នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការរត់ប្រណាំងជាមួយព្រះយេស៊ូវ

ការរត់ប្រណាំងជាមួយព្រះយេស៊ូវ

ដោយAnne Cetas

July 13, 2025

សុភាសិត ១:១-៩
នែ កូនអើយ ចូរស្ដាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ។ សុភាសិត ១:៨
ថម (TOM) ជាក្មេងមានអាយុ៧ឆ្នាំ បានស្ងើចសរសើរពាន់រង្វាន់ដែលចាំងភ្លឺផ្លេក នៅលើធ្នើរដាក់សៀវភៅក្នុងផ្ទះ ដែលឪពុករបស់គាត់ទទួលបានពីការប្រកួតរត់ប្រណាំងរបស់សាលារៀន។ គាត់គិតថា គាត់ចង់បានពាន់រង្វាន់មួយ ដាក់តាំងក្នុងបន្ទប់របស់គាត់។ ដូចនេះ គាត់សុំពានរង្វាន់មួយ ក្នុងចំណោមពានរង្វាន់ទាំងនោះ ពីឪពុករបស់គាត់។ ឪពុករបស់គាត់ក៏បានឆ្លើយ តាមរបៀបគួរឲ្យភ្ញាក់ផ្អើលថា “មិនបានទេ ថម ពាន់រង្វាន់ទាំងនេះជារបស់ប៉ាទេ។ ប៉ាទទួលបានពួកវាពីការប្រកួត ហើយកូនក៏អាចទទួលបានពាន់រង្វាន់ពីការប្រកួតកីឡាដែរ?” បន្ទាប់មក ពួកគេក៏បានព្រមព្រៀងគ្នាថា ឪពុករបស់គាត់នឹងឲ្យពាន់រង្វាន់មួយដល់គាត់ បើសិនជាគាត់រត់ជុំវិញតំបន់ដែលពួកគេកំពុងរស់នៅ ក្នុងថេរៈវេលាដ៏ជាក់លាក់មួយ  (គាត់ដឹងថា កូនប្រុសគាត់អាចធ្វើបាន) ។ ថម ក៏បានហ្វឹកហាត់រត់ប្រណាំង តាមការណែនាំរបស់ឪពុកគាត់ ហើយមួយសប្តាហ៍ក្រោយមក ឪពុករបស់គាត់ក៏បានអបអរសាទរគាត់ ដែលបានរត់ដល់ទី តាមពេលកំណត់។ ថមបានរៀនហាត់លត់ដុំ និងខិតខំហ្វឹកហាត់ ហើយឪពុករបស់គាត់បានអបអរសាទរគាត់ ដោយឲ្យរង្វាន់មួយដល់គាត់។ 
បទគម្ពីរសុភាសិត ១:៨ បានលើកទឹកចិត្តក្មេងៗថា “នែ កូនអើយ ចូរស្ដាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ”។ ឪពុករបស់ថម ក៏បានបង្រៀនគាត់ អំពីការរត់ប្រណាំងនៃជីវិត ជាមួយព្រះយេស៊ូវ និងស្តាប់តាមការដឹកនាំរបស់ព្រះអង្គ។ គាត់បានបង្រៀនថម ឲ្យជ្រើសរើស “សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ នឹងសេចក្ដីទៀងត្រង់” ដូចឪពុកនៅក្នុងកណ្ឌគម្ពីរសុភាសិត (ខ.៣)។ ការបង្រៀនរបស់ឪពុកមានតម្លៃណាស់ គឺនឹងបានធ្វើជា “គុណពាក់លើក្បាលឯង ទុកជាគ្រឿងលំអ ហើយជាខ្សែប្រដាប់ពាក់នៅក” (ខ.៩)។ 
អ្នកប្រហែលមិនមានឪពុកនៅផែនដីបង្រៀនអ្នក ឲ្យរត់ប្រណាំងជាមួយព្រះគ្រីស្ទទេ។ តែព្រះទ្រង់អាចដឹកនាំអ្នក ទៅរកគ្រូឱវាទម្នាក់ ដែលអាចផ្ទេរប្រាជ្ញាបន្តដល់អ្នក។ ពុំនោះទេ ព្រះទ្រង់កំពុងត្រាស់ហៅអ្នកឲ្យធ្វើជាគ្រូឱវាទដល់នរណាម្នាក់។ ព្រះអង្គនឹងផ្តល់ឲ្យអ្នកនូវប្រាជ្ញា ខណៈពេលដែលអ្នកកំពុងបង្រៀនអ្នកដទៃយ៉ាងសកម្ម ក្នុងការរត់ប្រណាំងទាំងអស់។—ANNE CETAS

តើមាននរណាខ្លះ ក្នុងរង្វង់នៃទំនាក់ទំនងរបស់អ្នក ដែលអ្នកអាចរៀនសូត្រអំពីជីវិតក្នុងព្រះគ្រីស្ទ តាមរយៈពួកគេ? 
តើអ្នកអាចជួយបង្រៀននរណាខ្លះ ឲ្យរត់ប្រណាំងខាងវិញ្ញាណ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានការបង្រៀន តាមរយៈព្រះគម្ពីរប៊ីប។ 
សូមព្រះអង្គប្រទានទូលបង្គំនូវគ្រូ ដែលស្គាល់ព្រះអង្គច្បាស់ និងអាចចែកចាយអំពីប្រាជ្ញារបស់ព្រះអង្គដល់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧-៩ និង កិច្ចការ ១៨

 

ល្ងាច

ព្រះ​អង្គ​បាន​លោះ​បំណុល​យើង​រួច​ហើយ  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​អង្គ​បាន​លោះ​បំណុល​យើង​រួច​ហើយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 13, 2025

«នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ជា​មួយ​នឹង​ទ្រង់ ដោយ​បាន​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​រំលង​របស់​អ្នក​រាល់​គ្នា ទាំង​លុប​ចោល​សេចក្តី​ដែល​កត់ទុក​ទាស់​នឹង​យើង​ក្នុង​សេចក្តី​បញ្ញត្ត ដែល​ប្រទាំង​នឹង​យើង ហើយ​ទ្រង់​ក៏​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​ឈើ​ឆ្កាង» (កូឡូស ២:១៣-១៤)។
ហេតុ​អ្វី​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​យាង​ចុះ​មក​ផែនដី សុគត​នៅ​លើ​ឈើ​ឆ្កាង ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ? មូល​ហេតុ​គឺ​ដើម្បី​ប្រទាន​ការ​ប្រោស​លោះ​អស់​កល្ប និង​ការ​ទទួល​ជា​កូន​ចិញ្ចឹម​ដល់​អស់​អ្នក​ដែល​ជឿ​ព្រះ​អង្គ។ ព្រះ​អម្ចាស់​បាន​លះបង់​ព្រះ​ជន្ម​ទ្រង់​លោះ​មនុស្ស​ឲ្យ​រួច​ពី​បាប ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ជា​កូន​ព្រះ​អង្គ។ នេះ​ជា​ការ​ពិត ដែល​គ្មាន​សាសនា​ណា អាច​អះអាង​ដូច​នេះ​បាន​ទេ។ អ្នក​និពន្ធ​ទំនុក​សកល​បាន​ពិពណ៌នា​អំពី​ភាព​អស្ចារ្យ​នៃ​ការ​បង់​ថ្លៃលោះ​នេះ​ថា៖
ឱ​ការ​ប្រោស​លោះ​ដ៏​ល្អ​ឥត​ខ្ចោះ ជា​ការ​ទិញ​ដោយ​ព្រះ​លោហិត!
ព្រះ​ទ្រង់​សន្យា​ដល់​អ្នក​ជឿ​ម្នាក់ៗ
គឺ​ដល់​អ្នក​ដែល​មាន​បាប​ធ្ងន់​បំផុត ដែល​ពិត​ជា​ជឿ​ព្រះ​អង្គ
នៅ​ពេល​ណា​ពួក​គេ​ទទួល​ជឿ ព្រះ​អង្គ​អត់​ទោស​ឲ្យ4។
ពេល​ដែល​ខ្ញុំ​គិត​អំពី​ការ​ប្រោស​លោះ​របស់​ព្រះ​គ្រីស្ទ ដែល​យើង​បាន​ទទួល ខ្ញុំ​បាន​នឹក​ឃើញ​រឿង «ដូន​ចាស់​បេតធី (Betty)» ដែល​កំពុង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​ដោយ​សារ​បំណុល។ ថ្ងៃ​មួយ គ្រូ​គង្វាល និង​ពួក​ជំនុំ​របស់​គ្រូ​គង្វាល​នោះ​បាន​សម្រេច​ចិត្ត​ជួយ​ដល់​ការ​រស់​នៅ​របស់​ដូន​ចាស់ ហើយ​ក៏​បាន​ជួយ​សង​បំណុល​របស់​គាត់។ នៅ​ពេល​ដែល​លោក គ្រូ​គង្វាល​ទៅ​រក​គាត់​នៅ​ផ្ទះ គាត់​ខ្លាច​គេ​មក​ចាប់​ខ្លួន​គាត់ បាន​ជា​គាត់​មិន​ព្រម​បើក​ទ្វារ​ឲ្យ​មនុស្ស​ពីរ​បី​នាក់​ដំបូង​ដែល​មក​គោះ​ទ្វារ​ផ្ទះ​គាត់។ នៅ​ពេល​ដែល​លោកគ្រូ​គង្វាល​អាច​ចែក​ចាយ​ដំណឹង​ល្អ​ដល់​គាត់ គាត់​ក៏​បាន​មើល​មុខ​លោក​គ្រូ​គង្វាល ហើយ​សួរ​ថា «សូម​លោក​គ្រូ​គិត​មើល៖ ខ្ញុំ​បាន​បិទ​ទ្វា​ដាក់​គន្លឹះ​មិន​ឲ្យ​លោក​គ្រូ​ចូល។ ខ្ញុំ​មិន​ហ៊ាន​ឲ្យ​លោក​គ្រូ​ចូល។ ឥឡូវ​លោក​គ្រូ​បាន​ចូល​មក ដោយ​នាំ​អំណោយ​ដ៏​សប្បុរស​យ៉ាង​នេះ​មក​ឲ្យ​ខ្ញុំ»។
នៅ​ពេល​ខ្លះ​ក្នុង​ជីវិត​យើង យើង​មាន​លក្ខណៈ​ដូច​ដូន​ចាស់​បេតធី​ផង​ដែរ។ កាល​ពី​មុន យើង​ដឹង​ថា ខ្លួន​យើង​ជាប់​បំណុល​របស់​បាប។ វិប្បដិសារី​គឺ​ជា​បន្ទុក​ដ៏​ធ្ងន់ យើង​ខ្លាច​មនុស្ស​ចូល​មក​គោះ​ទ្វារ​យើង ហើយ​យក​រឿង​យើង​ទៅ​ប្រាប់​អ្នក​ដទៃ។ ដែល​សំខាន់​បំផុត​នោះ យើង​ខ្លាច​ព្រះ ព្រោះ​ពេល​ព្រះ​អង្គ​គោះ​ទ្វារ​នៃ​ជីវិត​យើង យើង​ខ្លាច​ព្រះ​អង្គ​ចូល​មក​ជំនុំ​ជម្រះ​បាប​យើង។ ប៉ុន្តែ​បន្ទាប់​មក យើង​ក៏​បាន​ដឹង​ថា ក្នុង​ព្រះគ្រីស្ទ ព្រះ​អម្ចាស់​បាន​គោះ​ទ្វារ​ចិត្ត​យើង មិន​មែន​ដើម្បី​ឲ្យ​យើង​សង​បំណុល​របស់​បាប​នោះ​ទេ តែ​ដើម្បី​ប្រាប់​យើង​អំពី​ជ័យ​ជម្នះ​ដែល​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ទទួល​បាន ដោយ​នាំ​មក​នូវ​ការ​ចាប់​ផ្តើម​ជា​ថ្មី ក្នុង​ជីវិត​ថ្មី​ស្រឡាង ក្នុង​រឿង​ជីវិត​ថ្មី។ ព្រះ​អង្គ​បាន​លុប​បំណុល​យើង ហើយ​យើង​បើក​ទ្វារ​នៃ​ជីវិត​យើង​ដោយ​អំណរ ដើម្បី​ស្វាគមន៍​ព្រះ​អង្គ​ជា​ព្រះ​សង្គ្រោះ មិត្តសំឡាញ់ និង​ជា​ព្រះ​អម្ចាស់​របស់​យើង។ 
ការ​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ គឺ​ត្រូវ​ដឹង​អំពី​បំណុល​ដែល​ព្រះ​អង្គ​បាន​លោះ។ យើង​មិន​មែន​ជា​ទាសករ​របស់​បាប និង​នៅ​ជាប់​ទោស​បាប​ទៀត​ទេ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី​ភាព ហើយ​ទទួល​យើង​ធ្វើ​ជា​កូន​ចិញ្ចឹម​របស់​ព្រះ។ ហើយ​ដោយ​សារ​យើង​បាន​ទទួល​ធ្វើ​ជា​កូន​ចិញ្ចឹម​របស់​ព្រះ នោះ​យើង​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ក្នុង​ការ​ហៅ​ព្រះ​ថា ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ហើយ​បាន​ប្រកប​ជិត​ស្និទ្ធ​នឹង​ព្រះ​អង្គ។ យើង​មិន​ពួន​នៅ​ពី​ក្រោយ​ទ្វារ​បិទ ដោយ​បន្ត​ជាប់​បំណុល​ទៀត​ទេ ព្រោះ​យើង​បាន​ភ្លក់​រស់​ជាតិ​នៃ​សេរី​ភាព​ដែល​មក​គោះ​ទ្វារ​យើង ហើយ​ឲ្យ​សេរី​ភាព​នោះ​ចូល​ក្នុង​ជីវិត​យើង។ 
យើង​អាច​មាន​ការ​សម្រាក​ក្នុង​ចិត្ត​ដោយ​ដឹង​ថា ព្រះ​អង្គ​បាន​លុប​បំណុល​របស់​យើង​ហើយ! យើង​មាន​អំណរ​ណាស់ ពេល​ដែល​បាន​ដឹង​ថា សណ្ឋាន​របស់​យើង​នៅ​ចំពោះ​ព្រះ​ដ៏​រស់​បាន​ផ្លាស់​ប្រែ​ពី​កូន​បំណុល​ដែល​ថប់​បារម្ភ​ទៅ​ជា​កូន​ចិញ្ចឹម​របស់​ព្រះ។ ឥឡូវ​នេះ ចូរ​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​នឹង​អនុញ្ញាត​ឲ្យ​សេចក្តី​ពិត​នេះ កែ​ប្រែ​ទស្សនៈ​ដែល​អ្នក​មាន​ចំពោះ​ខ្លួន​ឯង និង​ចំពោះ​កិច្ចការ​ដែល​នៅ​ចំពោះ​មុខ​អ្នក នៅ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច​ខ្លះ? 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កាឡាទី ៤:២១-៥:១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៧-៩ និង កិច្ចការ ១០:១-២៣

ប្រភេទ