ព្រឹក

ការជ្រើសរើសដោយប្រថុយ
ដោយBill Crowder
August 11, 2025
កិច្ចការ ៤:១-២,៥-១៣
កាលបានឃើញថា ពេត្រុស នឹងយ៉ូហានមានចិត្តក្លាហាន នោះពួកលោកទាំងនោះក៏មានសេចក្ដីអស្ចារ្យដោយដឹងថា គេជាមនុស្សមិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង បានជាលោកយល់ឃើញថា គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ។ កិច្ចការ ៤:១៣
កាលលោកហ្វ្រង់កូ ហ្សេហ្វ៊ីរេលី(Franco Zeffirelli) បានត្រៀមខ្លួនថតខ្សែភាពយន្ត តាមលំនាំរឿងប្រលោមលោក រ៉ូមេអូ(Romeo) និងជូលីអ៊ែត(Juliet) ដែលលោកសេកស្ពៀរ(Shakespeare) បាននិពន្ធ គាត់បានធ្វើការសម្រេចចិត្ត ដោយការប្រថុយយ៉ាងខ្លាំង។ ក្នុងការថតខ្សែភាពយន្តនេះដែលបានទទួលការកោតសរសើរយ៉ាងខ្លាំង គាត់បាន ជ្រើសរើសមនុស្សពីរនាក់ដែលគាត់មិនស្គាល់ ឲ្យសម្ដែងជាតួឯក ហើយបានទទូចឲ្យគេរកតួសម្ដែងមានអាយុស្របាលនឹងអាយុរបស់តួអង្គ ក្នុងរឿងដែលលោកសេកស្ពៀរបាននិពន្ធ។ ទីបំផុតលោកហ្សេហ្វ៊ីរេរី ក៏បានជ្រើសរើសលោកលីអូណាដ វាយធីង(Leonard Whiting)មានអាយុ១៧ឆ្នាំ ឲ្យដើរតួជាលោករ៉ូមេអូ និងកញ្ញាអូលីវា ហ៊ូសេយ(Olivia Hussey) មានអាយុ១៦ឆ្នាំ ឲ្យដើរតួជានាងជូលីអ៊ែត។
អ្នកខ្លះប្រហែលជាគិតថា ព្រះយេស៊ូវមានការប្រថុយស្រដៀងនេះផងដែរ នៅពេលដែលទ្រង់ជ្រើសរើសពួកសាវ័ក ដែលក្រោយមក ពួកគេបាននាំព្រះរាជសារនៃការអត់ទោស ទៅប្រកាសដល់លោកិយ។ យើងដឹងថា មានគេគិតដូចនេះ នៅពេលដែលពួកអ្នកដឹកនាំសាសនាបានចាប់ខ្លួនពួកសាវ័កមួយចំនួន ហើយបានសួរចម្លើយពួកគេ។ បន្ទាប់មក កណ្ឌគម្ពីរកិច្ចការក៏បានចែងថា “កាលបានឃើញថា ពេត្រុស និងយ៉ូហានមានចិត្តក្លាហាន នោះពួកលោកទាំងនោះក៏មានសេចក្ដីអស្ចារ្យដោយដឹងថា គេជាមនុស្សមិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង បានជាលោកយល់ឃើញថា គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ”។
របៀបដែលព្រះយេស៊ូវជ្រើសរើសសាវ័ក មិនមានការប្រថុយទេ។ គេអាចទទួលស្គាល់ថា ពួកសាវ័កជាមនុស្សដែលមានសមត្ថភាព ដោយសារពួកគេធ្លាប់នៅជាមួយព្រះយេស៊ូវ(៤:១៣)។ ពួកគេមិនគ្រាន់តែធ្លាប់នៅជាមួយព្រះអង្គប៉ុណ្ណោះទេ តែក៏បានទុកចិត្តលើព្រះបន្ទូលរបស់ព្រះអង្គ ដែលបានសន្យាថា នឹងគង់នៅជាមួយពួកគេជារៀងរហូត(ម៉ាថាយ ២៨:២០)។ ព្រះអង្គក៏បានសន្យាយ៉ាងដូចនេះ ចំពោះយើងផងដែរ(ហេព្រើរ ១៣:៥) ហើយយើងអាចទុកចិត្តថា ក្នុងព្រះវត្តមាន និងដោយព្រះគុណរបស់ព្រះអង្គ ក្នុងចំណោមកិច្ចការនៅចំពោះមុខយើង គ្មានកិច្ចការអ្វីដែល ពិបាកពេកសម្រាប់ព្រះអង្គឡើយ។—Bill Crowder
នៅពេលដែលអ្នកមានអារម្មណ៍ថា ពិបាកលើសសមត្ថភាព តើអ្នកឆ្លើយតបដូចម្តេចខ្លះ ចំពោះសំពាធនោះ?
តើអ្នកអាចទូលសូមព្រះយេស៊ូវ ឲ្យជួយអ្នកក្នុងអំឡុងពេលដ៏ពិបាកនោះ ដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ដែលបានព្យាយាមធ្វើអ្វី
តាមកម្លាំង និងប្រាជ្ញារបស់ខ្លួនឯង។ សូមព្រះអង្គបង្រៀនទូលបង្គំឲ្យទុកចិត្តព្រះអង្គ ក្នុងគ្រប់កាលៈទេសៈនៃជីវិត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៨១-៨៣ និង រ៉ូម ១១:១៩-៣៦
ប្រភេទ
ល្ងាច

ដីគោកកំពុងរង់ចាំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 11, 2025
«ក្នុងរវាងនោះ យ៉ូណាសក៏អធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ពីក្នុងពោះត្រី។ លោកទូលថា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះទុក្ខលំបាករបស់ទូលបង្គំ ទ្រង់ក៏បានឆ្លើយមកទូលបង្គំហើយ»(យ៉ូណាស ២:២-៣)។
ពាក្យសម្ដីរបស់លោក យ៉ូណាស ក្នុងបទគម្ពីរខាងលើនេះ ក៏ជាពាក្យសម្ដីសម្រាប់អ្នកជឿ ដែលកំពុងតយុទ្ធ និងកំពុងជួបភាពអន់ថយខាងជំនឿ ក៏ដូចជាសម្រាប់អ្នកដែលបានធ្លាក់ដល់ចំណុចសូន្យ ដោយសារតែការមិនស្តាប់បង្គាប់ព្រះ។
កណ្ឌគម្ពីរយ៉ូណាសបាននិយាយសង្កត់ធ្ងន់អំពីការផ្គត់ផ្គង់របស់ព្រះច្រើនជាងបញ្ហារបស់លោក យ៉ូណាស។ ព្រះអង្គបានប្រើមធ្យោបាយលើសពីធម្មតា ដើម្បីសង្គ្រោះលោក យ៉ូណាស ឲ្យរួចពីបាប និងការមិនស្តាប់បង្គាប់របស់គាត់។ គាត់បានទទួលស្គាល់ថា «ទ្រង់បានបោះទូលបង្គំទៅក្នុងទីជំរៅ គឺចុះទៅក្នុងផ្ទៃនៃសមុទ្រ»(យ៉ូណាស ២:៤)។ ជាការពិតណាស់ ពួកនាវិកគឺជាអ្នកបោះលោក យ៉ូណាស ចេញពីសំពៅ តែលោក យ៉ូណាស បានទទួលស្គាល់ថា រឿងដែលបានកើតឡើងនោះស្ថិតនៅក្នុងព្រះហស្តនៃការគ្រប់គ្រងរបស់ព្រះអង្គ ហើយពួកនាវិកគឺជាឧបករណ៍ដែលព្រះអង្គបានប្រើប៉ុណ្ណោះ។ ព្រះអង្គបានដេញតាមគាត់ ហើយឲ្យគេបោះគាត់ចូលទៅក្នុងសមុទ្រដែលមានរលកធំៗ ដើម្បីឲ្យគាត់អាចទៅដល់ចំណុចដែលគាត់អាចនិយាយថា «ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះទុក្ខលំបាករបស់ទូលបង្គំ ទ្រង់ក៏បានឆ្លើយមកទូលបង្គំហើយ»។
ជាងនេះទៅទៀត ក្នុងពោះត្រីធំនោះ លោកហោរាក៏បានស្គាល់ការឈឺចាប់នៃការដាច់ចេញពីព្រះ ឬ «ត្រូវបោះចោលចេញពីចំពោះព្រះនេត្រទ្រង់»(យ៉ូណាស ២:៥)។ សម្រាប់លោក យ៉ូណាស ការឈឺចាប់ខាងរូបកាយ ដែលស្ទើរលង់ទឹកសមុទ្រស្លាប់ និងត្រូវត្រីធំលេបចូលក្នុងពោះ គឺមិនអាចប្រៀបផ្ទឹមនឹងការដាច់ចេញពីព្រះវត្តមាននៃព្រះវរបិតារបស់គាត់ដែលគង់នៅស្ថានសួគ៌ឡើយ។ លោក យ៉ូណាស ស្គាល់សេចក្តីស្រឡាញ់របស់ព្រះ គាត់ដឹងថា ការនៅជាប់ក្នុងព្រះវត្តមានព្រះមានលក្ខណៈដូចម្តេច។ គាត់អាចយល់អត្ថន័យនៃការដាច់ចេញពីព្រះ ទោះគាត់បានដឹងអំពីផលវិបាកនៃការដាច់ចេញពីព្រះហើយក៏ដោយ ក៏គាត់នៅតែសម្រេចចិត្តដាច់ចេញពីព្រះ។
នេះជាមេរៀនដ៏មានតម្លៃសម្រាប់យើង។ ពេលណាយើងវង្វេងចេញពីព្រះអង្គ ព្រះអង្គយាងមករកយើងនៅក្នុងខ្យល់ព្យុះ ឬក្នុងជ្រលងភ្នំ ដោយកែប្រែកាលៈទេសៈរបស់យើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់យើង ហើយក៏បានអនុញ្ញាតឲ្យយើងមានអារម្មណ៍ឯកោ និងដាច់ចេញពីអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យយើងអាចនិយាយថា «ខ្ញុំមិនត្រូវបន្តរស់នៅដូចនេះទៀតទេ។ ព្រះអម្ចាស់មិនសព្វព្រះទ័យឲ្យខ្ញុំធ្វើដូចនេះទេ។ ខ្ញុំមិនអាចរំដោះខ្លួនឯងចេញពីបញ្ហានេះបានទេ តែព្រះអង្គអាច»។
ថ្ងៃនេះ អ្នកប្រហែលជាកំពុងជម្នះអារម្មណ៍ដែលបរាជ័យ និងស្តាយក្រោយក្នុងជម្រៅចិត្តអ្នក។ អ្នកកំពុងរត់គេចពីព្រះអង្គ។ អ្នកមិនស្តាប់បង្គាប់ព្រះសូរសៀងដ៏ច្បាស់លាស់របស់ព្រះ ហើយព្យាយាមលាក់ខ្លួន។ តែរឿងរបស់អ្នកមិនចាំបាច់ត្រូវបញ្ចប់ត្រឹមចំណុចនេះទេ។ ដោយព្រះគុណ និងសេចក្តីសប្បុរស ព្រះអង្គបានប្ដេជ្ញាថា នឹងជួយសង្គ្រោះអ្នក ហើយសម្រេចកិច្ចការដែលព្រះអង្គបានចាប់ផ្តើមក្នុងជីវិតអ្នក (ភីលីព ១:៦)។ ក្នុងជីវិតគ្រីស្ទបរិស័ទ យើងតែងតែចាំបាច់ត្រូវប្រែចិត្ត តែគ្មានហេតុផលដែលត្រូវអស់សង្ឃឹមនោះទេ។
កាលលោក យ៉ូណាសបានទៅដល់ដីគោក គឺមិនមែនដោយសារគាត់សមនឹងរួចជីវិតនោះទេ។ តែដោយសារព្រះគុណព្រះអង្គប៉ុណ្ណោះ។ ដូចគ្នានេះដែរ មានតែព្រះទេដែលយាងមករកយើង ពេលយើងនៅជាប់ក្នុងបាប និងការមិនស្តាប់បង្គាប់ ដើម្បីឲ្យព្រះអង្គអាចសម្អាត សង្គ្រោះ និងស្អាងយើងឡើងវិញឲ្យត្រូវនឹងគោលបំណងរបស់ព្រះអង្គ។ តើអ្នកបានឃើញដីគោកហើយឬនៅ នៅថ្ងៃនេះ?
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូណាស ២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៨១-៨៣ និង១ពេត្រុស ១