នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

តស៊ូក្នុងការអធិស្ឋាន

តស៊ូក្នុងការអធិស្ឋាន

ដោយAmy Boucher Pye

July 22, 2025

លូកា ១៨:១-៨
ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃនោះ តើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី? លូកា ១៨:៧
កាលកូនស្រីរបស់លោក រ៉ូយស្តន់ (ROYSTON) ឈ្មោះ ហាណា (HANNAH) បានចូលសង្គ្រោះបន្ទាន់ ដោយសារមានបញ្ហាហូរឈាមក្នុងខួរក្បាល ដែលបណ្តាលឲ្យសន្លប់បាត់ស្មារតី គាត់និងក្រុមគ្រួសាររបស់គាត់ក៏បានងាកទៅរកព្រះ ដោយការអធិស្ឋានជាញឹកញាប់។ ក្នុងការរង់ចាំព្រះអង្គឆ្លើយតបរយៈពេលជាច្រើនខែ ពួកគេមានការរួបរួមគ្នា និងចូលទៅជិតព្រះអង្គកាន់តែខ្លាំង។ សេចក្តីជំនឿរបស់គ្រួសារមួយនេះ មានភាពរឹងមាំ គឺដូចដែលលោក រ៉ូយស្តុនបានចែកចាយថា ពួកគេមានការប្រកបស្និទ្ធស្នាលជាមួយព្រះអម្ចាស់ លើសពេលណាទាំងអស់។ ក្នុងអំឡុងពេលដ៏លំបាកនោះ ពួកគេបានទទួលកម្លាំងជាថ្មីក្នុងសេចក្តីជំនឿ ដែលមានការតស៊ូក្នុងការអធិស្ឋាន ដូចស្រ្តីមេម៉ាយ ក្នុងបទគម្ពីរលូកា ជំពូក១៨។
លោក រ៉ូយស្តុនបាននឹកចាំ អំពីការបង្រៀនរបស់ព្រះយេស៊ូវអំពីស្ត្រីមេម៉ាយម្នាក់ ដែលមានការតស៊ូក្នុងការស្វែងរកយុត្តិធម៌ ពីចៅក្រម ជារឿងប្រៀបប្រដូចដើម្បីបង្ហាញថា ត្រូវតែអធិស្ឋានជាប់ជានិច្ច ឥតរសាយចិត្តឡើយ (លូកា ១៨:១)។ ស្ត្រីនោះបានទៅរកចៅក្រមម្តងហើយម្តងទៀត ទាល់តែចៅក្រមមានការនឿយណាយខ្លាំង ហើយព្រមកាត់ក្តីឲ្យនាង។ ព្រះយេស៊ូវក៏បានប្រៀបធៀបចៅក្រមដែលមិនខ្វល់អំពីអ្នកដទៃ ជាមួយនឹងព្រះដែលមានសេចក្តីមេត្តា ដោយមានបន្ទូលថា “ចំណែកព្រះវិញ ដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដល់ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃនោះ តើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី?” (ខ.៧)។ 
តាមរយៈរឿងដែលព្រះគ្រីស្ទបានចែកចាយ អំពីការតស៊ូរបស់ស្រ្តីមេម៉ាយក្នុងការអធិស្ឋាន សមាជិកគ្រួសាររបស់លោក រ៉ូយស្តុនក៏បានទទួលការលើកទឹកចិត្ត ឲ្យអធិស្ឋានឲ្យហាណា ដោយទូលសូមព្រះដែលមានយុត្តិធម៌ និងសេចក្តីស្រឡាញ់ ប្រទានការប្រោសឲ្យជា និងជំនួយ។ ពួកគេក៏បានដឹងផងដែរថា ពួកគេបានទទួលការបណ្តាលចិត្តឲ្យចូលទៅជិតព្រះអង្គកាន់តែខ្លាំង។ គាត់ថា “នៅពេលដែលយើងស្វែងរកជំនួយពីព្រះអង្គ ... យើងមានអារម្មណ៍ថា យើងជាអ្នកដែលព្រះអង្គបានដាស់ឲ្យភ្ញាក់ខ្លួន”។ ជាច្រើនខែក្រោយមក ហាណាក៏បានភ្ញាក់ដឹងខ្លួន ហើយកំពុងតែជាសះស្បើយបន្តិចម្តងៗ។ 
ពេលណាយើងចូលទៅជិតព្រះអម្ចាស់ ព្រះអង្គស្តាប់ឮយើងទូលអង្វរ ហើយឆ្លើយតប ដោយព្រះគុណរបស់ព្រះអង្គ។ ព្រះអង្គត្រាស់ហៅយើងឲ្យស្រែករកព្រះអង្គទាំងយប់ថ្ងៃ។—AMY BOUCHER PYE

តើអ្នកអាចប្រែក្លាយទុក្ខលំបាក ទៅជាការអធិស្ឋានដូចម្តេចខ្លះ? តើព្រះអង្គបាន
ឆ្លើយតបការទូលអង្វរ និងការទូលសូមរបស់អ្នកដូចម្តេចខ្លះ? 
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គមិនដូចចៅក្រោម 
ដែលគ្មានក្តីមេត្តា និងគ្មានយុត្តិធម៌នោះទេ តែព្រះអង្គមានសេចក្តីស្រឡាញ់ និងយកព្រះទ័យទុកដាក់ចំពោះទូលបង្គំ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣១-៣២ និង កិច្ចការ ២៣:១៦-៣៥
 

ល្ងាច

កុំ​ភ្លេច​អធិស្ឋាន  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

កុំ​ភ្លេច​អធិស្ឋាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 22, 2025

«លុះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ដោយ​ឡែក​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ដេញ​អារក្ស​នេះ​ពុំ​បាន។ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ដែល​នឹង​ដេញ​អារក្ស​បែប​យ៉ាង​នេះ​បាន នោះ​គឺ​ដោយ​សារ​តែ​អធិស្ឋាន ហើយ​និង​តម​ទេ» (ម៉ាកុស ៩:២៨-២៩)។ 
ក្នុង​បទ​គម្ពីរ​ម៉ាកុស​ជំពូក៦ ព្រះ​យេស៊ូវ​បាន​ចាត់​សិស្ស​ព្រះ​អង្គ​ឲ្យ​ចេញ​ទៅ​ពីរៗ​នាក់ ឲ្យ​ប្រកាស​អំពី​ភាព​ចាំ​បាច់​នៃ​ការ​ផ្លាស់​ប្រែ​ចិត្ត។ ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​ប្រទាន​នូវ​ការ​ណែនាំ​ដ៏​ជាក់​លាក់​ទេ ប៉ុន្តែ​ក៏​បាន​ប្រទាន «ឲ្យ​មាន​អំណាច​លើ​អស់​ទាំង​អារក្ស​អសោច​ផង» (ម៉ាកុស ៦:៧)។ ហេតុ​នេះ​ហើយ ការងារ​របស់​ពួក​គេ​បាន​បំបែក​កំណត់​ត្រា​យ៉ាង​ត្រចះ​ត្រចង់​ដោយ «បណ្ដេញ​អារក្ស​ជា​ច្រើន ហើយ​លាប​ប្រេង​ឲ្យ​មនុស្ស​ជំងឺ​ជា​ច្រើន​បាន​ជា​ដែរ» (ខ.‌១៣)។ 
ផ្អែក​ទៅ​លើ​ជោគ​ជ័យ​ដែល​ពួក​គេ​មាន​ក្នុង​ការងារ ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន​ឲ្យ​ពួក​គេ យើង​មិន​ពិបាក​យល់​អំពី​មូល​ហេតុ​ដែល​ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល និង​ភាន់ភាំង នៅ​ពេល​ដែល​ពួក​គេ​បរាជ័យ​ក្នុង​ការ​ដេញ​អារក្ស​ចេញ​ពី​ក្មេង​ប្រុស​ម្នាក់ ទាល់​តែ​ព្រះ​យេស៊ូវ​យាង​មក​ដល់ ហើយ​ក៏​បាន​ចូល​ទៅ​ស្អាង​ក្មេង​ប្រុស​នោះ​ឡើង​វិញ (ម៉ាកុស ៩:១៤-២៧)។ នៅ​ពេល​ដែល​ពួក​សាវ័ក​ទូល​សួរ​ព្រះ​អង្គ​ថា «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ដេញ​អារក្ស​នេះ​ពុំ​បាន?» ពួក​គេ​ប្រហែល​ជា​រំពឹង​ថា ព្រះ​យេស៊ូវ​នឹង​ប្រទាន​ពួក​គេ​នូវ​ចំណេះ​ដឹង​អាថ៌កំបាំង​មួយ។ ជួន​កាល យើង​ប្រហែល​ជា​ជឿ​ដូច​ពួក​គេ​ផង​ដែរ ដោយ​មាន​ការ​យល់​ច្រឡំ។ ផ្អែក​ទៅ​លើ​ការ​ឆ្លើយ​តប​របស់​ព្រះ​អង្គ យើង​ចាំបាច់​ត្រូវ​មាន​សមត្ថភាព ឬ​ការងារ​ពិសេស។ ប៉ុន្តែ ព្រះ​យេស៊ូវ​មិន​បាន​បង្រៀន​ដូច​នេះ​ទេ។ ព្រះ​អង្គ​គ្រាន់​តែ​បាន​រំឭក​ពួក​សាវ័ក ក៏​ដូច​ជា​យើង​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​បរាជ័យ ដោយ​សារ​អ្នក​រាល់​គ្នា​ភ្លេច​ធ្វើ​នូវ​រឿង​ដ៏​សំខាន់​មួយ គឺ​អ្នក​រាល់​គ្នា​មិន​បាន​អធិស្ឋាន។ 
នៅ​ក្នុង​ពេល​ដែល​ពួក​គេ​ជោគជ័យ ពួក​គេ​ក៏​បាន​ភ្លេច​ខ្លួន។ ពួក​គេ​ភ្លេច​ការ​ពិត​ដែល​ថា ពួក​គេ​អាច​ធ្វើ​អ្វីៗ​បាន គឺ​ដោយ​សារ​តែ​សេចក្តី​មេត្តា និង​ព្រះ​ចេស្ដា​ដ៏​អស្ចារ្យ​របស់​ព្រះ​ប៉ុណ្ណោះ។ កាល​នោះ ពួក​គេ​រួម​ដំណើរ​ជា​មួយ​ព្រះ​យេស៊ូវ​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​ពួក​គេ​បាន​ភ្លេច​រួច​ទៅ​ហើយ។ ពួក​គេ​ត្រូវ​ការ​ការ​ក្រើន​រំឭក។ ជួន​កាល យើង​ក៏​ត្រូវ​ការ​ការ​ក្រើន​រំឭក​ផង​ដែរ។ ការ​យល់​ឃើញ​ថា ព្រះ​ចេស្ដា​មាន​សម្រាប់​ឲ្យ​យើង​ប្រើ​នៅ​ពេល​ណា​ក៏​បាន ហើយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​យើង គឺ​អាក្រក់​លើស​ការ​មិន​ជឿ​ទៅ​ទៀត ព្រោះ​វា​ជា​ការ​ទុក​ចិត្ត​ខ្លួន​ឯង​ជា​ជាង​ទុក​ចិត្ត​ព្រះ។ ផ្ទុយ​ទៅ​វិញ ការ​អធិស្ឋាន​កែ​ប្រែ​បំណង​ចិត្ត​យើង ឲ្យ​ស្រប​នឹង​បំណង​ព្រះ​ទ័យ​ព្រះ។ ការ​អធិស្ឋាន​ជា​ការ​ទទួល​ស្គាល់​ថា ព្រះ​ត្រូវ​ធ្វើ​ការ​អស្ចារ្យ ព្រោះ​យើង​មិន​អាច​ធ្វើ​ការ​អស្ចារ្យ​ដោយ​ខ្លួន​ឯង​បាន​ទេ។ ហើយ​បើ​យើង​មិន​ពឹង​ផ្អែក​លើ​ព្រះ​គុណ​ព្រះ​ទេ យើង​មិន​អាច​ជួយ​កែ​ប្រែ​កាលៈទេសៈ​របស់​នរណា​ម្នាក់ ហើយ​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ដ៏​អស់​កល្ប​បាន​ទេ។ 
មាន​មូល​ហេតុ​ជា​ច្រើន​ដែល​យើង​មិន​អធិស្ឋាន។ យើង​គិត​ថា យើង​មិន​ចាំ​បាច់​ត្រូវ​អធិស្ឋាន ឬ​យើង​មិន​ចង់​អធិស្ឋាន​តែ​ម្តង។ យើង​ទុក​ចិត្ត​លើ​សមត្ថភាព​របស់​យើង​ខ្លាំង​ពេក។ ទាំង​អស់​នេះ​គឺ​សុទ្ធ​តែ​ជា​ការ​សន្និដ្ឋាន​របស់​យើង​ប៉ុណ្ណោះ។ ពេល​ណា​យើង​ព្យាយាម​ធ្វើ​កិច្ចការ​ខាង​វិញ្ញាណ​ដោយ​ខ្លួន​ឯង យើង​ច្រើន​តែ​ទទួល​បរាជ័យ​យ៉ាង​វេទនា។ ដូច​នេះ នៅ​ពេល​ក្រោយ បើ​អ្នក​ជួប​ការ​ល្បួង​ឲ្យ​ចង់​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង ឬ​សន្និដ្ឋាន​ថា ព្រះ​ចេស្ដា​របស់​ព្រះ​នឹង​ជួយ​អ្នក ដូច​កាល​ពី​មុន (ហើយ​ពេល​ក្រោយ​នោះ ទំនង​ជា​ពេល​ថ្ងៃ​នេះ!) ចូរ​ពិចារណា​អំពី​ការ​អ្វី​ដែល​ពួក​សាវ័ក​បាន​ភ្លេច និង​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​រំឭក​ពួក​គេ​គឺ ឲ្យ​អធិស្ឋាន​ដល់​ព្រះ ដែល​ទ្រង់​មាន​គ្រប់​ចេស្ដា និង​បាន​បង្ហាញ​សេចក្តី​មេត្តា ហើយ​សក្ដិសម​នឹង​ទទួល​សិរី​ល្អ​គ្រប់​យ៉ាង។ ពេល​ណា​យើង​អធិស្ឋាន ហើយ​មើល​ព្រះ​អង្គ​ធ្វើ​ការ យើង​នឹង​រក​ឃើញ​ថា ព្រះ​អង្គ​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី (អេភេសូរ ៣:២០)។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាកុស ៩:១៤-២៩
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៣១-៣២ និង កិច្ចការ ១៦:១-២១

ប្រភេទ