នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ធ្វើ​ជា​អ្នក​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ធ្វើ​ជា​អ្នក​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 28, 2025

«ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ» (យ៉ាកុប ១:២២)។
ក្នុង​នាម​យើង​ជា​អ្នក​ជឿ ជីវិត​យើង​អាច និង​គួរ​តែ​មាន​ចំណុច​សម្គាល់​នៅ​ត្រង់​គំនិត​ដែល​បាន​ហ្វឹកហាត់ និង​ចុះ​ចូល​ចំពោះ​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​ព្រះ ហើយ​យើង​គួរ​តែ​ហ៊ុមព័ទ្ធ​កាលៈទេសៈ​របស់​យើង ដោយ​ការ​អធិស្ឋាន (ភីលីព ៤:៦-៨)។ ប៉ុន្តែ បើ​យើង​ត្រូវ​ស្គាល់ និង​អរ​សប្បាយ​នឹង​ព្រះ​ចេស្ដា​របស់​ព្រះ ដែល​ធ្វើ​ការ​ក្នុង​យើង យើង​ត្រូវ​តែ​ទទួល​យក​អ្វី​ដែល​យើង​បាន​ឮ​ក្នុង​ព្រះ​គម្ពីរ ហើយ​អនុវត្ត​តាម។ យើង​គួរ​តែ​មាន​ចិត្ត​ឧស្សាហ៍ នៅ​ក្នុង​ការ​ផ្ដោត​ចិត្ត​ទៅ​លើ​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ និង​ក្នុង​ការ​ចូល​រួម​ស្តាប់​ការ​អធិប្បាយ​ព្រះ​បន្ទូល​ព្រះ តែ​យើង​មិន​ត្រូវ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នៃ​ការ​គិត​ថា យើង​បាន​ចូល​រួម ការ​ផ្ដោត​អារម្មណ៍ និង​ការ​ស្តាប់​ដោយ​ប្រុង​ប្រយ័ត្ន​គ្រប់​គ្រាន់​ហើយ​ទេ។ យើង​ត្រូវ​តែ​ធ្វើ​ជា​អ្នក​ប្រព្រឹត្ត​តាម គឺ​មិន​គ្រាន់​តែ​អ្នក​ស្តាប់​ប៉ុណ្ណោះ​ឡើយ។ 
ក្នុង​បទ​គម្ពីរ​យ៉ូហាន​ជំពូក១៣ នៅ​ពេល​យប់ មុន​ពេល​ព្រះ​យេស៊ូវ​សុគត និង​បន្ទាប់​ពី​ព្រះ​អង្គ​បាន​បង្រៀន​ពួក​សាវ័ក​មួយ​រយៈ​ពេល ព្រះ​អង្គ​បាន​មាន​បន្ទូល​អំពី​មេរៀន​ទាំង​នោះ​ថា «ការ​ដែល​ខ្ញុំ​ធ្វើ នោះ​អ្នក​មិន​យល់​ក្នុង​ពេល​ឥឡូវ​នេះ​ទេ តែ​ទៅ​មុខ​ទើប​នឹង​បាន​យល់​វិញ» (យ៉ូហាន ១៣:‌១៧)។ បើ​អ្នក​ឆ្ងល់​ថា ហេតុ​អ្វី​អ្នក​មិន​បាន​ដក​ពិសោធន៍​នឹង​ព្រះ​ពរ​ព្រះ គឺ​ប្រហែល​មក​ពី​អ្នក​មិន​បាន​អនុវត្ត​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ។ ព្រះ​អម្ចាស់​បាន​ប្រទាន​សេចក្តី​បង្រៀន​ជា​បរិបូរ ហើយ​ព្រះ​អង្គ​បាន​ប្រទាន​ព្រះ​វិញ្ញាណ ធ្វើ​ជា​ព្រះ​ដ៏​ជា​ជំនួយ​របស់​យើង។ សព្វ​ថ្ងៃ​នេះ យើង​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀបចំ​គំនិត​យើង ឲ្យ​ត្រូវ​នឹង​ព្រះ​បន្ទូល​ព្រះ ហើយ​អនុវត្ត​តាម​អ្វី​ដែល​យើង​បាន​រៀន ទទួល និង​ឮ​ពី​ព្រះ​អង្គ។
គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ដែល​ព្រះ​វិហារ​បាន​ក្លាយ​ជា​បណ្ណាល័យ​ចាស់ៗ ប្រឡាក់​ធូលី​ដី មាន​ពេញ​ទៅ​ដោយ​ជីវិត​មនុស្ស​ជា​ច្រើន ដែល​ប្រៀប​ដូច​ជា​សៀវភៅ​ផ្ទុក​ទៅ​ដោយ​សេចក្តី​ពិត មិន​ដែល​បាន​ប្រើ​ប្រាស់។ ពេល​ដែល​យើង​បាន​ស្គាល់​សេចក្តី​ពិត​កាន់​តែ​ច្រើន យើង​ជួប​ការ​ល្បួង ដែល​នាំ​ឲ្យ​យើង​គ្រាន់​តែ​ចង់​អង្គុយ និង​គិត​អំពី​សេចក្តី​ពិត​ដោយ​មិន​ដែល​អនុវត្ត​តាម។ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​បក​ស្រាយ​ថា ការ​រស់​នៅ​ដូច​នេះ គឺ​ជា​ការ​បោក​បញ្ឆោត​ខ្លួន​ឯង​ទេ។ ទេ! ព្រះ​វិហារ​គួរ​តែ​ធ្វើ​ជា​កន្លែង ដែល​មាន​ការ​អនុវត្ត​តាម​សេចក្តី​ពិត​យ៉ាង​សកម្ម។ អ្នក​ជឿ​ព្រះ​ត្រូវ​មាន​ភាព​រស់​រវើក ដើម្បី​កាល​ណា​យើង​ប្រឈម​មុខ​ដាក់​បញ្ហា​ជា​ច្រើន​ក្នុង​លោកីយ៍ ដែល​យើង​មិន​មាន​ភាព​ស៊ាំ​ជា​មួយ យើង​អាច​ដឹង​ច្បាស់​ថា បញ្ហា​នោះ​គឺ​ជា​អ្វី ហើយ​ឆ្លើយ​តប​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះ​បន្ទូល​ព្រះ​ដែល​យើង​កំពុង​អនុវត្ត​តាម​ក្នុង​ការ​រស់​នៅ។ 
ចូរ​យើង​ប្ដេជ្ញា​ចិត្ត​នៅ​ថ្ងៃ​នេះ​ថា យើង​នឹង​មិន​គ្រាន់​តែ​ធ្វើ​ជា​អ្នក​ស្តាប់​ឮ​ព្រះ​បន្ទូល ហើយ​បញ្ឆោត​ខ្លួន​ឯង ដោយ​គិត​ថា យើង​ជា​គ្រីស្ទ​បរិស័ទ​ដែល​កំពុង​លូត​លាស់ តែ​តាម​ពិត យើង​កំពុងតែ​ក្រៀមក្រោះ​នោះ​ឡើយ។ ចូរ​ប្ដេជ្ញា​ចិត្ត​ថា យើង​នឹង​ធ្វើ​ជា​អ្នក​អនុវត្ត​តាម​ព្រះ​បន្ទូល​ព្រះ​ផង​ដែរ។ ចូរ​ក្រឡេក​មើល​ជីវិត​ខ្លួន​ឯង ដោយ​ចិត្ត​ស្មោះ​ត្រង់ ហើយ​សម្គាល់​មើល​ផ្នែក​ណា​ដែល​អ្នក​បាន​ឮ​អំពី​របៀប​រស់​នៅ​ថ្វាយ​ព្រះ​គ្រីស្ទ ដោយ​មិន​ស្តាប់​បង្គាប់​តាម​ព្រះ​អង្គ។ បើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ កំពុង​មាន​បន្ទូល​មក​កាន់​អ្នក​អំពី​ផ្នែក​នោះ នៅ​ថ្ងៃ​នេះ ចូរ​កុំ​គ្រាន់​តែ​ស្តាប់​ឮ​ប៉ុណ្ណោះ​ឡើយ។ ចូរ​ធ្វើ​ជា​អ្នក​អនុវត្ត​តាម ដ្បិត​ដែល​ធ្វើ​ដូច​នេះ​នឹង​នាំ​ឲ្យ​យើង​ទទួល​ព្រះ​ពរ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ាកុប ១:១៩-២៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៤៦-៤៨ និង កិច្ចការ ១៩:២១-៤១

ប្រភេទ