នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ស្រឡាញ់អ្នកជិតខាងរបស់យើង

ស្រឡាញ់អ្នកជិតខាងរបស់យើង

ដោយDave Branon

August 6, 2025

យ៉ាកុប ១:១៩-២៧
បើអ្នករាល់គ្នាកាន់តាមក្រិត្យវិន័យដ៏ប្រសើរ ដូចមានបទគម្ពីរថា «ចូរឲ្យឯងស្រឡាញ់អ្នកជិតខាង ដូចជាខ្លួនឯង‍» នោះឈ្មោះថាប្រព្រឹត្តល្អហើយ។ យ៉ាកុប ២:៨
បន្ទាប់ពីព្យុះភ្លៀង នៅចុងរដូវក្តៅបានបក់បោកកាត់ទីក្រុងដែលខ្ញុំរស់នៅ យើងត្រូវជួសជុលផ្ទះដែលខូចខាត ដោយសារដើមឈើនៅជុំវិញផ្ទះរបស់យើង បន្ថែមពីលើការបោសសម្អាតស្លឹកឈើ និងមែកឈើ ដែលរាយប៉ាយ ក្នុងទីធ្លាផ្ទះ។ ខណៈពេលដែលខ្ញុំចំណាយពេល នៅថ្ងៃបន្ទាប់ ក្នុងការជួសជុល និងបោសសម្អាត ខ្ញុំក៏បានព្យាយាមនិយាយកំប្លែងតែម្នាក់ឯង ដោយនិយាយដដែលៗថា “យើងអត់មានដើមឈើទេ! យើងអត់មានដើមឈើទេ!” នេះជាការពិតមែន។ ក្រៅពីកូនដើមស្រល់៣ដើម ដែលជាកូនឈើកម្ពស់ជិត១ម៉ែត្រ គឺយើងគ្មានដើមឈើទេ។ ប៉ុន្តែ បន្ទាប់ពីព្យុះបានស្ងប់ ខ្ញុំបានចំណាយពេលជាច្រើនម៉ោង ក្នុងការបោសសម្អាតមែកឈើ និងស្លឹកឈើ ដែលបាក់ឬជ្រុះពីដើមឈើរបស់អ្នកជិតខាង។
សម្រាប់អ្នកជិតខាងរបស់យើង តើយើងមានការប្រាស្រ័យទាក់ទងពួកគេដូចម្តេចខ្លះ នៅពេលដែលយើងជួបការរំខានពីអ្វីដែលពួកគេបានធ្វើ ឬបានដាំដុះ? ទាក់ទងនឹងរឿងនេះ ព្រះគម្ពីរបានចែងច្បាស់យ៉ាងច្បាស់ថា “ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ” គឺបានចែងដូចនេះ៩ដង ក្នុងព្រះគម្ពីរប៊ីបទាំងមូល ដែលរាប់បញ្ចូលទាំងបទគម្ពីរ លេវីវិន័យ ១៩:១៨ ម៉ាថាយ ១៩:១៩ ម៉ាកុស ១២:៣១ កាឡាទី ៥:១៤ និង យ៉ាកុប ២:៨។ តាមពិត នេះជាព្រះរាជបញ្ជាធំជាងគេទីពីរ ដែលព្រះអង្គបានប្រទានយើង។ ក្រឹត្យវិន័យធំជាងគេទីមួយគឺ “‍ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង ហើយអស់អំពីគំនិតឯង”(លូកា ១០:២៧)។ គន្លឹះមួយ ដែលយើងអាចបង្ហាញក្តីស្រឡាញ់ដល់អ្នកជិតខាង គឺតាមរយៈរបៀបដែលយើងទំនាក់ទំនងជាមួយពួកគេ។ កណ្ឌគម្ពីរយ៉ាកុបក៏បានបង្រៀនអំពីរបៀបដែលយើងត្រូវទំនាក់ទំនងជាមួយពួកគេ ដោយ “ឆាប់នឹងស្ដាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ”(១:១៩)។ 
ការអនុវត្តន៍ដូចនេះ មិនតែងតែងាយស្រួលជានិច្ចឡើយ ព្រោះវាទាស់ប្រឆាំងនឹងនិស្ស័យសាច់ឈាមរបស់យើង។ ប៉ុន្តែ ការឆ្លើយតបទីមួយដែលយើងត្រូវមាន ចំពោះទង្វើរបស់ពួកគេ គឺត្រូវស្រឡាញ់ពួកគេឲ្យដូចខ្លួនឯង។ ដោយជំនួយមកពីព្រះអង្គ ចូរយើងបញ្ចេញពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ មកលើអ្នកជិតខាងរបស់យើង ដែលមិនគ្រាន់តែជាអ្នករស់នៅក្បែរយើងប៉ុណ្ណោះទេ តែក៏ជាអ្នកដែលយើងរស់នៅជាមួយ ធ្វើការជាមួយ និងចូលរួមសកម្មភាពផ្សេងៗជាមួយពួកគេផងដែរ។—Dave Branon

តើអ្នកជិតខាងមានអ្វីដែលរំខានដល់អ្នក? តើអ្នកអាចដោះស្រាយបញ្ហានេះ ដោយក្តីស្រឡាញ់ដូចម្តេចខ្លះ? 
ព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទូលបង្គំមានអ្នកជិតខាង ទោះនៅផ្ទះជាប់ទូលបង្គំ ឬជាមនុស្សដែលទូលបង្គំប្រាស្រ័យទាក់ទងជារៀងរាល់ថ្ងៃក៏ដោយ។ សូមព្រះអង្គជួយទូលបង្គំឲ្យស្រឡាញ់ពួកគេ តាមគំរូនៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧០-៧១ និង រ៉ូម ៨:២២-៣៩
 

ល្ងាច

នាំ​ឲ្យ​មាន​ការ​បែក​បាក់​ដ៏​ធំ  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

នាំ​ឲ្យ​មាន​ការ​បែក​បាក់​ដ៏​ធំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 6, 2025

«តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ឲ្យ​មាន​សេចក្តី​សុខ​សាន្ត​នៅ​ផែន​ដី​ឬអី? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិនមែន​ទេ គឺ​មក​ដើម្បី​ឲ្យ​កើត​ប្រតិបក្ស​វិញ​ទេតើ»(លូកា ១២:៥១)។

តើ​ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី​នាំ​សន្តិភាព ឬ​សេចក្តី​សុខ​សាន្ត​ដល់​ផែនដី​ដូច​ដែល​ទេវតា​បាន​ច្រៀង​សរសើរ​ព្រះ​អង្គ​នៅ​យប់​ណូអែល​ដំបូង(លូកា ២:១៤)? ឬ​ព្រះ​អង្គ​បាន​យាង​មក ដើម្បី​នាំមក​នូវ​ការ​បែកបាក់ ដូច​ដែល​ព្រះ​អង្គ​បាន​ប្រកាស​ដោយ​ផ្ទាល់​ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ?

ជា​ការ​ពិត​ណាស់ ព្រះ​អង្គ​បាន​យាង​មក​ដើម្បី​ប្រទាន​សន្តិភាព។ ជា​ដំបូង យើង​ចាំបាច់​ត្រូវ​ស្វែង​យល់ថា តើ​ព្រះ​អង្គ​ពិតជា​បាន​មាន​បន្ទូល​ផ្ទុយ​នឹង​ការ​ប្រកាស​របស់​ទេវតា​មែន​ឬ (ម៉ាថាយ ៥:៩)។ នៅពេល​ដែល​ព្រះ​អង្គ​បាន​ឆ្លើយ​សំណួរ​ខ្លួន​ឯង​ថា «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ឲ្យ​មាន​សេចក្តី​សុខ​សាន្ត​នៅ​ផែនដី​ឬ​អី? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិនមែន​ទេ»។ ជា​ការ​ពិត​ណាស់ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​ហាក់​ដូច​ជា​កំពុងតែ​មាន​បន្ទូល​ផ្ទុយ​នឹង​គោលបំណង​នៃ​ព្រះ​រាជ​កិច្ច​ទាំង​មូល​នៅ​លើ​ផែនដី ដោយ​ភ្ជាប់​អង្គ​ទ្រង់​ជាមួយ​នឹង​ការ​បែក​បាក់ និង​ជម្លោះ។ បើ​ដូច្នោះ​មែន តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​យល់​អំពី​ការ​អះអាង​របស់​ព្រះ​អង្គ​អំពី​ការ​ប្រទាន​សន្តិភាព​ផង និង​ការ​បាក់បែក​ផង? អត្ថន័យ​របស់​ព្រះបន្ទូល​ព្រះ​យេស៊ូវ​អំពី​ការ​នាំមក​នូវ​ការ​បែក​បាក់​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយនឹង​កិច្ចការ ដែល​ព្រះ​អង្គ​បាន​សម្រេច​នៅ​ក្នុង​ការ​ប្រទាន​សន្តិភាព។ ព្រះ​គម្ពីរ​បាន​ចែងថា «ដ្បិត​ឯ​ព្រះ​អង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដោយនូវ​ព្រះ​អង្គ​នោះ​ឯង»(២កូរិនថូស ៥:២១)។ ពេលណា​យើង​បាន​យល់​អំពី​ដំណឹង​ល្អ​នេះ​ហើយ យើង​ត្រូវតែ​មាន​ការ​ផ្លាស់​ប្តូរ ព្រោះ​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​អង្គ​បាន​ធ្វើ​មាន​ភាព​អស្ចារ្យ​ពេក​បានជា​យើង​មិន​អាច​ព្រងើយ​កន្តើយ​បាន​ទេ។

ពេលណា​យើង​បាន​ផ្លា​ស​ប្រែ​ស៊ី​ជម្រៅ​នៅ​ខាង​ក្នុង​ស្នូល​នៃ​វិញ្ញាណ​យើង​ហើយ យើង​ក៏​ផ្លាស់ប្រែ​គ្រប់​ផ្នែក​ទាំង​អស់ ដែល​មាន​ដូចជា គោល​តម្លៃ ការ​ផ្ដោត​គំនិត គោលបំណង និង​ក្តី​ស្រមៃ​របស់​យើង។ សព្វថ្ងៃ​នេះ យើង​មាន​សន្តិភាព​ជាមួយ​ព្រះអាទិករ​របស់​យើង​ហើយ ហើយ​យើង​អាច​រស់នៅ​ដោយ​សន្តិភាព​ជា​មួយ​ខ្លួនឯង​ដែរ។ ប៉ុន្តែ មិន​យូរ​មិន​ឆាប់ ការ​ផ្លាស់​ប្រែ​នេះ​នឹង​នាំមក​នូវ​ការ​បែក​បាក់។ បាន​សេចក្តី​ថា នៅ​ក្នុង​ការ​ចែក​ចាយ ការ​និយាយ និង​រស់នៅ​ស្រប​តាម​ការ​អស្ចារ្យ​នៃ​ការ​ផ្សះផ្សា​ជាមួយ​ព្រះ យើង​នឹង​ជួប​ការ​ស្អប់​ខ្ពើម ការ​ប្រឆាំង និង​ការ​កាត់​ទោស​ពី​អ្នក​ដទៃ ហើយ​ថែមទាំង​ពី​មនុស្ស​ក្នុង​គ្រួសារ​យើង នៅពេល​ខ្លះ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​ដាស់តឿន​យើង (លូកា ១២:៥២-៥៣)។

ការ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​ដើម្បី​នាំមក​នូវ​សន្តិភាព​បាន​បង្ហាញ​ឲ្យ​មនុស្ស​ដឹង​អំពី​ការ​បែក​បាក់ និង​ការ​ប៉ះ​ទង្គិច​រវាង​ព្រះអាទិករ និង​ស្នា​ព្រះ​ហស្ត​ដែល​មាន​រូប​ដូច​អង្គ​ទ្រង់ ដែល​បាន​កើត​មាន​តាំងពី​ពេល​ដែល​លោក អ័ដាម និង​នាង អេវ៉ា បាន​បះបោរ​ពី​ដំបូង។ ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​របស់​អ្នក​តាម​ការ​បង្គាប់​របស់​ព្រះ មិនមែន​តាម​ផ្លូវ​របស់​លោកីយ៍ ក៏បាន​បង្ហាញ​អំពី​ការ​បែក​បាក់​នេះ​ផង​ដែរ។ សម្រាប់​មនុស្ស​ភាគ​ច្រើន ការ​បែក​បាក់​បណ្តាល​មកពី​ការ​ជឿ​ព្រះ​គ្រីស្ទ គឺជា​ការ​ដក​ពិសោធន៍​នឹង​ការ​លំបាក និង​ការ​ឈឺ​ចាប់​ក្នុង​ជីវិត។

ប៉ុន្តែ យើង​រាល់​គ្នា​អាច​មាន​ក្តី​សង្ឃឹម​ដ៏​អស្ចារ្យ ព្រោះ​គោលបំណង​ធំ​បំផុត​របស់​ព្រះ​យេស៊ូវ គឺ​មិនមែន​ដើម្បី​បំបែក​បំបាក់ តែ​ដើម្បី​បង្កើត​ឲ្យ​មាន​ភាព​សុខដុម។ ព្រះ​គម្ពីរ​ប៊ីប​បាន​ចែង​ច្បាស់​ថា ព្រះ​អម្ចាស់​នៃ​សន្តិភាព​នឹង​បាន​សោយ​រាជ្យ​អស់​កល្ប​ជានិច្ច។ ទន្ទឹម​នឹង​នោះ ចូរ​យើង​កុំ​មាន​ការ​យល់​ច្រឡំ​ឡើយ ព្រោះ​ការ​ដើរ​តាម​ព្រះ​យេស៊ូវ​ត្រូវ​មាន​ការ​លះបង់ ដែល​យើង​អាច​ធ្វើ​បាន​ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ ដោយ​អំណរ ខណៈ​ពេល​ដែល​យើង​ហ៊ាន​ប្រឈម​មុខ​ដាក់​ការ​បែក​បាក់ ដើម្បី​នាំ​អ្នក​ដទៃ​ឲ្យ​ស្គាល់​សន្តិភាព​ដែល​ព្រះ​បាន​ប្រទាន។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កិច្ចការ ១៧:១-១៥
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៧០-៧១ និង​កិច្ចការ ២៥

ប្រភេទ