នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការនាំផ្លូវមិនដែលវង្វេង

ការនាំផ្លូវមិនដែលវង្វេង

ដោយNancy Gavilanes

July 23, 2025

យ៉ូហាន ១៤:‌១៥-២៦
តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ។ យ៉ូហាន ១៤:២៦
នៅពេលដែលកម្មវិធីទូរស័ព្ទសម្រាប់នាំផ្លូវ បានប្រាប់ សេលប៊ី អ៊ីស្ល័រ (SHELBY EASLER) និងប្អូនប្រុសរបស់គាត់ ឲ្យធ្វើដំណើរតាមផ្លូវកាត់ពីទីក្រុងឡាសវេហ្កាស និងទីក្រុងឡូសអេនជេលេស ដែលនឹងចំណេញពេលធ្វើដំណើរជិត១ម៉ោង ពួកគេក៏បានសម្រេចចិត្តទៅតាមការណែនាំនោះ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងការធ្វើដំណើរតាម “ផ្លូវកាត់នោះ” ពួកគេបានឆ្លងកាត់ផ្លូវដីអស់ជាច្រើនម៉ោង ហើយក៏បានជាប់គាំងដំណើរនៅក្នុងវាលរហោស្ថានម៉ាចូវេ នៅរដ្ឋកាលីហ្វូញ៉ា ក្នុងអំឡុងពេលព្យុះដីហុយ។ ពួកគេអាចធ្វើដំណើរបត់មកក្រោយវិញ តែទីបំផុតពួកគេត្រូវឲ្យគេសណ្ដោងឡាន ព្រោះឡានរបស់ពួកគេបានទទួលរងការខូចខាតពីការធ្វើដំណើរតាមផ្លូវរលាក់ខ្លាំង។ អ្នកបង្កើតកម្មវិធីនាំផ្លូវនេះក៏បានសុំអភ័យទោស ទៅកាន់អ្នកប្រើប្រាស់ជាច្រើន ដែលបានធ្វើដំណើរតាមផ្លូវខុស ដោយសារកម្មវិធីនោះ។ 
យើងចាំបាច់ត្រូវស្គាល់អ្នកនាំផ្លូវរបស់យើងឲ្យបានច្បាស់ មុននឹងយើងពឹងផ្អែកលើការដឹកនាំរបស់ពួកគេ។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ ព្រះទ្រង់បានប្រទានយើងនូវព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹកនាំ និងបង្ហាញទិសដៅ ក្នុងរឿងនៃសេចក្តីជំនឿ។ 
កាលព្រះយេស៊ូវជ្រាបថា ព្រះអង្គនឹងសុគតនៅពេលដ៏ខ្លីខាងមុខ ហើយព្រះអង្គនឹងយាងចេញពីពួកគេ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏បានធានាពួកគេថា ព្រះអង្គនឹងមិនទុកពួកគេចោល ឲ្យនៅកំព្រាឡើយ។ ព្រះអង្គបានជំរុញពួកសាវ័កឲ្យស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះអង្គ ហើយក៏បានមានបន្ទូលសន្យាថា ព្រះអង្គនឹងចាត់ព្រះវិញ្ញាណបរិសុទ្ធ ជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលនឹងគង់នៅជាមួយ និងនៅក្នុងពួកគេជារៀងរហូត (យ៉ូហាន ១៤:១៥-១៧)។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ” (ខ.២៦)។ 
ចូរយើងបន្តដើរតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ក្នុងដំណើរជីវិតរបស់យើងជារៀងរាល់ថ្ងៃ។ យើងដឹងថា ព្រះអង្គនឹងមិនដែលនាំយើងឲ្យវង្វេងឡើយ។—NANCY GAVILANES

តើអ្នកដើរតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ញឹកញាប់ប៉ុណ្ណា? តើធ្វើដូចម្តេចឲ្យអ្នកអាចដើរតាមព្រះអង្គ ឲ្យបានល្អជាងមុន? 
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធដឹកនាំទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣៣-៣៤ និង កិច្ចការ ២៤

 

ល្ងាច

ព្រះ​អង្គ​នឹង​បំពេញ​តម្រូវ​ការ​យើង  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​អង្គ​នឹង​បំពេញ​តម្រូវ​ការ​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 23, 2025

«ពីព្រោះ​យើង​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ឥត​របៀប ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ក៏​មិន​បាន​ទទួល​ទាន​បាយ​របស់​អ្នក​ណា​ទទេ​ដែរ យើង​ខ្ញុំ​បាន​ធ្វើ​ការ​នឿយ​ហត់ ហើយ​ធ្ងន់​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​នឹង​យើង​ខ្ញុំ​ឡើយ» (២ថែស្សាឡូនីច ៣:៧-៨)។ 
ការ​ពឹង​ផ្អែក​លើ​ព្រះ មិន​មែន​ជា​ការ​ទាស់​ប្រឆាំង​នឹង​ការ​ធ្វើ​ការងារ ដើម្បី​ចិញ្ចឹម​ជីវិត​នោះ​ឡើយ។ ជា​ការ​ពិត​ណាស់ ព្រះ​ទ្រង់​ជា​អ្នក​ប្រទាន​ការងារ និង​សមត្ថភាព សម្រាប់​ឲ្យ​យើង​ធ្វើ​ការងារ។ បើ​យើង​មាន​ការ​សង្ស័យ​ចំពោះ​ការ​នេះ យើង​គួរ​តែ​ពិចារណា​អំពី​ការ​ពិត​ដែល​ថា ព្រះ​យេស៊ូវ​ក៏​ធ្វើ​ការងារ​ដែរ។ ទោះ​ព្រះ​អង្គ​បាន​យាង​ចុះពី​ស្ថាន​សួគ៌ ហើយ​អ្វីៗ​ទាំង​អស់​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ​ក៏​ដោយ ក៏​ព្រះ​អង្គ​បាន​ធ្វើ​ការងារ​ជា​ជាង​ឈើ​អស់​ជា​ច្រើន​ឆ្នាំ ដោយ​បញ្ជាក់​អំពី​គំរូ ដែល​ព្រះ​បាន​ប្រទាន​មនុស្ស​ជាតិ ក្នុង​សម័យ​ដែល​ព្រះ​អង្គ​បង្កើត​របស់​សព្វ​សារពើ (លោកុប្បត្ដិ ២:‌១៥)។ 
ស្រដៀង​គ្នា​នេះ​ដែរ ពួក​សាវ័ក​បាន​រស់​នៅ​ដោយ​ជំនឿ ហើយ​បាន​ដេញ​តាម​ការ​លូត​លាស់​នៃ​ពួក​ជំនុំ​អស់​ពី​ចិត្ត បាន​ធ្វើ​ការងារ​ដោយ​ចិត្ត​ឧស្សាហ៍ «ទាំង​យប់​ថ្ងៃ»។ ពួក​គេ​មិន​បណ្តោយ​ខ្លួន​ឯង​ឲ្យ​ខ្ជិល​ច្រអូស ឬ​បរិភោគ​អាហារ​របស់​អ្នក​ដទៃ ដោយ​មិន​បង់​ប្រាក់​នោះ​ទេ។ ក្នុង​នាម​​ពួក​គេ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ ពួក​គេ​មាន​សិទ្ធិ​សុំ​ការ​ផ្គត់ផ្គង់​ពី​ពួក​ជំនុំ (១ធីម៉ូថេ ៥:១៧-១៨) ទោះ​ជា​​យ៉ាងណា​ក៏​ដោយ ពួក​គេ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្គត់​ផ្គង់​ខ្លួន​ឯង ហើយ​ក៏​បាន​ធ្វើ​ជំនួញ​ដែល​ពួក​គេ​ចេះ «ធ្វើ​ជា​គំរូ​សម្រាប់​ឲ្យ​គេ​ត្រាប់​តាម» (២ថែស្សាឡូនិច ៣:៩)។ នៅ​ក្នុង​ពេល​ធ្វើ​ការងារ យើង​ត្រូវ​ទទួល​ស្គាល់​ថា យើង​អាច​បំពាន​ការងារ យ៉ាង​ហោច​ណាស់ តាម​របៀប​ពីរ​យ៉ាង គឺ​តាម​រយៈ​ភាព​ខ្ជិល​ច្រអូស ឬ​ការ​ខិតខំ​ធ្វើ​ការ​ជ្រុល​ពេក។ ហេតុ​នេះ​ហើយ បទ​គម្ពីរ​សុភាសិត​បាន​ដាស់​តឿន​យើង​ថា «មនុស្ស​ខ្ជិល​ច្រអូស​មិន​ព្រម​ភ្ជួរ​រាស់ ដោយ​ព្រោះ​នៅ​រងា​នៅ​ឡើយ ដូច្នេះ គេ​នឹង​ត្រូវ​សុំ​ទាន​ក្នុង​រដូវ​ចម្រូត​ហើយ​ខ្វះខាត​វិញ» (សុភាសិត ២០:៤)។ សាវ័ក ប៉ុល ក៏​បាន​បង្រៀន​ផង​ដែរ​ថា យើង​មិន​ត្រូវ​ខ្ជិល​ទេ។ ប៉ុន្តែ យើង​ត្រូវ​មាន​ចំណាប់​អារម្មណ៍​ដូច​គ្នា ចំពោះ​បទ​គម្ពីរ​សុភាសិត​ដែល​បាន​ចែង​ថា «ការ​ដែល​ឯង​ក្រោក​ឡើង​មុន​កំណត់ ហើយ​ក្រ​ចូល​ដេក​ពេល​យប់ ព្រម​ទាំង​បរិភោគ​ដោយ​ធ្វើ​ការ​នឿយ​ហត់​ផង នោះ​ជា​ការ​ឥត​ប្រយោជន៍​ទៀត» (ទំនុក​តម្កើង ១២៧:២)។ ជា​ការ​ពិត​ណាស់ យើង​ត្រូវ​ធ្វើ​ការ​ដោយ​ផ្ទាល់​ដៃ។ ប៉ុន្តែ បើ​យើង​មិន​ធ្វើ​ការ ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​ទេ ការ​ហត់​នឿយ ដោយ​ការ​ស្ទុះស្ទា នឹង​ក្លាយ​ជា​ការ​ឥត​ប្រយោជន៍​មិន​ខាន។ 
យើង​អាច​ដឹង​ច្បាស់​បំផុត​ថា ការ​ប្រឹង​ប្រែង​របស់​យើង​គឺជា​ការ​ឥត​ប្រយោជន៍ នៅ​ពេលណា​យើង​មិន​អើពើ​ចំពោះ​គោល​ការណ៍​នៃ​ថ្ងៃ​សម្ប័ទ ឬ​ថ្ងៃ​បុណ្យ​ឈប់​សម្រាក។ ការ​បំពាន​ក្រឹត្យ​វិន័យ​ដែល​បង្គាប់​ឲ្យ​សម្រាក១ថ្ងៃ ក្នុង​មួយ​សប្ដាហ៍ (ចោទិយកថា ៥:១២-១៥) គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​មិន​ជឿ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ហើយ​មិន​ទុក​ចិត្ត​លើ​ការ​ផ្គត់ផ្គង់​របស់​ព្រះ​អង្គ។ ហេតុ​អ្វី​យើង​គិត​ថា យើង​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​រាល់​ថ្ងៃ​គ្មាន​ថ្ងៃ​សម្រាក? ចម្លើយ​នោះ​គឺ ដោយ​សារ​យើង​ពិបាក​ទុក​ចិត្ត​ថា ព្រះ​នឹង​បំពេញ​តម្រូវ​ការ​យើង។ យើង​មិន​ត្រូវ​ស្វែង​រក​សន្តិ​សុខ​ផ្នែក​ហិរញ្ញ​វត្ថុ នៅ​ក្នុង​ការងារ​របស់​យើង​ទេ តែ​នៅ​ក្នុង​ព្រះ​ដែល​បាន​ប្រទាន​ការងារ និង​របៀប​ធ្វើ​ការងារ​នោះ។ 
ក្នុង​វប្បធម៌​សម្ភារៈ​និយម​ក្នុង​ជំនាន់​របស់​យើង យើង​ពិបាក​ធ្វើ​ការ​ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​ស្កប់​ស្កល់​ចំពោះ​អ្វីៗ​ដែល​ព្រះ​ប្រទាន។ ចូរ​ចំណាយ​ពេល​ពិចារណា​អំពី​ការងារ​របស់​អ្នក​ទោះ​នៅ​ផ្ទះ នៅ​ទីវាល ក្នុង​រោង​ចក្រ ឬ​នៅ​ការិយាល័យ​ក្តី។ តើ​អ្នក​បាន​ជួប​ការ​ល្បួង​ទៅ​រក​ភាព​ខ្ជិល​ច្រអូស​យ៉ាង​ដូច​ម្ដេច​ខ្លះ? ហើយ​តើ​អ្នក​មាន​ទំនោរ​ទៅ​រក​ការ​ញៀន​ការងារ​ជ្រុល​យ៉ាង​ដូច​ម្ដេច​ខ្លះ? តើ​អ្នក​នឹង​ខិតខំ​ធ្វើ​ការងារ ហើយ​ទុក​ចិត្ត​ព្រះ​យ៉ាង​ដូច​ម្ដេច​ខ្លះ? ក្នុង​លោកីយ៍​ដែល​ជាប់​អន្ទាក់​នៃ​សម្ភារៈ​និយម ការ​ស្កប់​ចិត្ត​របស់​អ្នក នៅ​ក្នុង​ការងារ និង​ក្នុង​ការ​ផ្គត់ផ្គង់​របស់​ព្រះ​នឹង​បាន​ធ្វើ​ជាទី​បន្ទាល់​ដ៏​មាន​អំណាច ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ស្កប់​ស្កល់​ពិត​ប្រាកដ។
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ចោទិយកថា ៥:១-៣, ១២-១៥
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៣៣-៣៤ និង កិច្ចការ ១៦:២២-៤០

ប្រភេទ