នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ជួយមនុស្សដែលគេសង្កត់សង្កិន

ជួយមនុស្សដែលគេសង្កត់សង្កិន

ដោយAmy Boucher Pye

August 8, 2025

យេរេមា ២២:១-៥
ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ។ យេរេមា ២២:៣
អ្នកស្រី យ៉ូសែហ្វ៊ីន បាត់ល័រ(Josephine Butler) ជាភរិយារបស់គ្រូគង្វាលដ៏ល្បីល្បាញ បានធ្វើយុទ្ធនាការ ទាមទារសិទ្ធិឲ្យស្ត្រី ដែលគេបានចោទប្រកាន់ថាជា “ស្ត្រីរកស៊ីផ្លូវភេទ” (ភាគច្រើនដោយអយុត្តិធម៌) គឺអ្នកដែលគេឲ្យតម្លៃទាបថោកបំផុតក្នុងសង្គម។ ដោយការជំរុញចិត្តពីសេចក្តីជំនឿដ៏រឹងមាំលើព្រះ គាត់បានប្រយុទ្ធប្រឆាំងនឹងច្បាប់ការពារជំងឺឆ្លងរបស់ប្រទេសអង់គ្លេស អស់រយៈពេលជាច្រើនឆ្នាំ ក្នុងទសវត្សរ៍ឆ្នាំ១៨៦០ ដែលបានតម្រូវឲ្យស្ត្រីទៅពិនិត្យសុខភាព តាមរបៀបដ៏សាហាវ និងធ្វើឲ្យបាត់បង់ភាពថ្លៃថ្នូរ។ 
នៅឆ្នាំ១៨៨៣ ក្នុងអំឡុងពេលការជជែកវែកញែក ក្នុងរដ្ឋសភា អំពីការលុបច្បាប់នេះចោល គាត់បានចូលរួមអធិស្ឋានជាមួយស្ត្រី ក្នុងព្រះវិហារវេសមីនស្ទ័រ។ គាត់មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញ “ស្ត្រីវេទនាមានសំលៀកបំពាក់កណ្តាច មកពីតំបន់អនាធិបតេយ្យ” បានចូលរួមជាមួយ “ស្ត្រីអភិជន” កំពុងអធិស្ឋាន ដោយខ្សឹកខ្សួល ទូលសូមព្រះអម្ចាស់ការពារមនុស្សដែលងាយរងគ្រោះ។ ពួកគេមានអំណរយ៉ាងខ្លាំង នៅពេលដែលគេសម្រេចលុបច្បាប់នោះចោល។ 
ការអំពាវនាវរបស់អ្នកស្រីយូសេហ្វ៊ីន ឲ្យប្រព្រឹត្តដោយយុត្តិធម៌ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យពេចន៍របស់ហោរាយេរេមា ដែលបាននាំព្រះរាជសាររបស់ព្រះ ទូលថ្វាយពួកស្តេចអាក្រក់។ ហោរាយេរេមាមានប្រសាសន៍ថា “ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំឲ្យរឹបជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រានឹងស្រីមេម៉ាយឡើយ”(យេរេមា ២២:៣)។ ព្រះទ្រង់សព្វព្រះទ័យនឹងការពារមនុស្ស ដែលមិនអាចការពារខ្លួនឯងទាស់ប្រឆាំងនឹងមនុស្សមានអំណាចបាន។ 
ព្រះអម្ចាស់ក៏អាចជំរុញចិត្តយើងឲ្យជួយអ្នកទន់ខ្សោយផងដែរ ដោយជួយយើងឲ្យមើលឃើញភាពមិនស្មើគ្នា ហើយតស៊ូមតិ និងចាត់វិធានការទាស់ប្រឆាំងអំពើអយុត្តិធម៌។ ព្រះដែលស្អប់ការគាបសង្កត់ ទ្រង់ចម្រើនកម្លាំងយើង ឲ្យស្វែងរកយុត្តិធម៌ និងការពារជនទន់ខ្សោយ។—Amy Boucher Pye

តើការដើរតាមព្រះ មានផលប៉ះពាល់យ៉ាងណា មកលើរបៀបដែលអ្នកប្រព្រឹត្តចំពោះជនទន់ខ្សោយ 
និងងាយរងគ្រោះ? តើព្រះទ្រង់អាចប្រើអ្នក ឲ្យការពារអ្នកដែលគេសង្កត់សង្កិនដូចម្តេចខ្លះ? 
ឱព្រះប្រកបដោយព្រះគុណ ព្រះអង្គស្រឡាញ់ និងយកព្រះទ័យទុកដាក់ ចំពោះមនុស្សទន់ខ្សោយ ក៏ដូចជាមនុស្សមានអំណាច។
សូមព្រះអង្គជួយទូលបង្គំ ឲ្យចែកចាយអំពីសេចក្តីស្រឡាញ់ និងព្រះគុណរបស់ព្រះអង្គដល់ពួកគេ។
For further study, read Walk with Me: Traveling with Jesus and Others on Life’s Road at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧៤-៧៦ និង រ៉ូម ៩:១៦-៣៣
 

ល្ងាច

នឹក​ចាំ​អំពី​សេចក្តី​មេត្តា​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

នឹក​ចាំ​អំពី​សេចក្តី​មេត្តា​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 8, 2025

«រីឯ​ព្រះបន្ទូល​នៃ​ព្រះ​យេហូវ៉ា​បាន​មក​ដល់​យ៉ូណាស​ជា​កូន​អ័មីថាយ​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​នីនីវេ ជាទី​ក្រុង​ធំ ហើយ​ស្រែក​ប្រកាស​ទាស់​នឹង​ក្រុង​នោះ ពីព្រោះ​អំពើ​អាក្រក់​របស់​គេ​បាន​សាយ​ឡើង​នៅ​ចំពោះ​មុខ​អញ​ហើយ ប៉ុន្តែ​យ៉ូណាស លោក​ក្រោក​ឡើង រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ដើម្បី​ឲ្យ​រួចពី​ព្រះ​ភក្ត្រ​នៃ​ព្រះយេហូវ៉ា»(យ៉ូណាស ១:១-៣)។

ព្រះ​អម្ចាស់​សប្បាយ​ព្រះទ័យ​ក្នុង​ការ​សង្គ្រោះ​រាស្ត្រ​ព្រះ​អង្គ។ 
កាល​ព្រះ​អង្គ​បង្គាប់​លោក យ៉ូណាស ជា​អ្នក​បម្រើ​ឲ្យ​ទៅ​ទីក្រុង​នីនីវេ ហើយ​ប្រកា​ស​ព្រះ​បន្ទូល​ឲ្យ​ទីក្រុង​នេះ​ប្រែចិត្ត​ចេញពី​ការ​អាក្រក់ ហោរា​ដែល​កំពុង​មាន​ចិត្ត​ស្ទាក់ស្ទើរ​នេះ​បាន​ទទួល​ស្គាល់​ថា ប្រជាជន​នៅ​ទីនោះ​អាច​ប្រែ​ចិត្ត​ចេញពី​ការ​អាក្រក់ ហើយ​ព្រះអម្ចាស់​នឹង​ឆ្លើយតប ដោយ​សេចក្តី​មេត្តា (យ៉ូណាស ៤:២)។ គាត់​ដឹង​ថា ព្រះ​អម្ចាស់​ជា «យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្តា​ករុណា ហើយ​ទន់​សន្តោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស និង​សេចក្តី​ទៀង​ត្រង់​ជា​បរិបូរ ទ្រង់​មាន​សេចក្តី​មេត្តា​ករុណា​ដល់​មនុស្ស​ទាំង​ពាន់ ក៏​អត់​ទោស​ចំពោះ​សេចក្តី​ទុច្ចរិត សេចក្តី​រំលង និង​អំពើបាប ប៉ុន្តែ​ទ្រង់​មិន​រាប់​មនុស្ស​មាន​ទោស​ទុកជា​ឥត​ទោស​ឡើយ»(និក្ខមនំ ៣៤:៦-៧)។ គាត់​បាន​ដឹង​សេចក្តី​ពិត​ដែល​ថា ថ្ងៃ​មួយ​ព្រះ​ទ្រង់​នឹង​មាន​បន្ទូល​តាម​ហោរា​យេរេមា​ថា «នៅ​វេលា​ណា​ដែល​អញ​និយាយ​ពី​ដំណើរ​សាសន៍​ណា ឬ​នគរ​ណា​ថា នឹង​ដក​រំលើង​គេ ព្រម​ទាំង​រំលំ ហើយ​បំផ្លាញ​ផង។ បើសិន​ជា​នគរ​ដែល​អញ​បាន​និយាយ​នោះ នឹង​បែរ​ចេញពី​អំពើ​អាក្រក់​របស់​ខ្លួន នោះអញ​នឹង​ប្រែ​គំនិត​ចេញពី​ការ​អាក្រក់ ដែល​អញ​បាន​គិត​ធ្វើ​ដល់​គេ​ក្នុង​វេលា​នោះ​ឯង»(យេរេមា ១៨:៧-៨)។

ហោរា យ៉ូណាស ដឹង​ថា ព្រះ​អម្ចាស់​មាន​ព្រះទ័យ​មេត្តា តែ​គាត់​បាន​បដិសេធន៍​មិន​ព្រម​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អង្គ។ តើ​ហេតុ​អ្វី? គាត់​ប្រហែល​ជា​គ្រាន់តែ​មិន​ចូល​ចិត្ត​ប្រជាជន​នៅ​ទីក្រុង​នីនីវេ ហើយ​នៅ​សម័យ​នោះ គេ​ឮ​ល្បី​ថា ប្រជាជន​នៅ​ទីក្រុង​នីនីវេ ជា​មនុស្ស​ថ្វាយបង្គំ​ព្រះ​ដទៃ ពួក​គេ​កាច​សាហាវ និង​មាន​ហិង្សា ហើយ​ជា​ខ្មាំង​សត្រូវ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​របស់​ប្រជាជន​អ៊ីស្រាអែល។ ហោរា យ៉ូណាស មិន​ចង់​ឲ្យ​ព្រះ​អម្ចាស់​ទុក​ជីវិត​ឲ្យ​ពួកគេ​ទេ។ ហេតុ​នេះ​ហើយ ក្រោយមក​នៅពេល​ដែល​ប្រជាជន​នៅ​ទីក្រុង​នីនីវេ​បាន​ងាក​បែរ​ចេញពី​ការ​អាក្រក់ «ការ​នោះ​ជាទី​ទំនាស់​ចិត្ត​ដល់​យ៉ូណាស​យ៉ាង​ក្រៃ​លែង ហើយ​លោក​ក៏​ខឹង»(យ៉ូណាស ៤:‌១)។ ហោរា យ៉ូណាស យល់​ឃើញ​ថា ពួកគេ​សមនឹង​ទទួល​ការ​ជំនុំជម្រះ​ពី​ព្រះ។ គាត់​គិត​ត្រូវ! ប៉ុន្តែ អរ​ព្រះគុណ​ព្រះ​អង្គ ដែល​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជា​ជាតិ ទីក្រុង និង​បុគ្គល​ម្នាក់ៗ​តាម​ផ្លូវ​របស់​ព្រះ​អង្គ តែ​មិន​តាម​ផ្លូវ​យើង។ ព្រះ​អង្គ​មាន​សព្វ​ព្រះទ័យ​នឹង​បង្ហាញ​សេចក្តី​មេត្តា គឺ​មិន​ចង់​ឲ្យ​ពួកគេ​វិនាស​ឡើយ។

សេចក្តី​អាណិត​ដែល​ព្រះ​អង្គ​មាន​ចំពោះ​ប្រជាជន​នៅ​ទីក្រុង​នីនីវេ គឺ​បាន​រំឭក​យើង​ថា ព្រះ​អង្គ​មិន​សព្វ​ព្រះទ័យ​ឲ្យ​នរណា​ម្នាក់​វិនាស​ទេ ហើយ​ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​ជួយ​សង្គ្រោះ​មនុស្ស ជា​ពិសេស​អ្នក​ដែល​ហាក់​ដូចជា​សមនឹង​វិនាស​បំផុត (២ពេត្រុស ៣:៩)។ លោក យ៉ូណាស ចង់​ប្រកា​ស​ព្រះបន្ទូល តែ​នៅ​កន្លែងណា​ដែល​គាត់​ចង់​ប្រកាស និង​ទៅ​កាន់​មនុស្ស​ណា​ដែល​គាត់​ចង់​ប្រកា​ស​ប្រាប់​ប៉ុណ្ណោះ។ ប៉ុន្តែ ដំណឹង​ល្អ​គឺ​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា គ្រប់​ទី​កន្លែង។ សព្វថ្ងៃ​នេះ ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​មិនមែន​សម្រាប់​តែ​មនុស្ស «មាន​អាកប្ប​កិរិយា​ល្អ» ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​មនុស្ស​មាន​រូប​សម្បត្តិ ការ​ប្រព្រឹត្ត និង​ការ​គិត​ដូច​យើង​ផង​ដែរ។ ជា​ការ​ពិត​ណាស់ ព្រះ​យេស៊ូវ​បាន​បង្គាប់​អ្នក​ដើរ​តាម​ព្រះ​អង្គ​ថា «ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍»(ម៉ាថាយ ២៨:១៩)។

ព្រះ​អង្គ​មាន​សេចក្តី​មេត្តា​លើស​លប់! ព្រះ​អង្គ​មាន​ព្រះទ័យ​អាណិត​នៅ​ក្នុង​ការ​តាម​ជួយ​សង្គ្រោះ​មនុស្ស​ដែល​មាន​អំនួត រឹង​ទទឹង និង​ល្មើស​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ គឺ​មនុស្ស​ដូច​អ្នក និង​ខ្ញុំ។ ព្រះ​អង្គ​ត្រាស់ហៅ​យើង ឲ្យ​មាន​ចិត្ត​ឧស្សាហ៍​នៅ​ក្នុង​ការ​នាំ​សេចក្តី​សង្គ្រោះ​ទៅដល់​មនុស្ស​ដែល​កំពុង​វិនាស និង​មើលថែ​មនុស្ស​ដែល​កំពុង​ស្លាប់ ហើយ​ប្រាប់​ពួកគេ​អំពី​ព្រះយេស៊ូវ ជា​ព្រះ​មាន​ចេស្ដា ដែល​អាច​ជួយ​សង្គ្រោះ។1 ព្រះ​ត្រៃឯក​សព្វ​ព្រះទ័យ​នឹង​ជួយ​សង្គ្រោះ​មនុស្ស​មាន​បាប គឺ​សព្វ​ព្រះទ័យ​ខ្លាំង​ល្មម​នឹង​យាង​ចុះ​មក ហើយ​សុគត​ជំនួស​ពួកគេ។ តើ​អ្នក​មាន​ចិត្ត​ដូច​ព្រះ​អង្គ​ទេ? បើ​អ្នក​មាន​មែន នោះ​អ្នក​ក៏​នឹង​មាន​ចិត្ត​ចង់​ឲ្យ​មនុស្ស​នៅ​ជុំ​វិញ​អ្នក​បាន​សង្គ្រោះ​ផង​ដែរ។ ទោះ​ពួកគេ​ជា​នរណា ហើយ​បាន​ធ្វើ​អ្វី​ក៏ដោយ គឺ​ល្មម​នឹង​ចេញទៅ ហើយ​ចែកចាយ​អំពី​ព្រះ​គ្រីស្ទ​ដល់​ពួកគេ។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១កូរិនថូស ៩:១៩-២៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៧៤-៧៦ និង​កិច្ចការ ២៧:១-២៦

ប្រភេទ