នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ជម្រកនៃការថែរក្សារបស់ព្រះ

ជម្រកនៃការថែរក្សារបស់ព្រះ

ដោយLisa Samra

July 21, 2025

អេសាយ ៣២:១-៤
ហើយមនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា។ អេសាយ ៣២:២
ក្នុងការធ្វើដំណើរចម្ងាយឆ្ងាយ ជាលក្ខណៈគ្រួសារ កាលពីពេលកន្លងទៅ ខ្ញុំបានចំណាយពេលបើកបរជាច្រើនម៉ោង កាត់តាមរដ្ឋមុនតាណា និងរដ្ឋដាកូតាខាងត្បូង ដែលមានប្រជាជនរស់នៅរប៉េះរប៉ោះ។ ខណៈពេលដែលខ្ញុំកំពុងបើកបរ ខ្ញុំក៏បានចាប់ផ្តើមកត់សំគាល់ឃើញផ្ទះមួយខ្នងមានដើមឈើជាច្រើនព័ទ្ធជុំវិញ ក្នុងកសិដ្ឋានមួយដែលមានទីធ្លាលាតសន្ធឹង។ ខណៈពេលដែលខ្ញុំព្យាយាមទប់ឡានរបស់ខ្ញុំ មិនឲ្យចេញពីគន្លងផ្លូវដែលខ្ញុំកំពុងធ្វើដំណើរ នៅពេលដែលមានខ្យល់បក់ខ្លាំង ខ្ញុំក៏បាននឹកឃើញថា តាមពិតគេសង់ផ្ទះឲ្យមានដើមឈើព័ទ្ធជុំវិញច្រើនដូចនេះ មិនគ្រាន់តែដើម្បីសោភ័ណភាពប៉ុណ្ណោះទេ តែក៏ដើម្បីការពារផ្ទះ និងមនុស្សនៅក្នុងផ្ទះឲ្យរួចពីខ្យល់កន្ត្រាក់ ដែលកំពុងបក់បោកខ្លាំង នៅក្នុងវាលទំនាប។ 
ហោរា អេសាយធ្លាប់បានពិពណ៌នា អំពីពេលអនាគត ដែលមនុស្សនឹងបានជ្រកនៅក្នុងការថែរក្សារបស់ព្រះ ដែលជាជម្រកនៅពេលមានព្យុះភ្លៀង។ នៅក្នុងការអំពាវនាវរាស្រ្តរបស់ព្រះ ឲ្យប្រែចិត្តចេញពីអំពើបាប (អេសាយ ៣១:៦-៧) ហោរា អេសាយក៏បាននិយាយអំពីពេលអនាគត ដែល “នឹងមានស្ដេច១អង្គសោយរាជ្យដោយសុចរិត” (៣២:១) ហើយអស់អ្នកដែលគ្រប់គ្រងជាមួយព្រះអង្គ នឹងប្រៀបដូចជា “ទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា” (ខ.២)។ ព្រះពរដែលពួកគេនឹងទទួលបាននោះគឺ ពួកគេនឹងអាចមើលឃើញ ស្តាប់ឮ យល់ និងថ្លែងពីសេចក្តីពិត (ខ.៣-៤) នៅក្នុងសុខសន្តិភាព។ 
ខណៈពេលដែលយើងនៅរង់ចាំអត្ថប្រយោជន៍ពេញលេញ ដែលយើងនឹងទទួលបានពីព្រះបន្ទូលសន្យានេះ យើងបានឃើញព្រះទ្រង់កំពុងធ្វើការ តាមរយៈមនុស្សដែលគិតប្រយោជន៍អ្នកដទៃយ៉ាងសកម្ម (ភីលីព ២:៣-៤)។ ព្រះវិញ្ញាណព្រះគ្រីស្ទជួយយើងបង្កើតកន្លែងសុវត្ថិភាព ដែលមនុស្សអាចចម្រើនឡើង ក្នុងពេលដ៏ពិបាក។ នេះជារបៀបដែលយើងអាចយកគំរូតាមព្រះដែលយកព្រះទ័យទុកដាក់ ដោយសេចក្តីស្រឡាញ់។—LISA M. SAMRA

តើអ្នកបានដកពិសោធន៍ជាមួយនឹងការជ្រកកោន ក្នុងសហគមន៍ដែលមានក្តីស្រឡាញ់ និងការការពារនៅពេលណា? 
តើការនេះបានលើកទឹកចិត្តអ្នក ឲ្យជួយយកអសារអ្នកដទៃដូចម្តេចខ្លះ? 
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំឲ្យធ្វើជាជម្រក សម្រាប់មនុស្សនៅជុំវិញទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ២៩-៣០ និង កិច្ចការ ២៣:១-១៥

 

ល្ងាច

ផ្លាស់​ប្ដូរ​ពី​ទឹកដោះ ទៅ​អាហារ​រឹង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ផ្លាស់​ប្ដូរ​ពី​ទឹកដោះ ទៅ​អាហារ​រឹង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 21, 2025

«គួរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជា​គ្រូ ដោយ​ព្រោះ​ជឿ​ជា​យូរ​មក​ហើយ តែ​អ្នក​រាល់​គ្នា​ត្រូវ​ការ ឲ្យ​គេ​បង្រៀន​ទាំង​ខ្លឹម​របស់​បឋម​សិក្សា​នៃ​ព្រះ​បន្ទូល​ម្តង​ទៀត ហើយ​មិន​ត្រូវ​ការ​នឹង​អាហារ​រឹង គឺ​ត្រូវ​ការ​នឹង​ទឹក​ដោះ​វិញ» (ហេព្រើរ ៥:‌១២)។ 
បើ​អ្នក​មាន​ឧបករណ៍​ហាត់​ប្រាណ​ជា​ច្រើន​ក្នុង​បន្ទប់​ក្រោម​ដី តែ​មិន​ដែល​បាន​ប្រើ​ពួក​វា ដើម្បី​ពង្រឹង​សាច់​ដុំ ឬ​ដើម្បី​ពង្រឹង​សុខ​ភាព​បេះដូង នោះ​ឧបករណ៍​ទាំង​នោះ​គ្មាន​ប្រយោជន៍​ទេ។ សាច់ដុំ​មាន​ការ​លូត​លាស់​តាម​រយៈ​ការ​ប្រើ​ប្រាស់​វា​ឲ្យ​ទៀង​ទាត់។ គ្រូ​បង្វឹក​ផ្ទាល់​ខ្លួន​អាច​មាន​ប្រយោជន៍ ប៉ុន្តែ​យើង​ក៏​ត្រូវ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ហ្វឹក​ហាត់​ខ្លួន​ឯង​ផង​ដែរ។ កាល​សាវ័ក ប៉ុល សរសេរ​ប្រាប់​លោក ធីម៉ូថេ ថា «ចូរ​បង្ហាត់​ខ្លួន​ខាង​ឯ​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ​វិញ» (១ធីម៉ូថេ ៤:៧) គឺ​គាត់​កំពុង​និយាយ​សង្កត់​ធ្ងន់​ថា គ្មាន​មនុស្ស​ជា​គំរូ អ្នក​ដឹក​នាំ ឬ​មិត្ត​ភក្តិ​ណា ដែល​អាច​ហ្វឹក​ហាត់​ជំនួស​គាត់​បាន​ទេ។ 
ខណៈ​ពេល​ដែល​យើង​ចម្រើន​ឡើង​ក្នុង​ការ​ដើរ​ក្នុង​ជំនឿ គឺ​យើង​កំពុង​រៀន​សេចក្តី​ពិត​កំរិត​បឋម ដោយ​អនុវត្ត​តាម និង​ចម្រើន​ឡើង​បន្តិច​ម្តងៗ​ក្នុង​ការ​យល់​ដឹង​ខាង​វិញ្ញាណ។ ដំណើរ​ការ​នេះ​ជួយ​យើង​ឲ្យ​ផ្លាស់​ប្ដូរ​ពី​ទឹក​ដោះ ទៅ​អាហារ​រឹង (ហេព្រើរ ៥:១២-១៤) ពី​ភាព​ជា​កូន​ង៉ែត​ខាង​វិញ្ញាណ ទៅ​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​យើង​អាច​ចាប់​ផ្ដើម​បង្រៀន​អ្នក​ដទៃ។ នេះ​ជា​វដ្ដ​នៃ​ជីវិត​ដែល​ព្រះ​បាន​រៀបចំ ដើម្បី​ពង្រីក​នគរ​ព្រះ​អង្គ។ 
តាម​ន័យ​ធៀប​នេះ សេចក្តី​ពិត​ជា​មូលដ្ឋាន​នៃ​ជំនឿ​គ្រីស្ទាន​ពិត​ជា​សំខាន់​ណាស់ ព្រោះ​អ្វីៗ​ផ្សេង​ទៀត ដែល​យើង​រៀន​បាន​អំពី​ព្រះ​គ្រីស្ទ គឺ​សុទ្ធ​តែ​បាន​សង់​ឡើង​នៅ​លើ​សេចក្តី​ពិត​នោះ​ឯង។ ប៉ុន្តែ ការ​បន្ត​រស់​នៅ​លើ​សេចក្តី​ពិត​ជា​មូល​ដ្ឋាន​នោះ​ជា​រៀង​រហូត មិន​ជួយ​ឲ្យ​យើង​រីក​ចម្រើន​ទេ។ យើង​ត្រូវ​តែ​មាន​ភាព​ឧស្សាហ៍​ក្នុង​ការ​ចម្រើន​ឡើង​ក្នុង​ជីវិត​ជា​គ្រីស្ទាន ដោយ​ព្យាយាម​ជានិច្ច ឲ្យ​លូត​លាស់​ក្នុង​សេចក្តី​បរិសុទ្ធ ដោយ​សូម​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ស្អាង​យើង​ឡើង ខណៈ​ពេល​ដែល​យើង​ចូល​កាន់​តែ​ជ្រៅ​ក្នុង​ព្រះ​បន្ទូល​ដែល​ព្រះ​អង្គ​បាន​បណ្ដាល​ឲ្យ​គេ​តែង។ 
ព្រះ​អម្ចាស់​កំពុង​កែ​ប្រែ​កូន​ព្រះ​អង្គ​ឲ្យ​ត្រូវ​នឹង​រូប​អង្គ​របស់​ព្រះ​បុត្រា​ព្រះ​អង្គ ដោយ​ឲ្យ​ពួក​គេ​បាន​ដក​ពិសោធន៍​នឹង​ជីវិត​ពិត ឬ​ធ្វើ​តាម​ការ​បង្រៀន​ក្នុង​ព្រះ​បន្ទូល​ព្រះ​អង្គ។ ពេល​ណា​អ្នក​ហ្វឹក​ហាត់​តាម​ព្រះ​បន្ទូល ហើយ​ប្រកាន់​ខ្ជាប់​តាម​អ្នក​នឹង​មាន​ការ​ចម្រើន​ឡើង។ តើ​អ្នក​បាន​ប្រើ​ព្រះ​គម្ពីរ​របស់​អ្នក​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ធ្វើ​ការ​លត់​ដុំ​ខ្លួន​ដែរ​ឬ​ទេ? តើ​អ្នក​បាន​ព្យាយាម​រៀន​សូត្រ​ពី​អ្នក​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ​បាន​យូរ​ជាង​អ្នក​ឬ​ទេ ហើយ​តើ​អ្នក​បាន​ព្យាយាម​ស្វែង​យល់​គោល​លទ្ធិ​ពិបាកៗ ជាជាង​គិត​ថា មាន​តែ «អ្នក​ជំនាញ» ទេ ដែល​អាច​រៀន​គោល​លទ្ធិ​ទាំង​នោះ​បាន? ហើយ​តើ​អ្នក​បាន​អាន និង​ត​យុទ្ធ ហើយ​ជញ្ជឹង​គិត​ព្រះ​បន្ទូល ដើម្បី​ឲ្យ​អ្នក​កាន់​តែ​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ​គ្រីស្ទ និង​មាន​សមត្ថភាព​កាន់​តែ​ច្រើន ដើម្បី​បម្រើ​អ្នក​ដទៃ​ក្នុង​ពួក​ជំនុំ និង​សហគមន៍​របស់​អ្នក​ជាជាង​រៀន​គ្រាន់​តែ​ដើម្បី​ឲ្យ​បាន​ដឹង​បន្ថែម​ឬ? ចូរ​កុំ​ចាំ​ដល់​គេ​និយាយ​ថា អ្នក​គួរ​តែ​បាន​ចម្រើន​ឡើង​បន្ថែម​ទៀត និង​ធ្វើ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ជួយ​រាស្ត្រ​របស់​ព្រះ។ ចូរ​ព្យាយាម​លូត​លាស់។ ដើម្បី​លូត​លាស់ អ្នក​ត្រូវ​ការ​ជំនួយ​របស់​ព្រះ​អង្គ ប៉ុន្តែ​ពេល​ណា​យើង​ស្វែង​រក​ជំនួយ​ពី​ព្រះ​អង្គ ព្រះ​អង្គ​នឹង​ប្រទាន​ពរ​ដល់​ការ​ប្រឹង​ប្រែង​របស់​យើង!
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ហេព្រើរ ៥:៧-៦:៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ២៩-៣០ និង កិច្ចការ ១៥:២២-៤១

ប្រភេទ