នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ជីករកអត្ថន័យនៃជីវិត

ជីករកអត្ថន័យនៃជីវិត

ដោយadamholz

July 14, 2025

យេរេមា ២:៥-១៣
ដ្បិតរាស្ត្រអញបានប្រព្រឹត្តអំពើអាក្រក់២យ៉ាង គឺបានទាំងបោះបង់ចោលអញ ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង ។ យេរេមា ២:‌១៣
គ្រួសាររបស់ខ្ញុំមានកូនឆ្កែថ្មីមួយក្បាល ឈ្មោះ វីនស្តុន (WINSTON)។ វាចូលចិត្តខាំ ដេក ហើយស៊ីចំណី និងចូលចិត្តធ្វើអ្វីផ្សេងពីរបីមុខទៀត។ អូហ៍ វាក៏ចូលចិត្តកាយដី គឺមិនមែនកាយដីយូរម្តងទេ។ តែវាកាយដីទាល់តែក្លាយជារូងក្រោមដី ធ្វើមើលតែវាកំពុងព្យាយាមលួចរត់ចេញពីគុកអញ្ចឹង។ វាហាក់ដូចជាញៀននឹងការកាយដី ដោយមិនសំចៃកំឡាំង ធ្វើឲ្យខ្លួនវាគគ្រិច។ 
ថ្មីៗនេះ ខ្ញុំឆ្ងល់ថា ហេតុអ្វីសត្វឆ្កែមួយក្បាលនេះ ចូលចិត្តកាយដីម្ល៉េះ? បន្ទាប់មក ខ្ញុំក៏បាននឹកឃើញថា ខ្ញុំក៏ជាអ្នកជីកដីផងដែរ ដោយខ្ញុំចេះតែជីកកកាយចូលទៅក្នុងរឿងផ្សេងៗជាច្រើន ដែលខ្ញុំសង្ឃឹមថា វានឹងធ្វើឲ្យខ្ញុំសប្បាយចិត្ត។ រឿងទាំងនោះមិនមែនជារឿងល្អទាំងអស់ទេ។ ប៉ុន្តែ ពេលណាខ្ញុំផ្ដោតចិត្តខ្លាំងពេក ទៅលើការស្វែងរកការស្កប់ចិត្ត ក្នុងការអ្វីមួយក្រៅពីព្រះ គឺខ្ញុំក្លាយជាអ្នកជីកដីហើយ។ ការជីកកកាយរកអត្ថន័យ ក្រៅពីព្រះ គឺធ្វើឲ្យខ្ញុំប្រឡាក់ដីពេញខ្លួន និងមានចិត្តស្រេកឃ្លានចង់បានអ្វីផ្សេងទៀតកាន់តែខ្លាំង។ 
ហោរា យេរេមា បានស្តីបន្ទោសឲ្យពួកអ៊ីស្រាអែល ទាក់ទងនឹងរឿងនេះផងដែរ គឺដូចដែលព្រះអម្ចាស់មានបន្ទូលតាមរយៈហោរា យេរេមាថា “ដ្បិតរាស្ត្រអញបានប្រព្រឹត្តអំពើអាក្រក់២យ៉ាង គឺបានទាំងបោះបង់ចោលអញ ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង” (យេរេមា ២:‌១៣)។ ព្រះអង្គបានប្រដៅរាស្រ្តរបស់ព្រះអង្គ ដែលមិនបានអើពើ ចំពោះការស្វែងរកបំណងព្រះទ័យព្រះអង្គ។ ពួកគេបានជីកធ្វើអាងផ្ទុកទឹក សម្រាប់បំបាត់ការស្រេកទឹករបស់ខ្លួន។ ប៉ុន្តែ ព្រះអង្គបានរំឭកពួកគេថា មានតែព្រះអង្គទេ ដែលជា “ប្រភពនៃទឹករស់” (ខ.១៣)។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក៤ ព្រះយេស៊ូវបានប្រទានទឹករស់ដល់ស្រ្តីម្នាក់ នៅក្បែរអណ្តូងទឹក ដែលកំពុងតែព្យាយាមបំបាត់ការស្រេកទឹករបស់ខ្លួន តាមរបៀបផ្សេង (ខ.១០-២៦)។ ទឹករស់ធ្វើឲ្យវិញ្ញាណរបស់នាងស្កប់ស្កល់ជារៀងរហូត។ 
យើងរាល់គ្នាសុទ្ធតែជាអ្នកជីករកភាពស្កប់ស្កល់។ ប៉ុន្តែ ព្រះទ្រង់បានប្រទានឱកាស ឲ្យយើងបានជំនួសការជីកដីដ៏ឥតប្រយោជន៍របស់យើង ដោយប្រភពទឹករស់របស់ព្រះអង្គ ដែលនាំមកនូវភាពស្កប់ស្កល់ដ៏សំខាន់ ដែលបំបាត់ការស្រេកទឹកខាងវិញ្ញាណរបស់យើង។—ADAM R. HOLZ

តើអ្នកច្រើនតែជីករកអត្ថន័យ ក្តីសង្ឃឹម និងការស្កប់ចិត្ត ក្នុងជីវិត នៅកន្លែងណាខ្លះ? 
តើអ្នកអាចថ្វាយផ្នែកនេះ ក្នុងជីវិតអ្នក ដាច់ដល់ព្រះអង្គយ៉ាងណាខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យស្គាល់រស់ជាតិ និងដឹងថា ព្រះអង្គជាអ្វីដែលវិញ្ញាណទូលបង្គំស្រេករក 
ហើយទម្លាក់ប៉ែលរបស់ទូលបង្គំចុះដើម្បីឈប់ជីក ហើយសម្រាកក្នុងព្រះអង្គវិញ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១០-១២ និង កិច្ចការ ១៩:១-២០
 

ល្ងាច

ការ​ប្រោស​ឲ្យ​ជា​តែ​មួយ​សម្រាប់​វិញ្ញាណ  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​ប្រោស​ឲ្យ​ជា​តែ​មួយ​សម្រាប់​វិញ្ញាណ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 14, 2025

«រី​ឯ​ណាម៉ាន់​ជា​មេទ័ព​របស់​ស្ដេច ស៊ីរី លោក​ជា​អ្នក​ធំ​នៅ​ចំពោះ​ចៅហ្វាយ​ខ្លួន ក៏​មាន​យស​ខ្ពស់ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រោស​ឲ្យ​ពួក​ស៊ីរី​មាន​ជ័យ​ជម្នះ​ដោយ​សារ​លោក លោក​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែរ តែ​កើត​រោគ​ឃ្លង់» (២ពង្សាវតាក្សត្រ ៥:‌១)។ 
លោក ណាម៉ាន់​ហាក់​ដូច​ជា​មាន​ភាព​ជោគជ័យ​ក្នុង​ជីវិត ទោះ​មើល​ពី​ជ្រុង​ណា​ក៏​ដោយ។
លោក ណាម៉ាន់​ជា​មេទ័ព​ប្រចាំ​ទីក្រុង​ដាម៉ាស នៅ​នគរ​ស៊ីរី​ជា​មហា​អំណាច​នៅ​សម័យ​នោះ។ មាន​ទន្លេ​ពីរ​ហូរ​ចេញ​ពី​ជួរ​ភ្នំ​ល្បាណូន ដោយ​បង្កើត​ទេសភាព​ស្រស់​ស្អាត​ក្រៃ​លែង ចូល​ទៅ​ក្នុង​តំបន់​ដែល​មាន​ដើម​ឈើ​ដុះ​មាត់​ទឹក ជា​កន្លែង​ដែល​គេ​បាន​សាង​សង់​ទីក្រុង​នេះ​ឡើង។ ទីក្រុង​នេះ​ជាទី​កន្លែង​ដែល​មាន​ទ្រព្យ​ស្តុកស្តម្ភ និង​ជា​កន្លែង​ដែល​គួរ​ឲ្យ​សម្រាក​លំហែ ហើយ​បាន​ផ្តល់​ឲ្យ​នូវ​ការ​ទាក់ទាញ​ផ្នែក​វប្បធម៌ នៅ​ក្នុង​សិល្បៈ តន្ត្រី និង​កីឡា។ ក្នុង​នាម​លោក ណាម៉ាន​ជា​មេទ័ព​ដ៏​មាន​ជ័យ​របស់​កងទ័ព​ស៊ីរី គាត់​មាន​អំណាច និង​ឥទ្ធិពល ហើយ​គេ​បាន​លើក​តម្កើង​គាត់​ខ្លាំង​ណាស់ សូម្បី​តែ​ស្តេច​របស់​គាត់​ក៏​ដោយ។ ហើយ​យើង​មិន​ចាំ​បាច់​ឆ្ងល់​ទេ គាត់​មាន​អំណាច និង​ឥទ្ធិពល នោះ​គាត់​ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​សន្ធឹក​ដែរ។
អាច​និយាយ​ម្យ៉ាង​ទៀត​ថា គាត់​ជា​បុរស​មាន​អ្វីៗ​គ្រប់​យ៉ាង ដែល​ហាក់​ដូច​ជា​មាន​ដំណើរ​ការ​ល្អ លើក​លែងតែ​រឿង​មួយ​ប៉ុណ្ណោះ។ មាន​ផ្នែក​មួយ​នៃ​ជីវិត​របស់​លោក ណាម៉ាន់ ដែល​បាន​គ្រប​ដណ្តប់​ពីលើ​ផ្នែក​ផ្សេង​ទៀត​ដែល​គាត់​កំពុង​តែ​អរ​សប្បាយ។ ស្នាដៃ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​គាត់​មាន​មោទនភាព តែ​គាត់​បាន​អន់ថយ​ពន្លឺ ហើយ​ត្រូវ​បាន​គ្រប​សង្កត់​ពីលើ​ដោយ​ពាក្យ​មួយ​ឃ្លា​នេះ​គឺ «ប៉ុន្តែ គាត់​ជា​មនុស្ស​កើត​ឃ្លង់»។ អ្វីៗ​ដែល​គាត់​បាន​អរ​សប្បាយ​ដែល​ជា​ឱកាស និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ដែល​គាត់​មាន មិន​អាច​ប្រៀប​ផ្ទឹម​នឹង​បញ្ហា​មួយ​នេះ​បាន​ទេ។ គាត់​មិន​អាច​រក​ឃើញ​ដំណោះ​ស្រាយ​បាន ដូច​នេះ​ជំងឺ​ឃ្លង់​បាន​បន្ត​បំផ្លាញ​ជីវិត​គាត់។ 
បញ្ហា​សុខភាព​ផ្លូវ​កាយ​ដែល​កំពុង​ធ្វើ​ទុក្ខ​លោក ណាម៉ាន់ គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​ខាង​វិញ្ញាណ ដែល​យើង​ម្នាក់ៗ​មាន។ ជំងឺ​ឃ្លង់​របស់​គាត់​ធ្វើ​ឲ្យ​មាន​ស្នាម​សម្លាក និង​កំពុង​រាលដាល ហើយ​ធ្វើ​ឲ្យ​គាត់​មាន​រូបរាង្គ​អាក្រក់។ នេះ​ជា​ការ​ប្រៀបធៀប​អំពី​លក្ខណៈ​របស់​មនុស្ស​ជាតិ ដែល​បាន​ខូច​ដោយ​សារ​បាប។ 
ពេល​ណា​យើង​រៀប​រាប់​អំពី​ខ្លួន​យើង និង​បរិបទ​របស់​យើង​ដល់​អ្នក​ដទៃ យើង​អាច​រាប់​មនុស្ស​ដែល​យើង​ស្គាល់ ទី​កន្លែង​ដែល​យើង​បាន​ទៅ​ដល់ ហើយ​អ្វីៗ​ទាំង​អស់​ដែល​យើង​សម្រេច​បាន។ ប៉ុន្តែ នៅ​ចុង​បញ្ចប់​នៃ​អ្វីៗ​ទាំង​អស់​នោះ បើ​គ្មាន​ព្រះ​គ្រីស្ទ​ទេ យើង​នឹង​ដាំ​ក្បាល​ចុះ​ទៅ​រក​ពាក្យ​មួយ​ឃ្លា​ដូច​លោក ណា​ម៉ាន់​ដែរ គឺ​ពាក្យ​ដែល​ចាប់​ផ្ដើម​ដោយ​ពាក្យ ប៉ុន្តែ...។ 
ជំងឺ​ឃ្លង់​មិន​ខ្វល់​ថា លោក ណាម៉ាន់ ជា​នរណា​ទេ ហើយ​បាប​ក៏​មិន​ខ្វល់​អំពី​យើង​ដែរ។ «គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​របស់​ព្រះ» (រ៉ូម ៣:២៣) ហើយ «គ្រប់​គ្នា» គឺ​ពិត​ជា​មាន​ន័យ​ថា «មនុស្ស​ទាំង​អស់»។ គ្មាន​បុរស ឬ​ស្ត្រី​ណា​ដែល​បាន​ជៀស​ផុត​ពី​សេចក្តី​ពិត​នេះ ដែល​បាន​រាប់​បញ្ចូល​មនុស្ស​ទាំង​អស់។ គ្មាន​ទ្រព្យ​សម្បត្តិ​ណា​ដែល​អាច​បង់​ថ្លៃលោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​គ្មាន​សេចក្តី​ល្អ​ណា​ដែល​អាច​គ្រប​បាំង​វា​បានទេ។ 
បើ​យើង​ដាច់​ចេញពី​ព្រះ​គ្រីស្ទ យើង​រាល់​គ្នា​សុទ្ធ​តែ​រង​គ្រោះ ដោយ​សារ​ជំងឺ​ឃ្លង់​ខាង​វិញ្ញាណ​របស់​យើង ដែល​មិន​អាច​ព្យាបាល​បាន។ ទាល់​តែ​យើង​ទទួល​ស្គាល់​ថា ឋានៈ និង​ទ្រព្យ​សម្បត្តិ​របស់​យើង មិន​អាច​ជួយ​យើង​ឲ្យ​រួច​ផុត​ពី​បញ្ហា​ធំ​បំផុត ទើប​យើង​អាច​ងាក​បែរ​ទៅ​រក​ព្រះ​យេស៊ូវ​ជា​គ្រូ​ពេទ្យ​ដ៏​ខ្លាំង​ពូកែ​របស់​យើង​ដែល​មើល​ជំងឺ​យើង​ឲ្យ​ជា។ ដូច​ដែល​ព្រះ​អង្គ​ស្ម័គ្រ​ព្រះ​ទ័យ​ឈោង​ទៅ​រក និង​ប៉ះ​មនុស្ស​ឃ្លង់ ដោយ​ធ្វើ​ឲ្យ​អង្គ​ទ្រង់​ប្រឡាក់ តែ​បាន​ប្រោស​ឲ្យ​គាត់​ជា​ទាំង​ស្រុង នោះ​នៅ​លើ​ឈើ​ឆ្កាង ព្រះ​អង្គ​ក៏​បាន​ទទួល​យក​បាប​យើង ដើម្បី​ឲ្យ​យើង​សុ​ចរិត​នៅ​ចំពោះ​ព្រះ​ផង​ដែរ (២កូរិនថូស ៥:២១)។
ថ្ងៃ​នេះ នៅ​ជុំ​វិញ​យើង មាន​មនុស្ស​ជា​ច្រើន​មាន​លក្ខណៈ​ដូច​លោក ណាម៉ាន់ ដែល​អរ​សប្បាយ​នឹង​ឥទ្ធិពល អំណាច និង​ទ្រព្យ​សម្បត្តិ ជា​មនុស្ស​ដែល​ជោគជ័យ តែ​បាន​ខូច​ដោយ​សារ​បាប និង​ត្រូវ​ប្រឈម​មុខ​ដាក់​ការ​ជំនុំ​ជម្រះ។ ដើម្បី​ឲ្យ​យើង​អាច​ជម្នះ​ការ​ច្រណែន​អ្នក​ដទៃ ហើយ​មាន​ចិត្ត​អាណិត​ចំពោះ​គេ​វិញ យើង​ត្រូវ​យល់​សេចក្តី​ពិត​ដែល​ថា លោក ណាម៉ាន់ ត្រូវ​ការ​ការ​ប្រោស​ឲ្យ​ជា​ពី​ជំងឺ​ឃ្លង់​ជា​យ៉ាងណា នោះ​មនុស្ស​ម្នាក់ៗ​ក៏​ត្រូវ​ការ​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​បាប ហើយ​យើង​ដឹង​ថា យើង​អាច​រក​ឃើញ​ការ​ប្រោស​ឲ្យ​ជា​នៅ​កន្លែង​ណា។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ៥:១២-៣២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ១០-១២ និង កិច្ចការ ១០:២៤-៤៨

ប្រភេទ