នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ចូរ​ពិចារណា​អំពី​ព្រះអង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ចូរ​ពិចារណា​អំពី​ព្រះអង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 27, 2025

«ដូច្នេះ ចូរ​ពិចារណា​មើល​ទ្រង់ ដែល​ទ្រង់​បាន​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​មាន​បាប ដែល​ធ្វើ​ទទឹងទទែង​នឹង​ទ្រង់​ជា​ខ្លាំង​ម៉្លេះ ក្រែងលោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយហត់ ហើយ​រសាយ​ចិត្ត​ចេញ» (ហេព្រើរ ១២:៣)។ 
តើ​អ្នក​ធ្លាប់​ជួប​ការ​ល្បួង​ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​បោះបង់​ចោល​សេចក្តី​ជំនឿ​ដែរ​ឬ​ទេ? ប្រហែល​ក្នុង​អំឡុង​សប្ដាហ៍​ដ៏​ពិបាក អ្នក​បាន​ពិចារណា​អំពី​កាលៈទេសៈ​របស់​អ្នក ហើយ​គិត​ថា «គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង​គ្មាន​ប្រយោជន៍​អ្វី​ទាល់​តែ​សោះ​ចំពោះ​ខ្ញុំ។ ពេល​នេះ​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​ឈប់​គិត​អំពី​ជំនឿ​លើ​ព្រះ​គ្រីស្ទ​ទៀត​ហើយ ខ្ញុំ​នឹង​រស់​នៅ​ដូច​គេ​ដូច​ឯង​វិញ»។ ក្នុង​ពេល​នោះ យើង​ងាយ​នឹង​មើល​ជុំ​វិញ​ខ្លួន​យើង ឃើញ​មិត្ត​ភក្តិ ក្រុម​គ្រួសារ និង​មិត្ត​រួម​ការងារ​ដែល​មិន​ជឿ​ព្រះ កំពុង​រស់​នៅ​ខុស​ពី​យើង ហើយ​ហាក់​ដូច​ជា​កំពុង​តែ​រស់​នៅ​ក្នុង​ជីវិត​ដ៏​រីករាយ​យ៉ាង​ងាយ​ស្រួល។ ការ​មើល​ទៅ​គេ​ដោយ​ចិត្ត​ច្រណែន បណ្ដាល​ឲ្យ​មាន​ការ​សង្ស័យ និង​ការ​ខក​ចិត្ត​ជ្រាប​ចូល​ក្នុង​ចិត្ត​យើង ហើយ​លួច​យក​ការ​ប្ដេជ្ញា​ចិត្ត ដែល​យើង​មាន នៅ​ក្នុង​ការ​បន្ត​ដំណើរ​តាម​ផ្លូវ​ដែល​ត្រង់ ហើយ​ចង្អៀត។ 
នេះ​ជា​បញ្ហា​ដែល​លោក អេសាភ ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​តម្កើង​បាន​ជួប​ប្រទះ។ គាត់ «ស្ទើរ​តែ​ជំពប់​ដួល» ព្រោះ​គាត់ «មាន​សេចក្តី​ច្រណែន​ចំពោះ​មនុស្ស​អំនួត ដោយ​ឃើញ​សេចក្តី​ចម្រើន​របស់​មនុស្ស​អាក្រក់​នោះ» ដែល «ចេះ​តែ​នៅ​ដោយ​សុខ​ស្រួល» (ទំនុក​តម្កើង ៧៣:២-៣,១២)។ នេះ​ក៏​ជា​បញ្ហា​ដែល​គ្រីស្ទ​បរិស័ទ​ជួប​ប្រទះ ដូច​ដែល​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ចែង​ថា «ដ្បិត​អ្នក​រាល់​គ្នា​មិន​ទាន់​តយុទ្ធ​នឹង​អំពើ​បាប ដល់​ទៅ​ហូរ​ឈាម​នៅឡើយ​ទេ» (ហេព្រើរ ១២:៤) ប៉ុន្តែ យើង​អាច​ដឹង​ច្បាស់​ថា ការ​តយុទ្ធ​នឹង​បាប នៅ​ខាង​ក្នុង​ចិត្ត និង​ការ​ស៊ូ​ទ្រាំ​នឹង​ការ​បៀតបៀន​ពី​ខាង​ក្រៅ បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ហត់នឿយ​យ៉ាង​ខ្លាំង។
តើ​ពួក​គេ​ត្រូវ​ធ្វើ​ដូច​ម្ដេច? គឺ​ត្រូវ​សញ្ជឹង​គិត​អំពី​ព្រះ​យេស៊ូវ។ ព្រះ​គម្ពីរ​បាន​ផ្តល់​ឲ្យ​នូវ​​ដំណោះ​ស្រាយ សម្រាប់​អ្នក​ដែល​បាក់​ទឹក​ចិត្ត និង​ហត់នឿយ នោះ​គឺ​ត្រូវ​ឲ្យ​ពួក​គេ​ផ្ចង់​ចិត្ត​មើល​ទៅ​ព្រះ​អង្គ ដែល​បាន​រង​ទ្រាំ​ការ​ទាស់​ប្រឆាំង ដោយ​បាន​រង​ទុក្ខ​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ទទួល​បាន​ក្តី​អំណរ​ដែល​នៅ​ចំពោះ​ព្រះ​អង្គ (ហេព្រើរ ១២:២)។ 
ពេល​ខ្លះ​ក្នុង​ជីវិត​របស់​យើង យើង​រាល់​គ្នា​សុទ្ធតែ​ប្រឈម​មុខ​ដាក់​ទុក្ខ​លំបាក​ដ៏​អយុត្តិធម៌ ដោយសារ​ពាក្យ​សម្ដី ទង្វើ ឬ​កាលៈទេសៈ​ផ្សេងៗ ហើយ​យើង​អាច​ទទួល​ស្គាល់​ថា យើង​មិន​ចង់​ទទួល​រង​ការ​ឈឺ​ចាប់ ដ៏​អយុត្តិធម៌​នោះ​ឡើយ។ យើង​រាល់​គ្នា​នឹង​ប្រឈម​មុខ​ដាក់​ការ​ពិត​ដែល​ថា យើង​មិន​ទាន់​បាន​ឈ្នះ​បាប ដែល​យើង​បាន​តយុទ្ធ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ទេ។ ថ្ងៃ​មួយ យើង​នឹង​ជួប​ការ​ល្បួង ដែល​ធ្វើ​ឲ្យ​យើង​ចង់​បោះបង់ និង​ដក​ខ្លួន​ចេញ បាន​ជា​យើង​មិន​ចង់​ចូល​រួម​ការ​រត់​ប្រណាំង​ទៀត​ទេ។ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្ដេច​នៅ​ថ្ងៃ​នោះ? ចូរ​គិត​អំពី​ព្រះ​អង្គ។ ចូរ​គិត​អំពី​របៀប​ដែល​ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​នៅ យ៉ាង​ដូច​ម្ដេច​ខ្លះ ហើយ​មាន​គោល​ដៅ​អ្វី។ ព្រះ​អង្គ​បាន​បើក​ទ្វារ​ឲ្យ​យើង​ចូល​ទៅ​រក​សិរី​ល្អ ហើយ​សព្វ​ថ្ងៃ​នេះ យើង​ដើរ​តាម​ដាន​របស់​ព្រះ​អង្គ។ ចូរ​មើល​ទៅ​ព្រះ​យេស៊ូវ​ដែល​បាន​រត់​ប្រណាំង ហើយ​សព្វ​ថ្ងៃ កំពុង​គង់​នៅ​ខាង​ស្តាំ​បល្ល័ង្ក​របស់​ព្រះ​វរបិតា (ហេព្រើរ ១២:២)។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទោះ​យើង​រត់​ឡើង​ទួល ឬ​បញ្ច្រាស​ខ្យល់​ក៏​ដោយ ចូរ​យើង​គិត​អំពី​ព្រះ​អង្គ ហើយ «ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង​ដោយ​អំណត់» (ខ.‌១)។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ភីលីព ៣:៣ខ-១៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៤៣-៤៥ និង កិច្ចការ ១៩:១-២០

ប្រភេទ