នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ដោយសេចក្តីពិតរបស់ព្រះ

ដោយសេចក្តីពិតរបស់ព្រះ

July 19, 2025

យ៉ូហាន ១៧:១-៥,១៣-១៩
សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់។ យ៉ូហាន ១៧:១៧
នៅឆ្នាំ២០២៣ ពាក្យ អូសែនទិក (AUTHENTIC) គឺជាពាក្យដែលគេស្វែងរកមើលច្រើនបំផុត ក្នុងវចនានុក្រម MERRIAM-WEBSTER។ ពាក្យនេះ មានន័យថា “មិនក្លែងក្លាយ ឬមិនចម្លង” និង “ត្រូវនឹងបុគ្គលិកលក្ខណៈ វិញ្ញាណ និងចារឹកលក្ខណៈរបស់មនុស្សម្នាក់ៗ”។ មនុស្សស្វែងរកសេចក្តីពិត ប៉ុន្តែ ការញែកការពិត ចេញពីការប្រឌិតអាចមានការពិបាក។ លោក ភីធ័រ សូកូឡូស្គី (PETER SOKOLOWSKI) ដែលជាអ្នកកែសម្រួលអត្ថបទ បានមានប្រសាសន៍ថា “តើយើងអាចទុកចិត្តថា សិស្សម្នាក់ពិតជាបានសរសេរអត្ថបទនោះដោយខ្លួនឯងឬអត់ ឬ... អ្នកនយោបាយណាម្នាក់ពិតជាបាននិយាយចេញពាក្យសម្តីនោះឬអត់? យើងមិនតែងតែអាចទុកចិត្តថា អ្វីដែលយើងមើលឃើញ គឺជាការពិតឬអត់ទេ។ ពេលខ្លះ យើងមិនជឿភ្នែក ឬត្រចៀកខ្លួនឯង។ យើងកំពុងតែទទួលស្គាល់ថា ការសម្ដែងគឺជាការពិត”។
អ្វីដែលពិតបានប្រែក្លាយជាមានភាពស្រពេចស្រពឹលកាន់តែខ្លាំង ហេតុនេះហើយ មនុស្សភាគច្រើនមានការស្រេកឃ្លានចង់បានអ្វីដែលពិត។ យើងអាចជៀសវាងបញ្ហានេះបាន ដោយទទួលយក និងរស់នៅតាមប្រាជ្ញា ក្នុងព្រះគម្ពីរប៊ីប។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់សិស្សរបស់ព្រះអង្គ មុនពេលគេចាប់ព្រះកាយ កាត់ទោស និងធ្វើគុតព្រះអង្គនៅលើឈើឆ្កាង (យ៉ូហាន ១៧-១៧)។ ដើម្បីឲ្យពួកសិស្សរបស់ព្រះអង្គបានត្រៀមខ្លួន សម្រាប់ការយាងឡើងស្ថានសួគ៌វិញ ព្រះអង្គក៏បាន “ងើបព្រះនេត្រទៅលើមេឃ” ហើយអធិស្ឋានឲ្យពួកគេ (១៧:១)។ ព្រះអង្គបានអធិស្ឋានសូមព្រះវរបិតា “ញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់” (ខ.‌១៧)។ ការនេះបានបង្ហាញថា អ្វីៗដែលព្រះទ្រង់បានបើកសម្ដែងក្នុងព្រះគម្ពីរប៊ីប មិនបានស្របតាមស្តង់ដាររបស់លោកិយ ដែលកំណត់ថា អ្វីពិតឬមិនពិតនោះទេ តែអ្វីដែលព្រះអង្គបានបើកសម្ដែងនោះគឺជាសេចក្តីពិត និងជាស្តង់ដារសម្រាប់វិនិច្ឆ័យអ្វីផ្សេងទៀត។ 
ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យរស់នៅស្របតាមព្រះគម្ពីរប៊ីប ដោយប្រព្រឹត្តតាមសេចក្តីពិតក្នុងព្រះគម្ពីរប៊ីប។ ទាល់តែយើងអនុវត្តដូចនេះ ទើបយើងអាចមានភាពពិតត្រង់ ដែលលោកិយកំពុងតែត្រូវការក្នុងពេលសព្វថ្ងៃ។—MARVIN WILLIAMS

តើព្រះគម្ពីរប៊ីបបានបើកបង្ហាញសេចក្តីពិតរបស់ព្រះ ដូចម្តេចខ្លះ? តើសេចក្តីពិតនោះ បានកែប្រែជីវិតអ្នកដូចម្តេចខ្លះ? 
ឱព្រះអម្ចាស់ សូមព្រះអង្គញែកទូលបង្គំជាបរិសុទ្ធ ដោយសេចក្តីពិតក្នុងព្រះគម្ពីរប៊ីប ខណៈពេលដែលទូលបង្គំបម្រើព្រះអង្គ។ គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ២៣-២៥ និង កិច្ចការ ២១:១៨-៤០

 


 

ល្ងាច

បាន​ចាក់​ស្រែះ​មិន​អាច​ស្រាយ​បាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

បាន​ចាក់​ស្រែះ​មិន​អាច​ស្រាយ​បាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 19, 2025

«ដូច្នេះ បើ​សិន​ជា​មាន​សេចក្តី​ដាស់​តឿន​ណា​ក្នុង​ព្រះ​គ្រីស្ទ ឬ​សេចក្តី​កម្សាន្ត​ណា​របស់​ផង​សេចក្តី​ស្រឡាញ់ ឬ​សេចក្តី​ប្រកប​ណា​ផង​ព្រះ​វិញ្ញាណ ឬ​សេចក្តី​ថ្និត​ថ្នម និង​សេចក្តី​អាណិត​អាសូរ​ណា នោះ​ចូរ​បំពេញ​សេចក្តី​អំណរ​របស់​ខ្ញុំ ដោយ​អ្នក​រាល់​គ្នា​មាន​គំនិត មាន​សេចក្តី​ស្រឡាញ់​តែ១ ទាំង​រួបរួម​ចិត្ត​គ្នា ហើយ​គិតតែ​ផ្លូវ១​ដូច​គ្នា​ចុះ» (ភីលីព ២:១-២)។ 
ការ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​មាន​លក្ខណៈ​ដូច​គ្នា​បន្តិច​បន្តួច ទៅ​នឹង​ការ​រៀប​ការ។ នៅ​ក្នុង​ការ​រៀប​ការ មនុស្ស​នៅ​លីវ​ពីរ​នាក់​រួម​រស់​ជា​មួយ​គ្នា ដោយ​មាន​ការ​ចាក់ស្រែះ​ចូល​គ្នា​ដែល​មិន​អាច​ស្រាយ​វិញ​បាន។ ដូច​គ្នា​នេះ​ដែរ ពេល​ណា​យើង​ឱប​ក្រសោប​ព្រះ​គ្រីស្ទ នៅ​ក្នុង​គ្រប់​ទាំង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ហើយ​ទទួល​យក​សេចក្តី​សង្គ្រោះ​ដែល​ព្រះ​អង្គ​ប្រទាន​ឲ្យ​យើង​នៅ​លើ​ឈើ​ឆ្កាង​គឺ​មាន​ន័យ​ថា យើង​បាន​រួប​រួម​ជា​មួយ​ព្រះ​អង្គ ជីវិត​យើង​មិន​ដូច​មុន​ទៀត​ទេ។ 
ដែល​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព​បាន​ទទួល​ការ​ក្រើន​រំឭក​ពី​សាវ័ក ប៉ុល ជា​យ៉ាង​ណា នោះ​យើង​ក៏​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​ជា​មួយ​ពួក​គាត់ ដោយ​សារ​យើង​បាន​រួប​រួម​ជា​មួយ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ហើយ​ជា​យ៉ាង​នោះ​ដែរ។ ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​ព្រះ​អង្គ គឺ​ជា​អំណោយ​នៃ​ព្រះ​គុណ​របស់​ព្រះ​អង្គ ហើយ​យើង​អាច​រក​ឃើញ​ទំនុក​ចិត្ត ដោយ​ដឹង​ថា ព្រះ​អង្គ​គង់​នៅ​ជា​មួយ​យើង​គ្រប់​ទី​កន្លែង តាម​រយៈ​អំណាច​នៃ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ។ បើ​អ្នក​បាន​រួបរួម​ជា​មួយ​ព្រះ​គ្រីស្ទ​ដោយ​ជំនឿ នោះ​មាន​ន័យ​ថា ព្រះ​អង្គ​កំពុង​គង់​នៅ​ជិត​អ្នក​ខ្លាំង​ជាង​អ្វីៗ​ទាំង​អស់​ដែល​អ្នក​ស្រឡាញ់។ ជីវិត​អ្នក​បាន​ចាក់​ស្រែះ​ជា​មួយ​ព្រះ​អម្ចាស់​ជា​រៀង​រហូត។ 
មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា ខ្វះ​អ្នក​នៅ​ក្បែរ និង​ឯកោ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ស្ថិត​ក្នុង​ចំណោម​ហ្វូង​មនុស្ស។ បញ្ហា​នេះ​ស្ថិត​ក្នុង​ចំណោម​ការ​លំបាក​ដែល​យើង​ពិបាក​ជម្នះ ក្នុង​សតវត្សរ៍​ទី២១។ យើង​ប្រហែល​ជា​ព្យាយាម​លាក់​បាំង​អារម្មណ៍​ឯកោ​របស់​យើង ដោយ​ការ​សន្ទនា​ដែល​ល្អ​តែ​សម្បក​ក្រៅ ឬ​ដោយ​ការ​ប្រឹង​ញញឹម ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ដើរ​ចេញ​ពី​មនុស្ស​ដែល​បាន​ចំណាយ​ពេល​ជា​មួយ​យើង យើង​មាន​អារម្មណ៍​ថា ឯកោ​ដោយ​ភាព​អស់​សង្ឃឹម។ 
ជា​ការ​ពិត​ណាស់ គ្រីស្ទ​បរិស័ទ​មិន​ចាំ​បាច់​ត្រូវ​មាន​អារម្មណ៍​អស់​សង្ឃឹម​ដូច​នេះ​ទេ ព្រោះ​យើង​បាន​ដឹង និង​ដក​ពិសោធន៍​ជា​មួយ​នឹង​ការ​ធានា អំពី​ការ​រួបរួម​របស់​យើង​ជា​មួយ​ព្រះ​គ្រីស្ទ​ហើយ។ ព្រះ​អង្គ​ស្គាល់​យើង​គ្មាន​កន្លែង​ចន្លោះ ហើយ​ក៏​ស្រឡាញ់​យើង​គ្មាន​ទី​បញ្ចប់។ ការ​ដឹង​ដូច​នេះ ពិត​ជា​កម្សាន្ត​ចិត្ត​យើង​ខ្លាំង​ណាស់! ពាក្យ «សេចក្តី​កម្សាន្ត» ដែល​សាវ័ក ប៉ុល បាន​ប្រើ​ក្នុង​ខ​គម្ពីរ​ខាង​លើ មិន​មែន​ជា​អារម្មណ៍​សុខ​ស្រួល ជា​ធម្មតា​នោះ​ទេ តែ​ពាក្យ​នេះ​បាន​ពិពណ៌នា​អំពី​ការ​អ្វី​មួយ​ដែល​មាន​អំណាច និង​ភាព​ទាក់ទាញ។ ពាក្យ​នេះ​មាន​សកម្មភាព​ក្នុង​ន័យ​ថា សេចក្តី​កម្សាន្ត​បង្ហូរ​ចូល​ទៅ​ក្នុង​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​គ្នា ដ្បិត​ព្រះ​វិញ្ញាណ​មិន​គ្រាន់​តែ​បង្រួប​បង្រួម​ព្រះ​គ្រីស្ទ​ជា​មួយ​យើង តែ​ក៏​បង្រួប​បង្រួម​យើង​ទាំង​អស់​គ្នា​តែ​មួយ​ក្នុង​ជីវិត​នៅ​លើ​ផែនដី​ផង​ដែរ។ កាល​ណា​យើង​បាន​អរ​សប្បាយ​នឹង​អត្ថប្រយោជន៍​នៃ​ការ​បង្រួប​បង្រួម​ជា​មួយ​ព្រះ​គ្រីស្ទ​កាន់​តែ​ច្រើន​ប៉ុណ្ណា ដែល​អង្គ​ទ្រង់​ផ្ទាល់​មាន​តម្លៃ​បំផុត​ចំពោះ​យើង នោះ​យើង​ក៏​នឹង​កាន់​តែ​ជិត​ស្និទ្ធ ហើយ​កាន់​តែ​ស្រឡាញ់​បង​ប្អូន​ក្នុង​ជំនឿ​របស់​យើង​ផង​ដែរ។ 
សេចក្តី​កម្សាន្ត​នោះ​ជា​ព្រះ​ពរ​សម្រាប់​យើង តែ​ក៏​ផ្តល់​ឲ្យ​យើង​នូវ​កាតព្វកិច្ច​ផង​ដែរ។ ការ​យល់​ដឹង​របស់​យើង​អំពី​សេចក្តី​មេត្តា និង​សេចក្តី​អាណិត​របស់​ព្រះ​គ្រីស្ទ គួរ​តែ​ជំរុញ​យើង​ឲ្យ​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ការ​អាណិត​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​ពេល​ដែល​យើង​ចម្រើន​ឡើង​ក្នុង​ការ​រួប​រួម​ជា​មួយ​ព្រះ​អង្គ។ ដំណើរ​ជីវិត​ដែល​រលាក់ និង​មាន​ការ​ប៉ះ​ទង្គិច​អាច​ធ្វើ​ឲ្យ​ចិត្ត​យើង​រឹងរូស និង​ខ្វះ​ការ​អធ្យាស្រ័យ ដែល​មាន​ក្នុង​ភាព​ស្លូតបូត ហើយ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ផ្ដោត​ទៅ​លើ​ខ្លួន​ឯង​ខ្លាំង​ពេក បាន​ជា​យើង​មិន​បាន​ស្រឡាញ់​អ្នក​ដទៃ។ តើ​អ្នក​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត និង​ការ​កម្សាន្ត​ចិត្ត​ដូច​ម្តេច​ខ្លះ​នៅ​ថ្ងៃ​នេះ? ចូរ​ពិចារណា​អំពី​ការ​រួបរួម​របស់​អ្នក​ជា​មួយ​ព្រះ​គ្រីស្ទ ហើយ​ស្វែង​រក​ការ​កម្សាន្ត​ចិត្ត និង​ការ​លើក​ទឹក​ចិត្ត​ក្នុង​ព្រះ​អង្គ​ចុះ។ បន្ទាប់​មក ចូរ​ទូល​សូម​ព្រះ​វិញ្ញាណ​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា មាន​នរណា​ខ្លះ​ត្រូវ​ការ​កម្សាន្ត​ចិត្ត និង​ការ​លើក​ទឹក​ចិត្ត​នៅ​ថ្ងៃ​នេះ ហើយ​ចូរ​ធ្វើ​ខ្លួន​ជា​ឧបករណ៍​សម្រាប់​ឲ្យ​ព្រះ​គ្រីស្ទ​ប្រើ ដើម្បី​កម្សាន្ត​ចិត្ត​ពួក​គេ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កូឡូស ៣:១-១១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ២៣-២៥ និង កិច្ចការ ១៤

ប្រភេទ