នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ផែនការរបស់ព្រះ និងរាស្រ្តរបស់ព្រះអង្គ

ផែនការរបស់ព្រះ និងរាស្រ្តរបស់ព្រះអង្គ

ដោយElisa Morgan

July 18, 2025

និក្ខមនំ ៣១:១-៦
នោះអញក៏បានបន្ថែមឲ្យមានដំរិះប្រាជ្ញា ដើម្បីនឹងធ្វើអស់ទាំងរបស់ដែលអញបានបង្គាប់ដល់ឯង។ និក្ខមនំ ៣១:៦ 
បន្ទាប់ពីខ្ញុំបានចូលរួមជាមួយក្រុមប្រឹក្សារបស់សាលាព្រះគម្ពីរមួយ អ្នកដឹកនាំដែលបានធ្វើការនៅទីនោះជាយូរមកហើយ បានប្រកាសលាឈប់ពីតំណែង។ ដូចនេះ ខ្ញុំមានចំណែកជាមួយពួកគេ ក្នុងការស្វែងរកនាយកថ្មី។ យើងក៏បានរួមគ្នាដើម្បីកំណត់លក្ខណៈសម្បត្តិក្នុងការត្រូវជ្រើសរើស។ តើធ្វើដូចម្តេចឲ្យយើងអាចស្វែងរកនរណាម្នាក់ ដែលមានសមត្ថភាពបំពេញតួនាទីដ៏ស្មុគស្មាញ និងសំខាន់មួយនេះបាន? 
ខ្ញុំក៏មានចម្ងល់ដូចនេះផងដែរ នៅពេលដែលខ្ញុំអានសេចក្តីបង្គាប់របស់ព្រះ អំពីការសង់ជើងចង្កៀងសម្រាប់រោងឧបោសថ ពីមាសសុទ្ធ ដែលមានជើងទម្រមានរូបរាងដូចផ្កា និងមានមែក៧ (និក្ខមនំ ២៥:៣១-៣៦)។ ហើយ “ត្រូវឲ្យធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែង១រយហត្ថ សំរាប់បាំងទីលានខាងម្ខាងនោះ ហើយត្រូវមានសសរ២០ នឹងជើងលង្ហិន២០ ឯទំពក់សសរ នឹងគន្លឹះ នោះត្រូវធ្វើពីប្រាក់” (២៧:៩-១០)។ តើនរណាខ្លះអាចធ្វើកិច្ចការលម្អិតដូចនេះបាន?
ព្រះអម្ចាស់បានប្រទានចម្លើយយ៉ាងដូចនេះថា “មើល អញបានហៅបេតសាលាល... ហើយអញបានបំពេញគាត់ដោយព្រះវិញ្ញាណនៃព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់ មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់ ឲ្យបានប្រសប់នឹងបង្កើតអស់ទាំងការ ... និងការគ្រប់មុខទាំងអស់ផង” (៣១:២-៥)។ ព្រះអង្គក៏មានបន្ទូលផងដែរថា “ឯអស់អ្នកណាដែលចំណានការ នោះអញក៏បានបន្ថែមឲ្យមានដំរិះប្រាជ្ញា ដើម្បីនឹងធ្វើអស់ទាំងរបស់ដែលអញបានបង្គាប់ដល់ឯង” (ខ.៦)។ 
តើយើងត្រូវងាកទៅរកនរណា ដើម្បីឲ្យមកបំពេញតួនាទីជាអ្នកដឹកនាំជាន់ខ្ពស់ ឬមានតួនាទីជាអ្នកស្ម័គ្រចិត្តនៅព្រះវិហារ ឬដើម្បីដឹកនាំការរៀបចំព្រឹត្តិការណ៍ណាមួយ? គឺយើងងាកទៅរកព្រះ ដែលត្រាស់ហៅ និងប្រទានសមត្ថភាពដល់រាស្រ្តរបស់ព្រះអង្គ។ ព្រះអង្គមានការតម្រូវខ្ពស់ និងលម្អិត ក្នុងការជ្រើសរើសមនុស្សឲ្យធ្វើការងារសាងសង់ និងរចនា សម្រាប់ព្រះវិហាររបស់ព្រះអង្គ នៅគ្រាសញ្ញាចាស់។ បន្ទាប់មក ព្រះអង្គក៏បានជ្រើសរើស និងប្រទានសមត្ថភាពឲ្យរាស្រ្តរបស់ព្រះអង្គ ដើម្បីសម្រេចកិច្ចការទាំងនោះ។ សរុបមក ព្រះអង្គសម្រេចផែនការរបស់ព្រះអង្គ ដោយប្រើរាស្រ្តរបស់ព្រះអង្គ ជាអ្នកដែលព្រះអង្គបានត្រាស់ហៅ និងប្រទានសមត្ថភាព។—ELISA MORGAN

តើអ្នកបានឃើញព្រះទ្រង់ធ្វើការដូចម្តេច ក្នុងជីវិតរបស់រាស្រ្ត ដែលព្រះអង្គបានប្រទានសមត្ថភាពឲ្យធ្វើកិច្ចការថ្វាយព្រះអង្គ? តើព្រះអង្គបានប្រទានសមត្ថភាពឲ្យអ្នកធ្វើអ្វីខ្លះ? 
ឱព្រះដ៏បរិសុទ្ធ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានជ្រើសរើស និងប្រទានសមត្ថភាពដល់មនុស្ស ក្នុងជីវិត ក្នុងព្រះវិហារ និងកន្លែងធ្វើការរបស់ទូលបង្គំ។ គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ២០-២២ និង កិច្ចការ ២១:១-១៧

 

ល្ងាច

ក្សត្រ​ដែល​ព្រះ​អម្ចាស់​ប្រទាន  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ក្សត្រ​ដែល​ព្រះ​អម្ចាស់​ប្រទាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 18, 2025

«រួច​ទ្រង់​មាន​ព្រះ​បន្ទូល​នឹង​គាត់​ថា អញ​ជា​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ​ចេស្ដា ចូរ​ឯង​បង្កើត​កូន​ចម្រើន​ជា​ច្រើន​ឡើង និង​មាន​សាសន៍១ គឺ​សាសន៍​ជា​ច្រើន​រួម​គ្នា​តែ១​កើត​ពី​ឯង​មក ក៏​នឹង​មាន​ស្តេច​ជា​ច្រើន​ចេញ​ពី​ឯង​ដែរ» (លោកុប្បត្ដិ ៣៥:១១)។ 
កណ្ឌ​គម្ពីរ​ពួក​ចៅហ្វាយ​បាន​ចែង​អំពី​រឿង​របស់​ពួក​អ៊‌ីស្រាអែល​ក្នុង​ទឹកដី​សន្យា បន្ទាប់​ពី​លោក យ៉ូស្វេ ជា​អ្នក​ដឹក​នាំ​របស់​ពួក​គេ​បាន​លាចាក​លោក ។ ក្នុង​កណ្ឌ​គម្ពីរ​នេះ​ទាំង​មូល ពួក​បណ្តាជន​ងាយ​នឹង​បះបោរ​ទាស់​នឹង​ព្រះ​ម្តង​ហើយ​ម្តង​ទៀត។ ទីមួយ ពួក​គេ​បាន​ធ្វើ​អំពើ​បាប។ ទីពីរ ព្រះ​អម្ចាស់​បណ្តោយ​ឲ្យ​ពួក​គេ​ទទួល​បរាជ័យ ហើយ​ស្ថិត​ក្រោម​ការ​កៀបសង្កត់​របស់​សាសន៍​ដទៃ។ ទីបី ពួក​គេ​ក៏​បាន​ស្រែក​រក​ព្រះ​អង្គ។ ហើយ​ទី​បួន ព្រះ​អម្ចាស់​ក៏​បាន​ធ្វើ​អន្តរាគមន៍​ដោយ​រើស​តាំង​ពួក​ចៅហ្វាយ ឬ​អ្នក​ដឹក​នាំ ដើម្បី​វាយ​បំបាក់​ពួក​ខ្មាំង​សត្រូវ ហើយ​ស្អាង​ឲ្យ​មាន​សន្តិភាព​ក្នុង​ទឹក​ដី​ពួក​គេ​ឡើង​វិញ។ ប៉ុន្តែ សន្តិភាព​នោះ​មិន​ស្ថិត​ស្ថេរ​បាន​យូរ​ឡើយ ដោយ​សារ​ពួក​គេ​ចាប់​ផ្ដើម​ធ្វើ​ខុស​ដូច​មុន​ទៀត។ 
ក្នុង​អំឡុង​សម័យ​ពួក​ចៅហ្វាយ ប្រជា​ជាតិ​អ៊‌ីស្រាអែល​​មាន​ការ​ដួល​រលំ​ទាំង​ផ្នែក​ជំនឿ​សាសនា សង្គម សីលធម៌ និង​ផ្នែក​សេដ្ឋកិច្ច។ ជា​ការ​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ ពួក​បណ្តាជន​ក៏​បាន​ផ្ដើម​គិត​ថា ជីវិត​របស់​ពួក​គេ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ បើ​សិន​ជា​ពួក​គេ​ជ្រើស​តាំង​ឲ្យ​មាន​ស្ដេច​គ្រប់​គ្រង​ពួក​គេ ដូច​ដែល​ព្រះ​អម្ចាស់​បាន​ប្រកាស​ចំពោះ​លោក យ៉ាកុប ជា​ពួក​ព្ធយុកោ​របស់​ពួក​គេ។ ប៉ុន្តែ ពួក​គេ​បាន​ព្យាយាម​កែ​ប្រែ​នគរ​របស់​ខ្លួន​ឲ្យ​មាន​លក្ខណៈ​ដូច​នគរ​នៅ​ជុំ​វិញ ដោយ​ពួក​គេ​បាន​បដិសេធន៍​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ ជា​ការ​ដឹក​នាំ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិសេស​ខុស​ពី​សាសន៍​ដទៃ។ ពួក​គេ​ចង់​បាន​របប​រាជា​និយម​ជាជាង​ការ​គ្រប់​គ្រង​របស់​ព្រះ។ ហើយ​ពួក​គេ​មិន​បាន​ស្វែង​រក​ស្ដេច​ដែល​នឹង​គ្រប់​គ្រង​ប្រទេស នៅ​ក្រោម​ព្រះ​អម្ចាស់ ហើយ​ដឹក​នាំ​ពួក​គេ​ឲ្យ​ស្តាប់​បង្គាប់​តាម​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ​ទេ តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ស្វែង​រក​ស្ដេច​ដែល​នឹង​គ្រប់​គ្រង​ពួក​គេ​ជំនួស​ព្រះ​អង្គ។
គួរ​ឲ្យ​កត់​សម្គាល់​ថា ទោះ​បំណង​ចិត្ត​របស់​ពួក​អ៊‌ីស្រាអែល​បាន​ជាប់​មាន​បាប​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះ​អម្ចាស់​នៅ​តែ​បំពេញ​តាម​សំណូម​ពរ​របស់​ពួក​គេ។ មាន​ស្ដេច​ជា​ច្រើន​អង្គ​បាន​គ្រប់​គ្រង​ទឹក​ដី​អ៊‌ីស្រាអែល​ តែ​មិន​មែន​ជា​ស្ដេច​ដែល​ពួក​គេ​ពិត​ជា​ត្រូវ​ការ​នោះ​ទេ។ ប៉ុន្តែ មាន​ក្សត្រ​មួយ​អង្គ​ដែល​ល្អ​ប្រសើរ​បំផុត ដែល​នឹង​ត្រូវ​យាង​មក។
រាស្ត្រ​របស់​ព្រះ​អង្គ​បាន​ទាម​ទារ​ឲ្យ​មាន​ស្ដេច​ដូច​សាសន៍​ដទៃ​ដែរ តែ​ព្រះ​អង្គ​បាន​ប្រើ​ការ​ទាម​ទារ ដែល​មិន​បាន​មើល​វែង​ឆ្ងាយ​នេះ ដើម្បី​សម្រេច​បំណង​ព្រះ​ទ័យ​ដែល​ខ្ពស់​បំផុត​ដោយ​ប្រទាន​ក្សត្រ​មួយ​អង្គ ឲ្យ​គ្រប់​គ្រង​សាសន៍​ទាំង​អស់​នោះ។ ទី​បំផុត ព្រះ​យេស៊ូវ​ក៏​បាន​ប្រសូត​មក នៅ​ក្នុង​ខ្សែ​លោហិត​នៃ​រាជ​វង្ស​របស់​ស្ដេច​អ៊‌ីស្រាអែល។ ព្រះ​អង្គ​ជា​ក្សត្រ​ដែល​ត្រូវ​យាង​មក​តាម​ព្រះ​បន្ទូល​សន្យា ដែល​ក្នុង​នោះ «ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ឬ​អំណាច​គ្រប់​គ្រង​ពី​ជើង​វា​ឡើយ ដរាប​ដល់​ស៊ីឡូរ​បាន​មក​ដល់ នោះ​បណ្តាជន​ទាំង​ឡាយ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់» (លោកុប្បត្ដិ ៤៩:១០)។ ព្រះ​មេស្ស៊ី​នឹង​បង្កើត​នគរ​ពិត​ប្រាកដ​មួយ និង​ដឹក​នាំ​ដោយ​អំណាច​របស់​ព្រះ ហើយ​​ធ្វើ​ជា​អំណោយ​ខ្ពង់​ខ្ពស់​បំផុត​ដល់​មនុស្ស​ដែល​មិន​សម​នឹង​ទទួល​អំណោយ​នោះ។
ចូរ​យើង​ទទួល​ស្គាល់​ថា ព្រះ​អង្គ​ជា​ព្រះ​ដែល​ធំ​ប្រសើរ​ប៉ុណ្ណា ដែល​អាច​រួម​ផ្សំ​ការ​ទូល​សូម​ដ៏​ល្ងង់​ខ្លៅ និង​បំណង​អាក្រក់​របស់​មនុស្ស ដើម្បី​សម្រេច​គោល​បំណង​របស់​ព្រះ​អង្គ! ព្រះ​អង្គ​ធំ​ប្រសើរ​លើស​ការ​សម្រេច​ចិត្ត និង​សូម្បី​តែ​កំហុស​របស់​យើង។ ព្រះ​អង្គ​មាន​អំណាច​គ្រប់​គ្រង​ទាំង​ស្រុង​មក​លើ​ការ​ភ្លាត់​ដួល​របស់​យើង។ ទោះ​យើង​អាច​ប្រព្រឹត្ត​ខុស​ជា​ញឹក​ញាប់​ដូច​ពួក​អ៊‌ីស្រាអែល​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ទុក​ចិត្ត​ថា ព្រះ​អម្ចាស់​នឹង​មាន​ជ័យ​ជម្នះ​មក​លើ​កំហុស​របស់​យើង ខណៈ​ពេល​ដែល​ព្រះ​អង្គ​សម្រេច​បំណង​ព្រះ​ទ័យ​ទ្រង់។ ហើយ​យើង​អាច​ស្តាប់​បង្គាប់​ព្រះ​មេស្ស៊ី​ដ៏​ជា​ក្សត្រ​ពិត​ប្រាកដ ក្នុង​ការ​រស់​នៅ​របស់​យើង​ក្នុង​ពេល​សព្វ​ថ្ងៃ ជាជាង​ព្យាយាម​បម្រើ​នរណា​ម្នាក់ ឬអ្វី​មួយ​ជំនួស​ឲ្យ​ព្រះ​អង្គ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២សាំយ៉ូអែល ៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ២០-២២ និង កិច្ចការ ១៣:២៦-៥២

ប្រភេទ