នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

លោកអារីស្តូតចូលតុជាមួយ

លោកអារីស្តូតចូលតុជាមួយ

ដោយSheridan Voysey

August 9, 2025

ម៉ាថាយ ២៦:២៦-២៩
ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្ដាច់បាប។ ម៉ាថាយ ២៦:២៨
លោកអារីស្តូត(Aristotle) ជាអ្នកប្រាជ្ញទស្សនវិជ្ជាក្រិក បានមានប្រសាសន៍ថា គ្មាននរណាអាចធ្វើជាមិត្តសំឡាញ់របស់ព្រះណាមួយបានទេ។ ហេតុអ្វីគាត់និយាយដូចនេះ? ព្រោះគាត់យល់ឃើញថា មិត្តភាពតម្រូវឲ្យមានភាពស្មើគ្នា ហើយតើមានព្រះឯណាដែលព្រមចុះចេញពីបល្ល័ង្កនៅស្ថានសួគ៌ ដើម្បីឲ្យមានភាពស្មើគ្នាជាមួយមនុស្សដ៏តូចទាប?
ខ្ញុំឆ្ងល់ថា តើលោកអារីស្តូតនឹងធ្វើដូចម្តេច បើសិនជាគាត់មានវត្តមាន នៅក្នុងពេលដែលព្រះយេស៊ូវធ្វើពិធីលៀងព្រះអម្ចាស់(ម៉ាថាយ ២៦:២៦-៣៥)។ នៅពេលនោះ ព្រះយេស៊ូវ ជាព្រះដែលបានបង្កើតមនុស្សទាំងអស់ បានយាងចុះពីឋានៈនៅស្ថានសួគ៌ ដើម្បីយកកំណើតជាមនុស្សដ៏តូចទាប(ភីលីព ២:៦-៨ កូល៉ុស ១:‌១៦) ព្រះអង្គបានប្រាប់ពួកសាវ័កថា ព្រះអង្គមិនហៅពួកគេថា អ្នកបម្រើទៀតទេ តែហៅថា មិត្តសំឡាញ់វិញ(យ៉ូហាន ១៥:‌១៥)។ 
លោកអារីស្តូតមុខជាមានការភ្ញាក់ផ្អើល ចំពោះមនុស្សដែលកំពុងអង្គុយនៅតុជាមួយព្រះអង្គ ដែលមានដូចជា លោកម៉ាថាយ ជាអ្នកយកពន្ធឲ្យចក្រភពរ៉ូម៉ាំង និងលោកស៊ីម៉ូន ជាពួកបះបោរប្រឆាំងចក្រភពរ៉ូម៉ាំង(ម៉ាថាយ ១០:៣-៤) ព្រមទាំងលោកយ៉ាកុប និងលោកយ៉ូហាន ជា “កូនផ្គរលាន់”(ម៉ាកុស ៣:១៧) កំពុងអង្គុយនៅក្បែរលោកភីលីព ជាមនុស្សស្ងប់ស្ងាត់។ ខ្ញុំស្រមៃថា ពេលនោះលោកអារីស្តូតកំពុងមើល ដោយការងឿងឆ្ងល់ ខណៈពេលដែលព្រះយេស៊ូវពិពណ៌នាថា នំប៉័ង និងស្រាទំពាំងបាយជូរ គឺជានិមិត្តរូបតំណាងឲ្យព្រះកាយ និងព្រះលោហិតរបស់ព្រះអង្គ ដែលត្រូវកាច់ និងចាក់ ដើម្បី “អត់ទោសបាប”(ម៉ាថាយ ២៦:២៦-២៨)។ គាត់ប្រហែលជាឆ្ងល់ថា តើមានព្រះណាដែលស្ម័គ្រព្រះទ័យសុគត សម្រាប់មនុស្សធម្មតា និងថែមទាំងសម្រាប់អ្នកដែលនឹងបោះបង់ចោលព្រះអង្គ ក្នុងពេលខ្លីខាងមុខ(ខ.៥៦)? 
អ្វីដែលព្រះអង្គបានធ្វើនេះ គឺជាមូលហេតុដែលពិធីលៀងព្រះអម្ចាស់ មានសារៈសំខាន់យ៉ាងខ្លាំង។ តាមរយៈព្រះយេស៊ូវ ព្រះបានក្លាយជាមិត្តសំឡាញ់ជាមួយមនុស្ស ហើយបង្កើតឲ្យមានមិត្តភាពរវាងមនុស្សដែលមាននិន្នាការនយោបាយ និងអត្តចរិតផ្សេងគ្នា។ ខណៈពេលដែលយើងធ្វើពិធីលៀងព្រះអម្ចាស់ ចូរយើងអបអរព្រះដែលបង្កើតច្បាប់ថ្មីសម្រាប់មិត្តភាពរវាងមនុស្សមានបាប និងព្រះដ៏បរិសុទ្ធ។—Sheridan Voysey

តើព្រះយេស៊ូវបានកែប្រែច្បាប់សម្រាប់មិត្តភក្តិ នៅត្រង់ចំណុចណាទៀត? 
តើគំរូរបស់ព្រះអង្គ ជួយឲ្យអ្នកឆ្លងកាត់រនាំងនៃទំនាក់ទំនង ក្នុងពេលសព្វថ្ងៃ ដូចម្តេចខ្លះ? 
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើឲ្យទូលបង្គំ ក្លាយជាមិត្តសំឡាញ់របស់ព្រះអង្គ និងអ្នកដទៃ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧៧-៧៨ និង រ៉ូម ១០

ល្ងាច

ការ​មិន​ស្តាប់​បង្គាប់ និង​ការ​ស្ទាក់ស្ទើរ  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​មិន​ស្តាប់​បង្គាប់ និង​ការ​ស្ទាក់ស្ទើរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 9, 2025

«យ៉ូណាស លោក​ក្រោក​ឡើង រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ដើម្បី​ឲ្យ​រួចពី​ព្រះ​ភក្ត្រ​នៃ​ព្រះយេហូវ៉ា គឺ​លោក​ចុះទៅ​ដល់​ក្រុង​យ៉ុបប៉េ​បាន​ប្រទះ​នឹង​នាវា១ ដែល​រៀប​ចេញ​ទៅ​ឯ​ក្រុង​តើស៊ីស នោះ​លោក​ចេញ​ប្រាក់​ជា​ដំឡៃ​ជិះ រួច​ក៏​ចុះ​នាវា​នោះ ដើម្បី​ទៅ​ឯ​តើស៊ីស​ជាមួយ​នឹង​គេ​ឲ្យ​រួចពី​ព្រះ​ភក្ត្រ​ព្រះ​យេហូវ៉ា» (យ៉ូណាស ១:៣)។

ជានិច្ច​កាល ដំណើរ​នៃ​ការ​មិន​ស្អាប់​បង្គាប់ គឺជា​ដំណើរ​ដាំ​ក្បាល​ចុះ​ក្រោម ទាល់តែ​ព្រះ​ទ្រង់​ចូល​ធ្វើ​អន្តរាគមន៍។ ក្នុង​ដំណើរ​ដែល​ហោរា យ៉ូណាស ប្រញាប់​រត់​គេច​ពី​ព្រះ​រាជ​បញ្ជា​របស់​ព្រះអម្ចាស់ ឲ្យ​ទៅ​ផ្សាយ​ព្រះ​បន្ទូល​នៃ​កា​ប្រែ​ចិត្ត ទៅ​ដល់​ទីក្រុង​នីនីវេ គាត់​បាន​ចុះទៅ​ដល់​ក្រុង​យ៉ុបប៉េ រួច​ឡើងជិះ​សំពៅ​ទៅ​កាន់​ទឹកដី​មួយ តែ​នៅ​តាម​ផ្លូវ គាត់​ត្រូវ​ត្រី​ធំ​លេប​ចូល​ទៅ​ក្នុង​ពោះ (យ៉ូណាស ២:៦)។ នៅពេល​ដែល​លោក យ៉ូណាស កំពុង​គេង​លក់​នៅ​ក្នុង​សំពៅ​នោះ ​ក្នុង​ដំណើរ​រត់​គេច​ពី​ព្រះ​អម្ចាស់ «ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​លើ​សមុទ្រ ដូច្នេះ​កើត​មាន​ព្យុះ​យ៉ាង​ធំ​នៅ​សមុទ្រ ដល់​ម៉្លេះ​បានជា​នាវា​រក​កល់​តែ​នឹង​បែក​បាក់​អស់​ទៅ»(១:៤)។ ប៉ុន្តែ ហោរា យ៉ូណាស នៅតែ​បន្ត​គេង​លក់​នៅ​ក្នុង​ខ្យល់​ព្យុះ​ដ៏​កាច​សាហាវ និង​ភាព​ជ្រួល​ច្របល់​របស់​ពួក​នាវិក ដែល​កំពុង​ស្រែក​ស្លន់​ស្លោ ទួញ​យំ និង​បួស​សួង​ទៅ​ព្រះ​របស់​គេ​រៀង​ខ្លួន ហើយក៏​បាន​បោះ​របស់​របរ​ចូល​ទៅ​ក្នុង​ទឹក។

តើ​លោក យ៉ូណាស អាច​ខ្សោះ​អស់​កម្លាំង​ខ្លាំង​យ៉ាង​នេះ ដោយ​របៀបណា? ជា​ការ​ពិត​ណាស់ គាត់​មាន​ការ​ហត់នឿយ​ទាំង​ខាង​ផ្លូវ​កាយ និង​វិញ្ញាណ ដោយសារ​គាត់​បាន​សម្រេច​ចិត្ត​រត់​គេច​ពី​ព្រះ​អង្គ។ ការ​មិន​ស្តាប់​បង្គាប់​អាច​ធ្វើ​ឲ្យ​យើង​រំភើប​រីក​រាយ​បាន​តែ​មួយ​រយៈ​ពេល​ខ្លី តែ​វា​ក៏​ធ្វើ​ឲ្យ​យើង​ខ្សោះ​អស់​កម្លាំង​នៅ​ទី​បញ្ចប់។ ការ​យកជើង​ទៅ​ធាក់​ជន្លួញ គឺ​មិន​ស្រួល​ទេ (កិច្ចការ ២៦:‌១៤)។ មាន​រឿង​តិច​ណាស់​ដែល​វេទនា​ជាង​ការ​គេង​លក់​ដ៏​ហត់​នឿយ បន្ទាប់ពី​យើង​មិន​អើពើ​ចំពោះ​ព្រះបន្ទូល​ព្រះ ហើយ​ការ​បះបោរ​របស់​យើង​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់។ នៅពេល​នោះ យើង​គ្រាន់តែ​ចង់​ដក​ខ្លួន​ចេញពី​មនុស្ស​រាល់​គ្នា ហើយ​លាក់​ខ្លួន​នៅ​ក្នុង​ដំណេក​ដាច់​ចេញពី​គេ។

លោក យ៉ូណាស ចង់​ឲ្យ​ព្រះ​អម្ចាស់​ឈប់​រំខាន​គាត់​ទៀត។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​អម្ចាស់​មាន​សេចក្តី​មេត្តា​យ៉ាង​ខ្លាំង​បានជា​មិន​អាច​ធ្វើ​តាម​ចិត្ត​គាត់​បាន។ ព្រះ​អង្គ​ក៏បាន​បញ្ជូន​ខ្យល់​ព្យុះ​មួយ​មក ហើយ​ខ្យល់​ព្យុះ​ក៏​បាន​បណ្តាល​ឲ្យ​នាយ​នាវា​ទៅ​រក​លោក យ៉ូណាស ហើយ​ដាស់​ឲ្យ​គាត់​ក្រោក។ នាយ​នាវា​ក៏បាន​ប្រើ​ពាក្យ​សម្ដី ដូច​កាល​ព្រះ​បាន​មាន​បន្ទូល​ត្រាស់ហៅ​គាត់​ឲ្យ​ប្រកា​ស​ព្រះ​បន្ទូល​ថា «ចូរ​ក្រោក​ឡើង​អំពាវនាវ​ដល់​ព្រះ​នៃ​អ្នក​ទៅ»(មើល​យ៉ូណាស ១:៦ ធៀប​នឹង ១:២)។

បន្ទាប់មក លោក យ៉ូណាស ក៏បាន​បង្ហាញ​នូវ​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​អ្វី​ដែលគេ​បាន​ប្រាប់​ឲ្យ​គាត់​ធ្វើ តែ​ព្រះ​អម្ចាស់​ក៏​មិន​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ​អង្គ​បន្ត​រស់នៅ​ក្នុង​ការ​ពិបាក​ចិត្ត និង​ទុក្ខ​វេទនា ក្នុង​បាប​របស់​ខ្លួន​ទៀត​ទេ។ រយៈ​ពេល​បី​ថ្ងៃ ដែល​លោក យ៉ូណាស នៅ​ក្នុង​ពោះ​ត្រី​ធំ​ក៏​បាន​ធ្វើ​បន្ទាល់​ជា​បន្ថែម​ទៀត អំពី​សេចក្តី​ពិត​នេះ។ ទោះ​ការ​បះបោរ​របស់​លោក យ៉ូណាស សមនឹង​ទទួល​ការ​ជំនុំជម្រះ​ក៏ដោយ ក៏​មិន​យូរ​ប៉ុន្មាន ព្រះ​អង្គ​ក៏​បាន​ជួយ​សង្គ្រោះ​គាត់​ឲ្យ​រួច​ផុត​ពី​សេចក្តី​ហិន​វិនាស​ក្នុង​ទឹកស​មុទ្រ ហើយក៏​បាន​ស្អាង​គាត់​ឡើង​វិញ ដើម្បី​ឲ្យ​គាត់​អាច​ចែក​ចាយ​អំពី​ការ​ជំនុំជម្រះ និង​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ​ទៅ​កាន់​អ្នក​ក្រុង​នីនីវេ។

ព្រះ​ទ្រង់​យាង​មក​រក​យើង​ម្តង​ហើយ​ម្តង​ទៀត ពេល​ដែល​យើង​មិន​ស្តាប់​បង្គាប់ ដោយ​ព្រះ​អង្គ​មិន​ព្រម​ឲ្យ​យើង​បន្ត​រស់នៅ​ក្នុង​បាប​របស់​យើង​ទៀត​ទេ។ ទោះ​យើង​យក​ម្រាម​ដៃ​ញ៉ុក​ត្រចៀក ហើយ​ធ្វើពុត​ជា​មិន​បានឮ​ព្រះ​អង្គ ហើយ​ថែម​ទាំង​បដិសេធ​មិន​ស្តាប់​បង្គាប់​ដោយ​ត្រង់ៗ​ក៏ដោយ ក៏​ព្រះ​អង្គ​នៅតែ​តាម​ហៅ​យើង ជា​កូន​ព្រះ​អង្គ​ដែល​កំពុង​វង្វេង។ ព្រះ​អង្គ​ស្រឡាញ់​យើង​ខ្លាំង​ណាស់​បានជា​ព្រះ​អង្គ​មិន​ចង់​ទុក​ឲ្យ​យើង​ដើរ​តាម​ផ្លូវ​របស់​យើង​ទេ។ ពេល​យើង​រស់នៅ​ក្នុង​អំពើបាប យើង​មិន​អាច​ឈ្នះ​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ ជា​ព្រះ​ដែល​មិន​ចាកចោល​យើង ឬ​បោះបង់ចោល​យើង​ឡើយ។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូណាស ១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៧៧-៧៨ និង​កិច្ចការ ២៧:២៧-៤៤

ប្រភេទ