នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

រស់នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​វិញ្ញាណ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

រស់នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​វិញ្ញាណ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 2, 2025

«កុំ​ឲ្យ​ស្រវឹង​ស្រា​ដែល​នាំ​ឲ្យ​ព្រើល​ចិត្ត​ឡើយ តែ​ចូរ​ឲ្យ​បាន​ពេញជា​ព្រះ​វិញ្ញាណ​វិញ ហើយ​និយាយ​គ្នា​ទៅវិញ​ទៅមក ដោយបទ​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង ហើយ​សរសើរ​ដល់​ព្រះ​អម្ចាស់​ដោយ​ចិត្ត»(អេភេសូរ ៥:១៨-១៩)។

នៅ​ពេល​ខ្លះ ក្នុង​ជីវិត​យើង​មាន​រឿង​ដែល​កើត​ឡើង​ផ្ទួនៗគ្នា​ដូចជា​ពេល​ដែល​កូន​យើង​ចាប់​កំណើត ឬ​យើង​ផ្លាស់​ប្តូរ​ទី​លំនៅ​ទៅ​ខេត្ត​ផ្សេង។ ពេល​នោះ​យើង​ប្រហែល​មាន​អារម្មណ៍​ថា មាន​រឿង​ជា​ច្រើន​ដែល​កើត​ឡើង​ក្នុង​ពេល​តែមួយ។ ការ​ចាប់​ផ្តើម​ជីវិត​ថ្មី​ក្នុង​ព្រះ​គ្រីស្ទ អាច​ជា​ឧទាហរណ៍​ដែល​ប្រសើរ​បំផុត។ ពេលណា​យើង​ជឿ​ព្រះយេស៊ូវ​មាន​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​កើត​ឡើង​ក្នុង​ពេល​តែមួយ ដោយ​យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ យើង​បាន​ទទួល​ចូល​មក​ក្នុង​គ្រួសារ​របស់​ព្រះ យើង​បាន​ក្លាយ​ជា​កូន​របស់​ព្រះ​អង្គ ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​គង់​សណ្ឋិត​ក្នុង​ចិត្ត​យើង។

នៅពេល​ដែល​នរណា​ម្នាក់​ជឿ​ព្រះ​យេស៊ូវ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចាប់​ផ្តើម​គង់នៅ​ក្នុង​ពួកគេ ដោយ​នាំ​ឲ្យ​ពួកគេ​មាន​បំណង​ចិត្ត និង​អំណាច ដើម្បី​ធ្វើ​ការ​អ្វី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ។ គ្រីស្ទ​បរិស័ទ​ម្នាក់ៗ​ចាំបាច់​ត្រូវ​ដក​ពិសោធន៍​ជាមួយ​ការ​បំពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ នេះ​ជា​សិទ្ធិ​ដែល​យើង​ទទួល​បាន កាល​យើង​កើតជា​ថ្មី ដោយសារ​យើង​បាន​ទទួល​ជឿ​ព្រះ​គ្រីស្ទ។

ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​គង់នៅ​ក្នុង​យើង​អាច​សោក​សង្រេង ដោយសារ​យើង​មិន​ស្តាប់​បង្គាប់​ព្រះ​អង្គ (អេភេសូរ ៤:៣០)។ យើង​ក៏​ងាយ​នឹង​ទទួល​ឥទ្ធិពល​ពី​អ្វី​ផ្សេង ហេតុ​នេះ​ហើយ​សាវ័ក ប៉ុល បាន​លើក​ឡើង​ថា យើង​មិន​អាច​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ព្រះ​វិញ្ញាណ និង​ស្រា​ក្នុង​ពេល​តែមួយ​បាន​ទេ។ យើង​ត្រូវតែ​ដឹង​ថា បើ​យើង​ជា​កូន​របស់​ព្រះ យើង​មិន​អាច​ដក​ខ្លួន​យើង​ចេញពី​ការ​គ្រប់​គ្រង​របស់​ព្រះ ដែល​ជា​ឪពុក​របស់​យើង​បាន​ទេ ព្រោះ​ការ​រស់នៅ​ដោយ​មិន​ស្តាប់​បង្គាប់​អាច​ដក​យើង​ចេញពី​ព្រះពរ ព្រះ​វត្ត​មាន និង​ក្តី​អំណរ​របស់​ព្រះ​អង្គ​ក្នុង​នាម​ជា​ឪពុក​របស់​យើង។ កូន​ដែល​មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ​យ៉ាង​គឃ្លើន នៅតែ​អាច​អង្គុយ​នៅ​តុ​អាហារ​ពេល​ព្រឹក ដោយ​ដឹង​ថា គាត់​នៅតែ​ជា​កូន​របស់​ឪពុក​ម្តាយ​គាត់ តែ​ការ​អរ​សប្បាយ​នឹង​ទំនាក់​ទំនង​ក្នុង​គ្រួសារ នឹង​ថយ​ចុះ។ យើង​ក៏​ដូច្នោះ​ដែរ។ យើង​មិន​អាច​រស់នៅ​ដោយ​ការ​មិន​ស្តាប់​បង្គាប់ យើង​មិន​អាច​បណ្តោយ​ឲ្យ​គំនិត និង​អាទិភាព​ផ្សេង ឬ​សារធាតុ​អ្វីមួយ​ដឹកនាំ​យើង ហើយ​ទន្ទឹម​នឹង​នោះ ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ឡើយ។

នេះ​មិនមែន​ជា​បញ្ហា​ដែល​យើង​អាច​ដោះ​ស្រាយ តាម​ផ្លូវ​របស់​យើង​បាន​ទេ។ យើង​មិនមែន​ជា​អ្នក​បំពេញ​ខ្លួនឯង​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ​ឡើយ។ យើង​មិន​គ្រាន់តែ​ទទួល​ភាព​ពេញលេញ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះ​ទេ ប៉ុន្តែ​យើង​មាន​ការ​អរ​សប្បាយ​នឹង​ភាព​ពេញលេញ​របស់​ព្រះ​អង្គ គឺ​ដោយសារ​ព្រះ​អង្គ​ប៉ុណ្ណោះ។ យើង​មិន​អាច​បំពេញ​ដោយ​ខ្លួនឯង​បានទេ តែ​យើង​អាច និង​ត្រូវ​តែ​បើក​ចំហ​ចិត្ត​ឲ្យ​ព្រះ​បំពេញ​យើង។ ជីវិត​គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​បំពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ជា «ការ​មាន​ផល​ផ្លែ​ខាង​វិញ្ញាណ» (កាឡាទី ៥:២២) ដែល​នឹង​បង្ហាញ​ចេញ​មក​បន្តិច​ម្តងៗ​កាន់តែ​ច្បាស់​ឡើង។

ជីវិត​របស់​អ្នក និង​ពួក​ជំនុំ​នីមួយៗ មាន​តម្រូវ​ការ​ធំ​មួយ គឺជា​ការ​ពេញ​ដោយ​ព្រះ​វិញ្ញាណ ដែល​ត្រូវ​ឲ្យ​ព្រះ​អង្គ​ដឹកនាំ មិនមែន​ឲ្យ​អ្វី​ផ្សេង​ដឹកនាំ​នោះ​ទេ។ ការ​នេះ​នឹង​នាំមក​នូវ​ការ​ផ្លាស់​ប្រែ ក្តី​អំណរ សន្តិភាព និង​ក្តី​ស្រឡាញ់ ហើយ​ក៏​បណ្តាល​ឲ្យ​ចិត្ត​យើង​ច្រៀង​សរសើរ​តម្កើង​ព្រះ​គ្រីស្ទ​យ៉ាង​ហូរហៀរ ពេលណា​យើង​ជួប​ជុំ​គ្នា។ ដូច​នេះ ចូរ​យើង​អធិស្ឋាន​សូម​ព្រះ​អង្គ​បំពេញ​យើង​ជា​ថ្មី នូវ​ព្រះ​វិញ្ញាណ​យ៉ាង​ដូច​នេះ​ថា៖ 
សូម​ព្រះវិញ្ញាណបរិសុទ្ធ បំពេញ​ចិត្ត​ទូល​បង្គំ 
ហើយ​រំដោះ​ទូល​បង្គំ​ឲ្យ​រួច​ចំណង​លោកីយ៍ ព្រម​ទាំង​ដឹកនាំ​ទូល​បង្គំ​គ្រប់​ជំហាន។ 
សូម​ព្រះ​អង្គ​បង្ហាញ​ព្រះ​ចេស្ដា តាម​រយៈ​សេចក្តី​កម្សោយ​របស់​ទូល​បង្គំ។ 
សូម​បង្រៀន​ទូល​បង្គំ​ឲ្យ​ស្រឡាញ់​ព្រះ​អង្គ តាម​ដែល​សមគួរ។1


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេសេគាល ១១:១៤-២០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៦០-៦២ និង​កិច្ចការ ២២

ប្រភេទ