន​សួគ៌ ហើយ​ទន្ទឹង​រង់​ចាំ​ថ្ងៃ​នោះ​មក​ដល់ ដោយ​ច្រៀង​ថ្វាយ​ព្រះ​អម្ចាស់​ដោយ​អំណរ​ចុះ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុក​តម្កើង ១០០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៤-៦ និង កិច្ចការ ៩:២៣-៤៣

ប្រភេទ