នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មិត្តភក្តិនៅពាក់កណ្តាលអាធ្រាត្រ

មិត្តភក្តិនៅពាក់កណ្តាលអាធ្រាត្រ

ដោយSheridan Voysey

July 30, 2025

យ៉ូហាន ១៥:៩-១៧
ខ្ញុំមិនហៅជាអ្នកបំរើទៀត ពីព្រោះអ្នកបំរើគេមិនដឹងជាចៅហ្វាយធ្វើអ្វីទេ គឺខ្ញុំហៅអ្នករាល់គ្នាថាជាសំឡាញ់វិញ។ យ៉ូហាន ១៥:១៥
“តើអ្នកអាចទូរស័ព្ទទៅរកនរណា នៅពាក់កណ្តាលអាធ្រាត្រ ក្នុងពេលដែលអ្នកមានរឿងបន្ទាន់?” សំណួរនេះបានអង្រួនចិត្តខ្ញុំ នៅពេលដែលខ្ញុំបានឮគេសួរខ្ញុំជាលើកដំបូង កាលប៉ុន្មានឆ្នាំមុន។ តើខ្ញុំមានមិត្តភាពណាខ្លះ ដែលមានភាពរឹងមាំល្មម ដែលខ្ញុំអាចពឹងពាក់ពួកគេបាន ក្នុងពេលដែលខ្ញុំត្រូវការជំនួយខ្លាំងបំផុត? ខ្ញុំមិនដឹងច្បាស់ទេ។ 
ព្រះគម្ពីរប៊ីបមានខគម្ពីរជាច្រើនដែលបានចែងអំពីមិត្តភាព ដោយពិពណ៌នាថា មិត្តសំឡាញ់ គឺជាមនុស្សដែលរក្សាការសម្ងាត់ឲ្យយើង (សុភាសិត ១១:១៣ ១៦:២៨) ប្រឹក្សាយោបល់ (២៧:៩) និងមិនបំពានព្រំដែនរបស់យើង (២៥:‌១៧)។ ប៉ុន្តែ គ្មាននរណាបានឆ្លុះបញ្ចាំងអំពីមិត្តភាព បានច្បាស់លាស់ជាងព្រះយេស៊ូវឡើយ។ សម្រាប់អ្នកផ្សាយពាណិជ្ជកម្ម យើងគឺជាទីផ្សារបស់ពួកគេ ហើយសម្រាប់ចៅហ្វាយនាយ យើងគឺជាបុគ្គលិក តែសម្រាប់ព្រះអង្គ ដែលជាម្ចាស់លើគ្រប់ទាំងអស់ យើងគឺជាមិត្តសំឡាញ់របស់ព្រះអង្គ (យ៉ូហាន ១៥:១៥)។ ព្រះយេស៊ូវបានពិពណ៌នាថា មិត្តភាពរបស់ព្រះអង្គបានសង់ឡើង នៅលើការស្រឡាញ់ព្រះ និងការលះបង់ផ្ទាល់ខ្លួន (ខ.១៣,១៥) គឺដូចដែលព្រះអង្គបានធ្វើជាគំរូទុកឲ្យយើងយកតម្រាប់តាមស្រាប់ (ខ.១២)។ 
រយៈពេលពីរបីឆ្នាំ បន្ទាប់ពីខ្ញុំបានឮសំណួរនេះ ខ្ញុំនិងភរិយារបស់ខ្ញុំ បានជួបការបាត់បង់ដ៏សោកសៅ។ ឌែរិន (DARREN) គឺជាមិត្តភក្តិរបស់យើងម្នាក់ ក្នុងចំណោមមនុស្សមិនច្រើនទេ ដែលបានដឹងអំពីរឿងនេះ។ គាត់បានធ្វើដំណើរពីរម៉ោងមកជួបខ្ញុំ។ គាត់ស្តាប់ខ្ញុំរៀបរាប់អំពីកំហឹង និងការឈឺចាប់របស់ខ្ញុំ ហើយក៏បានអធិស្ឋានឲ្យខ្ញុំ។ ឌែរិនគឺជាមនុស្សមានការរវល់ច្រើន ដែលមានកិច្ចការជាច្រើនត្រូវធ្វើជារៀងរាល់ថ្ងៃ។ តែគាត់បានយកគំរូនៃមិត្តភាពរបស់ព្រះយេស៊ូវ ដែលមានការលះបង់។ ដូចនេះ ខ្ញុំពិតជាមានមនុស្សម្នាក់ ដែលខ្ញុំអាចពឹងពាក់បាន នៅពេលពាក់កណ្តាលអាធ្រាត្រ។ 
ឥឡូវនេះ ខ្ញុំត្រូវសួរយ៉ាងដូចនេះវិញថា តើមិត្តភក្តិរបស់ខ្ញុំអាចទូរស័ព្ទមករកខ្ញុំ ដើម្បីពឹងពាក់ នៅពេលពាក់កណ្តាលអាធ្រាត្រដែរឬទេ? វិធីល្អបំផុតដើម្បីឲ្យអ្នកមានមិត្តសំឡាញ់ពិតប្រាកដ អ្នកត្រូវធ្វើខ្លួនឲ្យសមជាមិត្តសំឡាញ់ពិតប្រាកដជាមុនសិន។—SHERIDAN VOYSEY

តើមានរណាខ្លះអាចទូរស័ព្ទមកពឹងពាក់អ្នក នៅពេលយប់អាធ្រាត្របាន? 
ហេតុអ្វីអ្នកចាំបាច់ត្រូវយកអសារអ្នកដទៃ នៅពេលដែលពួកគេត្រូវការជំនួយ? 
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំ ឲ្យផ្តល់ឲ្យអ្នកដទៃ នូវប្រភេទនៃមិត្តភាព ដែលព្រះអង្គបានធ្វើជាគំរូ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៥១-៥៣ និង រ៉ូម ២

 

ល្ងាច

ព្រះ​ចេស្ដា​របស់​ព្រះអង្គ ក្នុង​ភាព​កម្សោយ​របស់​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​ចេស្ដា​របស់​ព្រះអង្គ ក្នុង​ភាព​កម្សោយ​របស់​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 30, 2025

«ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គេឌាន​ថា ចំនួន​មនុស្ស​ដែល​នៅ​ជា​មួយ​នឹង​ឯង មាន​គ្នា​ច្រើន​ពេក​ណាស់ នឹង​ឲ្យ​អញ​ប្រគល់​ពួក​ម៉ាឌាន​មក ក្នុង​កណ្ដាប់​ដៃគេ​មិន​បាន​ឡើយ ក្រែង​ពួក​អ៊‌ីស្រាអែល​​អួត​ខ្លួន ទាស់​នឹង​អញ​វិញ ដោយ​ថា អញ​បាន​ជួយ​សង្គ្រោះ​ខ្លួន​អញ​ទេ ដូច្នេះ ចូរ​ប្រកា​ស​ប្រាប់​ដល់​ត្រចៀក​បណ្តាជន​ថា អ្នកណា​ដែល​មាន​សេចក្តី​ភ័យ​ញ័រ ចូរ​ឲ្យ​អ្នក​នោះ​វិល​ពី​ភ្នំ​កាឡាត​ត្រឡប់​ទៅវិញ​ចុះ នោះ​មាន​មនុស្ស​ចំនួន២ម៉ឺន២ពាន់​នាក់​បាន​ត្រឡប់​វិល​ទៅវិញ នៅសល់តែ១ម៉ឺន​នាក់​ប៉ុណ្ណោះ» (ពួកចៅហ្វាយ ៧:២-៣)។
គោល​បំណង​របស់​ព្រះ​អម្ចាស់​សម្រាប់​មនុស្ស​គ្រប់​សម័យ​កាល គឺ​ដើម្បី​ឲ្យ​យើង​អាច​ពឹង​ផ្អែក​លើ​ព្រះអង្គ​ទាំង​ស្រុង។ 
កាល​ព្រះ​អង្គ​ត្រាស់​ហៅ​លោក គេឌាន ឲ្យ​ជួយ​សង្គ្រោះ​ពួក​អ៊‌ីស្រាអែល គាត់​បាន​ប្រឈម​មុខ​ដាក់​កិច្ចការ ដែល​ពិបាក​ជា​ពន់​ពេក គឺ​ការ​ដឹក​នាំ​ទ័ព​ប្រយុទ្ធ​នឹង​ពួក​ម៉ាឌាន។ គេ​ថា កង​ទ័ព​របស់​សាសន៍​ម៉ាឌាន មាន​គ្នា​ច្រើន​ដូច​ហ្វូង​កណ្ដូប ហើយ «សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ជា​ពន្លឹក​ឥត​គណនា ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ» (ពួកចៅហ្វាយ ៧:១២)។ កងទ័ព​របស់​លោក គេឌាន ដែល​មាន​គ្នា​តែ​៣២០០០នាក់ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​កងទ័ព​របស់​ពួក​ម៉ាឌាន​បាន​ទេ។ 
បន្ទាប់​មក ព្រះ​អម្ចាស់​ក៏​បាន​មាន​បន្ទូល​ទៅ​កាន់​គាត់​ថា «ចំនួន​មនុស្ស​ដែល​នៅ​ជា​មួយ​នឹង​ឯង មាន​គ្នា​ច្រើន​ពេក​ណាស់ នឹង​ឲ្យ​អញ​ប្រគល់​ពួក​ម៉ាឌាន​មក ក្នុង​កណ្ដាប់​ដៃ​គេ មិន​បាន​ឡើយ»។ ហេតុ​នេះ​ហើយ ព្រះ​អង្គ​បាន​ដក​មនុស្ស២២០០០នាក់ ចេញ​ពី​កងទ័ព​របស់​គាត់។ លោក គេឌាន ប្រាកដ​ជា​បាន​ធ្វើ​ការ​គណនា ហើយ​ឆ្ងល់​ថា តើ​គាត់​អាច​ប្រៀប​ផ្ទឹម​កម្លាំង​ទ័ព​សត្រូវ ដោយ​កម្លាំង​ទ័ព​របស់​គាត់​ដែល​កាន់​តែ​តិច​ជាង​មុន​ដោយ​របៀប​ណា​ទេ។ អ្វី​ដែល​គាត់​មិន​ទាន់​បាន​ដឹង​នោះ​គឺ គាត់​ជិត​បាន​រៀន​សូត្រ​អំពី​អត្ថ​ប្រយោជន៍​នៃ​ភាព​កម្សោយ​ហើយ។ 
ព្រះ​ទ្រង់​តែង​តែ​ធ្វើ​ការ​ក្នុង​កាលៈទេសៈ​របស់​យើង ដើម្បី​នាំ​យើង​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ​អង្គ​កាន់​តែ​ខ្លាំង និង​សរសើរ​តម្កើង​ព្រះ​អង្គ​កាន់​តែ​ជ្រាល​ជ្រៅ សម្រាប់​ការ​ជួយ​សង្គ្រោះ​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​មិន​ចែក​សិរីល្អ​របស់​ព្រះ​អង្គ​ជា​មួយ​នរណា​ម្នាក់ ឬ​ឲ្យ​គេ​លួច​សិរីល្អ​របស់​ព្រះ​អង្គ​ឡើយ។ និយាយ​ឲ្យ​ងាយ​យល់ ព្រះ​អង្គ​មាន​ភាព​គ្រប់​គ្រាន់​ទាំង​ស្រុង ប៉ុន្តែ​យើង​តែង​តែ​មាន​ចំណុច​ខ្វះខាត។ នៅ​ពេល​មុន ក៏​ដូច​ជា​ពេល​សព្វ​ថ្ងៃ ព្រះ​អង្គ​ជួយ​យើង​ឲ្យ​មើល​ឃើញ​សារៈ​សំខាន់​នៃ​ការ​បន្ទាប​ខ្លួន ទទួល​ស្គាល់​ចំណុច​ខ្សោយ​របស់​យើង ដើម្បី​លើក​តម្កើង​ភាព​ធំ​ប្រសើរ​របស់​ព្រះ​អង្គ។ តាម​ពិត អំនួត​របស់​យើង​អាក្រក់​បំផុត នៅ​ពេលណា​វា​ក្លាយ​ជា​អំនួត​ខាង​វិញ្ញាណ គឺ​នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​អួត​អំពី​ការ​ដក​ពិសោធន៍​ដែល​យើង​មាន​ជា​មួយ​ព្រះ ឬ​ភាព​ជោគជ័យ​ដែល​យើង​សម្រេច​បាន​សម្រាប់​ព្រះ​អង្គ។ នេះ​ជា​ទំនោរ​ដែល​កើត​មាន​ជា​ធម្មតា​ចំពោះ «ពួក​សាវ័ក​ធំ» ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​ក្នុង​បទ​គម្ពីរ ២កូរិនថូស ១២:១១ ដែល​ពួក​គេ​ហាក់​ដូច​ជា​មាន​អំណាច​ណាស់ ពួក​គេ​មាន​រឿង​ជា​ច្រើន​សម្រាប់​ចែក​ចាយ​អំពី​ការ​ដែល​ពួក​គេ​បាន​ពេញ​ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ប៉ុន្តែ សាវ័ក ប៉ុល គ្រាន់​តែ​បាន​ឆ្លើយ​តប​ថា «ទោះ​បើ​ខ្ញុំ​ចង់​អួត​ខ្លួន នោះ​គង់​តែ​ខ្ញុំ​មិន​មែន​ខ្លៅ​ល្ងង់​ទេ ដ្បិត​ខ្ញុំ​និយាយ​តាម​តែ​សេចក្តី​ពិត ប៉ុន្តែ​ខ្ញុំ​ឈប់​ស្លេះ​ចុះ ក្រែង​អ្នក​ណា​រាប់​ខ្ញុំ ទុក​ជា​លើស​ជាង​ភាព​ដែល​ឃើញ ឬឮ​និយាយ​ពី​ខ្ញុំ» (ខ.៦)។ គាត់​ដឹង​ថា ការ​បន្ទាប​ខ្លួន ភាព​កម្សោយ និង​ភាព​ខ្វះ​ចន្លោះ គឺ​ជា​គន្លឹះ​ដែល​នាំ​ឲ្យ​គាត់​មាន​ប្រយោជន៍​ក្នុង​នគរ​ព្រះ។ 
ហេតុ​នេះ​ហើយ ព្រះ​អម្ចាស់​បាន​បន្ត​កាត់​បន្ថយ​កងទ័ព​របស់​លោក គេឌាន ឲ្យ​មក​នៅ​ត្រឹម​តែ​៣០០នាក់​ប៉ុណ្ណោះ (ពួក​ចៅហ្វាយ ៧:៧)។ ព្រះ​អង្គ​នឹង​សម្រេច​ផែនការ ដោយ​ប្រើ​មនុស្ស​តិច​តួច​យ៉ាង​នេះ ដើម្បី​កាល​ណា​ពួក​គេ​ទទួល​បាន​ជ័យ​ជម្នះ គេ​រាល់​គ្នា​នឹង​បាន​ដឹង​ថា ជ័យ​ជម្នះ​នោះ​មាន​ប្រភព​មក​ពី​ណា។ ហើយ​ព្រះ​អង្គ​នៅ​តែ​បន្ត​ធ្វើ​ដូច​នេះ សម្រាប់​យើង ដោយ​សេចក្តី​សប្បុរស​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​ក្រើន​រំឭក​យើង​ថា ក្នុង​កែវ​ភ្នែក​របស់​លោកីយ៍ អ្នក​ដែល​មាន​ប្រយោជន៍​បំផុត​សម្រាប់​ផែនការ និង​គោល​បំណង​របស់​ព្រះ​អង្គ គឺ​ជា​មនុស្ស​ដែល​អសមត្ថភាព ព្រោះ​គេ​នឹង​ដឹង​ច្បាស់​ថា ជោគជ័យ​នោះ​គឺ​ជា​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ មិន​មែន​ជា​ស្នាដៃ​របស់​ពួក​គេ​ទេ។ នេះ​ជា​ដំណឹង​អាក្រក់​សម្រាប់​អ្នក បើ​សិន​ជា​អ្នក​ចង់​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​អំនួត និង​ការ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង។ នេះ​ក៏​ជា​ដំណឹង​អាក្រក់​សម្រាប់​អ្នក បើ​សិន​ជា​អ្នក​ចង់​ទទួល​ការ​លើក​តម្កើង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​ជា​ដំណឹង​ដ៏​អស្ចារ្យ​សម្រាប់​អ្នក បើ​សិន​ជា​អ្នក​ដឹង​ថា អ្នក​មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​កិច្ចការ​ដែល​ព្រះ​អង្គ​បាន​ដាក់​នៅ​ពី​មុខ​អ្នក។ តើ​មាន​កិច្ចការ​អ្វី​ខ្លះ​នៅ​ចំពោះ​មុខ ដែល​អ្នក​មាន​អារម្មណ៍​ថា មិន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​វា? ចូរ​ពឹង​ផ្អែក​លើ​ព្រះ​អង្គ ហើយ​ដើរ​ទៅ​រក​ការ​ស្តាប់​បង្គាប់ ហើយ​អ្នក​នឹង​រក​ឃើញ​ថា ព្រះ​ចេស្ដា​របស់​ព្រះ​អង្គ​បង្ហាញ​ចេញ​មក ក្នុង​ភាព​កម្សោយ​របស់​អ្នក (២កូរិនថូស ១២:៩-១០) ហើយ​អ្នក​នឹង​សរសើរ​តម្កើង​ព្រះ​អង្គ​កាន់​តែ​ច្រើន​ថែម​ទៀត។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ពួក​ចៅហ្វាយ ៧:១-២៣ 
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៥១-៥៣ និង កិច្ចការ ២០:១៧-៣៨

ប្រភេទ