នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះអង្គចម្រើនកម្លាំងយើង

ព្រះអង្គចម្រើនកម្លាំងយើង

ដោយKaren Huang

July 29, 2025

ទំនុកដំកើង ៥៥:២-៥,១៦-២៣
ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ។ ទំនុកដំកើង ៥៥:២២
ខ្ញុំ និងក្រុមគ្រួសារខ្ញុំបាននាំឪពុករបស់ខ្ញុំត្រឡប់មកពីមន្ទីរពេទ្យវិញ។ គាត់មានជំងឺដែលធ្វើឲ្យរូបកាយចុះខ្សោយជាប់ជានិច្ច ហើយយើងត្រូវសម្របខ្លួននឹងការថែទាំសុខភាពរបស់គាត់២៤ម៉ោង ដោយសារគាត់ស្រាប់តែឈឺធ្ងន់មិនអាចក្រោកចេញពីគ្រែបាន ហើយយើងត្រូវបញ្ច្រកអាហារឲ្យគាត់តាមបំពង់ទុយោ។ ទន្ទឹមនឹងនោះ ខ្ញុំក៏មានគម្រោងនាំម្តាយខ្ញុំទៅទទួលការព្យាបាលជំងឺក្រពះ ហើយក៏ត្រូវដោះស្រាយបញ្ហាជាមួយភ្ញៀវជាច្រើននាក់ នៅកន្លែងធ្វើការទៀត។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានបន្ទុកធ្ងន់ពេក ដូចនេះ ថ្ងៃមួយ ខ្ញុំក៏បានស្វែងរកកន្លែងស្ងាត់ស្ងៀមក្នុងបន្ទប់ទឹកតែម្នាក់ឯង ហើយក៏បានស្រែករកព្រះថា ឱព្រះវរបិតាអើយ សូមព្រះអង្គជួយទូលបង្គំផង។ សូមព្រះអង្គប្រទានកម្លាំង ដើម្បីឲ្យទូលបង្គំអាចឆ្លងកាត់ទុក្ខលំបាក នៅថ្ងៃបន្ទាប់។
ស្តេចដាវីឌក៏ធ្លាប់មានអារម្មណ៍ពិបាកខ្លាំងពេកផងដែរ (ទំនុកដំកើង ៥៥:២-៥)។ ទ្រង់បានទទួលរងការវាយប្រហារពីអាប់សាឡំម ជាបុត្រាទ្រង់ និងត្រូវមិត្តសំឡាញ់ទ្រង់ក្បត់ ហើយមិនអាចបញ្ឈប់អំពើហិង្សាដែលកំពុងផ្ទុះឡើងនៅទីក្រុងយេរូសាឡិម បានជាទ្រង់មានបន្ទូលថា “ទូលបង្គំបានកើតមានសេចក្ដីភ័យខ្លាច ហើយញាប់ញ័រ សេចក្ដីតក់ស្លុតបានបង្គ្របទូលបង្គំហើយ” (ខ.៥)។
ប៉ុន្តែ ស្តេចដាវីឌបានសម្រេចព្រះទ័យទុកចិត្តព្រះ (ខ.២៣)។ ទ្រង់ជឿថា “ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ” (ខ.២២)។ នៅក្នុងការទុកចិត្តព្រះដ៏មានចេស្តាអស់ជាច្រើនឆ្នាំកន្លងមក ស្តេចដាវីឌរៀនសូត្របានថា ទោះបញ្ហាអាចអង្រួនយើងឲ្យបាត់បង់លំនឹងក៏ដោយ ក៏អ្នកដែលទុកចិត្តលើព្រះ នឹងមិនបាត់បង់ ហើយអស់សង្ឃឹមជារៀងរហូតឡើយ។ “ទោះបីគេភ្លាត់ដួល គង់តែមិនត្រូវដួលទាំងស្រុងទេ ដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត” (៣៧:២៤)។ ស្តេចដាវីឌជ្រាបថា ព្រះអម្ចាស់នឹងជួយទ្រង់ ដោយប្រទានកម្លាំង និងប្រាជ្ញា បានជាទ្រង់អាចពោលថា “ចំណែកខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះខ្ញុំ” (៥៥:១៦)។
១៤ឆ្នាំក្រោយមក យើងបានបន្តថែទាំសុខភាពរបស់ឪពុកខ្ញុំនៅផ្ទះ។ បញ្ហាដែលយើងបានឆ្លងកាត់កន្លងមក បានបង្រៀនខ្ញុំថា ពេលណាយើងថ្វាយការព្រួយបារម្ភរបស់យើងដល់ព្រះអង្គ ព្រះអង្គនឹងទ្រទ្រង់យើង (ខ.២២)។ ព្រះអង្គទទួលបន្ទុករបស់យើង ហើយព្រះអង្គក៏ចម្រើនកម្លាំង ឲ្យយើងអាចបន្តដំណើរទៅមុខទៀត។—KAREN HUANG

តើព្រះអង្គបានក្រើនរំឭកអ្នកដូចម្តេចខ្លះ ដើម្បីឲ្យអ្នកចាំថា ព្រះអង្គនឹងមិនបណ្តោយ
ឲ្យអ្នកត្រូវរង្គើឡើយ? តើអ្នកអាចថ្វាយបញ្ហារបស់អ្នកដល់ព្រះអង្គ ដូចម្តេចខ្លះ? 
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការជួយទូលបង្គំឆ្លងកាត់ទុក្ខលំបាក នៅថ្ងៃខាងមុខ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤៩-៥០ និង រ៉ូម ១
 

ល្ងាច

ចូរ​ឲ្យ​ព្រះ​អង្គ​លូក​ដៃ​ក្នុង​រឿង​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ចូរ​ឲ្យ​ព្រះ​អង្គ​លូក​ដៃ​ក្នុង​រឿង​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 29, 2025

«រួច​កាល​ទ្រង់​កំពុង​តែ​យាង​ក្នុង​ព្រះ​វិហារ នោះ​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់ទុំ គេ​មក​ឯ​ទ្រង់ ហើយ​ទូល​សួរ​ថា អ្នក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី តើ​អ្នក​ណា​បាន​បើក​អំណាច​នេះ​ឲ្យ​អ្នក​ធ្វើ?» (ម៉ាកុស ១១:២៧-២៨)។
គ្មាន​នរណា​ម្នាក់ ចង់​ឲ្យ​អ្នក​ដទៃ​ចេះ​ដឹង​រឿង​របស់​ខ្លួន​ឡើយ។ 
នៅ​ពេល​ដែល​នរណា​ម្នាក់​ទទូច​ឲ្យ​យើង​មាន​ការ​ចាប់​អារម្មណ៍ ឬ​ទាមទារ​ឲ្យ​យើង​ស្តាប់​បង្គាប់​តាម​គាត់​ នោះ​សភាវគតិ​របស់​យើង យើង​ច្រើន​តែ​ឆ្លើយ​តប​ដោយ​អវិជ្ជមាន។ ជា​ទូទៅ យើង​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ប្រាប់​យើង​ថា មាន​ការ​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ធ្វើ​យ៉ាង​ហោច​ណាស់ នៅ​ក្នុង​រឿង​ខាង​វិញ្ញាណ។ ជានិច្ច​ជា​កាល យើង​តែង​តែ​ជួប​ការ​ល្បួង​ឲ្យ​ចង់​ជឿ​តាម​លោកីយ៍​ថា អ្នក​ដទៃ​មិន​ត្រូវ​ចេះ​ដឹង​រឿង​ខាង​វិញ្ញាណ​របស់​យើង​ទេ គឺ​រឿង​ផ្ទាល់​ខ្លួន​ដែល​សម្រាប់​ឲ្យ​យើង​ដឹង​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។
ពេល​យើង​អាន​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ យើង​ប្រហែល​ជា​មាន​អារម្មណ៍​មិន​ស្រួល ខណៈ​ពេល​ដែល​យើង​បាន​ដឹង​ច្បាស់​ថា ព្រះ​យេស៊ូវ​បាន​លូក​ដៃ​ក្នុង​រឿង​ជីវិត​របស់​យើង។ ជា​ការ​ពិត​ណាស់ ព្រះ​អង្គ​លូក​ដៃ​ក្នុង​រឿង​របស់​យើង គឺ​ដើម្បី​ប្រយោជន៍​យើង​ទេ។ ក្នុង​សៀវភៅ​ជីវប្រវត្តិ​របស់​លោក ស៊ី អេស លូអ៊ីស (C.S. Lewis) គាត់​បាន​ហៅ​ព្រះ​យេស៊ូវ​ថា «អ្នក​ចេះ​ដឹង​រឿង​គេ ដែល​លើស​ពី​លទ្ធភាព​យើង​អាច​យល់​បាន»។ នៅ​ដើម​ដំបូង​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ គេ​បាន​ទទួល​ស្គាល់​ថា ព្រះ​អង្គ​មាន​បន្ទូល​បង្រៀន​ដោយ​អំណាច (ម៉ាកុស ១:២២, ២៧)។ ព្រះ​អង្គ​មាន​បន្ទូល តាម​របៀប​ដែល​ពួក​គេ​មិន​អាច​ព្រងើយ​កន្តើយ និង​ធ្វើ​មិន​ដឹង​មិន​ឮ ដោយ​ងាយៗ​បាន​ឡើយ។ តែ​ពួក​គេ​អាច​បដិសេធន៍ មិន​ព្រម​ទទួល​ព្រះ​បន្ទូល​ព្រះ​អង្គ។ ការ​បង្រៀន​ដែល​មាន​អំណាច​របស់​ព្រះ​អង្គ បាន​ក្លាយ​ជា​បន្លា​នៅ​ក្នុង​ភ្នែក​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា ហើយ​ពួក​គេ​ក៏​បាន​ចាប់​ផ្ដើម​ប្រឆាំង​ព្រះ​អង្គ ហើយ​មិន​យូរ​ប៉ុន្មាន ពួក​គេ​ក៏​បាន​រៀប​គម្រោង​ធ្វើ​គុត​ព្រះ​អង្គ ដើម្បី​កុំ​ឲ្យ​ព្រះ​អង្គ​ចេះ​ដឹង​រឿង​ខាង​វិញ្ញាណ​របស់​ពួក​គេ​ទៀត (៣:៦)។ 
យើង​មិន​ខុស​ពី​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ​ទេ ជា​ញឹក​ញាប់ យើង​ចង់​មាន​រឿង​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន ស្រប​តាម​បំណង​ចិត្ត និង​របៀប​នៃ​ការ​រស់​នៅ​របស់​យើង គឺ​មិន​ខុសពី​ការ​និយាយ​ថា «នេះ​ជា​អ្វី​ដែល​ខ្ញុំ​ជឿ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ប្រកាន់​ខ្ជាប់​តាម។ យើង​តែង​តែ​ធ្វើ​អញ្ចឹង​តាំង​ពី​ដើម​មក​ហើយ។ នេះ​ជា​ប្រពៃណី​របស់​យើង»។ ព្រះ​យេស៊ូវ​បាន​យាង​មក​ដោយ​ប្រឆាំង​នឹង​ផ្នត់​គំនិត​នេះ ដោយ​កែ​ប្រែ​អ្វីៗ​ក្នុង​លក្ខណៈ​បញ្ច្រាស ហើយ​លុប​បំបាត់​គោល​តម្លៃ​ដែល​មនុស្ស​បាន​បង្កើត។ តាម​ពិត នៅ​ចុង​បញ្ចប់​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ផែនដី ព្រះ​អង្គ​បាន​ប្រកាស​ថា គ្រប់​ទាំង​អំណាច​ត្រូវ​បាន​ប្រគល់​មក​ព្រះ​អង្គ​ហើយ (ម៉ាថាយ ២៨:១៨-១៩)។ ព្រះ​អង្គ​មិន​បាន​ចែក​អំណាច​នោះ​ជា​មួយ​នរណា​ឡើយ។ តាម​ពិត ជីវិត​ខាង​វិញ្ញាណ​របស់​យើង គឺ​ជា​រឿង​របស់​ព្រះ​អង្គ។ យើង​ក្រាប​នៅ​ចំពោះ​អំណាច​របស់​ព្រះ​អង្គ ហើយ​ឱប​ក្រសោប​ព្រះ​អង្គ​ធ្វើ​ជា​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ​ក្នុង​ពេល​បច្ចុប្បន្ន ឬ​ថ្ងៃ​មួយ យើង​នឹង​ក្រាប​នៅ​ចំពោះ​ព្រះ​អង្គ ហើយ​ជួប​ព្រះ​អង្គ​នៅ​ថ្ងៃ​ជំនុំជម្រះ។ 
ការ​បញ្ចូល​ព្រះ​យេស៊ូវ នៅ​ក្នុង​ជ្រុង​តូច​មួយ​នៃ​ជីវិត​យើង​ជា​ការ​ងាយ​ស្រួល ហើយ​មិន​រំខាន​អារម្មណ៍​យើង​ទេ តែ​ការ​អនុញ្ញាត​ឲ្យ​ព្រះ​ចេះ​ដឹង​រឿង​យើង គ្រប់​គ្រង​មក​លើ​ផ្នែក​នីមួយៗ​នៃ​ជីវិត​យើង ហើយ​បង្គាប់​ឲ្យ​យើង​ស្តាប់​តាម​ព្រះ​អង្គ​ទាំង​ស្រុង​មិន​មែន​ជា​ការ​ងាយ​ទេ។ អំណាច​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ​អង្គ គឺ​ជា​បញ្ហា​ដែល​យើង​ត្រូវ​យក​មក​ពិចារណា​ក្នុង​ការ​សម្រេច​ចិត្ត​នីមួយៗ។ ហេតុ​នេះ​ហើយ យើង​ត្រូវ​សួរ​ខ្លួន​ឯង​ជា​និច្ច​ថា តើ​ខ្ញុំ​កំពុង​រស់​នៅ​តាម​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម និង​ច្បាប់​ដែល​ខ្ញុំ​បាន​បង្កើត ឬ​ខ្ញុំ​កំពុង​ព្យាយាម​ចុះ​ចូល​ព្រះ​អង្គ​សង្គ្រោះ​របស់​ខ្ញុំ​ដោយ​អំណរ ជា​រៀង​រាល់​ថ្ងៃ និង​ក្នុង​ការ​គ្រប់​យ៉ាង? ទាល់​តែ​យើង​ក្រាប​នៅ​ចំពោះ​អំណាច​របស់​ព្រះ​យេស៊ូវ​ដោយ​ទទួល​ស្គាល់​ព្រះ​អង្គ​ធ្វើ​ជា​ម្ចាស់​មក​លើ​ពេល​វេលា អំណោយ​ទាន និង​ប្រាក់​កាស​របស់​យើង និយាយ​រួម​គឺ​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​មាន ទើប​យើង​ពិត​ជា​អាច​ចាប់​ផ្តើម​ទទួល​ព្រះ​អង្គ​ជា​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ ហើយ​អរ​សប្បាយ​នឹង​ការ​ស្គាល់​ព្រះ​អង្គ ជា​មិត្ត​សម្លាញ់ និង​ជា​អ្នក​នាំ​ផ្លូវ​យើង។ តើ​អ្នក​កំពុង​តែ​រារាំង​មិន​ឲ្យ​ព្រះ​អង្គ​មក​ក្បែរ​អ្នក តាម​របៀប​ណា​មួយ​ឬ​ទេ? នេះ​ជា​កន្លែង​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​អ្នក​ឲ្យ​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​លូក​ព្រះ​ហស្ត​ចូល​ក្នុង​រឿង​របស់​អ្នក ហើយ​ក៏​ជា​កន្លែង​ដែល​អ្នក​មាន​ឱកាស​ចាត់​ទុក​ព្រះ​អង្គ ជា​ព្រះ​ដែល​មាន​អំណាច​ទាំង​ស្រុង​មក​លើ​ជីវិត​អ្នក។ ព្រះ​អង្គ​នឹង​លូក​ដៃ​ចូល​ក្នុង​រឿង​ជីវិត​អ្នក ប៉ុន្តែ​មាន​តែ​ព្រះ​អង្គ​ទេ​ដែល​មាន​សិទ្ធិ​លូក​ដៃ ហើយ​មាន​តែ​ព្រះ​អង្គ​ទេ​ដែល​អាច​រំដោះ​អ្នក​ឲ្យ​មាន​សេរី​ភាព។
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ដានីយ៉ែល ៧:៩-១៤
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៤៩-៥០ និង កិច្ចការ ២០:១-១៦

ប្រភេទ