
ចិត្តដែលផ្ដោតទៅលើព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 26, 2025
«ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ» (យ៉ូហាន ១៥:៥)។
អ្នកថតរូបដែលមិនមែនជាអាជីពច្រើនតែមិនដឹងថា ខ្លួនឯងកំពុងផ្ដោតទៅលើរូបអ្វីទេ។ ពួកគេគិតស្មានថា ខ្លួនកំពុងផ្ដោតទៅលើអ្វីមួយនៅពេលពួកគេថតរូប ប៉ុន្តែមុខមនុស្សនៅក្នុងរូបបែរជាព្រាល ហើយអគារដែលនៅផ្ទៃខាងក្រោយបែរជាច្បាស់ទៅវិញ។ បន្ទាប់មក ពួកគេមើលទៅរូបថតនោះ ហើយនិយាយថា «នេះមិនមែនជារូបដែលខ្ញុំចង់បានទេ»។ តាមពិត រូបថតនោះបានបង្ហាញអំពីទីតាំង និងរបៀបដែលលែនកាមេរ៉ានោះបានបាញ់ទៅរក។
នៅក្នុងដំណើរឡើងចុះៗនៃជីវិត និងនៅចន្លោះពេលរីករាយ និងពេលកើតទុក្ខ របៀបដែលយើងឆ្លើយតបចំពោះកាលៈទេសៈរបស់យើង គឺបានបង្ហាញថា ចិត្ត និងគំនិតរបស់យើងកំពុងតែផ្ដោតទៅលើអ្វីមួយ គឺប្រៀបដូចជាកញ្ចក់ឆ្លុះរបស់កាមេរ៉ាដែលកំពុងផ្ដោតទៅលើជ្រុងមួយណានៃរូបភាពយ៉ាងដូច្នោះដែរ។ ហេតុនេះហើយ បញ្ហាប្រឈមរបស់អ្នកជឿ គឺស្ថិតនៅត្រង់ថា តើយើងកំពុងរស់នៅដោយផ្ដោតទៅលើព្រះអម្ចាស់ដែរឬទេ។
ព្រះយេស៊ូវបានមានបន្ទូលច្បាស់ថា ដើម្បីឲ្យយើងអាចឱបក្រសោបយកការផ្ដោតចិត្តទៅលើព្រះបាន ជាដំបូង យើងចាំបាច់ត្រូវដឹងថា យើងជានរណា នៅពេលដែលយើងគ្មានព្រះអង្គ។ តាមពិត ព្រះយេស៊ូវបានពន្យល់ពួកសាវ័ករបស់ព្រះអង្គថា បើពួកគេមិននៅជាប់ព្រះអង្គទេ នោះពួកគេមិនអាចធ្វើអ្វីកើតទេ។ និយាយរួម «ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំងអស់ក៏ស្ថិតស្ថេរ ដោយសារទ្រង់» (កូឡូស ១:១៧)។ យើងត្រូវការព្រះអង្គទាំងស្រុង មិនមែនត្រូវការព្រះអង្គតែមួយផ្នែកនោះទេ។ បើគ្មានព្រះអង្គទេ គ្មាននរណាម្នាក់អាចដកដង្ហើមបានឡើយ។ តើយើងមានហេតុផលអ្វីដែលត្រូវសរសើរខ្លួនឯងសម្រាប់កិច្ចការដែលព្រះអង្គបានធ្វើតាមរយៈយើង? យើងគ្មានអ្វីទាល់តែសោះ បើសិនជាគ្មានជំនួយពីព្រះអង្គទេនោះ។
នេះជាការគោលការណ៍ដែលមានក្នុងព្រះគម្ពីរទាំងមូល។ កាលព្រះអម្ចាស់បានជ្រើសរើសលោក ម៉ូសេ ឲ្យដឹកនាំរាស្ត្រអ៊ីស្រាអែលចេញពីនឹមត្រួតត្រា និងរបបទាសភាព គាត់បានតាំងចិត្តថា គាត់មិនអាចធ្វើកិច្ចការនេះបានទេ បើសិនជាព្រះអង្គមិនគង់នៅជាមួយគាត់។ គាត់គិតត្រូវ (និក្ខមនំ ៣:១១-១២)។ លោក អេម៉ុស គឺជាអ្នកចាំចំការល្វា និងជាអ្នកគង្វាលចៀម ដូចនេះគាត់គ្មានសមត្ថភាពអ្វី ដើម្បីរួមចំណែកក្នុងការងារដែលព្រះអម្ចាស់បានចាត់តាំងឲ្យគាត់ធ្វើជាហោរានោះទេ (អេម៉ុស ៧:១៤-១៥)។ លោក ដានីយ៉ែលក៏មិនខុសពីពួកគាត់ដែរ។ គាត់មានសមត្ថភាពដ៏អស្ចារ្យក្នុងការកាត់ស្រាយសុបិន ប៉ុន្តែគាត់ថ្វាយការសរសើរគ្រប់យ៉ាងដល់ព្រះ (ដានីយ៉ែល ២:២៦-២៨)។ ពួកគាត់សុទ្ធតែទទួលស្គាល់ថា ខ្លួនត្រូវពឹងផ្អែកទាំងស្រុងទៅលើព្រះ។ តាមពិត គ្មាននរណាម្នាក់ ក្នុងព្រះគម្ពីរដែលអាចសម្រេចកិច្ចការធំឧត្តមដូចនេះ ដោយមិនបានពឹងផ្អែកទាំងស្រុងទៅលើព្រះនោះទេ។ ពួកគេមានសមត្ថភាពធ្វើកិច្ចការ ដែលព្រះអង្គបានត្រាស់ហៅឲ្យពួកគេធ្វើ គឺដោយសារពួកគេមើលទៅព្រះអង្គ មិនមែនមើលទៅសមត្ថភាពនៅក្នុងខ្លួនពួកគេនោះទេ។
ក្នុងនាមយើងជាគ្រីស្ទបរិស័ទ ដែលព្រះបានត្រាស់ហៅឲ្យរស់នៅដោយផ្ដោតទៅលើព្រះអង្គ យើងមិនត្រូវផ្ដោតទៅលើខ្លួនឯង ឬសមត្ថភាពរបស់យើងឡើយ ពុំនោះទេយើងនឹងពិបាកទទួលយកព្រះគុណ និងព្រះចេស្ដារបស់ព្រះក្នុងជីវិតយើង។ នៅក្នុងព្រះគ្រីស្ទ យើងមិនត្រូវអួតអំពីសមត្ថភាព ឬស្វែងរកឱកាសទាក់ទាញការចាប់អារម្មណ៍មកលើខ្លួនយើងនោះទេ។ ផ្ទុយទៅវិញ យើងគួរតែមានចិត្តដែលគ្រាន់តែចង់បម្រើព្រះដ៏រស់ និងចង់មានប្រយោជន៍ក្នុងការងារបម្រើព្រះអង្គ ខណៈពេលដែលព្រះអង្គធ្វើការក្នុងយើង ស្របតាមគោលបំណងដ៏ល្អរបស់ព្រះអង្គ ហើយឲ្យគេងាកចេញពីយើង ហើយបែរមកផ្ដោតទៅលើព្រះអង្គវិញ ក្នុងគ្រប់កិច្ចការដែលយើងធ្វើ និងនិយាយ។
តើនៅថ្ងៃនេះ ចិត្តរបស់អ្នកផ្ដោតទៅលើអ្វី? នៅពេលណាភាពជោគជ័យ ឬការសរសើរកើតមានចំពោះអ្នក តើអ្នកនឹងចង្អុលបង្ហាញគេឲ្យងាកទៅរកនរណា?
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ១៧:៧-១៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៤០-៤២ និង កិច្ចការ ១៨