
ព្រះជាកន្លែងជ្រកកោនដ៏សុខសាន្ត
ដោយJennifer Benson Schuldt
July 26, 2025
សុភាសិត ១៨:១០-១១
ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។ សុភាសិត ១៨:១០
បន្ទាប់ពីខ្ញុំបានបើកបរឡានដឹកគ្រួសារខ្ញុំ បាន១៥ម៉ោងហើយ យើងក៏បានទទួលដំណឹងនៅពេលយប់ជ្រៅថា ព្យុះខ្យល់កួចនឹងបក់បោកមក ក្នុងពេលឆាប់ៗខាងមុខ។ គេបានដាស់តឿនប្រជាជន ឲ្យស្វែងរកកន្លែងជ្រកជាបន្ទាន់។ ភ្លាមៗនោះ យើងក៏បានឃើញផ្លេកបន្ទោរនៅលើមេឃ ហើយខ្យល់បានបក់មកចំកញ្ចក់ឡានរបស់យើង ហាក់ដូចជាតាមការគ្រោងទុក។ យើងក៏បានបើកឡានយ៉ាងលឿនតាមផ្លូវល្បឿនលឿន ហើយក៏បានចតឡាននៅក្បែរអគារសណ្ឋាគារមួយធ្វើពីបេតុង។ យើងអរព្រះគុណព្រះដែលយើងអាចរកបានកន្លែងជ្រក។
បញ្ហាដែលយើងជួបប្រទះ ក៏បានក្រើនរំឭកយើងផងដែរថា យើងត្រូវការកន្លែងមានសុវត្ថិភាពសម្រាប់ជ្រកកោន។ បទគម្ពីរសុភាសិត ១៨:១០ បានចែងថា “ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ”។ អ្នកជំនាញទេវសាស្ត្របានកាត់ស្រាយថា ឃ្លា “ព្រះនាមព្រះយេស៊ូវ” គឺសំដៅទៅលើអត្តសញ្ញាណទាំងមូលរបស់ព្រះ។ លក្ខណៈសម្បត្តិទាំងអស់របស់ព្រះអង្គ ផ្តល់ឲ្យយើងនូវសុវត្ថិភាព ខណៈពេលដែលយើងជ្រកកោនក្នុងព្រះអង្គ។ ដោយសារព្រះអង្គសប្បុរស ព្រះអង្គស្វាគមន៍យើង។ ដោយសារព្រះអង្គល្អ ព្រះអង្គស្តាប់យើង។ ដោយសារព្រះអង្គជាសេចក្តីស្រឡាញ់ ព្រះអង្គអាណិតយើង។
ប៉ុន្តែ ព្រះទ្រង់មិនមែនជាផ្លូវផ្សេងមួយទៀត សម្រាប់ដោះស្រាយបញ្ហានោះទេ។ ព្រះអង្គលើសពីដំណោះស្រាយដ៏ឆាប់រហ័ស និងលើសពីការបង្វែរអារម្មណ៍ចេញពីទុក្ខលំបាក។ ការជ្រកកោនក្នុងព្រះអង្គ គឺមានន័យថា យើងជ្រើសរើសយកជំនួយរបស់ព្រះអង្គ ជាជាងជ្រើសរើសអ្វីផ្សេង។ យើងអាចរត់ទៅរកព្រះអង្គ ដោយការអធិស្ឋាន ជញ្ជឹងគិតព្រះបន្ទូល ឬចុះចូលនឹងព្រះវិញ្ញាណបរិសុទ្ធ នៅពេលមានភាពតានតឹង និងថប់បារម្ភ។ ការមានទម្លាប់ធ្វើដូចនេះជាច្រើនឆ្នាំ នឹងបណ្តាលចិត្តយើងឲ្យពឹងផ្អែកអស់មួយជីវិតទៅលើព្រះ ដែលជាជម្រកពិតប្រាកដរបស់យើង។—JENNIFER BENSON SCHULDT
ហេតុអ្វីអ្នកជ្រើសរើសយកការពឹងផ្អែកលើជំនួយរបស់ព្រះ? តើលក្ខណៈសម្បត្តិមួយណា
របស់ព្រះអង្គ ដែលកម្សាន្តចិត្តអ្នកខ្លាំងជាងគេ ខណៈពេលដែលអ្នកប្រឈមមុខដាក់ខ្យល់ព្យុះនៃជីវិត?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើជាកន្លែងជ្រកកោនដ៏សុខសាន្ត
សម្រាប់ទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំឲ្យងាកទៅរកព្រះអង្គ ក្នុងទុក្ខលំបាកទាំងអស់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤០-៤២ និង កិច្ចការ ២៧:១-២៦