នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មានឯកសណ្ឋានខាងវិញ្ញាណតែមួយ

មានឯកសណ្ឋានខាងវិញ្ញាណតែមួយ

ដោយArthur Jackson

July 31, 2025

ម៉ាថាយ ៥:១-១១
គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្ដីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ ។ រ៉ូម ១៣:‌១៥
កាលខ្ញុំស្ថិតក្នុងវ័យកុមារ នៅទសវត្សរ៍ឆ្នាំ១៩៥០ និង៦០ ខ្ញុំបានចម្រើនវ័យធំឡើង ក្នុងសម័យដែលកីឡាវាយកូនបាល់ បេសប៊ល គឺជាកីឡាពេញនិយមបំផុត របស់ប្រជាជនអាមេរិក។ ខ្ញុំមានចិត្តអន្ទះសាចង់ទៅសួនច្បារ ដើម្បីលេងកីឡាបេសប៊ល ហើយខ្ញុំមានចិត្តរំភើបបំផុត នៅពេលដែលខ្ញុំបានទទួលអាវយឺតបេសប៊ល មានបោះពុម្ពពាក្យ GIANTS ពីលើ ដែលជាឈ្មោះរបស់ក្រុមខ្ញុំ។ លេខ៩នៅលើអាវយឺតរបស់ខ្ញុំ គឺជាលេខសំគាល់ខ្លួនខ្ញុំមិនឲ្យច្រឡំជាមួយសមាជិកដទៃទៀត ក្នុងក្រុម ប៉ុន្តែ អាវយឺតរបស់យើងគឺជាឯកសណ្ឋាន ដែលបញ្ជាក់ថា យើងស្ថិតក្នុងក្រុមតែមួយ។ 
ក្នុងបទគម្ពីរម៉ាថាយ ៥:៣-១០ ដែលជាបទគម្ពីរនៃព្រះពរ ព្រះយេស៊ូវបានបង្ហាញអត្តសញ្ញាណនៃរាស្រ្តនៃនគរស្ថានសួគ៌ ដែលម្នាក់ៗសុទ្ធតែមានចារិតលក្ខណៈដែលល្អដូចព្រះគ្រីស្ទ ប្រៀបដូចជាការពាក់ឯកសណ្ឋានតែមួយ។ រាស្រ្តនៃនគរស្ថានសួគ៌ គឺជាអស់អ្នកដែលមានឥរិយាបថ និងចារិតលក្ខណៈដូចក្សត្រនៃនគរស្ថានសួគ៌។ តាមព្រះបន្ទូលរបស់ព្រះយេស៊ូវ មនុស្ស “ដែលមានពរ” មិនមែនដោយសារពួកគេមានរូបសម្បត្តិ និងសុខភាពល្អ ឬមានទ្រព្យសម្បត្តិច្រើននោះទេ។ ផ្ទុយទៅវិញ ព្រះអង្គមានបន្ទូលសំដៅទៅលើសណ្ឋាននៃចិត្តរបស់ពួកគេ។ “មានពរហើយ អស់អ្នកដែលមានសេចក្ដីកំសត់ខាងឯវិញ្ញាណ” (ខ.៣) គឺអស់អ្នកដែលបន្ទាបខ្លួន ដោយដឹងថា ខ្លួនមានតម្រូវការខាងវិញ្ញាណ។ “មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត” (ខ.៦) គឺអ្នកដែលមានវិញ្ញាណស្រេកឃ្លានចង់ផ្គាប់ព្រះទ័យព្រះ និងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។ “មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ” (ខ.៩) គឺអស់អ្នកដែលចូលរួមជាមួយព្រះយេស៊ូវ ក្នុងការដេញតាមភាពសុខដុម។ 
ដោយជំនួយពីព្រះវិញ្ញាណ យើងអាចពាក់ឯកសណ្ឋានខាងវិញ្ញាណ ដែលមានចារិតលក្ខណៈដូចព្រះគ្រីស្ទ ជាអត្តសញ្ញាណបញ្ជាក់ថា យើងជាអ្នកជឿព្រះអង្គ និងជាសមាជិកនៃក្រុមរបស់ព្រះអង្គ។ គឺបានបង្ហាញថា យើងពិតជាមានពរមែន!—ARTHUR JACKSON

តាមខគម្ពីរនៃព្រះពរ តើអ្នកមានចារិតលក្ខណៈណាខ្លះដូចព្រះយេស៊ូវ?
 តើអ្នកនឹងអធិស្ឋានសូមឲ្យមានចារិតលក្ខណៈដូចព្រះយេស៊ូវ នៅត្រង់ចំណុចណាខ្លះ? 
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានឲ្យទូលបង្គំធ្វើជាពលរដ្ឋនៃនគរស្ថានសួគ៌។ 
សូមព្រះវិញ្ញាណព្រះអង្គជួយទូលបង្គំឲ្យមានចារិតលក្ខណៈកាន់តែដូចព្រះអង្គ ជារៀងរាល់ថ្ងៃ ដោយព្រះគុណព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៥៤-៥៦ និង រ៉ូម ៣
 

ល្ងាច

បោះ​ជំហាន​ចេញ​ទៅ​ដោយ​ជំនឿ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

បោះ​ជំហាន​ចេញ​ទៅ​ដោយ​ជំនឿ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 31, 2025

«ដោយ​សារ​សេចក្តី​ជំនឿ កាល​ព្រះ​បាន​ហៅ​លោក អ័ប្រាហាំ នោះ​លោក ក៏​បាន​ស្តាប់​បង្គាប់ លោក ចេញ​ទៅ​ឯ​កន្លែង​ដែល​ត្រូវ​ទទួល​ជា​មរដក គឺ​ចេញ​ទៅ​ឥត​មាន​ដឹង​ជា​ទៅ​ឯណា​ទេ» (ហេព្រើរ ១១:៨)។ 
បើ​យើង​ព្យាយាម​យល់​ឲ្យ​កាន់​តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​ជំនឿ​ដែល​មាន​ការ​ប្រព្រឹត្ត និង​ការ​ជឿ​តាម​ព្រះ​បន្ទូល​របស់​ព្រះ យើង​ចាំ​បាច់​ត្រូវ​មើល​ទៅ​ជីវិត​របស់​លោក អ័ប្រាហាំ។ កណ្ឌ​គម្ពីរ​រ៉ូម​បាន​ពិពណ៌នា​ថា គាត់​គឺ​ជា​ឪពុក​នៃ​អ្នក​ដែល​មាន​សេចក្តី​ជំនឿ (រ៉ូម ៤:១៦)។ គាត់ «ក៏​ជឿ​ជាក់​អស់ពី​ចិត្ត​ថា សេចក្តី​អ្វី​ដែល​ទ្រង់​សន្យា នោះ​អាច​នឹង​ធ្វើ​ឲ្យ​សម្រេច​បាន» (ខ.២១) ហើយ​ការ​ជឿ​ដូច​នេះ បាន​បណ្ដាល​ចិត្ត​គាត់​ឲ្យ​ស្តាប់​បង្គាប់ ហើយ​ប្រព្រឹត្ត​តាម។ 
ការ​ត្រាស់​ហៅ​លោក អ័ប្រាហាំ តម្រូវ​ឲ្យ​មាន​ការ​លះបង់​យ៉ាង​ខ្លាំង និង​ពិបាក​ក្រៃ​លែង។ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​នឹង​អាប់រ៉ាម​ថា ចូរ​ឯង​ចេញ​ពី​ស្រុក ពី​ញាតិ​សន្តាន និង​ពី​ផ្ទះ​ឪពុក​ឯង ទៅ​នៅ​ឯ​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ឯង​ចុះ» (លោកុប្បត្ដិ ១២:‌១)។ ព្រះ​អម្ចាស់​បាន​បង្គាប់​គាត់​ឲ្យ​ចាក​ចេញ​ពី​ស្រុក​កំណើត មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​របស់​គាត់ ជា​ពិសេស មនុស្ស​ទាំង​អស់​ដែល​គាត់​បាន​ស្គាល់ និង​ស្រឡាញ់។ ប៉ុន្តែ ព្រះ​អម្ចាស់​មិន​គ្រាន់​តែ​បាន​បង្គាប់​ទេ។ ព្រះ​អង្គ​ក៏​បាន​សន្យា​ថា នឹង​ប្រទាន​ពរ​គាត់ ក្នុង​ទឹកដី​ថ្មី ដោយ​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា «សាសន៍​ដ៏​ធំ​មួយ» និង​លើក​ឈ្មោះ​គាត់​ជាធំ (ខ.២)។ 
ហើយ​លោក អ័ប្រាហាំ​ក៏​បាន​ស្តាប់​បង្គាប់ ហើយ​ចេញ​ទៅ។ 
តើ​មាន​ហេតុផល​អ្វី​ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ​ដូចនេះ​បាន? គឺ​ដោយ​សារ​លោក អ័ប្រាហាំ​មិន​អាច​ពឹង​ផ្អែក​លើ​អ្វី​បាន​ក្រៅ​ពី​ព្រះ​រាជ​បញ្ជា និង​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អម្ចាស់។ ប៉ុន្តែ ហេតុផល​នេះ​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​គាត់។ នេះ​ជា​សេចក្តី​ជំនឿ​ដែល​មាន​ការ​ប្រព្រឹត្ត​តាម។ នេះ​ជា​សេចក្តី​ជំនឿ ក្នុង​ការ​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ និង​គ្រប់​ជំនាន់ ដែល​ជា​ការ​ជឿ​ព្រះ​បន្ទូល​ព្រះ ហើយ​បោះ​ជំហាន​ទៅ​មុខ​ដោយ​ការ​ស្តាប់​បង្គាប់។ 
ខ្ញុំ​នៅ​ចាំ​ថា មាន​ពេល​មួយ​ខ្ញុំ​បានឮ​លោក ក្រាហាំ ស្ក្រុកគី (Graham Scroggie) ជា​គ្រូ​អធិប្បាយ​ជនជាតិ​ស្កុតឡង់​មាន​ប្រសាសន៍​ថា «ការ​ត្រាស់​ហៅ​របស់​ព្រះ កម្រ​បណ្តោយ​ឲ្យ​យើង​បន្ត​ឈរ​នៅ​កន្លែង​ដដែល​ណាស់។ តាម​ពិត បើ​យើង​មិន​បាន​បោះ​ជំហាន​ទៅ​មុខ នៅ​ពេល​ដែល​ព្រះ​ប្រាប់​ឲ្យ​យើង «ទៅ» យើង​មិន​អាច​បន្ត​ឈរ​នៅ​កន្លែង​ដដែល​ឡើយ»។ ការ​បដិសេធន៍​មិន​ព្រម​បោះ​ជំហាន​ទៅ​មុខ ហើយ​ប្រព្រឹត្ត​ដោយ​ជំនឿ​នាំ​ឲ្យ​យើង​មាន​ដំណើរ​ថយ​ក្រោយ ទោះ​យើង​មិន​បាន​បោះ​ជំហាន​ទាល់​តែ​សោះ​ក៏​ដោយ។ 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក អ័ប្រាហាំ​បាន​ដើរ​ទៅ​មុខ។ គាត់​បាន​ចាក​ចេញ ដោយ​ការ​ស្តាប់​បង្គាប់ «ដោយ​មិន​ស្គាល់​កន្លែង​ដែល​គាត់​កំពុង​តែ​ទៅ​នោះ​ទេ»។ ការ​ស្តាប់​ឮ​ព្រះ​អង្គ​ប្រាប់​ឲ្យ​ចេញ​ទៅ គឺ​គ្រប់​គ្រាន់​ល្មម​នឹង​ឲ្យ​គាត់​ចេញ​ទៅ ហើយ​គាត់​មិន​ត្រូវ​ការ​ឲ្យ​ព្រះ​អង្គ​ប្រាប់​អំពី​កន្លែង​ដែល​គាត់​ត្រូវ​ទៅ​ឡើយ។ ហើយ​តាម​រយៈ​ការ​បោះ​ជំហាន​ចេញ​ដោយ​ជំនឿ គាត់​បាន​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ចំណុច​ស្នូល​នៃ​ផែនការ​របស់​ព្រះ​ក្នុង​ការ​ជួយ​សង្គ្រោះ​រាស្ត្រ​ព្រះ​អង្គ ហើយ​នាំ​ព្រះ​ពរ​ដល់​ពិភពលោក ។ ក្រោយ​មក លោក អ័ប្រាហាំ​ក៏​បាន​ដឹង​ថា កន្លែង​ដែល​អ្នក​ត្រូវ​ទៅ គឺ​ជា​កន្លែង​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​អ្នក​ទៅ ហើយ​គោល​បំណង​ដែល​អ្នក​ត្រូវ​ខិតខំ​សម្រេច គឺ​ជា​គោល​បំណង​ដែល​ព្រះ​អង្គ​បាន​បង្ហាញ​ឲ្យ​អ្នក​ដឹង។ 
តើ​ព្រះ​អម្ចាស់​បាន​ប្រាប់​អ្នក​តាម​រយៈ​ព្រះ​គម្ពីរ​ឲ្យ​បោះ​ជំហាន​ចេញ​ទៅ​ដោយ​ជំនឿ និង​ការ​ស្តាប់​បង្គាប់ តាម​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ​ឬ​ទេ? ដូច​នេះ នៅ​ថ្ងៃ​នេះ បើ​អ្នក​បាន​ឮ​ព្រះ​បន្ទូល​ព្រះ​អង្គ ចូរ​កុំ​មាន​ចិត្ត​រឹង​ទទឹង​ឡើយ (ហេព្រើរ ៣:‌១៥)។ ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អង្គ​អាច​ផ្ទុយ​នឹង​អ្វីៗ​ដែល​អ្នក​បាន​រៀប​ផែនការ និង​បាន​គិត ហើយ​អាច​តម្រូវ​ឲ្យ​អ្នក​លះបង់​អ្វីៗ​ដែល​អ្នក​ពឹង​ផ្អែក ប៉ុន្តែ​បើ​ព្រះ​អង្គ​កំពុង​ត្រាស់​ហៅ​អ្នក​ហើយ អ្នក​ត្រូវ​តែ​ចេញ​ទៅ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ រ៉ូម ៤ 
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុកតម្កើង ៥៤-៥៦ និង កិច្ចការ ២១:១-១៧
1លោក Robert Robinson, “Come, Thou Fount of Every Blessing” (ឆ្នាំ ១៧៥៨)។
2Holiness (Reformed Church Publications, ឆ្នាំ ២០០៩), ទំព័រ ៨។
3The Letter to the Hebrews, The New Daily Study Bible (Westminster John Knox, 2002), ទំព័រ ២០៨។
4លោក Fanny Crosby, “To God Be the Glory” (ឆ្នាំ ១៨៧៥)។
5លោក George Whitefield’s Journals (ឆ្នាំ ១៧៣៧-១៧៤១), លោក William V. Davis (Scholars’ Facsimiles and Reprints, ឆ្នាំ ១៩៦៩), ទំព័រ ៥៧។