ព្រឹក

ដើរក្នុងពន្លឺព្រះគ្រីស្ទ
ដោយPatricia Raybon
August 7, 2025
អេភេសូរ ៥:៨-១៥
ចូរដើរដូចជាមនុស្សភ្លឺចុះ។ អេភេសូរ ៥:៨
បន្ទប់សណ្ឋាគារ ដែលលោកធីម(Tim) ស្នាក់នៅ ហាក់ដូចជាងងឹតខុសពីធម្មតា នៅពេលយប់។ ចុះបើសិនជាគាត់ត្រូវក្រោកនៅពេលយប់ ហើយរអិលដួល ដោយសារគាត់មិនអាចមើលឃើញអ្វីៗនៅជុំវិញគាត់? ប៉ុន្តែ នៅពេលដែលគាត់ក្រោកឡើង គាត់មានការភ្ញាក់ផ្អើល ដែលបានឃើញពន្លឺភ្លើងបាញ់ចេញពីក្រោមគ្រែរបស់គាត់ ដើម្បីបំភ្លឺផ្លូវគាត់។ អំពូលភ្លើងនោះមានឧបករណ៍តាមដានចលនា ដែលធ្វើឲ្យវាភ្លឺដោយស្វ័យប្រវត្តិ។ ទោះជាយ៉ាងណាក៏ដោយ វាភ្លឺតែនៅពេលដែលគាត់ក្រោកឡើង ហើយចាប់ផ្តើមដើរប៉ុណ្ណោះ។
ព្រះគម្ពីរប៊ីបបានចែងថា យើងត្រូវដើរតាមពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះ ដោយស្ម័គ្រពីចិត្ត។ គឺដូចដែលសាវ័កប៉ុលបានប្រាប់អ្នកជឿថ្មី នៅទីក្រុងអេភេសូរថា “ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា ហើយដើរក្នុងសេចក្ដីស្រឡាញ់ ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើង”(អេភេសូរ ៥:១-២)។ តើយើងត្រូវដើរក្នុងសេចក្តីស្រឡាញ់ ដូចម្តេចខ្លះ?
ខណៈពេលដែលយើងបោះជំហាន ចូលទៅក្នុងពន្លឺសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ យើងងាកចេញពីបាបរបស់យើង ដែលអាចរាប់បញ្ចូលអំពើអសីលធម៌ ស្មោកគ្រោក ការថ្វាយបង្គំរូបព្រះ និងការលោភចង់បានរបស់ទ្រព្យអ្នកដទៃ។ “កុំឲ្យប្រកបក្នុងការឥតផលប្រយោជន៍របស់សេចក្ដីងងឹតឡើយ ស៊ូបន្ទោសវិញ”(ខ.១១)។ ការថ្វាយបង្គំរូបព្រះមានការពេញនិយមយ៉ាងខ្លាំង នៅទីក្រុងអេភេសូរ ប៉ុន្តែ ការបង្រៀនរបស់សាវ័កប៉ុលបាននាំអ្នកជឿថ្មី ឲ្យដើរក្នុងផ្លូវនៃពន្លឺវិញ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ដ្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញ បានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរដូចជាមនុស្សភ្លឺចុះ”(ខ.៨)។ គាត់មានប្រសាសន៍ទៀតថា “ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្ដីសុចរិតនឹងសេចក្ដីពិត ចូរលមើលឲ្យដឹងសេចក្ដីអ្វី ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចុះ”(ខ.៩-១០)។
តើយើងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? ពន្លឺរបស់ព្រះយេស៊ូវនឹងភ្លឺមកលើយើង(ខ.១៤) ក៏ដូចជាបំភ្លឺផ្លូវរបស់យើង។ សាវ័កប៉ុលមានប្រសាសន៍ជាសន្និដ្ឋានថា “ត្រូវប្រយ័តដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា”(ខ.១៥)។ ពេលណាយើងដើរក្នុងពន្លឺរបស់ព្រះគ្រីស្ទ ដោយទុកចិត្តព្រះអង្គ យើងនឹងបានធ្វើជាព្រះពរសម្រាប់អ្នកដទៃ ដោយចង្អុលបង្ហាញពួកគេ ឲ្យងាកទៅរកព្រះអង្គ ដែលជាប្រភពនៃពន្លឺពិតប្រាកដ។—Patricia Raybon
តើអ្នកដើរ ក្នុងពន្លឺរបស់ព្រះគ្រីស្ទ យ៉ាងសកម្មដូចម្តេចខ្លះ? តើព្រះអង្គបានបញ្ចាំងពន្លឺ
នៅលើផ្លូវដែលព្រះអង្គដឹកនាំឲ្យអ្នកដើរ ដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ លោកិយមានពេញដោយភាពងងឹត។ សូមព្រះអង្គចែងចាំងពន្លឺ ក្នុងទូលបង្គំ។
Visit ODBU.org/NT244 to hear Paul’s words of wisdom in this study on Ephesians.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧២-៧៣ និង រ៉ូម ៩:១-១៥
ប្រភេទ
ល្ងាច

យើងត្រូវការការអស្ចារ្យ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 7, 2025
«ដ្បិតព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ គឺជាព្រះបន្ទូលដ៏រស់ ហើយនៅជាប់លាប់ ព្រោះគ្រប់ទាំងមនុស្សប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ រីឯធម្មតាស្មៅ នោះតែងតែក្រៀមស្វិត ហើយផ្កាក៏រោយរុះទៅ តែឯព្រះបន្ទូលនៃព្រះអម្ចាស់ នោះនៅជាប់អស់កល្បជានិច្ចវិញ»(១ពេត្រុស ១:២៣-២៥)។
ដំណឹងល្អមិនមែនជាដំណឹងដែលលើកទឹកចិត្តមនុស្សដែលមានបំណងល្អ ឲ្យបន្ថែមជំនឿសាសនាពីលើការរស់នៅរបស់ពួកគេនោះទេ។ ព្រោះព្រះបន្ទូលព្រះនិយាយទៅកាន់ចិត្តដែលបះបោរ ហើយបង្គាប់ឲ្យមានការស្តាប់បង្គាប់។ ព្រះបន្ទូលព្រះជាពាក្យ ដែលប្រោសមនុស្សស្លាប់ឲ្យមានជីវិត។
តើការនេះអាចសម្រេចទៅបានដោយរបៀបណា? គឺដោយព្រះវិញ្ញាណនៃព្រះ។ ការនាំឲ្យមានជីវិតថ្មី គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលមិនអាចសម្រេចបានតាមផ្លូវ ឬមធ្យោបាយផ្សេងទេ។ តាមនិស្ស័យសាច់ឈាមរបស់យើង យើងរាល់គ្នាសុទ្ធតែទាស់ប្រឆាំងនឹងព្រះ។ គ្មាននរណាចង់ស្វែងរកព្រះអង្គទេ (រ៉ូម ៣:១១)។ ទោះខ្ញុំហៅខ្លួនឯងថា មនុស្សដែលមិនជឿ ហើយក៏មិនបដិសេធថា ព្រះមានពិតមែន ឬជាអ្នកស្វែងរកព្រះ ឬក៏ជាអ្នកបើកចំហចិត្ត ក៏តាមពិតខ្ញុំកំពុងតែបះបោរទាស់នឹងព្រះអង្គ។ ហើយព្រះអង្គបានបង្គាប់មនុស្សគ្រប់ទិសទីឲ្យប្រែចិត្ត (កិច្ចការ ១៧:៣០)។ ព្រះអង្គបានហៅមនុស្សម្នាក់ៗឲ្យសម្រេចចិត្តងាកចេញពីបាប និងការមិនស្តាប់បង្គាប់ ហើយបែរមករកការគ្រប់គ្រងរបស់ព្រះអង្គវិញ។
បើគ្មានការអស្ចារ្យទេ យើងមិនអាចធ្វើបានទេ។ បើព្រះអង្គទុកឲ្យយើងជួយខ្លួនឯង យើងនឹងស្លាប់ ហើយគ្មានសង្ឃឹមអស់កល្បជានិច្ច។ ប៉ុន្តែ អរព្រះគុណព្រះអង្គ ដែលព្រះវិញ្ញាណរបស់ព្រះអង្គធ្វើការអស្ចារ្យនេះ ក្នុងជីវិតយើង។ ជីវិតថ្មីគឺជាសមិទ្ធផល ដែលដែលព្រះអង្គសម្រេចបានមិនមែនជាអ្វីដែលយើងបណ្តាលឲ្យកើតមានទេ។ ព្រះវិញ្ញាណបណ្តាលចិត្តយើងទទួលស្គាល់បាប ហើយជឿថា ព្រះយេស៊ូវសម្រេចការនេះ ដោយការសុគតនៅលើឈើឆ្កាងរួចហើយ។
ព្រះវិញ្ញាណចែងច្បាស់ថា កាលយើងកំពុងស្លាប់ក្នុងបាប ព្រះអង្គបានធ្វើឲ្យយើងមានជីវិតរស់ក្នុងព្រះគ្រីស្ទ (អេភេសូរ ២:១-៥)។ ព្រះវិញ្ញាណជួយឲ្យយើងយល់ដឹង អំពីបញ្ហាកប់យ៉ាងជ្រៅដែលយើងមានពីកំណើតមក ហើយយើងមិនអាចដោះស្រាយដោយខ្លួនឯងបាន។ បានជាយើងត្រូវការការអស្ចារ្យ ដែលមានតែព្រះទេដែលអាចធ្វើបាន ដោយប្រទានយើងនូវជីវិតថ្មី ដោយសង្គ្រោះយើង ដោយព្រះគុណព្រះអង្គ។
សាវ័ក ពេត្រុស បានរំឭកយើងថា អ្វីៗគ្រប់យ៉ាងដែលយើងមាន កំពុងតែក្រៀមស្វិតដូចស្មៅ និយាយរួម យើងរាល់គ្នានឹងវិនាសនៅថ្ងៃណាមួយ។ ប៉ុន្តែ ព្រះវិញ្ញាណបានដាំគ្រាប់ពូជម្យ៉ាងនៅក្នុងយើង ដែលបង្កើតផលផ្លែមិនចេះសាបសូន្យ ហើយនឹងចម្រើនឡើងអស់កល្បជានិច្ច ជាជីវិតដែលបានកើតជាថ្មី តាមរយៈដំណឹងល្អ។ ព្រះបន្ទូលព្រះស្ថិតស្ថេរអស់កល្ប ហើយជីវិតរបស់អ្នកដែលបានកើតជាថ្មី ដោយសារកិច្ចការព្រះវិញ្ញាណ ក៏ស្ថិតស្ថេរផងដែរ។
កាលណាការផ្លាស់ប្រែនេះកើតឡើងហើយ យើងនឹងឈប់គិតថា ព្រះគម្ពីរប៊ីបគ្រាន់តែជាសៀវភៅប្រវត្តិសាស្ត្រ ឬរឿងលើកទឹកចិត្តទៀតហើយ។ ដោយសារកិច្ចការនៃព្រះវិញ្ញាណ ការផ្លាស់ប្រែនេះក្លាយជាពន្លឺបញ្ចាំងឲ្យគេបានស្គាល់ជីវិតពិត ហើយភ្នែកយើងក៏បានបើកឲ្យស្គាល់ព្រះជានរណា។ យើងសិក្សាព្រះគម្ពីរប៊ីប ដើម្បីមើលឃើញ និងស្គាល់ព្រះដែលបានសង្គ្រោះយើង ហើយយើងនឹងបាននៅជាមួយព្រះអង្គអស់កល្បជានិច្ច។
ដូចនេះ សូមឲ្យសេចក្តីស្រឡាញ់ព្រះយេស៊ូវនាំអ្នកចូលទៅរកព្រះអង្គ។ សូមឲ្យក្តីអំណររបស់ព្រះយេស៊ូវជួយអ្នកឲ្យអាចបម្រើព្រះអង្គ។ សូមឲ្យសន្តិភាព និងការស្កប់ចិត្ត ដែលកើតឡើងពីការស្គាល់ព្រះយេស៊ូវនាំឲ្យអ្នកមានភាពនឹងនរ និងច្បាស់លាស់ ខណៈពេលដែលអ្នកជញ្ជឹងគិតអំពីកន្លែងដែលអ្នកបានទៅដល់ និងពិចារណាថា អ្នកជានរណា ហើយជញ្ជឹងគិតអំពីកន្លែងដែលយើងនឹងទៅដល់បន្ទាប់ពីស្លាប់។ រូបសាច់របស់អ្នកនៅផែនដីនឹងស្លាប់ ប៉ុន្តែព្រះអង្គនឹងប្រោសអ្នកឲ្យរស់នៅអស់កល្បជានិច្ច។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១១៩:៦៥-៨០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៧២-៧៣ និងកិច្ចការ ២៦