នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

បាន​ត្រាស់​ហៅ​ឲ្យ​បម្រើ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

បាន​ត្រាស់​ហៅ​ឲ្យ​បម្រើ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 16, 2025

«រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា ចូរ​មក​តាម​ខ្ញុំៗ នឹង​តាំង​អ្នក​ឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ គេ​ក៏​ទុក​សំណាញ់​ចោល​ទៅ​តាម​ទ្រង់​ភ្លាម» (ម៉ាថាយ ៤:១៩-២០)។
នៅ​ពេល​ដែល​អ្នក​បាន​ទៅ​ដល់​កន្លែង​ណា​មួយ​ដូច​ជា ភោជនីយដ្ឋាន ការិយាល័យ​វេជ្ជ​បណ្ឌិត ឬ​ហាង​លក់​ទំនិញ​ធំៗ តើ​អ្នក​ធ្លាប់​បាន​សួរ​អ្នក​ធ្វើ​ការ​នៅ​ទីនោះ​ទេ​ថា ហេតុ​អ្វី​ពួក​គេ​ធ្វើ​ការងារ​ទាំង​នោះ? ពួក​គេ​ប្រហែល​ជា​កំពុង​ព្យាយាម​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។ ឬ​ប្រហែល​ពួក​គេ​មាន​ចំណូល​ចិត្ត​ចង់​ធ្វើ​ការងារ​នោះ​តាំង​ពី​ក្មេង​មក។ ក្នុង​ចំណោម​ចម្លើយ​ផ្សេងៗ​ដែល​ពួក​គេ​អាច​ប្រាប់​អ្នក ពេល​ខ្លះ​អ្នក​នឹង​បានឮ​គេ​ប្រាប់​ថា «ការងារ​នេះ​ជា​ការ​ត្រាស់​ហៅ​របស់​ខ្ញុំ»។ តាម​ពិត ពួក​គេ​បាន​បង្ហាញ​យ៉ាង​ត្រឹម​ត្រូវ អំពី​ការ​បង្រៀន​របស់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​អំពី​ការងារ​បម្រើ​ព្រះ។ ព្រះ​បាន​ត្រាស់​ហៅ​អ្នក​ដែល​នៅ​ជាប់​ក្នុង​ព្រះ​គ្រីស្ទ​ឲ្យ​រស់​នៅ​ដោយ​ការ​បម្រើ​ព្រះ​អង្គ។ គឺ​មិន​មែន​មាន​ន័យ​ថា មាន​តែ​អ្នក​ខ្លះ​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​បម្រើ​ព្រះ​អង្គ​នោះ​ទេ ប៉ុន្តែ​ការ​បម្រើ​ព្រះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​បង្កើត​សិស្ស​ក្នុង​ជំនឿ​គ្រីស្ទ​បរិស័ទ។ កាល​ព្រះ​យេស៊ូវ​ហៅ​សិស្ស​ព្រះ​អង្គ​ឲ្យ​ក្លាយ​ជា «អ្នក​នេសាទ​មនុស្ស» គឺ​ព្រះ​អង្គ​កំពុង​ប្រាប់​ពួក​គេ​ថា ព្រះ​អង្គ​មាន​ការងារ​មួយ​ឲ្យ​ពួក​គេ​ធ្វើ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មាន​ចំណែក​ក្នុង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ។ 
ទោះ​ព្រះ​អម្ចាស់​ត្រាស់​ហៅ​គ្រីស្ទ​បរិស័ទ​ឲ្យ​បម្រើ​ការ​ជា​គ្រូ​អធិប្បាយ ជា​គ្រូ​បង្រៀន​ព្រះ​បន្ទូល​ព្រះ ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​សម្រាប់​យុវជន ជា​អ្នក​ស្ម័គ្រ​ចិត្ត​ផ្នែក​គ្រូ​កុមារ ជា​ស្មរ​បន្ទាល់​នៅ​ក្នុង​រោង​ចក្រ ឬ​នៅ​ការិយាល័យ ជា​ឪពុក​ម្តាយ​ចិញ្ចឹម​កូន​នៅ​ផ្ទះ ជា​កូន​ថែទាំ​ឪពុក​ម្តាយ​ចាស់​ជរា ឬ​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ក៏​ដោយ ក៏​ការ​ត្រាស់​ហៅ​ឲ្យ​បម្រើ​សុទ្ធ​តែ​មាន​សម្រាប់​មនុស្ស​ម្នាក់ៗ​ស្មើៗ​គ្នា។ ការងារ​ជា «អ្នក​បម្រើ​ព្រះ​ពេញ​ពេល» និង «អ្នក​បម្រើ​ព្រះ​ពាក់​កណ្ដាល​ពេល» មាន​ភាព​ខុស​គ្នា​​នៅ​ត្រង់​តួនាទី​ប៉ុណ្ណោះ តែ​មាន​តម្លៃ​ស្មើ​គ្នា។ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ការងារ​ទាំង​នោះ​បាន​បម្រើ​ដល់​ព្រះ។ 
ក្នុង​ភាសា​ព្រះ​គម្ពីរ ការ​បម្រើ​មិន​មែន​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ថ្កុំ​ថ្កើង​នោះ​ទេ តែ​ការ​បម្រើ​គឺ​ជា​ភាព​ធំ​ប្រសើរ។ «ដ្បិត​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​ដែរ គឺ​ដើម្បី​នឹង​បម្រើ​គេ​វិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង» (ម៉ាកុស ១០:៤៥)។ យើង​បម្រើ​ព្រះ ដោយ​ការ​លះបង់ មិន​មែន​សង្ឃឹម​ថា យើង​នឹង «បាន​ឡើង​តំណែង» ដូច​នៅ​កន្លែង​ធ្វើ​ការ ឬ​នៅ​ក្នុង​វិស័យ​អប់រំ ហើយ​យើង​បម្រើ​ព្រះ ក្នុង​ពេល​សព្វថ្ងៃ​ក៏​មិន​មែន​ដើម្បី​កុំ​ឲ្យ​ពិបាក​បម្រើ​ព្រះ​អង្គ​នៅ​ថ្ងៃ​ក្រោយ​នោះ​ឡើយ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា «បើ​អ្នក​ណា​ចង់​ធ្វើ​លេខ១ នោះ​ត្រូវ​ទៅ​ជា​ចុង​បង្អស់​វិញ ហើយ​ត្រូវ​បំរើ​គេ​ទាំង​អស់​ដែរ» (៩:៣៥)។ ពេល​ណា​យើង​បម្រើ​ព្រះ​អង្គ​តាម​របៀប​នេះ យើង​នឹង​បាន​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​ទាំង​ស្រុង។
និយាយ​រួម ការងារ​បម្រើ​របស់​គ្រីស្ទ​បរិស័ទ គឺ​ជា​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អម្ចាស់​យេស៊ូវ ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ដែល​បាន​ធ្វើ​ក្នុង​ចំណោម និង​តាម​រយៈ​រាស្ត្រ​ព្រះអង្គ។ សាវ័ក ប៉ុល បាន​យល់​អំពី​សេចក្តី​ពិត​នេះ​យ៉ាង​ច្បាស់​បាន​ជា​គាត់​បង្រៀន​ថា «ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះ​គ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះ​រាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ» (កាឡាទី ២:២០)។ ព្រះ​យេស៊ូវ​លះបង់​ព្រះ​ជន្ម​ដើម្បី​យើង​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះ​អង្គ​ទទួល​យក​ជីវិត​យើង ហើយ​ដើម្បី​ឲ្យ​គេ​បាន​ឃើញ​ព្រះ​អង្គ​បាន​រស់​នៅ​តាម​រយៈ​យើង។ បើ​អ្នក​បាន​យល់​អំពី​សេចក្តី​ពិត​នេះ អ្នក​នឹង​ពិត​ជា​អាច​បម្រើ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​បម្រើ ហើយ​ជីវិត​អ្នក​មាន​តម្លៃ​ជាង​ពេល​ដែល​អ្នក​ប្រើ​វា ដើម្បី​បម្រើ​ខ្លួន​ឯង។ ចូរ​យើង​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​ត្រាស់​ហៅ​របស់​យើង ក្នុង​ពេល​សព្វ​ថ្ងៃ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាកុស ៩:៣០-៣៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ១៦-១៧ និង កិច្ចការ ១២

ប្រភេទ