នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ចំកន្លែង និងចំពេល

ចំកន្លែង និងចំពេល

ដោយBren thackett

July 24, 2025

នាងអេសធើរ ៤:១០-១៦
ប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង? នាងអេសធើរ ៤:១៤
នៅពេលដែលសន្និសិតសម្រាប់គិលានុបដ្ឋាយិកា កំពុងប្រព្រឹត្តទៅនៅក្នុងសណ្ឋាគារមួយ ស្រាប់តែមានភ្ញៀវរបស់សណ្ឋាគារម្នាក់បានគាំងបេះដូង នៅកន្លែងទទួលភ្ញៀវ។ ភ្លាមៗនោះ មានគ្រូពេទ្យប្រហែល២០នាក់ បានប្រញាប់មកជួយសង្គ្រោះគាត់ ធ្វើឲ្យគាត់មានជីវិតរស់នៅបន្តទៀត។ ភ្ញៀវម្នាក់នោះមានការដឹងគុណយ៉ាងខ្លាំង ចំពោះគិលានុបដ្ឋាយិកាទាំងអស់ដែលបានមកសង្គ្រោះជីវិតគាត់ទាន់ពេលវេលា។
ព្រះអម្ចាស់ក៏បានដាក់ព្រះនាងអេសធើ ចំពេល និងចំទីកន្លែងផងដែរ។ ព្រះនាងត្រូវបានស្តេចជ្រើសរើសធ្វើជាមហេសីរបស់ស្តេច បន្ទាប់ពីស្តេចបានសព្វព្រះទ័យនឹងព្រះនាង (នាងអេសធើរ ២:១៧)។ តែគេបានឲ្យស្តេចចេញព្រះរាជក្រឹត្យមួយ ដែលគំរាមកំហែងជីវិតប្រជាជនយូដា ជាសាសន៍របស់ព្រះនាង ដូចនេះ លោក ម៉ាដេកាយ ជាបងជីដូនមួយរបស់នាង ក៏បានលើកទឹកចិត្តនាងឲ្យប្រើមុខតំណែងជាមហេសី ដើម្បីឡើងតវ៉ាចំពោះស្តេច ដើម្បីសង្គ្រោះពួកគេឲ្យរួចផុតពីសេចក្តីស្លាប់។ គាត់ក៏បានទូលព្រះនាងថា “ប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង?”  (៤:១៤)។ ការសម្រេចចិត្តរបស់ព្រះនាង ក្នុងការប្រថុយជីវិត ទៅចូលគាត់ស្តេច (ខ.១៦) ក៏បានបើកបង្ហាញឲ្យស្តេចជ្រាបអំពីផែនការអាក្រក់របស់សត្រូវនៃជនជាតិព្រះនាង ហើយក៏បានជួយសង្គ្រោះជនជាតិយូដាឲ្យរួចពីសេចក្តីស្លាប់ (ជំពូក៨)។ គេជឿថា ព្រះនាងអេសធើរបានឈ្វេងយល់ថា ព្រះទ្រង់បានដាក់ព្រះនាង ក្នុងមុខតំណែងនេះ ចំពេលដែលត្រូវសង្គ្រោះរាស្រ្តរបស់ទ្រង់។ 
ជួនកាល យើងប្រហែលជាឆ្ងល់ថា ហេតុអ្វីយើងជួបបញ្ហា ឬកាលៈទេសៈរបស់យើងមានការប្រែប្រួល។ យើងប្រហែលជាមានអារម្មណ៍នឿយណាយ ហើយព្យាយាមធ្វើឲ្យអ្វីៗត្រឡប់មកធម្មតាវិញ។ ព្រះទ្រង់អាចដាក់យើងក្នុងស្ថានភាពបច្ចុប្បន្ន ដើម្បីសម្រេចគោលបំណងជាក់លាក់ណាមួយ។ នៅថ្ងៃនេះ ខណៈពេលដែលយើងជួបការរាំងស្ទះ ឬការផ្លាស់ប្តូរអ្វីមួយ ចូរយើងទូលសូមព្រះអង្គបង្ហាញឲ្យយើងដឹងថា យើងត្រូវធ្វើអ្វីខ្លះ តាមផែនការដ៏ឥតខ្ចោះរបស់ព្រះអង្គ។—BRENT HACKETT

តើអ្នកបានជួបការរាំងស្ទះអ្វីខ្លះ ក្នុងពេលថ្មីៗនេះ? 
តើព្រះអង្គប្រហែលជាកំពុងប្រទានឱកាស ឲ្យអ្នកធ្វើអ្វី តាមរយៈបញ្ហានោះ? 
ឱព្រះវរបិតា ពេលណាទូលបង្គំមានអារម្មណ៍នឿយណាយ ដោយសារកាលៈទេសៈមានការប្រែប្រួល 
សូមព្រះអង្គជួយទូលបង្គំឲ្យយល់ផែនការធំរបស់ព្រះអង្គ និងយល់ថា ព្រះអង្គកំពុងធ្វើអ្វីមួយនៅក្នុង និងតាមរយៈទូលបង្គំ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣៥-៣៦ និង កិច្ចការ ២៥
 

ល្ងាច

កំហឹង​ដែល​មិន​សុចរិត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

កំហឹង​ដែល​មិន​សុចរិត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 24, 2025

«កាល​ចៅហ្វាយ​គាត់​បានឮ​ពាក្យ​ដែល​ប្រពន្ធ​ប្រាប់​ថា បាវ​លោក បាន​ប្រព្រឹត្ត​នឹង​នាង​ដូច្នោះ នោះ​លោក មាន​ចិត្ត​ឆួល​ក្តៅ​ឡើង ហើយ​ក៏​យក​គាត់​ទៅ​ដាក់​គុក នៅ​កន្លែង​ដែល​សម្រាប់​ឃុំ​ពួក​អ្នក​ទោស​របស់​ស្តេច គាត់​ក៏​ជាប់​នៅ​ក្នុង​គុក​នោះ» (លោកុប្បត្ដិ ៣៩:១៩-២០)។ 
លោក ប៉ូទីផារ ពូកែ​មើល​មនុស្ស។ ក្នុង​នាម​គាត់​ជា​មន្ត្រី​របស់​ស្ដេច ផារ៉ោន និង​ជា​មេកង​ការពារ​ស្ដេច គាត់​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្រោម​បង្គាប់​របស់​គាត់។ បទ​ពិសោធន៍​របស់​គាត់​ជួយ​ឲ្យ​គាត់​អាច​មើល​ដឹង​ថា យ៉ូសែប​មាន​ចំណុច​ពិសេស។ 
យ៉ូសែប​ខុស​ពី​អ្នក​បម្រើ​ដទៃ​ទៀត។ គាត់​ជា​អ្នក​បម្រើ​ល្អ​បំផុត។ កិច្ចការ​ទាំង​អស់​របស់​លោក ប៉ូទីផារ បាន​ចម្រើន​ឡើង នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​យ៉ូសែប ហើយ​លោក ប៉ូទីផារ ក៏​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ យ៉ូសែប មើល​ការ​ខុស​ត្រូវ​លើក​លែង​តែ​ប្រពន្ធ​របស់​គាត់​ប៉ុណ្ណោះ។
ដូច​នេះ យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ទេ នៅ​ពេល​ដែល​លោក ប៉ូទីផារ មាន​ប្រតិកម្ម ដោយ​កំហឹង នៅ​ពេល​ដែល​ប្រពន្ធ​គាត់​ចោទ​ប្រកាន់ យ៉ូសែប ថា បាន​ព្យាយាម​ចាប់​រំលោភ​នាង។ ប្ដី​ណា​ក៏​ដោយ​ដែល​ស្រឡាញ់​ប្រពន្ធ​ក៏​មាន​ប្រតិកម្ម​យ៉ាង​ដូច​នេះ​ដែរ។ ការ​ការពារ​ប្រភេទ​នេះ​មាន​ភាព​ត្រឹម​ត្រូវ ហើយ​យើង​គួរ​តែ​រំពឹង​ថា លោក ប៉ូទីផារ នឹង​ការពារ​ប្រពន្ធ​គាត់។ 
កំហុស​របស់​លោក ប៉ូទីផារ មិន​ស្ថិត​នៅ​ក្នុង​ការ​មាន​ប្រតិ​កម្ម​ពី​ដំបូង​នោះ​ទេ តែ​គាត់​ខុស ដោយ​សារ​គាត់​កាត់​ទោស យ៉ូសែប លឿន​ពេក។ ព្រះ​គម្ពីរ​មិន​បាន​ចែងថា លោក ប៉ូទីផារ​បាន​ចំណាយ​ពេល​គិត​ពិចារណា​ចំពោះ​អ្វី​ដែល​គាត់​បានឮ​នោះ​ទេ ដោយ​យល់​ដល់​ភាព​ស្មោះ​ត្រង់​ដែល យ៉ូសែប ធ្លាប់​មាន​ក្នុង​ការងារ​តាំង​ពី​ដើម​មក។ ផ្ទុយ​ទៅ​វិញ លោក ប៉ូទីផារ​បាន​បណ្តោយ​ឲ្យ​កំហឹង​គាត់​នាំ​មុខ​ការ​វិនិច្ឆ័យ​របស់​គាត់។ កំហឹង​បាន​ធ្វើ​ឲ្យ​គាត់​មើល​មិន​ឃើញ​សេចក្តី​ពិត និង​ហេតុផល។
លោក ប៉ូទីផារ​ក៏​បាន​បណ្តោយ​ឲ្យ​ខ្លួន​គាត់ ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ប្រពន្ធ​គាត់​យ៉ាង​ហួស​ហេតុ។ ជា​ការ​ពិត​ណាស់ យើង​ម្នាក់ៗ​សុទ្ធ​តែ​ងាយ​នឹង​ទទួល​ការ​អូស​ទាញ ពី​មនុស្ស​ជិត​ស្និទ្ធ​ជា​ញឹក​ញាប់។ ប៉ុន្តែ យើង​ម្នាក់ៗ​មិន​ត្រូវ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​នរណា​ម្នាក់​យ៉ាង​ហួសហេតុ​នោះ​ទេ លើក​លែង​តែ​ព្រះ​ប៉ុណ្ណោះ។ ពេល​ណា​យើង​បណ្តោយ​ឲ្យ​ខ្លួន​យើង​ស្ថិត​ក្រោម​ការ​អូស​ទាញ​យ៉ាង​ដូច​នេះ ជា​ពិសេស​ក្នុង​ការ​សម្រេច​ចិត្ត គឺ​មាន​ន័យ​ថា យើង​មិន​គ្រាន់​តែ​ដាក់​ខ្លួន​ឯង តែ​ក៏​ដាក់​អ្នក​ដទៃ​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​តែ​ស្វែង​រក​សុវត្ថិភាព និង​ជ័យ​ជម្នះ ក្នុង​ការ​ប្រឹក្សា​យោបល់ (សុភាសិត ១១:១៤ ២៤:៦) ដែល​នឹង​ចង្អុល​បង្ហាញ​យើង​ទៅ​រក​ប្រាជ្ញា​នៃ​ព្រះ​បន្ទូល​ព្រះ​ក្នុង​គ្រប់​កាលៈទេសៈ។ កាល​ណា​យើង​មាន​បញ្ហា​កាន់​តែ​ធំ​ប៉ុណ្ណា ហើយ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​សំខាន់​ប៉ុណ្ណា នោះ​យើង​ក៏​ត្រូវ​ស្វែង​រក​ការ​ប្រឹក្សា​យោបល់​កាន់​តែ​ច្រើន ហើយ​ត្រូវ​ចំណាយ​ពេល​កាន់​ច្រើន ក្នុង​ការ​លត់​ជង្គង់​អធិស្ឋាន​ប៉ុណ្ណោះ​ដែរ។ 
លោក ប៉ូទីផារ​បាន​បណ្តោយ​ខ្លួន​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត កាល​គាត់​កំពុង​មាន​កំហឹង ហើយ​ការ​សម្រេច​ចិត្ត​របស់​គាត់​មាន​ភាព​អយុត្តិធម៌។ កំហឹង​ដែល​គ្មាន​ការ​គ្រប់​គ្រង​ធ្វើ​ឲ្យ​ខ្វាក់​គំនិត។ ពេល​ណា​មាន​ការ​បញ្ឆេះ​កំហឹង ការ​បណ្តោយ​ឲ្យ​កំហឹង​ឆេះ​ឡើង មាន​ភាព​ងាយ​ស្រួល​ជាង​ការ​ពន្លត់​កំហឹង។ ប៉ុន្តែ សូម្បីតែ​ក្នុង​កាលៈទេសៈ ដែល​យើង​គួរ​តែ​មាន​កំហឹង​ចំពោះ​ភាព​អយុត្តិធម៌ និង​បាប (ដូច​ដែល​ព្រះ​អម្ចាស់​ឆ្លើយតប​ដោយ​សេចក្តី​ក្រោធ​ចំពោះ​បាប—ម៉ាកុស ១១:១៥-១៨) ក៏​យើង​មិន​អាច​បណ្តោយ​ឲ្យ​កំហឹង​ដឹក​នាំ​អារម្មណ៍ ឬ​ការ​សម្រេច​ចិត្ត​របស់​យើង​បាន​ដែរ។ ចូរ​យើង​ប្រញាប់​ទូល​សូម​ព្រះ​អម្ចាស់​ឲ្យ​បើក​បង្ហាញ​ប្រភព​នៃ​កំហឹង​ដែល​បន្ត​មាន​ក្នុង​ជីវិត​យើង ដើម្បី​ឲ្យ​យើង​អាច​ប្រែ​ចិត្ត​តាម​ដែល​ចាំបាច់ អត់​ទោស​ឲ្យ​តាម​ការ​បង្គាប់ ហើយ​បោះ​ជំហាន​ទៅមុខ​ដោយ​ប្រាជ្ញា និង​ជំនឿ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កាឡាទី ៥:១៦-២៤
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៣៥-៣៦ និង កិច្ចការ ១៧:១-១៥

ប្រភេទ