នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ច្រៀងសរសើរដំកើងព្រះ

ច្រៀងសរសើរដំកើងព្រះ

ដោយKirsten Holmberg

July 20, 2025

២សាំយ៉ូអែល ២២:៤៧-៥១
ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្ដាលអស់ទាំងសាសន៍ ហើយនឹងច្រៀងទំនុកសរសើរថ្វាយដល់ព្រះនាមទ្រង់ ។ ២សាំយ៉ូអែល ២២:៥០
នៅពេលដែលភ្នែករបស់អ្នកស្រី ដាយអាណា (DIANA) ចាប់ផ្តើមមានការចុះខ្សោយកាន់តែធ្ងន់ធ្ងរ គាត់មានការព្រួយបារម្ភកាន់តែខ្លាំង។ គាត់ក៏មានការពិបាកក្នុងការគិត ហើយច្រើនតែនិយាយដដែលៗ។ រោគសញ្ញារបស់គាត់បានបណ្តាលឲ្យគ្រូពេទ្យជឿថា បញ្ហានេះមិនបានបណ្តាលមកពីភ្នែករបស់គាត់ទេ តែដោយសារបញ្ហាខួរក្បាលរបស់គាត់។ ពួកគេក៏បានរកឃើញថា គាត់មានដុំសាច់ធំមួយក្នុងខួរក្បាលរបស់គាត់ ដែលត្រូវវះកាត់ចេញ។ អ្នកស្រី ដាយអាណាមានការបារម្ភថា ការវះកាត់នោះអាចធ្វើឲ្យគាត់បាត់បង់សមត្ថភាព ក្នុងការច្រៀង ជាអំណោយទានដែលគាត់ស្រឡាញ់យ៉ាងខ្លាំង ហើយគាត់ក៏បានចែកចាយជាមួយក្រុមគ្រួសាររបស់គាត់។ ដូចនេះ គ្រូពេទ្យវះកាត់របស់គាត់ក៏បានធ្វើនូវរឿងដែលមិនគួរឲ្យជឿមួយ ដោយបានឲ្យគាត់ដឹងខ្លួន ក្នុងអំឡុងពេលវះកាត់ ដោយគ្មានការឈឺចាប់ ហើយក៏បានសូមឲ្យគាត់ច្រៀង ក្នុងអំឡុងពេលនោះ ដើម្បីឲ្យអាចដឹង អំពីផ្នែកនៃប្រព័ន្ធប្រសាទក្នុងខួរក្បាលគាត់ ដែលត្រូវរក្សាទុក។ អ្នកទាំងពីរថែមទាំងបានថតសម្លេងច្រៀងឆ្លើយឆ្លងជាមួយគ្នា ក្នុងអំឡុងពេលនៃការវះកាត់នោះទៀតផង។ 
ក្នុងនាមស្តេចដាវីឌ គឺជាអ្នកនិពន្ធទំនុកដំកើងជាច្រើនក្នុងព្រះគម្ពីរប៊ីប ទ្រង់ក៏មានចិត្តឆេះឆួលក្នុងការច្រៀង មិនខុសពីអ្នកស្រី ដាយអាណាប៉ុន្មានទេ។ ទ្រង់ច្រើនតែច្រៀងសរសើរដំកើងព្រះ ដោយបទចម្រៀងបែបទំនួញ និងក្តីអំណរ។ នៅពេលដែលព្រះទ្រង់ប្រោសស្តេចដាវីឌ ឲ្យរួចពីខ្មាំងសត្រូវ ទ្រង់បានទទួលស្គាល់ថា ព្រះអម្ចាស់គឺជាអ្នករំដោះទ្រង់ឲ្យរួចពីខ្មាំងសត្រូវនោះ (២សាំយ៉ូអែល ២២:៤៩)។ ដោយសារព្រះអម្ចាស់បានសង្គ្រោះស្តេចដាវីឌ ទ្រង់ក៏បានប្រកាសថា “ហេតុដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្ដាលអស់ទាំងសាសន៍ ហើយនឹងច្រៀងទំនុកសរសើរថ្វាយដល់ព្រះនាមទ្រង់” (ខ.៥០)។ 
ព្រះទ្រង់នៅតែបន្តធ្វើការ ក្នុងលោកិយ ក៏ដូចជាក្នុងជីវិតយើងម្នាក់ៗ ដោយរំដោះយើងឲ្យរួចពីអំពើបាប គឺជាជំងឺមួយ ដែលយើងរាល់គ្នាសុទ្ធតែជួបប្រទះ។ ចូរយើងតាំងចិត្តច្រៀងសរសើរដំកើងព្រះ ដូចស្តេចដាវីឌ សម្រាប់ការគ្រប់យ៉ាងដែលព្រះអង្គបានធ្វើ។—KIRSTEN HOLMBERG

តើអ្នកអាចសរសើរដំកើងព្រះ សម្រាប់រឿងអ្វីខ្លះនៅថ្ងៃនេះ? 
តើមានអ្វីបណ្តាលចិត្តអ្នកឲ្យថ្វាយបង្គំព្រះអង្គ ក្នុងបទចម្រៀង? 
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមថ្វាយការសរសើរដំកើងដល់ព្រះអង្គ 
សម្រាប់កិច្ចការដែលព្រះអង្គបានធ្វើក្នុងលោកិយ និងក្នុងជីវិតទូលបង្គំ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ២៦-២៨ និង កិច្ចការ ២២
 

ល្ងាច

រោង​ឧបោសថ និង​ព្រះវិហារ​ដ៏​ពិត​ប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

រោង​ឧបោសថ និង​ព្រះវិហារ​ដ៏​ពិត​ប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 20, 2025

«ពួក​សាសន៍​យូដា គេ​ទូល​សួរ​ទ្រង់​ថា ដែល​លោក​ធ្វើ​យ៉ាង​ដូច្នេះ នោះ​តើ​នឹង​សម្ដែង​ទី​សម្គាល់​ណា ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង? ព្រះ​យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ចូរ​បំផ្លាញ​ព្រះ​វិហារ​នេះ​ចុះ រួច​ក្នុង​រវាង៣ថ្ងៃ ខ្ញុំ​នឹង​សង់​ឡើង​វិញ» (យ៉ូហាន ២:១៨-១៩)។
អ្នក​ខ្លះ​យល់​ឃើញ​ថា ព្រះ​គម្ពីរ​គ្រាន់​តែ​ជា​ការ​រួម​ផ្សំ​នៃ​ទស្សន​វិជ្ជា និង​ការ​បង្រៀន​ខាង​វិញ្ញាណ។ នេះ​ជា​ការ​ពិត​មែន ព្រោះ​ព្រះ​គម្ពីរ​បាន​កត់​ទុក​នូវ​រឿងរ៉ាវ​នៃ​ការ​ធ្វើ​អន្តរាគមន៍​របស់​ព្រះ ក្នុង​ពិភព​លោក របស់​យើង។ ខ្លឹម​សារ​នៃ​ការ​បង្រៀន​អំពី​នគរ​ព្រះ បាន​ផ្តល់​ឲ្យ​យើង​នូវ​មធ្យោបាយ​ដែល​មាន​ប្រយោជន៍ សម្រាប់​ឲ្យ​យើង​ដើរ​តាម និង​ចូល​ទៅ​ក្នុង​សាច់​រឿង​នៃ​នគរ​ព្រះ។ 
នគរ​នីមួយៗ សុទ្ធ​តែ​មាន​កន្លែង​គង់​នៅ​របស់​ក្សត្រ។ ព្រះ​គម្ពីរ​សញ្ញា​ចាស់​មាន​ខ​គម្ពីរ​ជា​ច្រើន​ដែល​បាន​ចែង​ថា រោង​ឧបោសថ​ជា​កន្លែង​ព្រះ​អម្ចាស់​គង់​នៅ​ជា​មួយ​រាស្ត្រ​អ៊‌ីស្រាអែល។ រោង​ឧបោសថ​មាន​ទីតាំង​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ តែ​មិន​បាន​បើក​ចំហ​សម្រាប់​ឲ្យ​ពួក​គេ​ចូល​ឡើយ។ សូម្បី​តែ​លោក ម៉ូសេ ក៏​មិន​អាច​ចូល​បាន​ដែរ នៅ​ពេល​ដែល​ពពក​នៃ​សិរី​ល្អ​របស់​ព្រះ​ស្ថិត​នៅ​ពី​លើ​រោង​ឧបោសថ (និក្ខមនំ ៤០:៣៤-៣៥)។ ក្រោយ​មក នៅ​ពេល​ដែល​ទីក្រុង​យេរូសាឡឹម​ក្លាយ​ជា​រាជធានី​របស់​ទឹក​ដី​ពួក​គេ រោង​ឧបោសថ​ត្រូវ​បាន​ជំនួស​ជា​អចិន្ត្រៃយ៍​ដោយ​ព្រះ​វិហារ​ជា​សំណង់​អគារ។ ព្រះ​វិហារ​នោះ​ជា​កន្លែង​ដែល​ព្រះ​អង្គ​ជា​ក្សត្រ​របស់​រាស្ត្រ​ព្រះ​អង្គ កំពុង​គង់​នៅ​ជា​មួយ​ពួក​អ៊‌ីស្រាអែល។ ប៉ុន្តែ ផ្លូវ​ចូល​ទៅ​ជួប​ព្រះ​អង្គ​ត្រូវ​បាន​បិទ​ដោយ​វាំងនន ដែល​បាន​ញែក​កន្លែង​បរិសុទ្ធ​បំផុត​ចេញ​ពី​ទី​កន្លែង​ផ្សេងៗ​ទៀត​ក្នុង​បរិវេណ​ព្រះ​វិហារ (២៦:៣១-៣៤)។
បន្ទាប់​មក «ព្រះ​បន្ទូល​ក្លាយ​ជា​សាច់ឈាម» ហើយ​តាម​ន័យ​ត្រង់ ព្រះ​អង្គ​គឺ​ជា​រោង​ឧបោសថ​ក្នុង​ចំណោម​យើង (យ៉ូហាន ១:‌១៤)។ ពេល​យើង​អាន​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​យើង​រក​ឃើញ​ថា ដូច​ដែល​រាស្ត្រ​របស់​ព្រះ​ពី​សម័យ​ដើម​មើល​ទៅ​រោង​ឧបោសថ​ធ្វើ​ជា​កន្លែង​ជួប​ជា​មួយ​ព្រះ​ជា​យ៉ាង​ណា នោះ​ក្នុង​ពេល​សព្វ​ថ្ងៃ យើង​ក៏​មើល​ទៅ​ព្រះ​ដែល​បាន​យក​កំណើត​ជា​មនុស្ស និង​មាន​ព្រះ​ជន្ម​គង់នៅ​ក្នុង​ចំណោម​យើង​យ៉ាង​នោះ​ដែរ។ កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​បក​ស្រាយ​យ៉ាង​ជាក់​លាក់​ថា ព្រះ​គង់​នៅ​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​អង្គ ក្នុង​រូប​សាច់​ជា​មនុស្ស ហើយ​ពេល​សព្វ​ថ្ងៃ ព្រះ​អង្គ​គង់នៅ​ក្នុង​រាស្ត្រ​ព្រះអង្គ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ (យ៉ូហាន ១៤:១៦-១៨)។ ព្រះ​អង្គ​គង់​នៅ​ក្នុង​ចំណោម​យើង។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ព្រះ​យេស៊ូវ​ជា​រោង​ឧបោសថ​ពិត​ប្រាកដ។ ព្រះ​អង្គ​កំពុង​ព្យាយាម​ពន្យល់​អំពី​រឿង​នេះ បន្ទាប់​ពី​ព្រះ​អង្គ​សម្អាត​ព្រះ​វិហារ​ដោយ​បណ្ដេញ​ពួក​ឈ្មួញ និង​ពួក​រក​ស៊ី​ដូរ​លុយ ក្នុង​បរិវេណ​ព្រះ​វិហារ គេ​ក៏​បាន​ចោទ​សួរ​ព្រះ​អង្គ​អំពី​អំណាច​ដែល​ព្រះ​អង្គ​​ហ៊ាន​បណ្ដេញ​ពួក​គេ​យ៉ាង​ដូច​នោះ (យ៉ូហាន ២:១៣-១៦) ហើយ​ព្រះ​អង្គ​ក៏​បាន​ឆ្លើយ​ថា «ចូរ​បំផ្លាញ​ព្រះ​វិហារ​នេះ​ចុះ រួច​ក្នុង​រវាង​៣ថ្ងៃ ខ្ញុំ​នឹង​សង់​ឡើង​វិញ»។ កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ពន្យល់​ថា បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ សិស្ស​របស់​ព្រះ​អង្គ​ក៏​បាន​ដឹង​ថា តាម​ពិត​កាល​ពី​មុន​ព្រះអង្គ​កំពុង​មាន​បន្ទូល​អំពី «ព្រះ​វិហារ​ជា​រូប​អង្គ​ទ្រង់​ទេ» (ខ.២១)។ 
កាល​ព្រះ​យេស៊ូវ​សុគត វាំងនន​នៅ​ព្រះ​វិហារ​បាន​រហែក ជា​សញ្ញា​បញ្ជាក់​ថា តាម​រយៈ​ព្រះ​គ្រីស្ទ យើង​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ ប៉ុន្តែ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​សាងសង់​ព្រះ​វិហារ​មិន​មាន​ភាព​ចាំបាច់​ទៀត​ទេ ព្រោះ​ព្រះ​អង្គ​បាន​សម្រេច​ព្រះ​បន្ទូល​ហើយ។ ពីរ​បី​ទសវត្សរ៍​ក្រោយ​មក ព្រះ​វិហារ​ទីក្រុង​យេរូសាឡឹម​ត្រូវ​ពួក​ទាហាន​រ៉ូម៉ាំង​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង។ 
បើ​យើង​ចង់​ទៅ​ជួប​ព្រះ យើង​ត្រូវ​ចូល​ទៅ​រក​ព្រះ​យេស៊ូវ។ យើង​មិន​ត្រូវ​ការ​អគារ និមិត្ត​សញ្ញា ឬ​ទី​សក្ការៈ ដើម្បី​ចូល​ទៅ​រក​ព្រះ​អង្គ​ឡើយ។ ព្រះ​អម្ចាស់​ជួប​ជា​មួយ​រាស្ត្រ​ព្រះ​អង្គ នៅ​ពេល​ដែល​យើង​ជួប​ជុំ ក៏​ដូច​ជា​នៅ​ពេល​ដែល​យើង​បែក​ខ្ញែក មិន​មែន​នៅ​ក្នុង​ទី​កន្លែង តែ​នៅ​ក្នុង​ព្រះ​រាជបុត្រា​ព្រះ​អង្គ ជា​ព្រះ​វិហារ​ពិត​ប្រាកដ។ ទោះ​ថ្ងៃ​នេះ​ជា​ថ្ងៃ​អ្វី​ក៏​ដោយ ហើយ​ទោះ​អ្នក​កំពុង​ធ្វើ​អ្វី​ក៏​ដោយ​គ្មាន​នរណា ឬ​គ្មាន​អ្វី​រា​រាំង​អ្នក​មិន​ឲ្យ​ចូល​ទៅ​រក​ព្រះ​ដ៏​បរិសុទ្ធ​បាន​ឡើយ។ ព្រះ​ដ៏​ជា​ក្សត្រ កំពុង​គង់​នៅ​ក្នុង​អ្នក​នៅ​ថ្ងៃ​នេះ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ២:‌១៣-២២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ២៦-២៨ និង កិច្ចការ ១៥:១-២១

ប្រភេទ