នំម៉ាណាប្រចាំថ្ងៃ
គ្មាន​កន្លែង​ល្អ​ឥត​ខ្ចោះ  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

គ្មាន​កន្លែង​ល្អ​ឥត​ខ្ចោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 4, 2025

«ដ្បិត​ខ្ញុំ​ត្រូវ​ដើរ​កាត់​ស្រុក​ម៉ាសេដូន​សិន ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជា១នឹង​អ្នក​រាល់​គ្នា​បន្តិច ឬ​អស់១​រដូវ​រងា​ផង​ទេ​ដឹង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជូន​ដំណើរ​ខ្ញុំ​ទៅ​ឯ​ទី​កន្លែងណា ដែល​ខ្ញុំ​នឹង​ទៅ​ត​ទៅទៀត... ខ្ញុំ​នឹង​នៅ​ក្រុង​អេភេសូរ​ទាល់តែ​ដល់​បុណ្យ​ថ្ងៃ​ទី៥០ ដ្បិត​មាន​ទ្វារ​យ៉ាង​ធំ ហើយ​ស្រួល​បាន​បើក​ចំហ​ឲ្យ​ខ្ញុំ ហើយក៏​មាន​ពួក​ឃាត់​ឃាំង​ជា​ច្រើន​ដែរ»(១កូរិនថូស ១៦:៥-៦,៨-៩)។

យើង​មាន​ហេតុផល​ជា​ច្រើន ដែល​ត្រូវ​កោត​សរសើរ​សាវ័ក ប៉ុល។ គាត់​តែង​តែ​រៀប​ផែនការ​ទុកជា​មុន។ ប៉ុន្តែ គេ​កម្រ​លើក​យក​ចំណុច​នេះ​មក​និយាយ។ គាត់​មិន​ដែល​មាន​ភាព​អសកម្ម​នៅ​ត្រង់​ចំណុច​ណាមួយ​នៃ​ការងារ​បម្រើ​ព្រះ​ឡើយ។ គាត់​ប្រៀប​ដូចជា​មេទ័ព​ដែល​បើក​មើល​ផែនទី​ក្នុង​ទីបញ្ជាការ​សង្គ្រាម ហើយ​និយាយ​ថា «ឥឡូវ​នេះ តើ​យើង​នឹង​បញ្ជូន​ទ័ព​ទៅ​កន្លែង​ណា​ទៀត? តើ​អាច​បញ្ជូន​កងពល​បន្ទាប់​ទៅ​កន្លែងណា? តើ​សត្រូវ​របស់​យើង​កំពុងតែ​មាន​ទីតាំង​នៅ​កន្លែងណា?» ដោយសារ​គាត់​មាន​គោលដៅ​ធំ គាត់​មិន​អាច​នៅ​ត្រឹង​មួយ​កន្លែង​បាន​យូរ​ឡើយ។

ត្រង់​ចំណុច​នេះ អ្វី​ដែល​យើង​អាច​រៀន​បាន​ពី​សាវ័ក ប៉ុល នេះ​គឺ ដើម្បី​ធ្វើ​ការ​បម្រើ​ព្រះ យើង​មិន​ចាំបាច់​ត្រូវ​ស្វែង​រក​ទី​កន្លែង ដែល​មាន​លក្ខខណ្ឌ​សម​ប្រកប​ល្អ​បំផុត​នោះ​ឡើយ តែ​យើង​តែងតែ​អាច​បម្រើ​ព្រះ​នៅ​កន្លែងណា​ដែល​យើង​កំពុង​នៅ។ គាត់​បាន​សរសេរ​ក្នុង​កណ្ឌ​គម្ពីរ សំបុត្រ​របស់​គាត់​អំពី​ការ​បម្រើ​ព្រះ​ក្នុង​តំបន់​ជា​ច្រើន ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ដូចជា ទីក្រុង​អេភេសូរ ស្រុក​ម៉ាសេដូនី និង​ទីក្រុង​កូរិនថូស​ជាដើម។ ប៉ុន្តែ​ទោះ​គាត់​ស្ថិត​នៅ​កន្លែងណា​ក៏ដោយ គាត់​ដឹង​ថា អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​មិន​ជឿ និង​លើក​ទឹក​ចិត្ត​គ្រីស្ទាន។ ពេល​ណា​កិច្ចការ​គាត់​បាន​បញ្ចប់​នៅ​ក្នុង​ទីតាំង​មួយ គាត់​ដឹង​ថា ព្រះ​បាន​ត្រាស់​ហៅ​គាត់​ឲ្យ​បន្ត​ទៅ​កន្លែង​ផ្សេង​ទៀត។

សាវ័ក ប៉ុល មិន​បាន​ខ្វល់ខ្វាយ​អំពី​ភាព​ស្រណុក​ស្រួល ឬ​កាលៈទេសៈ​ដែល​អំណោយផល​នោះ​ទេ។ គាត់​មិន​មាន​បំណង​ចិត្ត ដែល​ចង់​បាន​កូន​ខ្ទម​តូច​មួយ​នៅ​មាត់​សមុទ្រ​អេឌ្រាត ដើម្បី​ចូល​និវត្តន៍​យ៉ាង​សុខ​ស្រួល​នោះ​ទេ។ សូម្បីតែ​នៅពេល​ដែល​គាត់​អាច​និយាយ​ថា «មាន​ទ្វារ​យ៉ាង​ធំ ហើយ​ស្រួល​បាន​បើក​ចំហ​ឲ្យ​ខ្ញុំ» ក៏​គាត់​នៅ​តែ​ជួប​ការ​ទាស់​ប្រឆាំង​ជា​ច្រើន។ គាត់​បាន​ជួប​បញ្ហា​ប្រឈម ដែល​កើត​មាន ហើយក៏​បាន​ចាត់​ទុក​ការ​ប្រឆាំង គឺជា​ឯកសិទ្ធិ​ដ៏​ប្រសើរ ជាជាង​ចាត់​ទុក​វា​ជា​ឧបសគ្គ។

មនុស្ស​ជា​ច្រើន​ជឿ​ថា បើ​យើង​បាន​រួបរួម​ជាមួយ​ព្រះ ហើយ​បើ​យើង​ពិតជា​ស្ថិត​នៅ​កន្លែង​ដែល​យើង​គួរតែ​នៅ ជីវិត​របស់​យើង​នឹង​មាន​ដំណើរ​ការ​ល្អ។ ការ​យល់​ឃើញ​ដូច​នេះ​ប្រហែល​ជា​កំពុង​មាន​ភាព​ពេញ​និយម តែ​មិន​បាន​សម​ស្រប​នឹង​ព្រះ​គម្ពីរ​ឡើយ។ តើ​យើង​ពិតជា​គិតថា យើង​អាច​ឈរ​តតាំង​អារក្ស ដោយ​មិន​ប្រឈម​មុខ​ដាក់​គ្រាប់​ព្រួញ​ភ្លើង​របស់​វា​ឬ? តើ​យើង​គិតថា យើង​អាច​វាយលុក​ទីតាំង​របស់​សត្រូវ ដោយ​មិន​មាន​ការ​ប្រឆាំង​ឬ?

ព្រះ​មិន​បាន​ត្រាស់ហៅ​យើង​ឲ្យ​រស់នៅ​ក្នុង​សហគមន៍​គ្រីស្ទបរិស័ទ​ដ៏​សុខ​ស្រួល ដែល​គ្មាន​ការ​ទាស់​ប្រឆាំង​នោះ​ទេ។ យើង​ងាយ​នឹង​ធ្វើ​ឲ្យ​ទីបន្ទាល់​យើង​មាន​ភាព​អសកម្ម​យ៉ាង​ខ្លាំង​បានជា​យើង​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​រស់នៅ​ថ្វាយ​ព្រះ​គ្រីស្ទ ប៉ុន្តែ​យើង​មិន​ចាំបាច់ ហើយក៏​មិន​គួរ​រស់នៅ​ដូច​នេះ​ទេ។ ស្ថានភាព​ដែល​សាវ័ក ប៉ុល ជួប​ប្រទះ ក៏​បាន​ឡោម​ព័ទ្ធ​យើង​ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ ដែល​មាន​ដូចជា ការ​ថ្វាយបង្គំ​រូប​ព្រះ អំពើ​អសីលធម៌​ផ្លូវភេទ ការ​រើសអើង​ជាតិ​សាសន៍ និង​សាសនា ព្រម​ទាំង​ការ​អាក្រក់​ជា​ច្រើន​ទៀត។ ក្នុង​ពេល​ដែល​មាន​ការ​ទាស់​ប្រឆាំង យើង​មាន​ឱកាស​បម្រើ​នគរ​ព្រះ​អង្គ ទោះ​ព្រះ​អង្គ​បាន​ដាក់​អ្នក​នៅ​កន្លែងណា​ក៏ដោយ។ គឺ​ដូច​ដែល​មិត្ត​ភក្តិ​របស់​ខ្ញុំ​ឈ្មោះ អេរិក អ័ឡេក្សានឌ័រ (Eric Alexander) ធ្លាប់​បាន​ប្រាប់​ខ្ញុំ​ថា «គ្មាន​កន្លែង​ណា​ដែល​មាន​លក្ខណៈ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ធ្វើ​ការ​បម្រើ​ព្រះ​ឡើយ លើក​លែងតែ​កន្លែង​ដែល​ព្រះ​អង្គ​បាន​ដាក់​យើង​ឲ្យ​បម្រើ​ព្រះ​អង្គ​ប៉ុណ្ណោះ»។


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ រ៉ូម ១៥:១៧-៣៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៦៦-៦៧ និង​កិច្ចការ ២៣:១៦-៣៥

ប្រភេទ